ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាំមួយ​ខែ​នៃ​វិបត្តិ​ជាតិ អ្នក​នយោបាយ​នៅ​ជ្រុំ​ជើង​មួយ​កន្លែង


​មនុស្ស​ជាច្រើន​ម៉ឺននាក់​​បាន​ងើបឡើង​ធ្វើបាតុកម្មតាម​ដង​ផ្លូវ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ក្លាយ​ជា​ការគំរាម​កំហែង​ផ្នែក​ស្មារតី​ដល់​គណបក្ស​កាន់​អំណាច។
​មនុស្ស​ជាច្រើន​ម៉ឺននាក់​​បាន​ងើបឡើង​ធ្វើបាតុកម្មតាម​ដង​ផ្លូវ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ក្លាយ​ជា​ការគំរាម​កំហែង​ផ្នែក​ស្មារតី​ដល់​គណបក្ស​កាន់​អំណាច។
នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រដ៏​ចម្រូង​ចម្រាស​នៅ​ប្រទេស​កម្ពុជា​បាន​រំលង​ទៅ​អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ​គត់។

​ប្រាំមួយខែ​មក​នេះ​ អ្នក​នយោបាយ​ខ្មែរហាក់​ដូចជា​នៅ​វិល​វល់​ជុំវិញ​តុ​ផ្កា​នៅ​ឡើយ ​ហើយ​មិន​ទាន់​រក​ឃើញ​ច្រក​ណា​មួយ​ដើម្បី​ទម្លាយ​ភាព​ជាប់គាំង​នយោបាយ​នោះ​ទេ។

នៅ​ក្នុង​វិបត្តិ​នយោបាយ​បែប​នេះ ​អ្វី​ដែល​គេសំឡឹង​ឃើញ​នោះ​ចង់​ឬ​មិន​ចង់​គឺ​ការប៉ះពាល់​ផ្នែក​ពាណិជ្ជ​កម្ម​នឹង​កើត​មាន​ឡើង​ ការព្រួយបារម្ភ​ពី​អ្នកវិនិយោគ​សំខាន់​ដែល​កំពុង​បណ្តាក់ទុន​ឬ​បម្រុង​នឹង​មក​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា ​និង​ការទន្ទឹង​រង់ចាំ​របស់​ម្ចាស់​ឆ្នោត។

អ្វីដែល​គេ​បានឃើញ​នៅក្នុង​ពេលនេះ​ គឺ​សញ្ញាណ​នៃ​ការបែក​បាក់រវាង​ប្រជាជាតិ​មួយ​ដែលកំពុង​ដើរ​តាម​អ្នកនយោបាយ​ទាំងពីរ​គណបក្ស។

​មនុស្ស​ជាច្រើន​ម៉ឺននាក់បាន​ងើបឡើង​ធ្វើបាតុកម្មតាម​ដង​ផ្លូវ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ក្លាយ​ជា​ការគំរាម​កំហែង​ផ្នែក​ស្មារតី​ដល់​គណបក្ស​កាន់​អំណាច។ ​គណបក្ស​កាន់​អំណាចបាន​សម្រេច​ចិត្ត​ប្រើ​ប្រាស់​រូប​មន្ត​«អារ ក មាន់​បន្លាច​ស្វា» ​ក្នុង​ការ​បង្រ្កាប​បាតុករ​ជា​កម្មករ​រោងចក្រ​កាល​ពី​ដើម​ខែមករា​នេះ​ដើម្បី​បន្សាប​ឥទ្ធិពល​នៃ​ភាព​ក្លៀវក្លា​របស់​អ្នកតវ៉ា។​ មនុស្ស​ចន្លោះ​ពី​បួន​ទៅ​ប្រាំ​នាក់​បាន​ស្លាប់ដោយ​គ្រាប់កាំភ្លើង។

ដំណាល​គ្នា​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ក៏​បាន​បំផុស​ឲ្យ​មាន​ចលនា​របស់​អ្នកគាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ងើប​ឡើង​ប្រឆាំង​នឹង​អ្នកគាំទ្រ​គណបក្ស​ជំទាស់​ផង​ដែរ។​ ចរន្ត​នេះ​បានលេច​ចេញ​ជា​រូបរាង​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ខេត្ត​កណ្តាល​ដែលជា​មណ្ឌល​ឈរឈ្មោះ​បេក្ខជន​នាយករដ្ឋ​មន្ត្រី​របស់​លោក​ហ៊ុន សែន។

