ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​គ្រោង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​របាយការណ៍​សិទ្ធិ​មនុស្ស​នៅ​ក្រុង​ហ្សឺណែវ


លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ អាន​ថ្លែង​​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។
លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​​ អាន​ថ្លែង​​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤។
មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​ដាក់​គម្រោង​ការ​ទៅ​ចូលរួម​ក្នុងកិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវប្រទេស​ស្វីស​នៅ​ពេល​តំណាង​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ថ្លែង​ការណ៍​ការពារ​អំពី​របាយ​ការណ៍​សិទ្ធិ​មនុស្ស​នៅទី​នោះ។​ កិច្ចប្រជុំ​នេះ​នឹង​មាន​ការ​វាយ​តម្លៃ​អំពី​សិទ្ធិ​មនុស្ស​និង​ផ្តល់​យោបល់​ដល់​កម្ពុជា​ ថា​តើ​មាន​ចំណុច​ណា​មាន​ការ​រីក​ចម្រើន​និង​ចំណុច​ណា​មានការ​មិនរីក​ចម្រើន​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​កែ​លំអ។​

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដាក់​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ របស់​ខ្លួន​ដូច​ប្រទេស​ចំនួន​១៩៣​ដែរ​ដើម្បី​ឲ្យ​អ.ស.ប​.ត្រួត​ពិនិត្យ​មើល​ពីការ​រីក ចម្រើន​ និង​មិន​រីក​ចម្រើន​ត្រង់​ចំណុច​ណា​ខ្លះ​ តែ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​ដាក់​គម្រោង​ការ​ទៅចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ឬ​កិច្ច​ប្រជុំ​ទាក់ទង​រឿង​ត្រួត​ពិនិត្យ​របាយ​ការណ៍​សិទ្ធិមនុស្ស​ជាសកល​និង​ជា​ទៀង​ទាត់​ហៅថា​(UPR)​នេះ​ដែរ​ដើម្បី​អ្វីមួយ​ត្រូវ​គេ​គិត​ថា​ ក្នុង​បំណង​តាម​ដាន​មើល ​ថា​តើ​រដ្ឋាភិបាល​បាន​ដាក់​របាយ​ការណ៍​អ្វីខ្លះ​ដល់​អន្តរជាតិ។​

លោក​យឹម សុវណ្ណ ​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា លោក​សម រង្ស៉ី​ពេលនេះ​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ដើម្បី ចូល​រួម​ក្នុងកិច្ច​ប្រជុំ​ស្តីពី​សិទ្ធិ​មនុស្ស។​

«ជា​ការណ៍​ពិត​នៅ​ប្រទេស​ស្វីស​លោក​ប្រធាន​ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ភាគច្រើន​គឺលោក​នឹង​មាន​ឱកាស​នឹង​ជជែក​វែកញែក​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ដែល​យើង​កំពុង​ជួប​ប្រទះ»។​

លោក​មិន​បាន​បញ្ជាក់​ថា​ បញ្ហា​អ្វី​ខ្លះ​ដែល​លោក​សម រង្ស៉ី​នឹង​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​រយៈពេល​ពីរ​សប្តាហ៍​ចាប់​ផ្តើម​ពីថ្ងៃ​ទី២៧​ខែ​មករា​នេះ​ទេ។​ តែ​គេ​គិត​ថា​ លោក​អាច​នឹង​លើក​ឡើង​ពី​ការ​បាញ់​សម្លាប់​កម្មករ​ ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ចំពោះ​គណបក្ស​នយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ការ​ចាប់​ខ្លួន​កម្មករ​ តំណាង​សហជីព​សរុប​២៣នាក់​ បញ្ហា​ដីធ្លី ​បញ្ហា​កំណែ​ទម្រង់ប្រព័ន្ធ​តុលាការ​ បញ្ហា​ជា​ច្រើន​ទៀត​ក្នុង​កិច្ចប្រជុំ ​ដែល​លោក​អាច​មាន​ឱកាស​ថ្លែង​ការណ៍​នោះ​ឬក៏​ប្រាស្រ័យ​ទាក់ទង​នឹង​មន្ត្រី​នានា។​ ​

តែ​លោក​ឈាង វុន ​ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស​សភា​ និង​ជា​សមាជិក​ សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បានថ្លែង​ថា​ ទស្សន​កិច្ច​របស់​លោក ​សម រង្ស៉ី ​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​គ្មាន​ប៉ះពាល់​អ្វី​ដល់​កម្ពុជា​ទេ​ ព្រោះ​អ.ស.ប.​ អញ្ជើញ​តែ​គណៈប្រតិភូ​កម្ពុជា។​

«ឯក​ឧត្តម​សម រង្ស៉ី ​គាត់​អញ្ជើញ​ទៅគ្មាន​នរណា​ហាម​ឃាត់​គាត់​ទេ។​ តែសួរ​ខ្ញុំ​ថា​ តើ​មាន​ឥទ្ធិពល​អី​ ខ្ញុំ​ថា​អត់​មាន​អី​ទេ»។​

