ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ផ្តល់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​ប្រទេស​សេណេហ្គាល់​ជា​ផែនការ​គំរូ​មួយ​សម្រាប់​អាហ្រ្វិក​

  • Henry Ridgwell

រូបភាព​ឯកសារ៖ សត្វមូស​នៅ​ក្នុង​មន្ទីរពិសោធឯសាលាទីក្រុង​ឡូងដ៏ សម្រាប់​វេជ្ជសាស្រ្ត​ត្រូពិច​ និង​អនាម័យកាល​ពី ថ្ងៃទី ៣០ ឧសភា ២០១៣។

រូបភាព​ឯកសារ៖ សត្វមូស​នៅ​ក្នុង​មន្ទីរពិសោធឯសាលាទីក្រុង​ឡូងដ៏ សម្រាប់​វេជ្ជសាស្រ្ត​ត្រូពិច​ និង​អនាម័យកាល​ពី ថ្ងៃទី ៣០ ឧសភា ២០១៣។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ​ការ​ផ្តល់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុន​ចាញ់​ឲ្យ​កុមារ​​ដែល​មាន​អាយុ​ច្រើន​ អាច​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​គួរ​ឲ្យ​កត់​សម្គាល់។ បច្ចុប្បន្ន​ កម្មវិធី​នេះ​ភាគ​ច្រើន​បាន​កំណត់​ផ្តល់​ឲ្យ​តែ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ប៉ុន្តែ​ការ​សិក្សា​មួយ​ដោយ​សាកល​វិទ្យាល័យ ​London School សម្រាប់​វេជ្ជសាស្រ្ត​ត្រូពិច​ និង​អនាម័យ ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​មូលនិធិ​ Bill & Melinda Gates ​បាន​បង្ហាញ​ថា ការ​ពង្រីក​អន្តរាគមន៍អាច​កាត់​បន្ថយ​តួលេខ​នៃ​ករណី​ដែល​ជំងឺ​គ្រុន​ចាញ់​កើត​មាន។​

អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ ករណីថ្មីៗ​នៃ​ជំងឺ​គ្រុន​ចាញ់​មាន​ចំនួន​២១៤​លាន​ករណី​ក្នុង​ឆ្នាំ​២០១៥​ និង​បាន​សម្លាប់​មនុស្ស​ចំនួន​៤៣៨.០០០​នាក់​ដែល​ចំនួន​អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​នៅ​អនុតំបន់ សាហារ៉ា​ ទ្វីប​អាហ្រ្វិក។​

នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ បុគ្គលិក​ផ្នែក​សុខាភិបាល​ពី​អង្គការ​សប្បុរសធម៌​ដូច​ជា​ អង្គការ Speak Up Africa បាន​ធ្វើ​តេស្ត​សាកល្បង​វិធីសាស្រ្ត​ថ្មី​ដោយ​ផ្តល់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ដល់​កុមារ​ដែល​មានអាយុ​១០ឆ្នាំ​ចុះ​ ក្នុង​រដូវ​ភ្លៀង​ ជា​ពេល​ដែល​ជំងឺ​នេះ​មាន​ការ​រាលដាល​ខ្លាំង​បំផុត។ វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រដូវ​ផ្តល់​ថ្នាំ​ការពារ​ជំងឺ​គ្រុន​ចាញ់​ (SMC) ផង​ដែរ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យាល័យ ​London School សម្រាប់​វេជ្ជសាស្រ្ត​ត្រូពិច​ និង​អនាម័យបាន​ធ្វើ​ការ​សិក្សា​លើ​កុមារ​២០០.០០០​នាក់​ក្នុង​កម្មវិធី​នេះ។ លោក​សាស្រ្តាចារ្យ​ Paul Milligan បាន​ដឹក​នាំ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​នេះ។

