ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​៖ ​កម្ពុជា​អាច​​ទទួល​ទាំង​ផល​សេដ្ឋកិច្ច​និង​ផល​ប៉ះពាល់​ពី​គម្រោង​«ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ»

  • ហ៊ាន សុជាតា

លោក​ ស៊ី ជីនពីង​ ​(Xi Jinping) ប្រធានាធិបតី​​នៃប្រទេសចិន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​ក្នុង​ពេលបញ្ចប់​​​វេទិកា​ខ្សែ​ក្រវ៉ាត់ ​និង​ផ្លូវ នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ Yanqi Lake ដែល​នៅ​ភាគខាងជើង​ទីក្រុង​ប៉េកាំង នៅថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០១៧។ (Nicolas Asfouri/Pool Photo via AP)

​អ្នក​ជំនាញ​សេដ្ឋកិច្ច​និង​ទំនាក់ទំនង​អន្តរជាតិ​ ​មើល​ឃើញ​ថា​ កម្ពុជា​​អាច​ស្រូប​ផល​ចំណេញ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ច្រើន​ពី​គំនិត​ផ្តួចផ្តើម​«ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ»​នេះ​ ក៏ប៉ុន្តែ​ពួកគេ​ក៏​ក្រើន​រំឭក​ឲ្យ​កម្ពុជា​ ​យក​ចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ ​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។​

វេទិកាសេដ្ឋកិច្ច​មួយ​ស្តី​ពី​គម្រោង​«ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ» (One Belt One Road) រយៈ​ពីរ​ថ្ងៃ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រមុខ​ប្រទេស​និង​ប្រធានធំៗ យ៉ាង​ហោច​ណាស់​ជាង​៣០​ ដែល​ក្នុង​នោះ​រួមមាន​លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន សែន​ ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ។​ សេដ្ឋវិទូ​និង​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​មើល​ឃើញ​ពី​ផល​ចំណេញ​នៃ​គម្រោង​នេះ​ដល់​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​ពួក​គេ​ ​ក៏​បាន​ព្រមាន​ពី​ផលប៉ះពាល់​សង្គម​ និង​បរិស្ថាន​ផង​ដែរ។​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​ខ្សែ​ក្រវ៉ាត់ ​និង​ផ្លូវ លោក​ ស៊ី ជីនពីង​ ​(Xi Jinping) ឲ្យ​ដឹង​ថា ​ដំណើរការ​នៃ​គម្រោង​«ក្រវ៉ាត់​មួយ​ ផ្លូវ​មួយ»​ រយៈ​ពេល​៤ឆ្នាំ​កន្លង​មកនេះ​ បាន​បង្កើត​ឲ្យ​មាន​ការ​តភ្ជាប់​ទំនាក់ទំនង​គោល​នយោបាយ​កាន់តែ​ស៊ីជម្រៅ​ ការ​តភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​កាន់តែ​ច្រើន​ ការ​តភ្ជាប់​ពាណិជ្ជកម្ម​មាន​ការ​កើនឡើង​ ការ​តភ្ជាប់​ដើម​ទុន​ហិរញវត្ថុ​ត្រូវ​បាន​ពង្រីក​ ព្រម​ទាំង​មាន​ការ​កើនឡើង​នូវ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ថែម​ទៀត​ផង។​

«កំណើន​សេដ្ឋកិច្ច​ពិភពលោក​តម្រូវ​ឱ្យ​មាន​មគ្គុទេសក៍​ថ្មី​ ការ​អភិវឌ្ឍ​ចាំបាច់​ត្រូវ​មាន​ការ​សហការ​បញ្ចូល​គ្នា និង​មាន​តុល្យភាព​ ហើយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ​ ក៏ត្រូវ​ការ​បង្រួម​ឲ្យ​តូចដែរ»។​

​អ្នក​ជំនាញ​សេដ្ឋកិច្ច​និង​ទំនាក់ទំនង​អន្តរជាតិ​ ​មើល​ឃើញ​ថា​ កម្ពុជាអាច​ស្រូប​ផល​ចំណេញ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ច្រើន​ពី​គំនិត​ផ្តួចផ្តើម​«ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ»​នេះ​ ក៏ប៉ុន្តែ​ពួកគេ​ក៏​ក្រើន​រំឭក​ឲ្យ​កម្ពុជា​ ​យក​ចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ ​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។​

«ខ្សែក្រវាត់មួយ ផ្លូវមួយ»​ (One Belt One Road) ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​យ៉ាងធំ​ទូលំ​ទូលាយ​របស់​ចិន​ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់​សេដ្ឋកិច្ច​ និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ ជា​ពិសេស​រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ អឺរ៉ុប​ និង​អាហ្វ្រិច។​ «ខ្សែ​ក្រវាត់​មួយ​ ផ្លូវមួយ»​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣។​ ​គិតត្រឹម​ឆ្នាំ​ ២០១៦​ ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ក្នុង​គម្រោង​របស់​ប្រទេស​ ​កុម្មុយនីស្ត​ចិន ​មាន​ចំនួន​ប្រមាណ៩០០​ពាន់​លាន​ ដុល្លារ​អាមេរិក។​ កម្ពុជា​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៦​ ជា​ពេល​ដែល​លោក​ ស៊ី ជិនពីង​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា។​

