ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការប្រើប្រាស់​អំពើ​ហិង្សា​នៅ​កម្ពុជា


លោក​ស្រី ម៉ារី ហាហ្វ (Marie Harf) ជា​​អ្នកនាំ​ពាក្យ​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​សនិ្នសីទ​​សារព័ត៌មាន​​នៅ​ក្រសួង​ការ​បរទេស​ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន​នា​ថ្ងៃ​សុក្រ​ ទី​០៣ មករា ឆ្នាំ២០១៤។
លោក​ស្រី ម៉ារី ហាហ្វ (Marie Harf) ជា​​អ្នកនាំ​ពាក្យ​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​សនិ្នសីទ​​សារព័ត៌មាន​​នៅ​ក្រសួង​ការ​បរទេស​ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន​នា​ថ្ងៃ​សុក្រ​ ទី​០៣ មករា ឆ្នាំ២០១៤។
វ៉ាស៊ីនតោន៖ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​យ៉ាងហោច​ណាស់​បួន​នាក់​ស្លាប់​បាត់​បង់​ជីវិត​ នៅ​ក្នុង​អំពើ​ហិង្សា​មួយ​ដែល​កើត​ឡើង​ជាលើក​ទីមួយ​ចាប់​តាំង​ពី​ការ​បង្រ្កាប​យ៉ាង​ឃោរឃៅ​នៅ​ឆ្នាំ​១៩៩៨។

យ៉ាងហោចណាស់​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន៣៧​នាក់​ផ្សេង​ទៀតទទួល​រងរបួស​ និង​១៦​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការប៉ះទង្គិចគ្នាដ៏​សាហាវ​មួយ កាលពីថ្ងៃ​សុក្ររវាង​កងកម្លាំង​មាន​សមត្ថកិច្ច​និង​ក្រុម​កម្មករ​រោងចក្រ​នៅ​សួន​កាណាឌីយ៉ា​ ផ្លូវ​វេងស្រេង​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុងខណៈ​ពេលដែល ពួកគេតវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ និង​សុំ​ឱ្យ​ស្ថាន​ភាព​ការ​ងារ​របស់​ពួកគេ​បាន​ប្រសើរ​ឡើង។​ នេះ​បើ​តាមការ​បញ្ជាក់​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សហជីព។​

លោក​ស្រី ម៉ារី ហាហ្វ (Marie Harf) ​អ្នកនាំ​ពាក្យ​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាននៅ​ក្រសួង​ការ​បរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នា​ថ្ងៃ​សុក្រ​នេះ​ថា៖​

«សហរដ្ឋ​អាមេរិក​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការបាត់​បង់​ជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​ការ​ប្រយុទ្ធ​គ្នា​ដោយ​ហិង្សា​រវាង​បាតុករ​និង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល។ យើង​ថ្កោល​ទោស​ចំពោះ​ការ​ប្រើប្រាស់​ហិង្សា​យក​មក​ធ្វើ​ជា​មធ្យោបាយ​ក្នុង​ការ​សម្រេច​នូវ​គោល​ដៅ​នយោបាយ​ឬ​អ្វីៗ​ផ្សេងទៀត ហើយ​ទទូច​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ខិតខំ​អត់​ធ្មត់​ឱ្យ​បាន​ជា​អតិ​បរិមា​និង​បង្ហាញ​នូវ​ការ​គោរព​ច្បាប់»។

អ្នក​នាំ​ពាក្យ​ដដែលបាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​ញាំញី​ប្រទេស​កម្ពុជា​។

«យើងបានទទូច​សុំ​ឱ្យ​សហជីព​និង​រដ្ឋាភិបាល​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី សម្រេច​បាន​នូវ​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធីលើ​ការមិន​ចុះ​សម្រុង​គ្នា​ខាងផ្នែក​ការងារ ហើយយើង​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ អ្នកនាំ​ចេញ អ្នក​បញ្ជាទិញ​ អង្គការ​ពលកម្ម​អន្តរជាតិ​និង​សហជីព​កម្មករ​កម្ពុជា​លើ​បញ្ហា​នេះ​ហើយ»។

លោក​ Eliot Engel​ សមាជិក​សភា​ជាន់​ខ្ពស់​នៃគណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ​ក៏​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើហិង្សា​នៅ​ប្រទេស​កម្ពុជា ​ហើយ​បាន​ទទូច​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​ប្រឹងប្រែង​អត់ធ្មត់​ឱ្យ​បាន​ជា​អតិបរិមា ​កុំ​ឱ្យ​អំពើ​ហិង្សា​នេះ​ហួស​ផុត​ពីស្ថាន​ភាព​ដែល​អាច​គ្រប់​គ្រងបាន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍នៅថ្ងៃ​នេះ​លោក​Engel​ សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក៏ បាន​បញ្ជាក់​ថា​ក្រុម​បាតុករ​គួរ​តែ​ប្រគល់​ខ្លួនអ្នក​ដែល​ប្រើប្រាស់​ល្បិច​គឃ្លើន​និង​ឃោរឃៅ ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​ដោះស្រាយ​តាម​ការ​ទាមទារ​ចង់​បាន​របស់​ក្រុម​បាតុករ​ដែល​ចង់​បាន​ប្រាក់​ខែ​និង​ស្ថានភាព​ការងារ​ប្រសើរឡើង។