ដូច្នេះ​បើ​រលក​នយោបាយ​បន្ត​បែបនេះ​តទៅមុខ ​នោះ​ជាតិ​សាសន៍​កម្ពុជា​នឹង​ត្រូវហែកចេញ​ជាពីរ​ចម្រៀក​ដោយសារ​និន្នាការ​នយោបាយ​ហើយ​ការភ័យ​ខ្លាច​ក្នុង​សង្គម​នឹង​កាន់តែ​រីករាល​ដាល។

​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្ស​ជំទាស់បាន​សំឡឹង​រក​ការ​លូក​ដៃ​ពី​អន្តរជាតិ​នៅ​ពេល​ដែល​យន្តការ​និង​និន្នាការ​ដោះ​ស្រាយ​នៅ​ក្នុង​ស្រុក​ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព។​ក៏​ប៉ុន្តែលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​នោះ​ជា​តម្រូវ​ការ​មិន​ចាំ​បាច់​សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

​លោក​បណ្ឌិត ​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការអព្យា​ក្រឹត្យ​និង​យុត្តិ​ធម៌​ដើម្បី​ការ​បោះ​ឆ្នោតដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ហៅកាត់ថា​និកហ្វិក​កត់សម្គាល់​ឃើញ​ថា​វត្តមាន​របស់​អន្តរ​ជាតិ​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។

«ឥឡូវ​នេះ​យន្តការ​ផ្ទៃ​ក្នុង​កម្ពុជា​ហាក់​ដូចជា​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ។​នៅពេល​ដែល​ភាគី​ទាំង​ពីរ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នឹង​គ្នា​បាន​មាន​តែ​ភាគី​ទី​បីមក​ចូល​រួម​ទេ​ទើ​ប​អាច​ដោះ​ស្រាយ​បាន»។

​ការជាប់គាំង​នយោបាយបាន​អូស​បន្លាយ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការបោះ​ឆ្នោត​មិន​បាន​សម្រេច​ជោគ​ជ័យនិង​ក្រោយ​ពី​ការ​ចរចា​រវាង​គណបក្ស​ជំទាស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ​មិញ​មិន​បាន​ឈាន​ដល់​ការ​ត្រូវ​រ៉ូវ​គ្នា។​

​ក្រោយ​មកទៀត​មន្ត្រី​សង្គម​ស៊ីវិល ​និង​អ្នក​នយោបាយ​មួយ​ចំនួន​បាន​ស្វែង​រក​ការ​យាង​ព្រះ​មហា​ក្សត្រ​ដើម្បី​ឲ្យ​ព្រះ​អង្គ​យាង​ធ្វើ​ជា​ព្រះរាជា​អាជ្ញា​កណ្តាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស។​ប៉ុន្តែ​មិន​មាន​សញ្ញា​ណា​មួយ​ដែល​ថា​ព្រះ​មហាក្សត្រ​ទ្រង់​យាង​មក​រួម​ចំណែក​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ។

​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​មករា​ឆ្នាំ​២០១៤ ​បាន​ច្រាន​ចោល​វត្តមាន​អន្តរា​គមន៍​ពី​អន្តរជាតិ​ក្នុង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដោយ​លោក​សំអាង​ថា​កម្ពុជា​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​រួច​ទៅហើយ ​ហើយ​ជាមួយ​គ្នា​នោះ​លោកហ៊ុន​ សែន ​យល់​ថា​ព្រះ​រាជ​វត្តមាន​នៃ​អង្គ​ព្រះ​មហាក្សត្រ​ក្នុង​ជម្លោះ​នយោបាយ​នេះ​គួរ​តែ​កើត​ឡើង​ទៅ​បាន​លុះ​ណា​តែ​បក្ស​ទាំង​ពីរ​មាន​ទំនោរ​ត្រូវ​រ៉ូវ​គ្នា​ជាមុន​សិន។

