ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាពយន្ត​ឯកសារ​ថ្មី​ឆ្លុះ​បញ្ចាំង​ពី​ការ​ងើបឡើង​វិញ​នៃ​ក្រុង Newtown បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​សាលា​បឋមសិក្សា Sandy Hook

  • David Byrd​

សិល្បករ​លោក Mark Panzarin អាយុ ៤១ ឆ្នាំ​ សរសេរ​ឈ្មោះ​ជនរងគ្រោះ​នៃ​ការ​បាញ់សម្លាប់​រង្គាល​នៅ​សាលាបឋមសិក្សា Sandy Hook អំឡុងពេល​ខួបរំឮក​ប្រាំមួយខែ​ នៅទីលាន Union Square ក្នុង​បុរីញូវយ៉ក កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦។

សិល្បករ​លោក Mark Panzarin អាយុ ៤១ ឆ្នាំ​ សរសេរ​ឈ្មោះ​ជនរងគ្រោះ​នៃ​ការ​បាញ់សម្លាប់​រង្គាល​នៅ​សាលាបឋមសិក្សា Sandy Hook អំឡុងពេល​ខួបរំឮក​ប្រាំមួយខែ​ នៅទីលាន Union Square ក្នុង​បុរីញូវយ៉ក កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦។

អស់រយៈពេល​បួន​ឆ្នាំ​ហើយ​ចាប់តាំង​ពី​កុមារ​ ២០នាក់ និង​គ្រូបង្រៀន​ប្រាំ​មួយ​នាក់​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅ​សាលា​បឋមសិក្សា Sandy Hook ក្នុង​ក្រុង Newtown រដ្ឋ Connecticut។ អស់រយៈពេល​ជាង​បី​ឆ្នាំ​មក​នេះ ផលិតករ​ភាពយន្ត​បាន​តាមដាន​សកម្មភាព​នានា​នៅក្នុង​ក្រុង​ និង​ការរស់​នៅ​របស់​ប្រជាជនក្នុង​ក្រុង​នោះ ស្របពេល​ដែល​ផលិតករ​ទាំងនោះ​ព្យាយាម​ស្វែង​យល់ និង​ងើប​ចេញ​ពី​សោកនាដកម្ម​បាញ់សម្លាប់​រង្គាល​នោះ។ លោក David Byrd នៃ​ VOA បានរាយការណ៍​ពី​ភាពយន្ត​ឯកសារ​ថ្មី​មួយ ដែល​មាន​ចំណងជើង​ថា «Newtown» ដែល​នឹង​ចាក់ផ្សាយ​នៅ​តាម​រោងភាព​យន្ត​នានា​ទូទាំង​សហរដ្ឋ​អាមេរិក។

ភាពយន្ត​ឯកសារ «Newtown» ចាប់​ផ្តើម​សាច់រឿង​ជាមួយ​នឹង​សំឡេង​គួរឲ្យរន្ធត់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ​សង្រ្គោះ​បន្ទាន់ ៩-១១ ដើម្បី​រាយការណ៍​ពី​ហេតុការណ៍​បាញ់ប្រហារ​នៅ​សាលា​បឋមសិក្សា Sandy Hook ក្នុង​ក្រុង Newtown រដ្ឋ Connecticut។

ក្រុង​ Newtown ដែល​មាន​ប្រជាជន​ប្រមាណ​ ២ម៉ឺន៨ពាន់​នាក់​ ធ្លាប់​មាន​ករណី​សម្លាប់​មនុស្ស​តែ​មួយ​ករណី​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ ១០​ឆ្នាំ​មក​នេះ មុន​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១២។ នា​ថ្ងៃ​នោះ ក្រុង Newtown គឺ​ជា​កន្លែង​ដែល​កើត​មាន​ហេតុការណ៍​ឃាតកម្ម​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ដោយ​កុមារ​ ២០នាក់ និង​មនុស្ស​ពេញវ័យ​ប្រាំមួយ​នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ខ្មាន់​កាំភ្លើង​អាយុ ២០ឆ្នាំ Adam Lanza។

