ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេស​ចិន​ចូលរួម​ជួយ​ដល់​ដំណើរការ​សន្តិភាព​ដែល​ជាប់​គាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា


មេដឹកនាំ​រដ្ឋាភិបាល​ លោកស្រី​ Aung San Suu Kyi (រូបខាង​ឆ្វេង) និង​លោក​ប្រធានាធិបតី​ចិន Xi Jinping ស្វាគមន៍​ក្រុមអ្នក​យកព័ត៌​មាន​មុនពេល​កិច្ចប្រជុំ​នៅរដ្ឋធានី​ ប៉េកាំង​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៦។
មេដឹកនាំ​រដ្ឋាភិបាល​ លោកស្រី​ Aung San Suu Kyi (រូបខាង​ឆ្វេង) និង​លោក​ប្រធានាធិបតី​ចិន Xi Jinping ស្វាគមន៍​ក្រុមអ្នក​យកព័ត៌​មាន​មុនពេល​កិច្ចប្រជុំ​នៅរដ្ឋធានី​ ប៉េកាំង​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៦។

នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា​បាន​ជួប​ជាមួយ​ក្រុម​សម្ព័ន្ធ​នៃ​ពួក​ឧទ្ទាម​កុលសម្ព័ន្ធ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ដំណើរការ​​សន្តិភាព​មាន​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​ត្រូវ​បាន​ជាប់​គាំង​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា​បាន​កើន​ឡើង​នៅ​ភាគ​ខាង​ជើង​ប្រទេស។

ការ​ប្រយុទ្ធ​គ្នា​នេះ បាន​ធ្វើ​ឲ្យ​សាធារណ​ជន​បាត់បង់​ជំនឿ​លើ​សមត្ថភាព​គ្រប់គ្រង​កងទ័ព និង​ជំរុញ​ឲ្យ​មាន​សន្តិភាព​របស់​លោកស្រី អង់សាន ស៊ូជី។ អស្ថិរភាព​នៅ​ជិត​តំបន់​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​មីយ៉ាន់ម៉ា បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​ប្រឡូក​ខ្លួន​ដោយ​ផ្ទាល់​នៅ​ក្នុង​ដំណើរ​ការ​សន្តិភាព​នេះ។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ពួក​ឧទ្ទាម បាន​ស្វាគមន៍​ការ​គាំទ្រ​របស់​ចិន​ដោយ​ប្រុង​ប្រយ័ត្ន។ ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​មាន​ចម្ងល់​ថា​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​បញ្ចេញ​ឥទ្ធិពល​លើ​ដំណើរការ​សន្តិភាព​នេះ តាម​រយៈ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ក្រុម​ឧទ្ទាមខ្លាំងៗ​ទាំង​នោះ ឬ​ក៏​យ៉ាង​ណា​នោះ។

ការ​បន្ត​ការពិភាក្សា​ឡើងវិញ

កាល​ពី​ថ្ងៃ​ទី ១ ខែ​មិនា កន្លង​ទៅ​នេះ មេដឹកនាំ​រដ្ឋាភិបាល​លោកស្រី អង់សាន ស៊ូជី បាន​រៀបចំ​កិច្ចប្រជុំ​ជាន់​ខ្ពស់​ជា​លើក​ដំបូង​បង្អស់​ជាមួយ​ក្រុមប្រឹក្សា​សហព័ន្ធ​រួបរួម​ជាតិ (United Nationalities Federal Council (UNFC)) ដែល​មាន​សមាជិក ៧ រូប រួម​ទាំង​ក្រុម​យោធា​ឯករាជ្យ Kachin (Kachin Independence Army (KIA)) ផង​ដែរ ចាប់តាំង​ពី​ពាក់​កណ្ដាល​ខែ​តុលា​ឆ្នាំ ២០១៦ មក។