​ដោយឡែក​លោក​បណ្ឌិត​ហង្ស ពុទ្ធា ​លើក​ឡើង​ថាការរង់​ចាំ​នោះ​ហាក់​ដូចជា​នៅលើ​កំណាត់​ផ្លូវ​វែង​ឆ្ងាយ​តទៅ​ទៀត។

«​យើង​ឃើញ​ថា​ការវិវត្ត​របស់​អ្នក​នយោបាយ​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ហាក់​ដូចជា​កាន់​តែ​តាន​តឹង​ឡើង​រវាង​គ្នា​នឹង​គ្នា។​គម្លាត​រវាង​ភាគី​ទាំង​ពីរ​នៅ​តែ​ឆ្ងាយពី​គ្នា​ដែល​ហាក់​ដូច​ជា​រក​ចំណុច​សង្ឃឹម​មិន​ទាន់ឃើញ​ថា​ពួកគាត់​អាចធ្វើ​ការ​បាន​រវាង​ខ្មែរ​និង​ខ្មែរ​នៅ​ឡើយ​ទេ»។

​កាល​ពីសប្តាហ៍មុន​នេះ​សភា​សហរដ្ឋ​អាមេរិកបាន​អនុម័ត​សេចក្តី​សម្រេច​ថវិកា​ថ្មី​ដែល​សម្រេច​ព្យួរ​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​រដ្ឋា​ភិបាល​ប្រទេស​កម្ពុជា​រហូត​មាន​ការ​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ថ្ងៃ​ទី​២៨​ខែ​កក្កដាឆ្នាំ​២០១៣​ដោយ​បង្កើត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ។

ជាមួយគ្នា​នោះ​សភា​របស់​សហភាព​អឺរ៉ុប​ដែល​តំណាង​ឲ្យ​សមាជិក​មក​ពី​ប្រទេស​ចំនួន​២៨បាន​អនុ​ម័ត​ដំណោះ​ស្រាយ​មួយ​ដោយ​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទទួល​យក​«​ការស៊ើប​អង្កេត​មួយ​ឯករាជ្យ​ដោយ​មាន​ការចូល​រួម​ពី​អន្តរជាតិ»​ដើម្បី​ដោះ​ស្រាយ​ការចោទ​ប្រកាន់​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោត។​

មជ្ឈដ្ឋាន​ទាំងពីរ​នេះបង្ហាញ​ថា​វិបត្តិ​ការបោះឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​ឃ្លាត​ឆ្ងាយ​ពីភ្នែក​សហ​គម​ន៍​អន្តរជាតិ​នៅឡើយ។​មួយវិញ​ទៀតជំហរ​របស់​សភាអឺរ៉ុប​និង​សភា​អាមេរិកអាច​ជា​សម្ពាធ​ដែល​ជំរុញ​ឲ្យ​មាន​ការដោះ​ស្រាយ​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នេះ។

​លោក​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ហៅថា​ខុមហ្វ្រែល​មើល​ឃើញ​ថា​កម្ពុជា​ត្រូវ​ការ​អ្នក​សម្រប​សម្រួល​ដើម្បី​ទម្លាយ​វិបត្តិ​នយោ​បាយ​សព្វ​ថ្ងៃ។​

«ឥឡូវនេះ​បញ្ហា​យើង​នៅ​ខ្វះអ្នក​សម្រប​សម្រួលដើម្បី​នាំ​ឲ្យ​ភាគី​ទាំង​ពីរ​បានជជែក​គ្នា។​ដូច្នេះ​ចាំ​បាច់​ត្រូវ​តែ​មាន​ភាគី​ទី​បី​ហើយ​ដើម្បី​ឲ្យ​គេ​ជួយ​សម្រប​សម្រួល»។

​កាលពី​ថ្ងៃ​ទី​១១​ខែ​មករា ​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​រំពឹង​ថា​ប្រទេស​ចិន​អាច​ធ្វើ​ជា​ស្ពានរំដោះ​ភាព​ជាប់គាំង​នយោបាយ​នៅ​ប្រទេស​កម្ពុជា​បាន។ ​ហេតុ​ផល​គឺ​ថា​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​តម្លៃ​លើ​ប្រទេស​ចិន​ដូច​គ្នា។
ក៏​ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថាគណបក្ស​កាន់​អំណាច​ហាក់​ដូច​ជា​បាន​សម្តែង​ឲ្យ​ឃើញ​ថា​ខ្លួន​មិន​បាន​ចាត់​ទុក​ថា​ប្រទេស​កម្ពុជា​កំ​ពុង​ស្ថិត​ក្នុង​វិបត្តិ​នយោ​បាយ​នោះ​ទេ។