លោក Milligan បាន​និយាយ​ថា​៖ «ការ​ព្យាបាល​នេះ​ត្រូវ​តែ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ចន្លោះ​ពេល​៤​សប្តាហ៍ ហើយ​វា​មាន​ការ​លំបាក​ខ្លះៗ​បើ​និយាយ​ពី​ការ​អនុវត្ត​ក្នុង​តំបន់​ជន​បទ​នៅ​អាហ្វ្រិក។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​ជា​ច្រើន​បាន​សម្រប​យក​វិធីសាស្រ្ត​នេះ​យ៉ាង​លឿន»។

វា​កំពុង​បង្ហាញ​លទ្ធផល។ ក្នុង​ប្រទេស​សេណេហ្គាល់​ កម្មវិធី SMC បាន​កាត់​បន្ថយ​ករណី​ជំងឺ​គ្រុន​ចាញ់​នេះ​អស់​ពាក់​កណ្តាលចំពោះ​កុមារ​អាយុ​ក្រោម​១០ឆ្នាំ។​ វា​ក៏​បាន​កាត់​បន្ថយ​ករណី​ដែល​អាច​កើត​មាន​លើ​កុមារ​អាយុ​លើស​ពី​១០​ឆ្នាំ​បាន​១​ភាគ​៤​ដែរ ដោយ​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​នេះ។​

លោក​បាន​បន្ថែម​ថា៖​ «ដោយ​ពង្រីក​គម្លាត​អាយុ​កុមារ​ដែល​ទទួល​បាន​ការ​ព្យាបាល​ បន្ទាប់​មក​យើង​នឹង​ចាត់​វិធានការ​លើ​អាង​ប៉ារ៉ាស៊ីត​មួយ​ផ្នែក​ធំ​ដែល​ជា​ប្រភព​ចម្លង​មេរោគ​របស់​មូស»។​

កម្មវិធី​ SMC បាន​អនុវត្ត​នៅ​១១​ប្រទេស​ ហើយ​កុមារ​អាយុ​ដល់​៥​ឆ្នាំ​ចំនួន​១៥លាន​នាក់​ទទួល​បាន​ការ​ព្យាបាល​ក្នុង​ឆ្នាំ​២០១៦។​

លោក​សាស្រ្តាចារ្យ​ Milligan និយាយ​ថា​លទ្ធផល​ចុងក្រោយ​បង្អស់​បាន​បង្ហាញ​ថា​កម្មវិធី​នេះ​គួរ​តែ​ពង្រីក​ដើម្បី​ឲ្យ​កុមារ​ធំៗ​ទទួល​បាន​ការ​ព្យាបាល​ដែរ។​

លោក​បាន​បន្ត​ថា៖​ «អ្វី​ដែល​យើង​បាន​រក​ឃើ​ញ​គឺ​ប្រសិន​ជា​យើង​ទៅ​ដល់​ផ្ទះ​ប្រជាពល​រដ្ឋ​ យើងមិន​ចាំ​បាច់​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ព្យាបាល​កុមារ​ធំៗ​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​យើង​ទៅ​ដល់​ក្នុង​ពេល​ក្រៅ​ម៉ោង​សិក្សា​ទៀត​ នោះ​ចំនួន​កុមារ​ដែល​អាច​ទទួល​ការ​ព្យាបាល​គឺ​ខ្ពស់​ ទោះ​បី​ជា​សាលា​មិន​ទាន់​វិស្សមកាល​ក៏​ដោយ»។​

លោក​ Milligan បន្តថា​ជំហាន​បន្ទាប់​គឺ ស្វែង​រក​មើល​តំបន់​ផ្សេង​ទៀត​នៃ​ទ្វីប​អាហ្វ្រិក​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ពង្រីក​ការ​ព្យាបាល​ទៅ​ឲ្យ​កុមារ​ធំ​របស់​កម្មវិធី SMC៕

ប្រែ​សម្រួល​ដោយ ទុំ​ ម្លិះ

XS
SM
MD
LG