ពួកគេ​បាន​ពិភាក្សា​អំពី​លក្ខខណ្ឌ​របស់​ក្រុម​ឧទ្ទាម នៅ​ក្នុង​ការ​ចូលរួម​សន្និសីទ​ស្ដី​ពី​សន្តិភាព​ដែល​បាន​ពន្យារពេល​កន្លង​មក ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស (Nationwide Ceasefire Agreement (NCA)) និង​នៅ​ក្នុង​ការ​ចូលរួម​កិច្ច​ពិភាក្សា​នយោបាយ​អំពី​ការ​បង្កើត​សហភាព​ប្រជាធិបតេយ្យ​សហព័ន្ធ​មួយ។

កាល​ពី​ឆ្នាំ ២០១៥ ក្រុម​ពួក​ឧទ្ទាម​ចំនួន ៨ ក្រុម ក្នុង​ចំណោម ២១ ក្រុម បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស​នេះ។ ការ​ចុះ​ហត្ថលេខា​នេះ​ទទួល​បាន​ការ​សរសើរ​ពី​រដ្ឋាភិបាល​បស្ចិម​ប្រទេស​នានា​ដែល​គាំទ្រ​ដំណើរការ​នេះ។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (National League for Democracy (NLD)) ចង់​ឲ្យ មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ពី​ក្រុម​ឧទ្ទាម​ទាំងអស់។

លោក Zaw Htay អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល បាន​និយាយ​ថា៖ «លោកស្រី អង់សាន ស៊ូជី កំពុង​បើក​ទ្វារ​ទទួល​ក្រុម​ឧទ្ទាម​ទាំងអស់​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​កាល​ពី​លើក​មុន​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ និង​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​នយោបាយ»។

ប៉ុន្តែ ការ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​នឹង​មិន​ងាយស្រួល​ឡើយ។ ក្រុម​ពួក​ឧទ្ទាម​បាន​ខឹង​សម្បា​ជាមួយ​នឹង​ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ទាក់ទិន​នឹង​ការ​វាយប្រហារ​នា​ពេល​ថ្មីៗ​នេះ របស់​ពួក​យោធា ដែល​គ្រប់គ្រង​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​នៅ​ក្រោម​អំណាច​រដ្ឋធម្មនុញ្ញ។

ការ​ពាក់ព័ន្ធ​របស់​ចិន

ចាប់​តាំងពី​ខែ​កញ្ញា ឆ្នាំ ២០១៦ មក ពួក​យោធា​បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​វាយប្រហារ​តាម​អាកាស​រាប់​មិន​អស់​ផង​ដែរ ទៅ​លើ​ក្រុម​យោធា​ឯករាជ្យ Kachin និង​ក្រុម​ពួក​ឧទ្ទាម​កុលសម្ព័ន្ធ Ta'ang ក្រុម​ពួក​ឧទ្ទាម​កុលសម្ព័ន្ធ Kokang និង​ក្រុម​ពួក​ឧទ្ទាម​កុលសម្ព័ន្ធ Rakhine នៅ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ានម៉ា។

ក្រុម​ឧទ្ទាម​ទាំង ៤ បាន​បង្កើត​ជា​សម្ព័ន្ធ​ភាព​ភូមា​ខាង​ជើង កាល​ពី​ចុង​ខែ វិច្ឆិកា ឆ្នាំ ២០១៦ និង​បាន​បើក​ការ​វាយបក​ទៅ​លើ​ក្រុង Muse ដែល​ជា​កន្លែង​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​មីយ៉ាន់ម៉ា និង​ចិន។ ក្រុង​នេះ​មាន​ជំនួញ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៤ ពាន់​លាន​ដុល្លារ​អាមេរិក។ ពួក​ឧទ្ទាម​បាន​កាន់កាប់​ក្រុង MongKo ដែល​នៅ​ជិត​ព្រំដែន អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍ និង​បាន​បំផ្លាញ​ផ្លូវ​ថ្នល់ និង​ស្ពាន​មួយ​ចំនួន។ ការ​ចង់​បាន​ជា​ចម្បង​របស់​ក្រុម​ពួក​ឧទ្ទាម​ទាំង​នេះ គឺ​ការ​សម្រប​សម្រួល​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នេះ។