​ការ​មិនអាច​ភ្ជាប់​ការចរចា​ឡើង​វិញ​បាន​ទំនង​ជាអាច​មកពី​ទម្ងន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្រាល​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​មិន​ទាន់​រក​ឃើញ​ចំណុច​ខ្សោយ​ដែល​អាច​បង្វិល​បក្ស​កាន់​អំណាច​ឲ្យ​អង្គុយ​ចុះ​នៅមុខ​តុចរចា​បាន។

ប៉ុន្តែ​មួយវិញ​ទៀត​ក៏ជា​ការបន្ថែម​ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វាស់​ស្ទង់​ដង្ហើម​របស់​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹក​នាំ​រដ្ឋា​ភិបាល​អម​ជាមួយ​រដ្ឋសភា​ដែល​មាន​នឹម​តែម្ខាង។​ហើយ​គណ​បក្ស​នេះ​អាច​នឹង​រង់​ចាំ​មើល​ឱកាសថា​តើ​ដង្ហើម​នយោបាយ​គណបក្ស​ប្រជាជន​នឹង​ប្រព្រឹត្តិ​ទៅ​បែបណា​ក្នុង​លំហ​នយោបាយ​ជាតិ​និង​នយោបាយ​អន្តរជាតិ​ស្របពេល​ដែល​រដ្ឋា​ភិបាល​គ្រោង​ទុក​រួច​ជាស្រេច​ថា​នឹង​បើក​កិច្ច​ប្រជុំ​ស្តី​ពី​ការផ្តល់​ជំនួយពី​សហគមន៍​អន្តរជាតិ​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០១៦​ខាងមុខ។

ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​ជា​ក្តាប់​ចំណុច​ខ្សោយ​នៃ​កម្លាំង​នយោបាយ​របស់​គូ​ប្រ​ជែង​របស់​ខ្លួន​បាន​ក្រោយ​ពី​ស្ងៀម​ស្ងាត់​មួយរយៈ​ក្នុង​ពេល​ដែល​គណបក្ស​ជំទាស់​បាន​ដឹក​នាំបាតុកម្ម​យ៉ាង​ផុល​ផុស។

ជា​ពិសេស​គណបក្ស​ប្រជាជនកម្ពុជា​នៅ​តែ​ចាត់ទុក​ថា​ការដឹកនាំ​រដ្ឋ​កំពុង​ប្រព្រឹត្ត​ទៅ​ដូច​ធម្មតា។ រីឯ​កម្លាំង​ប្រជាជន​ដែល​គាំទ្រ​គណបក្ស​ជំទាស់​មិន​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​ទម្ងន់​ដៃ​សង្កត់​ការចរចា​នោះ​ទេ។​

​ប៉ុន្តែ​អ្វីដែល​គេ​មើល​ឃើញ​គឺ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព្យាយាម​ប្រើ​ប្រាស់ការ​បំផុស​ទឹក​ចិត្ត​អ្នក​គាំទ្រ​ក្នុង​ក្រុង​និង​តាម​បណ្តា​ខេត្ត​និង​នយោបាយ​អន្តរជាតិ។

ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជាត្រូវ​គេមើល​ឃើញ​ថា​បាន​ព្យាយាម​បង្រួម​ឱកាស​សម្រាប់​គណ​បក្ស​ជំទាស់តាម​រយៈ​ការ​បង្វែ​ឲ្យ​មាន​ការជជែក​គ្នា​ក្នុង​កិច្ចប្រជុំ​សភា​និង​ការប្រើ​ប្រាស់​វិធី​អូស​បន្លាយ​ពេលវេលា។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ កាលពី​សប្តាហ៍​មុនដែរ​បាន​ថ្លែង​នៅ​ខេត្ត​ក្រចេះដោយ​ហាក់​បាន​បង្ហាញ​ពី​ជំហរ​បែបនេះ។

