ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ស្ត្រី​ខ្មែរ​​​​មាន​ឱកាស​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រសិន​​បើ​អាច​ទទួល​ទំនុក​ចិត្ត​ពី​ខ្លួន​ឯង​និង​សង្គម​


កញ្ញា សុខ ស៊ីគៀង ទូត​តំណាង​កម្មវិធី​ Technovation និង​ជា​​សាស្ត្រាចារ្យខាងព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​​អំពី​«ឱកាសនិងការប្រឈម​សម្រាប់​ស្ត្រីខ្មែរក្នុងវិស័យបច្ចេកវិទ្យា‍» ​​ក្នុង​កម្មវិធី Hello VOA ‍«សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​ថ្ងៃ​​ច័ន្ទ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)
កញ្ញា សុខ ស៊ីគៀង ទូត​តំណាង​កម្មវិធី​ Technovation និង​ជា​​សាស្ត្រាចារ្យខាងព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​​អំពី​«ឱកាសនិងការប្រឈម​សម្រាប់​ស្ត្រីខ្មែរក្នុងវិស័យបច្ចេកវិទ្យា‍» ​​ក្នុង​កម្មវិធី Hello VOA ‍«សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​ថ្ងៃ​​ច័ន្ទ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

អ្នក​ជំនាញ​ជា​ស្ត្រី​ម្នាក់​ ​​ថ្លែង​ថា ថ្វី​បើ​ស្ថានភាព​បាន​ប្រសើរ​បន្តិច​ក្តី​ កត្តា​រារាំង​ជា​ច្រើន​​បន្ត​រឹត​ត្បិត​ស្ត្រី​ខ្មែរ​​មិន​ឲ្យ​​​សម្រេច​បាន​សក្ដានុពល​ខាង​បច្ចេកវិទ្យា​ដូច​បុរស។

ទោះ​បី​វិស័យ​បច្ចេកវិទ្យា​និង​ព័ត៌មានកាន់តែ​មាន​ការ​រីកចម្រើន ​ក៏​ដោយ ក៏​ចំនួន​ស្ត្រី​បម្រើ​ការ​នៅ​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ អ្នក​ជំនាញ​ជា​ស្ត្រី​ម្នាក់​ ថ្លែង​ថា ថ្វី​បើ​ស្ថានភាព​បាន​ប្រសើរ​បន្តិច​ក្តី​ កត្តា​រារាំង​ជា​ច្រើនបន្ត​រឹត​ត្បិត​ស្ត្រី​ខ្មែរមិន​ឲ្យ​សម្រេច​បាន​សក្ដានុពល​ខាង​បច្ចេកវិទ្យា​ដូច​បុរស។

កញ្ញា សុខ ស៊ីគៀង ទូត​តំណាង​ កម្មវិធី Technovation និង​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ការ​កើន​ចំនួន​ស្ត្រី​ដែល​បម្រើការ​ក្នុង​វិស័យ​បច្ចេកវិទ្យាព័ត៌មាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​ទាន់​បានជំរុញ​យុវនារីជឿជាក់​អាចជ្រើស​រើស​ជំនាញ​ខាង​បច្ចេកវិទ្យា​ដូច​ជា​ព័ត៌មាន​វិទ្យា​នៅ​ឡើយ។

កញ្ញា​ពន្យល់​ថា៖

«ពួក​យើង​មាន​ចំនួន​ប្រហែល​៧០ ៨០​នាក់ ជួយ​គ្នា​ដើម្បី​បង្កើន​ចំនួន​ស្ត្រីនៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ស្រុក​ខ្មែរ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះចំនួន​សិស្ស​មិន​បាន​កើន​ឡើង​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ‍»។‍