ការ​វាយប្រហារ​នេះ បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​រាប់​ពាន់​នាក់​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ចិន និង​បាន​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់។ ជារឿយៗ ប្រទេស​ចិន​បាន​គាំទ្រ​ដំណើរការ​សន្តិភាព​នេះ ចាប់​តាំងពី​ជម្លោះ​បាន​ផ្ទុះ​ឡើង​នៅ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ ២០១១ មក។ ប៉ុន្តែ​ឥឡូវ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​កំពុងតែ​ជំរុញ​ឲ្យ​ប្រទេស​ចិន​ចូលរួម​កាន់តែ​ខ្លាំង​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នេះ ហើយ​រដ្ឋាភិបាល​ចិន​បាន​បើក​កិច្ច​ប្រជុំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។

ចាប់​តាំងពី​ចុង​ខែ វិច្ឆិកា ឆ្នាំ ២០១៦ មក ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ចិន​បាន​រៀបចំ​កិច្ចប្រជុំ​ជាន់​ខ្ពស់​ពីរ​លើក​រួច​មក​ហើយ ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ មន្ត្រី​នៃ​ក្រសួង​ការបរទេស និង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​តាម​ព្រំដែន។ កាល​ពី​ខែ ធ្នូ ឆ្នាំ ២០១៦ ក្រុម​ពួក​ឧទ្ទាម​ទាំង ៤ ក្រុម និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ត្រូវ​បាន​រដ្ឋាភិបាល​ចិន​អញ្ជើញ​ទៅ​ចូលរួម​កិច្ច​ពិភាក្សា​នៅ​ក្នុង​ទីក្រុង Kunming ខេត្ត Yunnan។ ប៉ុន្តែ ការពិភាក្សា​នោះ​បាន​បរាជ័យ​ភ្លាមៗ បន្ទាប់ពី​អ្នក​ចូលរួម​បាន​ធ្វើ​ដំណើរ​មក​ដល់​តុ​ចរចា។

ប្រទេស​ចិន​បាន​ផ្ដល់​ថវិកា​ចំនួន ៣ លាន​ដុល្លារ​អាមេរិក សម្រាប់​កិច្ច​ពិភាក្សា​ស្វែងរក​សន្តិភាព​នេះ ហើយ​ក្រុម​មន្ត្រី​ការទូត​របស់​ចិន​កំពុងតែ​ជំរុញ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ក្រុម​ពួក​ឧទ្ទាម​ទាំង​អស់ ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ ប្រធាន​ក្រុម​ឧទ្ទាម​សហភាព​ជាតិ Karen (Karen National Union (KNU)) លោក Mutu Say Poe គឺ​ជា​មេដឹកនាំ​ឧទ្ទាម Karen ដំបូង​បំផុត ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។ លោក​បាន​ជួប​ជាមួយ​នឹង​លោក Sun Guoxiang បេសកជន​ពិសេស​របស់​ចិន​ទទួល​បន្ទុក​កិច្ចការ​អាស៊ី នៅ​ក្នុង​ទីក្រុង Kunming មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុម​យោធា​ឯករាជ្យ Kachin ដែល​ស្ថិត​នៅ​តាម​ព្រំដែន ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​សន្តិភាព​ដែល​ជាប់​គាំង​កន្លង​មក។ ក្រុម​ឧទ្ទាម​សហភាព​ជាតិ Karen គឺ​ជា​ហត្ថលេខី​មួយ​រូប​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ។

ស្វាគមន៍​ការ​ចូលរួម​របស់​ចិន

ប្រធាន​អង្គការ Euro Burma Office លោក Harn Yawnghwe ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះ បាន​ប្រាប់ VOA ថា៖ «លោក Sun Guoxiang បាន​និយាយ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ចិន​នឹង​មិន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។ ចិន​នឹង​មិន​ធ្វើ​ជា​អ្នក​កាត់​សេចក្ដី ឬ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ឡើយ។ ប៉ុន្តែ ចិន​ចង់​ឃើញប្រទេស​មីយ៉ាន់ម៉ា​មាន​សន្តិភាព និង​ស្ថិរភាព។