តាម​របាយការណ៍​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ឆ្នាំ​២០៣០​ តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​ ត្រូវការ​ហិរញ្ញវត្ថុ​សរុប​២៦​ទ្រីលាន​ (លាន​លាន)​ដុល្លារ​ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​តំបន់។​

​លោក Mark Rathbone អ្នក​ដឹកនាំ​គម្រោង​ទុន​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​ប៉ាស៊ីហ្វិក​ ​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​ គួរតែ​អភិវឌ្ឍ​ក្របខណ្ឌ​វិនិយោគ​ដែល​មាន​ការ​គ្រប់គ្រង​ច្បាស់លាស់ ​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​វិស័យ​ឯកជន​ ក្នុង​ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​កម្ពុជា។​ លោក​បន្ត​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​កំពុង​រីក​ចម្រើន​ ហេតុ​នេះ​កម្ពុជា​ ត្រូវការ​ថាមពល​ ប្រព័ន្ធ​ទឹក​ បណ្តាញ​ផ្លូវ​ដឹក​ជញ្ជូន​ មណ្ឌល​ថែទាំ​សុខភាព​ ការ​អប់រំ​ និង​បច្ចេកវិទ្យា​ជាដើម​ ដែល​ទាំងអស់​នេះ​ គួរ​ត្រូវ​បាន​បង្កើត​ឡើង​ និង​ត្រូវដាក់​បញ្ចូល​ទៅ​ក្នុង​របៀបវីរៈ​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក Mark Rathbone ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ជា​ការ​ពិត​ណាស់​ដែល​ថា​ គម្រោង​«ខ្សែក្រវ៉ាត់​មួយ​ ផ្លូវ​មួយ» អាច​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​មាន​ទឹកមាត់​ប្រៃ​ក្នុង​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ក្នុង​គម្រោង​នេះ ​ដូច​ជា​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ សិង្ហបូរី​ និង​ចិន​ជាដើម»។​

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​ VOA ​លោក​ Joachim Von Amsberg​ អនុប្រធាន​ ​ទទួល​បន្ទុក​ផ្នែក​គោល​នយោបាយ​ និង​វិនិយោគ​របស់​ធនាគារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី AIIB​ ដែល​ជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​គម្រោង​ «ខ្សែ​ក្រវ៉ាត់​មួយ​ វិថី​មួយ» លើក​ឡើង​ថា​ ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​គឺជា​រឿង​សំខាន់​ ក៏​ប៉ុន្តែ​ ការ​ផ្គត់ផ្គត់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក៏​មិនអាច​ខ្វះ​បាន​ដែរ។ លោក​ពន្យល់​ថា​ កម្ពុជា​ត្រូវ​អភិវឌ្ឍ​គោល​នយោបាយ​ដែល​ធានា​ថា​ វិនិយោគទុន​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ទាំង​នោះ​ពិត​ជា​បាន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​មែន។​

លោក​ Joachim Von Amsberg​ ថ្លែង​ថា៖

«ជា​ឧទាហរណ៍​ ផ្នែក​ថាមពល​ រដ្ឋាភិបាល​ត្រូវតែ​ផ្តល់​ការ​ប្រើប្រាស់​ថាមពល​ដែល​ អាច​ទុក​ចិត្ត​បាន​ និង​មាន​និរន្តរភាព​ដល់​គ្រប់​គ្នា។ ស្រដៀង​គ្នា​ដែរ​ គឺ​មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​អនុញ្ញាតិ​ឲ្យ​មាន​ការ​ដឹក​ទំនិញ​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ក្នុង​តំបន់។ ហើយ​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​ក្នុង​តំបន់​ដាច់​ស្រយាល​ ក៏​អាច​ប្រើប្រាស់​ផ្លូវ​ទាំងនោះ​ ដើម្បី​ទៅ​សាលារៀន​ និង​មណ្ឌល​សុខភាព​បាន​ផងដែរ»។

លោក​បន្ថែម​ថា ​គម្រោង​នេះ​ ថែម​ទាំង​ផ្តល់​ឲ្យ​ពលរដ្ឋ​កម្ពុជា​នូវ​ឱកាស​ការងារ​ដ៏​សន្ធឹក​សន្ធាប់​ ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ចាកចេញ​ពី​ភាព​ក្រីក្រ​ថែម​ទៀត​ផង។​

«ហេតុ​នេះ​ហើយ​ ទើប​យើង​ថា​ ហេដ្ឋរចនាសម្ព័ន្ធ​ គឺ​ជា​ចំណុច​ស្នូល​ដ៏​សំខាន់​ចំពោះ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​ ជា​ពិសេស​ប្រទេស​ដូចជា​កម្ពុជា»។​