កញ្ញា​ថា​ ជាក់ស្តែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែលជា​ទី​កញ្ញា​បម្រើ​ការងារ​ ក្នុង​ចំណោម​សិស្សដែល​រៀន​ផ្នែក​ព័ត៌មាន​វិទ្យា​១.៥០០​នាក់ មាន​សិស្ស​ស្ត្រី​ចំនួន​ត្រឹម​១០៥​នាក់ ដែល​តិច​ជាង​១០​%។​អ្នក​ជំនាញ​រូប​នេះដែល​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​អត់​ជិត​១០​ឆ្នាំ ​បាន​លើក​ឡើង​ថា ​កត្តា​ការ​មិន​ទុក​ចិត្ត​សមត្ថភាព​ខ្លួន​ឯង​របស់​សិស្ស​ស្រី សម្ពាធ​និង​ការ​រើសអើងពី​គ្រួសារ​និងសង្គម​ការងារ និង​កង្វះ​បុគ្គល​គំរូ​ (role model) ដែល​ជា​កត្តា​រារាំង​មិន​ឲ្យ​មាន​ចំនួន​ស្ត្រី​ច្រើន​ជាង​នេះ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។

យុវតី​ជា​បេក្ខនារី​ម្នាក់ ពិគ្រោះ​នឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន អំឡុង​ពេល​ប្រឡង​ប្រណាំង​ថ្នាក់​ជាតិ​នៃ​កម្មវិធី Technovation Cambodia កាល​ពី​ថ្ងៃអាទិត្យ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៦ កន្លង​ទៅ។​ (អូន ឆេងប៉រ/VOA)
យុវតី​ជា​បេក្ខនារី​ម្នាក់ ពិគ្រោះ​នឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន អំឡុង​ពេល​ប្រឡង​ប្រណាំង​ថ្នាក់​ជាតិ​នៃ​កម្មវិធី Technovation Cambodia កាល​ពី​ថ្ងៃអាទិត្យ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៦ កន្លង​ទៅ។​ (អូន ឆេងប៉រ/VOA)

ប្រទេស​កម្ពុជា នា​ពេល​ថ្មីៗ​នេះ ​បាន​ព្យាយាម​បង្វែរ​ទិស​អប់រំ​របស់​ខ្លួន​ដោយ​ផ្តោត​ទៅ​លើ​ជំនាញ​៤​មុខ​សំខាន់ គឺ​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​គេ​ស្គាល់​ថា​ជា​មុខវិជ្ជា STEM ក្នុង​បំណង​តម្រូវ​ពលកម្ម​របស់​ខ្លួន​ឲ្យ​ត្រូវ​នឹង​ទី​ផ្សារ​ការងារ​នៅ​ពេល​អនាគត។

ប៉ុន្តែតាម​តួលេខ នៅ​ឆ្នាំ​២០១០ មានមុខវិជ្ជា​ព័ត៌មាន​វិទ្យា​នេះ​មាន​សិស្ស​ស្ត្រីត្រឹម​១៤%​ប៉ុណ្ណោះ​ដែល​ភាគច្រើនបាន​ចូល​រៀន​មុខវិជ្ជា​នេះ​ដោយ​ចៃដន្យ។ ​កញ្ញា សុខ ស៊ីគៀង ​ដែល​ជា​សាស្ត្រាចារ្យព័ត៌មាន​វិទ្យាបាន​ទទួល​ស្គាល់​ថា ​កញ្ញា​ក៏​ធ្លាប់​ជា​សិស្ស​ដែល​ចាប់​យក​ជំនាញ​នេះ​ដោយ​ចៃដន្យ​ដែរ។

កញ្ញា​សង្កេត​ ​ឃើញ​ថា កត្តា​ចម្បង​មួយ​ដែល​នាំ​ឲ្យសិស្ស​ស្រីដែល​ស្រឡាញ់​មុខវិជ្ជា​នេះ​ តែ​មិន​ហ៊ាន​ចូល​រៀន​ឬ​មិន​ដឹង​ពី​សារៈសំខាន់ គឺ​ដោយសារ​ការ​មិន​ទុកចិត្ត​ខ្លួន​ឯង។