ភាពយន្ត​ឯកសារ​ថ្មី​នោះ​បង្ហាញ​ពី​ការ​សម្ភាស​ផ្ទាល់​ជាមួយ​នឹង​សមាជិក​មួយ​ចំនួន​នៃ​គ្រួសារ​ជនរង​គ្រោះ អ្នកជិត​ខាង និង​អ្នក​រួមការងារ​ ដើម្បី​ឲ្យ​រៀបរាប់​ពី​រឿងរ៉ាវដែល​បាន​កើត​ឡើង។ លោក Mark Barden ជា​ឪពុក​របស់​ជន​រងគ្រោះ​ ឈ្មោះ Daniel ដែល​ត្រូវ​បាន​បាញ់សម្លាប់។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​នៅ​មាន​អាថ៌កំបាំង​ផ្សេងៗ​ជា​ច្រើនអំពីរឿង​កូន​ខ្ញុំដែល​កប់លាក់​ទុក។ កូនខ្ញុំ​ចូលចិត្ត​ពាក់មួក​កីឡា​បាល់ឱប​ពណ៌​លឿង ហើយ​គាត់​អង្គុយ​នៅ​រាន​ខាង​ក្រោយ​ពេល​ខ្ញុំជិះកង់​ឌុបគាត់។ ​ខ្ញុំ​នៅ​មានមួក​នោះ​នៅ​ការ៉ាស់​ក្នុង​ផ្ទះនៅឡើយ​ ហើយ​ក្នុង​មួក​នោះ​នៅមាន​សក់ដ៏​ស្រស់​ស្អាត វែង​ឆ្មារៗ ពណ៌​ទង់ដែង​របស់​កូនប្រុស​ខ្ញុំ​»។

នៅ​ក្នុង​ឈុត​មួយ​នៃ​ភាពយន្ត​ឯកសារនេះ​ អ្នកស្រី​ Nicole Hockey ដែល​បាន​បាត់បង់​កូន​ប្រុស​ឈ្មោះ Dylan បាន​បង្ហាញ​ពី​បន្ទប់​កូនប្រុស​អ្នកស្រី ដែល​ពោរពេញ​ទៅ​ដោយ​កាត​សំបុត្រ​ចូលរួម​រំលែក​ទុក្ខ កាដូ និង​របស់របរ​ផ្សេងៗ​ទៀត​ពី​អ្នកចូលរួម​រំលែក​ទុក្ខ។

អ្នកស្រី​បាន​និយាយ​ថា៖ «នេះ​ជា​របស់របរ​ដែល​ទទួលបាន... ខ្ញុំ​មិនដឹង​ថា មាន​សំបុត្រ​ប៉ុន្មាន​ពាន់​ទេ។ ហើយ​នេះ​ជា​កាដូ និង​រូបថត​ផ្សេងៗ​ទៀត។ ភាគច្រើន​នៃ​កាដូ​ទាំងនោះ​មិនបាន​បើក​នៅ​ឡើយ​ទេ ដោយសារ​តែ​ខ្ញុំ​មិន​ទាន​អាច​តាំង​អារម្មណ៍​បើក​វា​បាន​នៅ​ឡើយ»។

អ្នកស្រី Kim Snyder ដែល​បានដឹកនាំ​ភាពយន្ត​ឯកសារ​ Welcome to Shelbyville អំពី​ជនភៀសខ្លួន​សូម៉ាលី ក្នុង​ក្រុង​តូចមួយ នៅ​សហរដ្ឋអាមេរិក គឺ​ជា​ផលិតករ​ភាពយន្ត​ឯកសារ Newtown។

អ្នកស្រី​បាន​និយាយ​ថា៖ «​យើង​មាន​អារម្មណ៍​ថា យើង​មិន​ធ្លាប់​ដែល​បាន​ទស្សនា​ភាពយន្ត​ឯកសារ​ដូចនេះ​ទេ គឺភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​រឿងរ៉ាវ​រហូត​អស់រយៈពេល​បី​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា សម្រាប់​មនុស្ស​ជា​ច្រើន​គ្នា​ ភាពយន្ត​ឯកសារ Newtown គឺ​ជា​ការ​រំឮក​ពី​រឿងរ៉ាវ​ពី​អតីតកាល​មួយ និង​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ជា​សក្ខីកម្ម​មួយ ក្នុង​ក្តី​សង្ឃឹម​ថា អ្វីមួយ​អាច​នឹង​ផ្លាស់ប្តូរ»។

អ្នកស្រី Maria Cuomo Cole គឺ​ជា​អ្នកដឹកនាំ​ភាពយន្ត​ឯកសារ Newtown។ អ្នកស្រី​និយាយ​ថា ផលិតករ​ភាពយន្ត​ចង់​ឲ្យ​មាន​ការ​ភ្ជាប់អារម្មណ៍​ជាមួយ​នឹង​ការឈឺចាប់​ដែល​សមាជិក​សហគមន៍​ក្នុង​ក្រុង​បាន​ជួប​ប្រទះ ហើយ​អ្នកស្រី​ក៏​ចង់​សង្កត់ធ្ងន់​ទៅ​លើ​ភាព​ក្លាហាន និង​ការ​ទ្រាំទ្រ ដោយ​ក្រុង Newtown ទាំងមូល​ផងដែរ។