«កាលណា​វានៅ​ខ្ចី​ពេក​ស៊ី​ទៅ​វាចត់។​ចាំ​ឲ្យ​វា​ទុំ។​ឥឡូវ​យើង​នៅ​រង់​ចាំ​បាន»។

​ដូច្នេះ​រហូត​មក​ទល់​ពេល​នេះ​គណបក្ស​ទាំង​ពីរ​ហាក់​នៅតែ​មិន​អាច​ងាក​ទៅ​រក​គ្នា​ដោយ​ងាយ​នោះ​ឡើយ​ដោយសារ​តែ​ភាគី​និមួយៗ​មាន​សំអាង​រៀងៗ​ខ្លួន។​

ខាង​គណបក្ស​ប្រជាជន​កម្ពុជា​គិតថា​ខ្លួន​ទទួល​បាន​ភាពស្រប​ច្បាប់​រួច​ទៅ​ហើយ។ ជាង​នេះ​ទៀត​ដំណើរ​ការ​ដឹក​នាំ​រដ្ឋ​របស់​ខ្លួន​ហាក់​ដូច​ជាមិន​ទាន់​ជួប​បញ្ហា​ប្រឈមស្តែងចេញ​ជា​សាធារណៈ​នៅ​ឡើយ។​

​ប៉ុន្តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​និងមន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ថា​រដ្ឋាភិបាល​មិន​ទាន់​មាន​ភាព​ស្រប​ច្បាប់​ពេញ​លេញ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ជួយ​បំពេញ​ភាព​ស្របច្បាប់​សម្រាប់​បង្កើត​រដ្ឋ​សភា​ថ្មីដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋា​ភិបាល​ថ្មី។​

​លោកផៃ ស៊ីផាន ​រដ្ឋ​លេខា​ធិការនិង​ជា​អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រទេស​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការលូក​ដៃ​ពី​បរទេស​នោះទេ។​

«ឥឡូវ​នេះ​តើ​វិបត្តិ​នយោបាយ​ឬ​វិវាទ​នៃ​ការ​បោះ​ឆ្នោត?​នេះ​ជាសំណួរដែល​យើង​គួរ​ឆ្លើយ​ទាំង​អស់​គ្នា។​ដូច្នេះ​យើង​ត្រូវ​ការ​បរទេស​មក​ដោះ​ស្រាយ​បញ្ហាវិវាទរបស់​ខ្មែរ​ទាល់តែ​យើង​មាន​ជម្លោះ​នយោបាយ​ដែល​មិន​បាន​ប្រើ​ប្រាស់តាម​គោលការណ៍​ឬ​យន្តការ​ដែល​យើង​បាន​សម្រេច​តាម​រយៈ​រដ្ឋ​ធម្មនុញ្ញ​ឬ​តាម​ច្បាប់​របស់​យើង»។

ផ្ទុយទៅ​វិញ​លោក​យឹម សុវណ្ណ ​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិគិត​ថា​អន្តរា​គម​ន៍​ពី​សហគមន៍​អន្តរជាតិ​ជាការចាំ​បាច់​ក្នុង​ពេល​នេះ។

«​អ្វី​ដែល​អាច​ដោះ​ស្រាយ​បាន​យើង​គួរ​តែ​ទទួល​យក​ជា​ពិសេស​អន្តរា​គមន៍​ពី​សហគមន៍​អន្តរ​ជាតិ»។

ប្រសិន​បើ​គណបក្ស​គូជម្លោះ​នៅ​តែរក្សា​ជំហរ​រឹងមាំ​រៀងៗ​ខ្លួន​ដូច្នេះ​ចំណោទ​នៅ​ត្រង់​ថា​តើ​ភាគី​ទាំង​ពី​នឹង​ហ៊ាន​សុខ​ចិត្តបណ្តោយ​ស្ថានការណ៍​បែបនេះ​នៅ​បន្ត​រហូត​ដល់​ចប់​អណត្តិ​រដ្ឋាភិបាល​ទី​៥​នេះ​ដែរ​ឬទេ?

វីដេអូថ្មីៗបំផុត

XS
SM
MD
LG