លោក​បាន​បន្ថែម​ថា ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ទាំង​នេះ ភាគី​ដែល​ជា​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​នេះ ប្រហែល​ជា​អាច​ស្វាគមន៍​ការ​ចូលរួម​របស់​ចិន។

លោក Khu Oo Reh អគ្គលេខាធិការ​ក្រុមប្រឹក្សា​សហព័ន្ធ​រួបរួម​ជាតិ UNFC បាន​និយាយ​ថា ក្រុម​ប្រឹក្សា​សហព័ន្ធ​រួបរួម​ជាតិ​មិន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​នោះ​ទេ ហើយ​ក្រុមប្រឹក្សា​នេះ​នៅ​រង់ចាំ​មើល​តួនាទី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នេះ។ ប៉ុន្តែ លោក​បាន​បន្ថែម​ថា «យើង​ត្រូវការ​ការ​ចូលរួម​ពី​អន្តរជាតិ ដោយសារ​តែ​យើង​ដែល​ជា​ក្រុម​ឧទ្ទាម និង​រដ្ឋាភិបាល​មិន​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក Zaw Htay ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​លោកស្រី អង់សាន ស៊ូជី បាន​បញ្ជាក់​ថា ដំណើរការ​របស់​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស​នេះ «បោះ​ជំហាន​ទៅ​មុខ​បាន​ល្អ​នៅ​ក្នុង​ប្រទេស‍» ប៉ុន្តែ​លោក​បាន​និយាយ​ថា មេដឹកនាំ​មីយ៉ាន់ម៉ា​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​ចិន នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាលពី​ខែ​សីហា ឆ្នាំ​មុន ដោយសារ​តែ​ប្រទេស​ចិន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ភាគី​ពាក់ព័ន្ធ​ដែល​មិន​មែន​ជា​ហត្ថលេខី​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ទាំង​អស់ ឲ្យ​ចូល​មក​កាន់​តុ​ចរចា។

ប៉ុន្តែ ពួក​យោធា​មីយ៉ាន់ម៉ា​នៅតែ​មិន​ទុកចិត្ត ដោយសារ​តែ​ចិន​នៅ​តែ​បន្ត​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ក្រុម​យោធា​រដ្ឋWa (United Wa State Army (UWSA)) និង​ជាមួយ​នឹង​ក្រុម​ពួក​ឧទ្ទាម​ជនជាតិ​ភាគ​តិច​ចិនKokang និង​ពួក​ឧទ្ទាម Mong La ដែល​ក្រុម​ទាំង​នេះ​បាន​បើក​ប្រតិបត្តិការ​បះបោរ​បែប​កុម្មុយនិស្ត​ដែល​គាំទ្រ​ដោយ​ចិន រហូត​ទាល់តែ​ពួកគេ​ឈាន​ដល់​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​នឹង​អតីត​រដ្ឋាភិបាល​យោធា​ភូមា​នៅ​ក្នុង​ឆ្នាំ ១៩៨៨។ អ្នក​សង្កេត​ស្ថានការណ៍​នានា​ជឿជាក់​ថា ក្រុម​យោធា​រដ្ឋWa ដែល​ជា​ក្រុម​ខ្លាំង​មាន​សមាជិក​ចំនួន ២ ម៉ឺន​នាក់ នោះ បាន​ទទួល​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​ពី​ចិន កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ និង​បាន​ផ្ដល់​ការ​គាំទ្រ​សំខាន់​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ផ្សេង​ទៀត​ផង​ដែរ។

លោក Tom Kramer អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Transnational Institute ដែល សិក្សា អំពី​ក្រុម​យោធា​រដ្ឋ Wa បាន​និយាយ​ថា យោធា​មីយ៉ាន់ម៉ា​បាន​ស្វាគមន៍​ចិន​ឲ្យ​ចូលរួម ទោះបីជា​ពួកគេ​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​រឿង​នេះ​ក៏ដោយ ដោយសារ​តែ «ប្រហែល​មកពី​ពេលនេះ ពួក​យោធា​កំពុង​គិត​ថា ចិន​អាច​ដាក់​សម្ពាធ​លើ​ក្រុម​ពួក​ឧទ្ទាម​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស​នេះ‍»។