អ្នកស្រី​បាន​និយាយ​ថា៖ ​«អ្នកស្រី​ Kim និង​រូបខ្ញុំ​ មាន​អារម្មណ៍​ថា វាជា​ការ​សំខាន់​ណាស់​ ដែល​យើង​ត្រូវ​មាន​ការ​តភ្ជាប់​អារម្មណ៍​ឲ្យ​បាន​ខ្លាំង​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ការ​រៀបរាប់​ពី​រឿងរ៉ាវ​ដ៏​សំខាន់​មួយ​នេះ។ នេះ​ជា​ រឿងរ៉ាវ​មួយ​ ដែល​យើង​មិន​អាច​បំភ្លេច​បាន​នៅ​អាមេរិក។ វា​ជា​រឿងរ៉ាវ​ដ៏​លំបាក។ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង ហើយ​សង្ឃឹម​ថា យើង​អាច​ទទួល​បាន​មេរៀន​ពី​វា ក៏​ដូចជា នាំ​ឲ្យ​មាន​ផ្លាស់ប្តូរ​ដើម្បី​រក្សា​សុវត្ថិភាព​នៅ​ក្នុង​សហគមន៍»។

នេះ​ជា​សម្តី​របស់​លោក​ Barden នៅ​អំឡុង​ការ​ប្រកួត​កីឡា​ក្នុង​ភក់​ Daniel Barden Mudfest ៖​

លោក Barden ៖ «តើ​អ្នក​សន្យា​ថា នឹង​រស់​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឲ្យ​បាន​ពេញលេញ​ឬ​ទេ?»

ហ្វូង​មនុស្ស៖ «សន្យា!»

លោក Barden ៖ «តើ​អ្នកសន្យាថា នឹង​ស្រឡាញ់ និង​នាំ​ភាព​កក់កក្តៅ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក​ដែរ​ឬទេ?»

ហ្វូង​មនុស្ស៖ «សន្យា!»

ភាពយន្ត​ឯកសារ​ Newtown បាន​នាំ​ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ នៅ​ពេល​ដែល​ភាពយន្ត​នេះ​បាន​បង្ហាញ​ពី​សមាជិក​សហគមន៍​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ក្នុង​ភក់ Daniel Barden Mudfest ដែល​ជា​ការ​ប្រកួត​មួយ​ដើម្បី​រៃអង្គាស​ប្រាក់​ទៅ​ដល់​កម្មវិធី​សប្បុរសធម៌​មួយ​ចំនួន។ អ្នកស្រី Nicole Hockley ក៏​អាច​ចូល​ទៅ​ក្នុង​បន្ទប់​កូន​របស់​គាត់​ដែល​មាន​កាដូ​ចូលរួម​រំលែក​ទុក ហើយ​បើក​កាដូ​នោះ​មួយ​ចំនួន។

បញ្ហា​គ្រប់គ្រង​អាវុធ​ត្រូវ​បាន​យក​មក​ជជែកដេញដោល​យ៉ាង​សស្រាក់សស្រាំ​នៅ​ក្នុង​ការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​នា​ឆ្នាំ​នេះ។ អ្នកស្រី Maria Cuomo បាន​និយាយ​ថា ក្តី​សង្ឃឹម​របស់​អ្នកស្រី​គឺ​ ការ​ដែល​ភាពយន្ត​ឯកសារ Newtown អាច​ទាក់​ទាញ​អារម្មណ៍​មនុស្សម្នា​ដែល​មាន​ទិន្នាការ​ទាំង​សងខាង​នៃ​បញ្ហា​នេះ ហើយ​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។

ការ​ផ្លាស់ប្តូរ​នោះ​នៅ​មិន​ទាន់​កើត​មាន​នៅ​ឡើយ​ទេ។ នា​ឆ្នាំនេះ ការ​បាញ់​សម្លាប់​រង្គាល​ដ៏ប្រល័យ​ជាង​គេ​បំផុតបាន​កើត​ឡើង​នៅ​ក្រុង Orlando ដោយ​មនុស្ស ៤៩​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ក្លឹប​រាត្រី​មួយ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG