\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មុង​នៅតែជា​អាវុធចម្បង​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់

  • Joe Capua

(រូប​ឯកសារ)​ ស្រ្តីបី​កូន​ កំពុង​យួរ​មុងជ្រលក់​ថ្នាំ​ក្នុង​ពិធី​សកម្មភាព​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់​ នៅ​តំបន់​ Ajah នៅភាគ​ខាងកើត​ ស្រុក​ Lagos ប្រទេស​នីហ្សេរី​យ៉ា។ រូបថត​ ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០១៦។

(រូប​ឯកសារ)​ ស្រ្តីបី​កូន​ កំពុង​យួរ​មុងជ្រលក់​ថ្នាំ​ក្នុង​ពិធី​សកម្មភាព​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់​ នៅ​តំបន់​ Ajah នៅភាគ​ខាងកើត​ ស្រុក​ Lagos ប្រទេស​នីហ្សេរី​យ៉ា។ រូបថត​ ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០១៦។

ទោះបីជា មូសចម្លង​ជំងឺ​គ្រុនចាញ់ ​បានស៊ាំ​ទៅ​នឹង​ថ្នាំ​សម្លាប់​សត្វល្អិតក្តី​​ ក៏​មុងជ្រលក់​ថ្នាំនៅ​តែ​ផ្តល់​​នូវ​«ការការពារ​យ៉ាងសំខាន់» ប្រឆាំង​នឹងជំងឺនេះដែរ​។ នេះ​ គឺ​ជា​​ការរកឃើញ​របស់​ការសិក្សា​ប្រាំ​ឆ្នាំ ដែលចេញ​ផ្សាយកាល​ពី​ថ្ងៃពុធ​ ទី១៦ ​ខែ​វិច្ឆិកា នៅឯ​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​របស់​សង្គម​អាមេរិក​នៃ​វេជ្ជសាស្ដ្រ​ត្រូពិច និង​​អនាម័យ​នៅរដ្ឋ​ Atlanta​។

អង្គការ​សុខភាពពិភពលោក​ ដែល​បាន​ជំនួយ​ពី​មូលនិធិ​ Bill & Melinda Gates បានធ្វើ​ការសិក្សា​នៅ​ក្នុង​ប្រទេស​បេណាំង​ កាមេរូន ​កេនយ៉ាស៊ូដង់ ​និងឥណ្ឌា។ ការសិក្សា​នេះ​ផ្តោតទៅ​លើប្រសិទ្ធិ​ភាព​នៃមុង​ជ្រលក់​ថ្នាំ​សម្រាប់​សម្លាប់​មូស។

អ្នក​វិទ្យាសាស្រ្ត​អង្គការ​សុខភាព​ពិភពលោក ​លោកវេជ្ជបណ្ឌិត ​Tessa Knox បាន​ចូលរួមធ្វើការវាយ​តម្លៃ​ប្រសិទ្ធភាព​មុង​ទាំ​ង​នោះ​។

លទ្ធផល​ចម្បងនៃ​ការសិក្សា​បានផ្តល់​ផល​វិជ្ជមាន​ណាស់​។ វាបាន​បង្ហាញ​ថា មុង​ជ្រលក់​ថ្នាំ​ ​ដែល​កំពុង​ត្រូវ​បានប្រើ​នៅ​ទូទាំង​អនុតំបន់​សាហារ៉ា​នៃ​ទ្វីបអាហ្រ្វិក ពិត​ជា​នៅ​មាន​ប្រសិទ្ធ​ភាព​មែន។ មាន​គំហើញ​សំខាន់​មួយ​បង្ហាញថា ពួក​យើង​ពិត​ជាត្រូវ​ការ​បង្កើន​ចំនួន​មុងនេះ​ និងត្រូវ​ប្រាកដ​ថា​អ្នក​រាល់​គ្នា​ដែល​រស់​នៅក្នុងតំបន់ ដែលប្រឈម​នឹង​គ្រោះថ្នាក់ បានសម្រាក​ដោ​យ​ប្រើ​ប្រាស់​មុង​នេះ​ត្រឹម​ត្រូវ។

ប៉ុន្តែ ប្រសិន​បើ​សត្វ​មូស​មាន​ភាពស៊ាំ​ទៅ​នឹង​មុង​ជ្រលក់​ថ្នាំ​ ​តើមុង​ទាំ​ង​នោះ​អាច​ផ្តល់​ការ​ការពារ​ប្រឆាំ​ង​នឹង​ជំងឺ​គ្រុនចាញ់​ដោយ​របៀប​ណា?