បើ​តាម​ឯកសារ​ជា​បញ្ជី​គណៈប្រតិភូ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​វីអូអេ​ទទួល​បាន​ បញ្ជាក់​ឲ្យ​ដឹង​ថា​ មាន​សមាជិក​រដ្ឋាភិបាល​១២​នាក់​ ដឹកនាំ​ដោយ​លោក​ ម៉ក សម្បត្តិ​ អនុ​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​មាន​សមាជិក​រដ្ឋាភិបាល​ មក​ពី​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​មហាផ្ទៃ​ផង​ ដែល​នឹង​ចូលរួម​ជា​សមាជិក​ក្នុង​គណៈ​ប្រតិភូ​កម្ពុជា។​

លោក ​រ៉ូឡង់ ​ហ្គោម៉េហ្ស៍​ (Roland Gomez)​ អ្នក​នាំពាក្យ​នៃ​ឧត្តម​ស្នងការ​អ.ស.ប.​ ផ្នែក​សិទ្ធិ​មនុស្ស ​បាន​ថ្លែង​ប្រាប់​វីអូអេ​ខេមរភាសា​ពី​ទីក្រុង​ហ្សឺ​ណែវ​ថា ​កិច្ចប្រជុំ​ដែលជា​វេន​សម្រាប់​កម្ពុជា​គឺ​ធ្វើនៅ​រសៀល​ថ្ងៃ​អង្គារ​ ដែល​តំណាង​រដ្ឋាភិបាល​កម្ពុជា​នឹងដាក់​កំណត់​ហេតុ​សិទ្ធិ​មនុស្ស​ដើម្បី​ត្រួត​ពិនិត្យ​រាល់បួន​ឆ្នាំម្តង​នោះ។​ លោក​ថ្លែង​ថា ​មេដឹកនាំ​ជំទាស់​មិន​អាច​ចូលរួម​ថ្លែង​ការណ៍​អ្វីក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​នោះ​បាន​ទេគឺ​អាច​ចូល​រួម​ជា​ធម្មតា​បាន ​ឬចូលរួម​ប្រជុំ​បន្ទាប់​បន្សំ​បាន​ដោយ​សារ​តែ​កិច្ច​ប្រជុំ​ធំ​នោះ​គឺមាន​តែប្រតិភូ​តាម​ប្រទេស​ដែល​អាច​ចូលរួម​ថ្លែង​ការណ៍​បាន។ ​

«តែ​មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​មាន​លទ្ធភាព​ចូលរួម​បាន​ ដោយសារ​កិច្ចប្រជុំ​ទាំងនេះ​ជា​កិច្ច​ប្រជុំ​សាធារណៈ​ ហើយ​មេដឹកនាំ​ក្រុម​ជំទាស់​ចង់​ចូលរួម​ទាល់​តែ​គាត់ធ្វើ​បណ្ណ​ចេញចូល​អាគារ​អ.ស.ប.​នៅក្នុង​ទីក្រុង​ហ្សឺណែវ។​ គាត់អាច​ចូលរួម​ ក្នុង​កិច្ច​ប្រជុំ​និង​កម្មវិធី​ប្រជុំ​ដែល​ស្របគ្នា​នោះ​បាន​ដែរ ​ដើម្បី​ស្តាប់​បញ្ហា​សំខាន់ៗ​ ដែល​ត្រូវ​ពិភាក្សា​នៅក្នុង​ទីក្រុង​ហ្សឺណែវ​នេះ»។​

កាលពី​កិច្ចប្រជុំ​លើក​ដំបូង​កាលពីបួន​ឆ្នាំ​មុននោះ​ អ.ស.ប.​បាន​ផ្តល់​អនុសាសន៍​ ៩០​ចំណុច​ទាក់ទង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ការ​បញ្ឈប់​អំពើ​រំលោភ​ បំពាន​ដីធ្លី​ និង​ការ​រំលោភ​សិទ្ធិ​មនុស្សផ្សេងៗ​ទៀត​ ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវធ្វើ​កំណែ​ទម្រង់។ ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​បានដាក់​របាយ​ការណ៍​របស់​ខ្លួន​មុន​រដ្ឋា​ភិបាល​កម្ពុជា។​ គេមិន​ដឹង​ច្បាស់​ ថា​តើ​រដ្ឋាភិបាល​កម្ពុជា​បាន​កែ​ទម្រង់អ្វី​ខ្លះ​ទេ​ក្នុង​រយៈពេល​បួនឆ្នាំ​ចុង​ក្រោយ​នេះ។​

មេដឹកនាំ​ក្រុម​ជំទាស់​គឺលោកសម រង្ស៉ី​បាន​ចាក​ចេញពី​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​សហភាព​អឺរ៉ុប​ក្នុង​ការ​គៀងគរ​ការ​គាំទ្រ​ផ្នែក​នយោបាយ​បន្ថែម​ទៀត​ពី​បស្ចឹម​ប្រទេស​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយដែលគណបក្ស​សង្គ្រោះជាតិមិន​ព្រម​ទទួល​ស្គាល់​ថា​ ជា​រដ្ឋាភិបាល​ស្រប​ច្បាប់៕
XS
SM
MD
LG