ក្រៅ​អំពី​មើល​ឃើញ​ផល​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​គម្រោង​នេះ​ លោក​ ឈាង វណ្ណារិទ្ធ​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ បាន​លើកឡើង​ថា​ គម្រោង​«ខ្សែ​ក្រវ៉ាត់​មួយ​ ផ្លូវ​មួយ» ផ្តោត​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រើប្រាស់​ធនធាន​វិនិយោគ​ឲ្យ​ចំ​ទិសដៅ​ និង​ការ​អភិវឌ្ឍ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​តិចតួច។

លោក​ថ្លែង​ប្រាប់​ VOA​ យ៉ាង​ដូច្នេះ​ថា៖​

«ហានិភ័យ​ថា ​តើ​យើង​ប្រើ​លុយ​ហ្នឹង​ចំ​ទិសដៅ​កម្រិត​ណា​ ហើយ​ជា​ពិសេស​ឲ្យ​មាន​តុល្យភាព​ជាមួយ​បរិស្ថាន។​ បើ​យើង​អភិវឌ្ឍ​លឿន​ ហើយ​អត់​ការ​សិក្សា​ស៊ីជម្រៅ​ ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​អាច​ជា​ហានិភ័យ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ»។​

នៅ​ក្នុង​កិច្ច​ប្រជុំ​វេទិកា​ដ៏ធំ​នេះ​ ប្រធានាធិបតី​ចិន​ ​លោក​ ​ស៊ី ជិន ពីង​ ក៏​បាន​ប្រកាស​ថា ថវិកា​ប្រមាណ​១២៤​ពាន់​លាន​ដុល្លារ​ទៀត​ នឹង​ត្រូវ​បញ្ចូន​ក្នុង​គម្រោង​នោះ​របស់​ប្រទេស​កុម្មុយនីស្ត​ដ៏​ធំ​នេះ ​ដើម្បី​ពន្លឿន​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គម្រោង​« ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ»​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​បណ្តា​ប្រទេស​ដែល​ចូលរួម​ជាមួយ​ចិន។

ស្របគ្នា​នោះដែរ​ កាល​ពី​សប្តាហ៍​មុន​ ​លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា​ ​បង្ហាញ​ការ​កោត​សរសើរ​ដល់​ប្រធានាធីបតី​ចិន​ដែល​បាន​ផ្តួចផ្តើម​នូវ​គម្រោង​អភិវឌ្ឍ​«ខ្សែ​ក្រវ៉ាត់​មួយ​ វិថី​មួយ»​ ​ដែល​ទាំង​កម្ពុជា​និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ សុទ្ធ​តែ​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​នេះ។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នា​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​រាជធានី​ភ្នំពេញ​ដូច្នេះ៖​

«ចិន​មិន​ត្រឹមតែ​ដោះស្រាយ​សេដ្ឋកិច្ច​ខ្លួន​ឯង​ទេ​ ក៏​ប៉ុន្តែ​ចិន​បាន​ជួយ​ដល់​តំបន់​អាស៊ាន​ និង​តំបន់​ផ្សេង​ទៀត​រាប់​ទាំង​ជួយ​ដល់​អឺរ៉ុប​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ ហើយ​ក៏​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​សាកល។​ ...សម្រាប់​ចិន​ ឲ្យ​តែ​មាន​គំនិត​ផ្តួចផ្តើម​ គឺ​តែងតែ​មាន​លុយ​មក​ជាមួយ​ នោះ​ហើយ​គឺ​ជា​ក្តី​សង្ឃឹម​របស់​បណ្តា​ប្រទេស​លើ​ពិភពលោក»។

មក​ដល់​ពេល​នេះ​ គម្រោង​«ខ្សែ​ក្រវ៉ាត់​មួយ​ វិថី​មួយ»របស់​មហាយក្ស​ចិន​នេះ​ ទទួល​បាន​ការ​ចូលរួម​និង​គាំទ្រ​ពី​ស្ថានប័ន​អន្តរជាតិ​ និង​ប្រទេស​ចំនួន​ជាង​១០០​ហើយ​នៅ​ក្នុង​ពិភពលោក។​

នៅ​ក្នុង​វេទិកា​ «ខ្សែ​ក្រវ៉ាត់​មួយ​ ផ្លូវ​មួយ» ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ លោក​ស៊ី ជីងពីង​ បាន​លើក​ឡើង​ថា​ គម្រោង​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ដែល​ចូលរួម​មាន​ការ​អភិវឌ្ឍ​នោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រួម​របស់​ពិភពលោក​មាន​ការ​រីក​ចម្រើន​ដែរ។​ ហើយ​លោក​សង្កត់​ធ្ងន់​ថា​ ប្រទេស​ចិន​ គ្មាន​មហិច្ឆតា​ប្រើប្រាស់​សហ​ប្រតិបត្តិការ​ «ខ្សែ​ក្រវ៉ាត់​មួយ​ វិថី​មួយ» ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​នយោបាយ​នោះ​ទេ៕ ​

XS
SM
MD
LG