ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ Judith Lee ​Stronach


រូបឯកសារ៖ លោក​ ឆាំង​ យុ ​នាយក​​មជ្ឈមណ្ឌល​​ឯកសារ​​កម្ពុជា ថត​នៅ​សាលារៀន​ទួលស្លែង ដែល​ជា​អតីត​មណ្ឌល​ធ្វើ​ទារុណកម្ម​​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​ឥឡូវ​នេះ​បាន​ប្រែក្លាយ​ទៅ​ជា​សារមន្ទីរ ដែល​ឯកសារ​ជាច្រើន​ដែល​លោក​កំពុង​ស្រាវជ្រាវ ត្រូវបាន​រក្សា​ទុក។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាំង យុ ដែល​បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ក្នុង​ជីវិត​របស់​លោក​ដើម្បី​រក្សា​ទុក​ព័ត៌មាន​អំពី​អំពើ​សាហាវ​ឃោឃៅ​របស់​ពួក​ខ្មែរ​ក្រហម​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជំនាន់​ក្រោយ​នោះ ឈ្នះ​ពាន​រង្វាន់​សិទ្ធិ​មនុស្ស Judith Lee Stronach Human Rights សម្រាប់​ឆ្នាំ២០១៧ ដែល​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ទំនួល​ខុស​ត្រូវ ឬ Center for Justice and Accountability ដែល​មាន​ស្នាក់​ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក ឆាំង យុ អាយុ ៥៦ ឆ្នាំ នាយក​ប្រតិបត្តិ​នៅ​ឯ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ឬ​ហៅ​កាត់​ថា DC-Cam នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស Judith Lee Stronach Human Rights ឆ្នាំ២០១៧ សម្រាប់​ការ​រួម​ចំណែក​របស់​លោក​ក្នុង​ការ​លើក​តម្កើង​សន្តិភាព​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពាន​រង្វាន់​នេះ​នឹង​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ទំនួល​ខុស​ត្រូវ ឬ Center for Justice and Accountability​ នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ២០១៧។

ដូច​គ្នា​ទៅ​នឹង​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​ដទៃ​ទៀត​ផង​ដែរ លោក ឆាំង យុ គឺ​ជា​ជន​រង​គ្រោះ​មួយ​រូប​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ក្រោយ​រួច​ផុត​ពី​របប​នោះ លោក​បាន​ភៀស​ខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ទោះ​ជា​យ៉ាង​នេះ​ក្តី បទ​ពិសោធន៍​នៃ​ភាព​ឈឺ​ចាប់​ដែល​លោក​បាន​ឆ្លង​កាត់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ បាន​ធ្វើ​ឲ្យ​លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​ទសវត្សរ៍ ១៩៩០ ដើម្បី​លើក​តម្កើង​ការ​ចងចាំ​និង​ភាព​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​ដឹកនាំ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ១៩៩៥ មក​ម្លេះ។ លោក​បាន​ប្រមូល​ព័ត៌មានដើម្បី​ស្វែង​រក​ភាព​យុត្តិធម៌ ហើយ​លោក​ក៏​បាន​អភិវឌ្ឍ​កម្មវិធី​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) លោក ឆាំង យុ និង​ម្តាយ គឺ​លោកស្រី​ កែវ ណន ជួប​ជាមួយ​មេឃុំ ហុង ហ៊ុយ និង​អ្នកស្រុក​អ្នកភូមិ​មក​ពី​ឃុំ​ព្រះនេត្រព្រះ​ កាលពី​ឆ្នាំ​២០១២ ដើម្បី​ចូលរួម​ស្តាប់​សវនាការ​ តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។ (រូបថត៖ AP)

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) លោក ឆាំង យុ និង​ម្តាយ គឺ​លោកស្រី​ កែវ ណន ជួប​ជាមួយ​មេឃុំ ហុង ហ៊ុយ និង​អ្នកស្រុក​អ្នកភូមិ​មក​ពី​ឃុំ​ព្រះនេត្រព្រះ​ កាលពី​ឆ្នាំ​២០១២ ដើម្បី​ចូលរួម​ស្តាប់​សវនាការ​ តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។ (រូបថត៖ AP)

លោក ឆាំង យុ គឺ​ជា​បុគ្គល​ដ៏​សំខាន់​មួយ​ដែល​បាន​លះបង់​ពេល​វេលា​របស់​លោក​ជា​ច្រើន​ឆ្នាំ​ ដើម្បី​ប្រមូល​ភស្តុតាង​សំខាន់ៗ​ពាក់​ព័ន្ធ​នឹង​អំពើ​ឃោឃៅ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ប្រទេស​កម្ពុជា។ បើ​មិន​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​នោះ​ទេ យុត្តិធម៌​នឹង​ពុំ​មាន​សម្រាប់​ជន​រងគ្រោះ​ឬ​អ្នក​ដែល​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​នោះ​ទេ។ នេះ​បើ​យោង​តាម​អ្នកស្រី Nushin Sarkarati មេធាវី​ជាន់​ខ្ពស់​នៅ​ឯ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ទំនួល​ខុស​ត្រូវ CJA។

«បើ​មិន​មាន​ការងារ​ដែល​លោក​និង​មជ្ឈមណ្ឌល​ DC-Cam និង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​រក្សា​ទុក​នូវ​ភស្តុតាង​នៃ​អំពើ​ឧក្រិដ្ឋកម្ម​នោះ​ទេ ភាព​យុត្តិធម៌​នឹង​ពុំ​មាន​សម្រាប់​ជន​រងគ្រោះ​សម្រាប់​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​និយាយ​ឲ្យ​ចំ​ទៅ​នឹង​ពុំ​មាន​ភាព​យុត្តធម៌​សម្រាប់​ជន​រង​គ្រោះ​ពី​របប​ខ្មែរ​ក្រហម​នោះ​ទេ»។

មជ្ឈមណ្ឌល​ DC-Cam គឺ​ជា​មជ្ឈមណ្ឌល​ដែល​មាន​និន្នាការ​ទៅ​រក​ជន​រងគ្រោះ ហើយ​មជ្ឈមណ្ឌល​នេះ​បាន​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​មជ្ឈមណ្ឌល​នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុង​ប្រមូល​ព័ត៌មាន​ដើម្បី​ស្វែង​រក​យុត្តិធម៌។ នេះ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​លោក ឆាំង យុ បាន​ក្លាយ​ជា​បុគ្គល​មួយ​រូប​ដែល​ទទួល​ពាន​រង្វាន់​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​លោកស្រី Beth Van Schaack ទីប្រឹក្សា​ច្បាប់​នៅ​ឯ​មជ្ឈមណ្ឌល DC-Cam និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅ​ឯ​សកលវិទ្យាល័យ Stanford។

«អ្វី​ដែល​មជ្ឈមណ្ឌល CJA កោត​សរសើរ​ចំពោះ​មជ្ឈមណ្ឌល DC-Cam គឺ​ដោយ​សារ​តែ​មជ្ឈមណ្ឌល​នេះ​គឺ​ជា​មជ្ឈមណ្ឌល​ដែល​ផ្តោត​ទៅ​លើ​ជន​រងគ្រោះ ហើយ​មជ្ឈមណ្ឌល​នេះ​បាន​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ស្វែង​រក​យុត្តិធម៌​ មុន​ពេល​ដែល​មាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​ហៅ​កាត់​ថា ECCC។ មជ្ឈមណ្ឌល DC-Cam បាន​ក្លាយ​ជា​គំរូ​មួយ​ដល់​មជ្ឈមណ្ឌល​ប្រមូល​ឯកសារ​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក ដែល​កំពុង​ប្រមូល​ព័ត៌មាន​ដែល​អាច​ប្រើប្រាស់​នៅ​ក្នុង​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​ នៅ​កន្លែងដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស»។

លោក Nate Thayer អ្នក​កាសែត​មួយ​រូប​ដែល​បាន​ធ្វើ​ការ​ទាក់ទង​នឹង​អំពើ​ប្រល័យពូជ​សាសន៍​នៅ​កម្ពុជា​ជាង​៣០ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់​ VOA ថា ប្រសិន​បើ​លោក​ ឆាំង យុ មិន​បាន​ធ្វើ​កិច្ច​ការ​ទាំង​អស់​នេះ​នោះ​ទេ នោះ​អ្នក​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ធ្វើ​ទារុណកម្ម និង​អ្នក​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នឹង​រួច​ខ្លួន។

«លោក ឆាំង យុ គឺ​ជា​ទាហាន​ដ៏​អង់អាច​មួយ​ដែល​វាយ​ប្រយុទ្ធ​តែ​ឯង​ដើម្បី​ស្វែង​រក​យុត្តធម៌​សម្រាប់​អ្នក​ដែល​បាន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ឆន្ទៈ​និង​ការ​លះបង់​របស់​លោក បាន​នាំ​ខ្លួន​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​យ៉ាង​រង្គាល​នោះ​ទៅ​កាន់​តុលាការ ទៅ​ប្រឈម​មុខ​និង​ទៅ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ពួក​គេ​បាន​ប្រព្រឹត្តិ»។

លោក Peter Maguire សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «Facing Death in Cambodia» បាន​ហៅ​លោក ឆាំង យុ ថា​ជា​ទ្រព្យ​សម្បតិ្ត​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​បាន​នាំ​មក​នូវ​ការ​ពិត​និង​ការ​ផ្សះផ្សារ​ដល់​ពលរដ្ឋ​កម្ពុជា ច្រើន​ជាង​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​និង​តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ECCC រួម​គ្នា​ធ្វើ​ទៅ​ទៀត»។

«ខ្ញុំ​អាច​និយាយ​បាន​ថា លោក ឆាំង យុ គឺ​ជា​មរតក​មួយ​សម្រាប់​ជាតិ​កម្ពុជា​ ហើយ​លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាញ​យក​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​មក​ធ្វើ​ជា​កម្មសិទ្ធិ​វិញ​ តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​លោក​បាន​ធ្វើ​នៅ​ឯ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam»។

លោក​បន្ត​ថា៖«សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា «Victims and Perpetrator» និង​ទស្សនាវដ្តី​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា «Searching for the Truth» បាន​នាំ​មក​នូវ​ការពិត​និង​ការ​ផ្សះផ្សារ​ដល់​ពលរដ្ឋ​កម្ពុជា​ច្រើន​ជាង​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​និង​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម ECCC រួម​បញ្ចូល​គ្នា​ទៅ​ទៀត»។

លោក នេត ភ័ក្ត្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ប្រាប់​ VOA ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam សាកសម​នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ ដោយ​សារ​តែ​មជ្ឈមណ្ឌល​នេះ​បាន​ជួយ​សន្សំ​ពេល​វេលា​របស់​តុលាការ​ក្នុង​ការ​ស្វែង​រក​ភស្តុតាង​និង​ឯកសារ​នានា។

«កិច្ច​ការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នេះ​គឺ​បាន​ជួយ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ហ្នឹង កាត់​បន្ថយ​ពេល​វេលា​មួយ​ចំនួន​ ក្នុង​ការ​ស្វះ​ស្វែង​រក​ភស្តុតាង​ដោយ​ខ្លួន​ឯង ហើយ​បាន​ផ្តល់​នូវ​ពន្លឺ​ ក៏​ដូច​ជា​ព័ត៌មាន ក៏​ដូច​ជា​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ដែល​យើង​ពិបាក​រក ដើម្បី​យើង​អាច​ប្រើ​ប្រាស់​នៅ​ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី»។

ពាន​រង្វាន់​សិទ្ធិ​មនុស្ស Judith Lee Stronach Human Rights ដែល​ប្រគល់​ជូន​ជា​រៀង​រាល់​ឆ្នាំ​ មាន​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ដែល​ពាន​រង្វាន់​នេះ​ដាក់​ឈ្មោះ​តាម​ លោកស្រី Judith Lee Stronach ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប។ ពាន​រង្វាន់​នេះ​ប្រគល់​ជូន​ជា​រៀង​រាល់​ឆ្នាំ​ដល់​បុគ្គល​ឬ​អង្គការ​ណា​ដែល​បាន​រួម​ចំណែក​បាន​ល្អ​ដល់​ចលនា​ដើម្បី​ភាព​យុត្តិធម៌​នៅ​លើ​សកល​លោក នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល CJA។

លោក ឆាំង យុ បច្ចុប្បន្ន​នេះ​កំពុង​តែ​ដឹកនាំ​អភិវឌ្ឍ​វិទ្យាស្ថាន​ស្លឹករឹត​ ដែល​ជា​មណ្ឌល​អចិន្ត្រៃយ៍​មួយ​សម្រាប់​សិក្សា​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​តំបន់​អាស៊ី ដែល​មាន​ស្នាក់​ការ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ទស្សនវិស័យ​របស់​វិទ្យាស្ថាន​នេះ​គឺ​ដើម្បី​លើក​កម្ពស់​កេរដំណែល​នៃ​ភាព​យុត្តិធម៌ ការ​ចង​ចាំ​ និង​ការ​ផ្សះផ្សារ៕

XS
SM
MD
LG