\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​សម្រេច​រើ​ការិយាល័យ​​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ភ្នំពេញ​ទៅ​ប្រទេស​ឡាវ​


រូប​ឯកសារ៖ សាឡាង​ដឹក​​ជញ្ជូន​អ្នក​ភូមិ​ សិស្ស និង​មន្ត្រី​រាជការ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​អរិយក្សត្រ​ដែល​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​មេគង្គ ខណៈ​ដែល​ព្រះអាទិត្យ​រៀប​លិច​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ័​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)

រូប​ឯកសារ៖ សាឡាង​ដឹក​​ជញ្ជូន​អ្នក​ភូមិ​ សិស្ស និង​មន្ត្រី​រាជការ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​អរិយក្សត្រ​ដែល​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​មេគង្គ ខណៈ​ដែល​ព្រះអាទិត្យ​រៀប​លិច​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ័​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)

លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​អះអាង​ថា ​ការ​សម្រេច​កែ​សម្រួល​ឱ្យ​មាន​​ការិយាល័យ​តែមួយ​នេះ​គឺ​ដើម្បី​សម្រួល​ដល់​ដំណើរ​​ការ​នៃ​ការងារ ​ដោយសារ​បច្ចុប្បន្ន លេខាធិការដ្ឋាន​​នេះ​មាន​ស្នាក់​ការ​​ពីរ​កន្លែង​ទាំង​នៅ​​​ក្នុង​ប្រទេស​ឡាវ​​និង​ក្នុង​ប្រទេស​កម្ពុជា។

គណៈ​កម្មការ​ទន្លេ​មេគង្គ​គឺ​ជាស្ថាប័ន​អន្តរ​ប្រទេស​ដែល​មាន​តួនាទី​សម្រប​សម្រួល​ការ​អភិវឌ្ឍ​និង​ថែ​រក្សា​ទន្លេ​មេគង្គ។ ​បច្ចុប្បន្ន ​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មការ​នេះ​មាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ឡាវ​ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន។ ​ថ្មីៗ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ថា​ កម្ពុជា​នឹង​រុះរើ​ការិយាល័យ​នៃ​លេខាធិការដ្ឋាន​នេះ​ចេញ​ពី​កម្ពុជា​ឱ្យ​ទៅ​តាំង​នៅ​ក្នុង​ប្រទេស​ឡាវ។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​ថា ​កម្ពុជា​បាន​ព្រមព្រៀងជា​មួយ​ប្រទេសឡាវ​ក្នុង​ការ​រុះរើលេខាធិការ​ដ្ឋាន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ទៅ​តាំង​ស្នាក់ការ​នៅ​ក្នុង​ប្រទេស​ឡាវ។​

លោក​ ហ៊ុន សែន ​អះអាង​ថា ​ការ​សម្រេច​កែ​សម្រួល​ឱ្យ​មានការិយាល័យ​តែមួយ​នេះ​គឺ​ដើម្បី​សម្រួល​ដល់​ដំណើរការ​នៃ​ការងារ​ដែល​ពាក់ព័ន្ធ​នឹងលេខាធិការដ្ឋាន​នេះ ​ដោយសារ​បច្ចុប្បន្ន ​លេខាធិការដ្ឋាននេះ​មាន​ស្នាក់​ការក្នុង​ប្រទេស​ឡាវ​ និង​ក្នុង​ប្រទេស​កម្ពុជា។ ​

ការ​ប្រកាស​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​មុខ​តំណ​ស្ពាន​មួយ​ក្នុង​ស្រុក​កោះធំ ​ខេត្ត​កណ្តាល កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ​ក្នុង​ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស​ឡាវ​កាល​ពី​សប្ដាហ៍​មុន ​លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី ​និង​នាយក​រដ្ឋមន្ត្រី​ឡាវ ​ហើយ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រួម​បញ្ចូល​ស្នាក់ការ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ឱ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ឡាវ​តែ​មួយ។​

លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា៖​

«នេះ​ជា​ការ​ព្រមព្រៀង​មួយ​ដែល​ឯកឧត្ដម​លឹម គានហោ ​ក្នុង​ឋានៈ​រដ្ឋមន្ត្រី​ធនធាន​ទឹក ​និង​ប្រធាន​គណៈ​កម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ​នឹង​បន្ត​ការ​ពិភក្សា​លើ​បញ្ហា​នេះ ​ដើម្បី​នាំ​យក​លេខាធិការដ្ឋាន​នេះ​ឱ្យ​វា​នៅ​ជុំ​គ្នា។ ​ព្រោះ​ឥឡូវ​ [បើ​]គេ​ត្រូវ​ការ​ធ្វើការ​លេខាធិការដ្ឋាន​ គេ​ទៅ​វៀងច័ន្ទ​ផង ​គេ​មកភ្នំពេញ​ផង។ ​បើ​អញ្ចឹងឥឡូវគឺ​ថា ស្រុះ​ស្រួល​គ្នា​ដាក់​ទៅ​វៀងច័ន្ទ​ទៅ!​ ឯ​កម្ពុជា​គឺ​នឹង​ទទួល​ការ​បាន​នូវ​ការ​គាំ​ទ្រ​ទាំង​ឡាយ​នៅ​ក្នុង​ក្របខណ្ឌ​មិត្ត​ភក្ដិ​អាស៊ាន​របស់​យើង​ស្ដី​អំពី​មជ្ឈមណ្ឌល​មីន​របស់​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ។ ​នេះ​គឺ​ជា​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក»។​