ដូច្នេះ មូស​អាចទំ​នៅ​លើ​មុង​បាន ហើយ​វានឹង​មិនស្លាប់​ភ្លាមៗនោះ​ទេ។​ អ្វី​ដែលវា​នឹងធ្វើ គឺវា​នឹង​ស្វែង​រក​ប្រហោង​ណា​មួយ ដែល​អាច​ឲ្យ​វា​ចូល​ទៅក្នុង​មុង​បាន ហើយ​ខាំ​មនុស្ស​ដែល​កំពុង​គេង​នោះ​។ នៅ​ពេល​ដែល​វា​កំពុង​ស្វែង​រក​ប្រហោង​ វាបាន​ប៉ះពាល់​នឹង​ផ្ទៃ​មុង​ហើយ​ស្រូប​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ នៅ​ពេលដែល​វា​ស្រូប​យក​ថ្នាំ​សម្លាប់​សត្វល្អិត ​សារធាតុ​ថ្នាំ​នោះ​នឹង​ធ្វើ​ឲ្យ​មូស​ស្លាប់​មិន​ខាន​។ ដូច្នេះ បើ​ទោះបី​ជាមូស​មិនបានស្លាប់​ភ្លាម ប៉ុន្តែ​អំឡុង​ពេល​ដែល​វា​ស្វែង​រក​ប្រហោង​មុង​នោះ វា​គង់​តែ​នឹង​ស្លាប់​ទេ។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ លោក Knox បាននិយាយថា វានៅតែ «ត្រូវ​ការ​ឧបករណ៍ថ្មី​ និង​ប្រសើរ​ជាង​មុនក្នុង​ការប្រឆាំ​ង​នឹង​ជំងឺគ្រុនចាញ់»។

​ឧបករណ៍មួយ​ចំនួន​ដែលត្រូវបាន​វាយតំលៃ​កាល​ពី​ពេល​ថ្មីៗនេះ គឺ​ដូចជាថ្នាំ​សំលាប់​សត្វល្អិត​ថ្មី ឬការ​បង្កើត​រូបមន្ត​ថ្មីៗ​ដោយផ្សំ​ជាតុ​ថ្នាំ​បញ្ចូល​គ្នា​ឲ្យ​បាន​ច្រើន​ជា​ជាង​ធាតុ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​តែ​ម្យ៉ាង​គត់។ ដូចគ្នា​នេះ​ដែរ យើង​ក្រឡេក​មើល ​ហ្សែនសត្វមូស ដែល​វានឹងផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​នៃ​ចំនួន​មូស​នៅ​ក្នុង​តំបន់​មួយ ហើយ​និង​កាត់​បន្ថយ​សមត្ថភាព​នៃ​ការ​ចម្លង​ជំងឺ​គ្រុនចាញ់។ ប៉ុន្តែ​បច្ចុប្បន្ន​នេះនិង​នា​ពេល​អនាគត យើងរំពឹងថា មុងជ្រលក់​ថ្នាំ​ នឹង​ក្លាយ​ជា​អាវុធ​ចម្បង​ ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់។

តាមរយៈ​ការ​សិក្សា​នៅ​តំបន់​មួយ​ក្នុងប្រទេសស៊ូដង់ អ្នក​ស្រាវជ្រាវបាន​បាញ់​ជញ្ជាំងផ្ទះ​ជាមួយ​នឹង​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​មាន​សារធាតុ​គីមី​ខុស​ពីសារធាតុគីមី​ប្រើ​សម្រាប់​មុង​។ ពួកគេ​និយាយ​ថា វា​អាច​កាត់​បន្ថយ​ការឆ្លង​មេរោគ​ប្រមាណ ៥០ ភាគរយ បើ​ធៀប​ទៅ​នឹង​ការ​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​តែម្យ៉ាង​ដែល​ធ្លាប់​ប្រើ​ជា​យូរណាស់​មក​ហើយ។

លោក​វេជ្ជបណ្ឌិត Knox បាន​និយាយថា ថ្នាំសំលាប់​សត្វល្អិតដែល​ត្រូវបាន​ប្រើ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ មិនគួរបង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​អាក្រក់​ណាមួយលើមនុស្ស​ទេ។

សារធាតុ​គីមី​ទាំងអស់ ដែល​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​អនុតំបន់​សាហារ៉ា​នៃ​ទ្វីបអាហ្រ្វិក ត្រូវ​បាន​ឆ្លង​កាត់​ការធ្វើ​តេស្ត​សុវត្ថិភាព​យ៉ាងតឹងរ៉ឹង​ ដើម្បី​ទទួល​បាន​អនុសាសន៍ពី WHO និង​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​។ ដូច្នេះ មិនមានការ​ព្រួយបារម្ភ​ណា​មួយ ដែលថា​ថ្នាំសំលាប់​សត្វល្អិត​ប្រើ​នៅ​ក្នុង​មុង ឬថ្នាំ​សត្វ​ល្អិត​ដែល​បាញ់​លើ​ជញ្ជាំ​ផ្ទះ​ ​ត្រូវ​បាន​ប្រើតាម​វិធី​ត្រឹមត្រូវ​ឬ​អត់នោះ​ទេ​។

អង្គការ​សុខភាព​ពិភព​លោក បាន​ហៅ ​មុងជ្រលក់​ថ្នាំ​សម្លាប់​សត្វល្អិត​នេះ​ថា «គ្រឹះនៃ​ការខិត​ខំ​ប្រឹង​ប្រែង​ទប់ស្កាត់​ជំ​ងឺគ្រុនចាញ់​នៅ​ក្នុង​អនុតំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក ដែល​ស្មើនឹង ៩០ភាគរយ​នៃជំងឺ​គ្រុនចាញ់​នៅទូទាំង​ពិភពលោក​»។ អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយថា ​ចំនួន​មុង​នៅ​ក្នុង​តំបន់​នេះ បាន​កើន​ឡើង​ពី ចំនួន ២ ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០០០ ដល់​ ៥៣ ភាគរយ​នៅឆ្នាំ ២០១៥៕

ប្រែ​សម្រួល​ដោយ ឆាយ គីមហ៊ង

XS
SM
MD
LG