​«យុវតី​យើង​បើ​ទោះ​បី​គាត់​រៀន​ជាប់​លេខ​មួយ​ក៏​ដោយ ក៏​គាត់​អត់​បាន​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​ដែរ។ គាត់​ទៅ​ជា​ឲ្យ​តម្លៃ​ថា ដោយ​សារ​សំណាង​ហើយ​ដែល​ខ្ញុំ​បាន​ពិន្ទុ​ខ្ពស់​ជាប់​លេខ​១។ នេះ​សបញ្ជាក់​ថា​ស្ត្រី​យើង ភាគ​ច្រើន​មិន​បាន​ឲ្យ​តម្លៃ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឯង ដែល​ជា​កត្តា​មួយ​ដែល​គាត់មិន​បាន​ជឿជាក់​ថា​គាត់​អាច​រៀន​បាន​នៅ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​បាន‍»។‍

អ្នក​ជំនាញ​រូប​នេះ​ថ្លែង​ថា កត្តា​រឹតត្បិត​មួយ​ទៀត​គឺ គ្រួសារ​និង​សង្គម​ការងារ ដែល​រើស​អើង​ចំពោះ​ស្ត្រី​ ដោយ​ចាត់​ទុក​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ថា​សម្រាប់​តែ​បុរស។កញ្ញា ស៊ីគៀង ថ្លែង​ក្នុង​កម្មវិធី Hello VOA ថា ផ្ទុយ​ទៅ​វិញ ​ក្នុង​ករណី​កញ្ញា ការ​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្តាយ​និង​បង​ប្អូន​ប្រុសៗ ​ជា​កត្តា​សំខាន់​មួយ​ដែល​បាន​ជំរុញ​ឲ្យ​កញ្ញា​អាចប្រឡូក​ក្នុង​វិស័យ​នេះ​ដល់​សព្វ​ថ្ងៃ។

កញ្ញា សុខ ស៊ីគៀង​ យល់​ថា ក្រៅ​ពី​កត្តា​រារាំង​ផ្ទាល់​ខ្លួន​និង​សង្គម កង្វះ​ស្ត្រី​គំរូ​នៅ​ក្នុង​វិស័យ​នេះ​ ធ្វើ​ឲ្យទាំង​បុរស​ និង​ស្ត្រី​ខ្លួន​ឯង​ ពិបាក​នឹង​ទទួល​ស្គាល់​សមត្ថភាព​របស់​ខ្លួនខាង​បច្ចេកវិទ្យា។

«គេ​អត់​ជឿទុក​ចិត្ត​យើង​ដោយ​សារ យើង​អត់​មាន​បុគ្គល​គំរូ​ច្រើន​នៅ​ស្រុក​ខ្មែរ។ អញ្ចឹង​បើ​យើង​និយាយ​ពី​ស្ត្រី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា យើង​អត់​មាន​ច្រើន​ទេ។‍ អញ្ចឹង​វា​កត្តាមួយ​ដែល​ធ្វើ​ឲ្យ​គេ​ហ្នឹង​អត់​ជឿជាក់​លើ​យើង​ថា​យើង​អាច​ធ្វើ​បាន‍»។

សូម្បី​នៅ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មាន​ការ​រីកចម្រើន​ខ្លាំង​ខាង​វិស័យ​បច្ចេកវិទ្យា ការ​រើសអើង​ការងារ​នេះ ក៏​ជា​កត្តា​សំខាន់​ដែរ។ តាម​ការ​ស្រាវជ្រាវ​ពី​សមាគមសិទ្ធិ​ស្ត្រី​ក្នុង​ប្រព័ន្ធ​អប់រំ​ឈ្មោះ American Association of University Women នៅ​សហរដ្ឋ​អាមេរិក ចំនួន​ស្ត្រី​ដែល​ធ្វើ​ការ​ខាង​ជំនាញ​កុំព្យូទ័រ​បាន​ធ្លាក់​ចុះ​ពី​៣៥%នៅ​ឆ្នាំ​១៩៩០ មក​ត្រឹម​២៦%​នៅ​ឆ្នាំ​២០១៣ ថ្វី​បើ​ចំនួនស្ត្រីបាន​កើនឡើង​នៅ​ក្នុងវិស័យ​ផ្សេង​ទៀត​ដូច​ជាឱសថសាស្ត្រ ច្បាប់ និង​ពាណិជ្ជកម្ម។ កញ្ញា សុខ ស៊ីគៀង​ថា នៅ​កម្ពុជា​និន្នាការ​ធ្លាក់​ចុះ​នេះ​មិន​ទាន់​មាន​ទេ ដោយ​ការ​រើស​អើង​ហាក់​ដូច​ជា​មាន​នៅ​ក្នុង​ថ្នាក់​រៀន​ច្រើន​ជាង​នៅ​ក្នុង​កន្លែង​ធ្វើ​ការ។

លោក ខៀវ សុខមេសា
លោក ខៀវ សុខមេសា

លោក ខៀវ សុខមេសា មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សរសេរ​កម្មវិធី software កុំព្យូទ័រ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា InSTEDD iLab ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​យល់​ស្រប​ថា​ មាន​ស្ត្រី​ខ្មែរ​ច្រើន​ជាង​មុន​បម្រើការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដែល​ជួយ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ខ្លះ​ពី​សហការី​ជា​បុរស។

លោក ខៀវ សុខមេសា ថ្លែង​ប្រាប់ VOA ថា៖

«ការងារ​ផ្នែក​ព័ត៌មាន​វិទ្យា​នេះ មិន​មែន​ជា​ការងារ​សម្រាប់​តែ​បុរស​ទេ គឺ​ជា​ការងារ​ដែល​ប្រើប្រាស់​ខួរ​ក្បាល​ អញ្ចឹង​ស្ត្រី​ក៏​គាត់​អាចចូល​រួម​បានយ៉ាង​សកម្ម​ដែរ ហើយ​ពេល​ខ្លះ​ ស្ត្រី​គាត់​អាច​ធ្វើ​ការងារ​បាន​ល្អ​ជាង​បុរស​ផង ដោយ​សារ​ស្ត្រី​មាន​ការ​យក​ចិត្ត​ទុកដាក់​និង​ការ​ច្នៃប្រឌិត​ខ្ពស់​ដូច​គ្នា។ អញ្ចឹង ខ្ញុំ​គិត​ថា ​ការ​ចូលរួម​របស់​គាត់​ហ្នឹង​ជា​ផល​វិជ្ជមាន​មួយ​នៅ​ក្នុង​សង្គម​។‍»

កញ្ញា​ សុខ ស៊ីគៀង​ ថ្លែង​ថា ប្រសិន​បើ​ស្ត្រី​ខ្មែរ​អាច​ជម្នះ​នឹងកត្តា​រារាំង​ទាំង​នេះ​បាន ពួក​គេ​នឹង​ទទួល​បាន​ឱកាស​ច្រើន ​នៅ​ក្នុង​វិស័យ​មួយដែល​មាន​ស្ត្រី​បម្រើតិច​ស្រាប់​និង​ផ្អែក​ខ្លាំង​លើ​លក្ខណៈ​ច្នៃ​ប្រឌិត។ ទូត​តំណាងកម្មវិធី Technovation រូប​នេះ​ជឿជាក់​ថា ស្ត្រី​ទាំង​នេះ​នឹង​ក្លាយ​ជា​បុគ្គល​គំរូ ​ហើយ​នឹងជំរុញ​សិស្ស​និង​ស្ត្រី​ខ្មែរ​ផ្សេង​ទៀត ​ឲ្យចូល​រួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផង​ដែរ។

«ឥឡូវ​នេះ​ ខ្ញុំ​សង្កេត​ឃើញ​ថា ​មាន​ស្ត្រី​ ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ច្រើន​ហើយ ហើយ​សង្ឃឹម​ថា​ ការ​គិត​នេះ​នឹង​ផ្លាស់​ប្តូរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

XS
SM
MD
LG