ក្រុម​យោធា​រដ្ឋ Wa បដិសេធ​កិច្ច​ព្រមព្រៀង​សន្តិភាព

កាលពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ក្រុម​យោធា​រដ្ឋWa បាន​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ពួក​ឧទ្ទាម ៦ ក្រុម ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុម​យោធា​ឯករាជ្យ Kachin ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​សន្តិភាព​នេះ។ ប៉ុន្តែ លទ្ធផល​ដែល​ទទួល​បាន​ពី​កិច្ច​ប្រជុំ​នេះ គឺ​ពួកគេ​បាន​បដិសេធ​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​ដំណើរការ​សន្តិភាព​ថ្មី​ស្រឡាង​មួយ ដែល​សម្របសម្រួល​ដោយ​ប្រទេស​ចិន ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​សង្កេត​ស្ថានការណ៍​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល។

លោក Anthony Davis អ្នក​វិភាគ​ផ្នែក​សន្តិសុខ​ផ្ដោត​លើ​ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​ថា ការ​គាំទ្រ​ជា​សាធារណៈ​របស់​ប្រទេស​ចិន​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​គោល​ជំហរ​តែ​ម្ខាង​របស់​ចិន​ចំពោះ​ដំណើរការ​សន្តិភាព​នេះ។ លោក​បាន​បញ្ជាក់​ថា តម្រូវការ​ថ្មី​របស់​ក្រុម​ពួក​ឧទ្ទាម Wa បង្ហាញ​ពី​គម្រោង​ផែនការ​ថ្មី​ស្រឡាង​មួយ​ផ្សេង​ទៀត​របស់​ចិន។

លោក Davis បាន​ប្រាប់ VOA ថា៖ «ប្រសិន​បើ​គិត​ថា​ក្រុម​ឧទ្ទាម Wa ដែល​ពឹងផ្អែក​លើ​ការ​គាំទ្រ​របស់​ចិន កំពុងតែ​ប្រកាន់​យក​តួនាទី​មួយ​ដែល​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ គឺ​ពិតជា​ល្ងង់​ពេក​ហើយ។ នេះ​ជា​យុទ្ធសាស្ត្រ​ធ្វើ​ពុត​ដែល​គេ​សម្ដែង​ឡើង ហើយ​នៅ​ទី​បញ្ចប់ ល្បែង​នេះ​នឹង​មិន​ពិបាក​ស្មាន​នោះ​ទេ គឺ​ថា ដំណើរការ​សន្តិភាព​ថ្មី​មួយ ដែល​ត្រូវការ​ចិន​ជា​អ្នក​សម្រប​សម្រួល​ដោយ​ចាំ​បាច់​បំផុត​ដើម្បី​ទទួល​បាន​ជោគជ័យ ជាជាង​ដំណើរការ​សន្តិភាព​ដែល​ត្រូវការ​ការ​សម្របសម្រួល​ពី​បស្ចិម​ប្រទេស ឬ​ពី​ប្រទេស​ជប៉ុន‍»។

លោក Zaw Htay អ្នក​នាំ​ពាក្យរដ្ឋាភិបាល បាន​និយាយ​ថា ការ​ទាមទារ​របស់​ក្រុម​ពួក​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ក្រុម​យោធា​រដ្ឋ Wa «អាច​បង្ក​មាន​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន» ប៉ុន្តែ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​នោះ​ទេ។ លោក​បាន​បន្ថែមទៀត​ថា ភាព​ខុស​ប្លែក​ណា​មួយ​ជាមួយ​នឹង​ក្រុម​យោធា​រដ្ឋ Wa អាច​ដោះស្រាយ​បាន​តាមរយៈ​កិច្ច​ពិភាក្សា​នយោបាយ​ដែលគ្រង​ទុក​ជា​មុន៕

ប្រែ​សម្រួល​ដោយ សើ សាយ្យាណា


XS
SM
MD
LG