ទោះយ៉ាង​ណា​ លោក​ ហ៊ុន សែន​ បញ្ជាក់ថា​ កម្ពុជានៅ​តែ​រក្សាទុក​មជ្ឈមណ្ឌល​កាត់​បន្ថយ​ជំនន់​ដែល​មជ្ឈមណ្ឌល​នេះ​ធ្វើការ​ទៅ​លើ​ការ​ព្យាករណ៍​ទឹក​ជំនន់​នៅ​តាម​ដង​ទន្លេ​បាសាក់។​

VOA ​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​លឹម គានហោ ​រដ្ឋមន្ត្រី​ក្រសួង​ធានធាន​ទឹក ​និង​ឧតុនិយម ​និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិទន្លេ​មេគង្គកម្ពុជា​ ដែល​ទទួល​ភារ​កិច្ច​ពី​លោក​នាយក​រដ្ឋមន្ត្រី​ដើម្បី​ធ្វើ​ការ​លើ​រឿង​នេះ​នោះ​ទេ។​

លោក​តែ ណាវុធ ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​មាន​ប្រសាសន៍​ថា ​ភាគី​ពាក់ព័ន្ធ​កំពុង​ទាក់ទង​គ្នា​ដើម្បី​ធ្វើការ​លើ​រឿង​នេះ។​ ទោះយ៉ាងណា ​លោក​ថា ​លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​រុះរើ​ការិយាល័យ​លេខាធិការដ្ឋាន​ទន្លេ​មេគង្គនេះ​នោះ​ទេ។​

បើ​តាម​លោក​តែ ណាវុធ ​ការិយាល័យ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​មាន​បុគ្គលិក​ជាតិ​ និង​អន្តរជាតិ​សរុប​ជាង​៣០​នាក់​ ហើយ​ភាគី​ពាក់ព័ន្ធ​កំពុង​ពិភាក្សា​ថា​ តើ​មន្ត្រី​ទាំង​នោះ​នឹង​ត្រូវ​ទៅ​បំពេញ​ការងារ​នៅ​ការិយាល័យ​ក្នុង​ប្រទេស​ឡាវ​ឬ​យ៉ាងណា។​

លោក​មាន​ប្រសាសន៍​ថា៖​

«កំពុង​ធ្វើការ​រឿង​ហ្នឹង!​ មន្ត្រី​ដែល​[នៅ​លេខាធិការ​ធិដ្ឋាន​នេះ​ហ្នឹង​វា​មិន​ត្រូវ​ទៅ!​ ​មន្ត្រី​ថ្នាក់​តំបន់​ទេ​តើ! ​អាហ្នឹង​មន្ត្រី​ថ្នាក់​តំបន់ ​គេ​ត្រូវ​ទៅ​ធ្វើការ​អញ្ចឹង​ទៅណា!​ នៅ​ក្នុង​លេខាធិការដ្ឋាន​មាន​មន្ត្រី​៤​ប្រទេស​ធ្វើការ»។

លោក​តែ ណាវុធ​ឱ្យ​ដឹង​ដែរ​ថា ​កន្លង​មក​ការិយាល័យ​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ស្ថិត​នៅ​ក្នុង​ប្រទេស​តែ​មួយ​ប៉ុណ្ណោះ។​ ប៉ុន្តែ​លោក​ថា ​ចាប់​ពី​ឆ្នាំ​២០១១​មក ​លេខាធិការដ្ឋាន​នេះមាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​ចំនួន​២​ ដោយ​លោក​អះអាង​ថា ​ដោយសារ​ការ​រុះរើ​ការិយាល័យ​នេះ​ត្រូវ​ការ​ចំណាយ​ច្រើន។​

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ មាន​ប្រសាសន៍ថា​ ការ​រុះរើ​ការិយាល័យ​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នេះ​នឹង​មិន​ធ្វើឱ្យកម្ពុជា​មាន​ការ​ខាត​បង់​ជា​ដុំ​កំភួននោះ​ទេ។​ លោក​ថា ​អ្វី​ដែល​កម្ពុជា​ខាតបង់គឺ​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ស្ថាប័ន​នេះ ​ដោយ​លោក​ថា ​ពេល​ត្រូវ​ផ្លាស់​ទៅ​ប្រទេស​ឡាវ នោះ តួនាទី​មួយ​ចំនួន​នឹង​ត្រូវ​កាន់កាប់ដោយពលរដ្ឋ​ឡាវ​វិញ។​

គណៈ​កម្មការ​ទន្លេ​មេគង្គ ​(Mekong River Commission)​ គឺ​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ដែល​មាន​បេសក​កម្ម​ជំរុញនិង​សម្រប​សម្រួល​ការងារ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ទឹក​ និង​ទន្លេ​មេគង្គ​ប្រកប​ដោយ​និរន្តរភាព​ដើម្បី​ជា​ផល​ប្រយាជន៍​របស់​ប្រទេស​ជា​សមាជិក។​ គណៈ​កម្មការ​នេះ​មាន​ប្រទេស​ជា​សមាជិក​ចំនួន​៤​គឺ​ប្រទេស​កម្ពុជា ​ថៃ ​ឡាវ ​និង​វៀតណាម៕​

XS
SM
MD
LG