ដោយឡែក​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ក៏​បាន​សេចក្តី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​និង​ជៀសវាង​កុំ​ធ្វើ​ដំណើរ​ទៅ​តំបន់​សួនកាណាឌីយ៉ា​នៅ​ផ្លូវ​វេងស្រេង​មួយ​រយៈ​សិន​។

មាន​កម្មករ​រាប់​ម៉ឺន​នាក់​បាន​ចេញ​មក​តវ៉ា​ចាប់​តាំងពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ដើម្បី​ទាម​ទារ​ឱ្យ​បាន​ប្រាក់​ខែ​ចំនួន​១៦០ដុល្លារ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ពេល​ចុងក្រោយនេះ​ថា​ពួកគេ​អាច​ដំឡើង​បាន​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ។ ចម្លើយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​កម្មករ​និង​សហជីព​មួយ​ចំនួន​ទទួល​យក​បាន​ទេ​ហើយ​បន្ត​ការតវ៉ា​នៅ​តាម​រោងចក្រ​ដោយ​មាន​ការ​បិទផ្លូវ​ផង​ដែរ។​

សហជីព​កម្មករ​ក៏​បានថ្កោល​ទោសចំណាត់​ការ​ឃោរឃៅ​របស់​អាជ្ញា​ធរ​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ហើយ​បានបញ្ជាក់ថា​ក្រុម​កម្មករ​នឹង​បន្ត​ធ្វើ​បាតុកម្ម​តាម​រោងចក្រ​ដដែល​ប៉ុន្តែ​ដោយ​ជៀសវាង​មិន​ប្រឈម​មុខ​នឹង​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​អាច​ផ្តល់​ជាលេស​ឱ្យ​ពួកគេ​បង្រ្កាបបាន។

លោក​អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​ កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ​ស៊ីខៅឌូបាន​បញ្ជាក់ប្រាប់​វីអូអេ​ថា៖​

«កម្មករ​យើង​នៅ​ធ្វើ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ គ្រឹះស្ថាន​ដដែល​ដោយ​យើងធ្វើ​ក្នុង​លក្ខណៈ​ជួប​ជុំ​នៅ មុខ​រោងចក្រ​ឬក៏មានការ​ប្រមូល​ផ្តុំ​គ្នា​ជាដើម​ប៉ុន្តែ​យើង​បាន​អំពាវនាវ​ដល់​សមាជិក​របស់​យើង​ឱ្យ​ជៀសផុត​អំពើ​ហិង្សា​ទាំង​ឡាយ​ណា​ដែល​សូម្បី​អាជ្ញាធរ​វាយ​ក៏​ដោយ​ក៏​យើង​ត្រូវ​អហិង្សា​កុំតបត​ព្រោះ យើង​ជាប្រជាពលរដ្ឋ​ធម្មតា​គ្មាន​អាវុធ​គ្មាន​អំណាច​អី​កុំ​ឱ្យ​គេ​ធ្វើ​បាប​ដូច​ព្រឹក​ថ្ងៃ​នេះ​ទៀត​»។​

ក្នុង​ចំណោម​ជនរងគ្រោះ​បួន​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​នោះ​មានក្មេង​ស្រី ជាសិស្សសាលា​ម្នាក់ផងដែរ។

ខុស​ពីលើក​មុនៗ​ដែល​អាជ្ញា​ធរ​ប៉ូលិស​ប្រកែក​ថា​ខ្លួន​មិន​មែន​ជាអ្នក​បាញ់​សម្លាប់​និង​មិន​បាន​ប្រើ​គ្រាប់​ពិត​ប៉ុន្តែ​លើក​នេះ​លោក​រ័ត្ន ​ស្រៀង មេបញ្ជាការ​កងរាជអាវុធ​ហត្ថ រាជធានី​ភ្នំពេញដែលទើ​បឡើង​មក​កាន់​តំណែង​នាពេល​ថ្មីៗ​និង​ជាអ្នក​ដឹកនាំ​ការ​បង្រ្កាប​នេះ​បាន​បញ្ជាក់ថា​ការបង្រ្កាប​នេះ​ជា​ការ​ការពារ​ខ្លួន​តែប៉ុណ្ណោះ។

«សមត្ថកិច្ច​គ្មាន​បំណង​អ្វី​ប៉ះពាល់​ជាមួយ​ពួកគាត់​ទេ​ប៉ុន្តែ​ពួកគាត់​មាន​បំណង​ដើម្បី​បង្ក្រាប​ពួក​ខ្ញុំ​វិញ។ អញ្ចឹង​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ការ​ពារ​ខ្លួន​ហើយ»។

លោក​រ័ត្ន ស្រៀង បាន​បញ្ជាក់បន្ថែម​ថា​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​លោក​គឺ​ជា​អ្នក​រងគ្រោះ​ប៉ុណ្ណោះ​ហើយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ពី​អាវុធរបស់​ក្រុម​បាតុករ។

«គឺ​គាត់​បានប្រើ​អំពើ​ហិង្សា​មក​លើ​កម្លាំង​សមត្ថកិច្ច គឺ​តាំង​ពី​ដប​សាំង បាន​ត្រៀម​ទុក​ជាមុន​តាំង​ពី ដបសាំង​ ដុំថ្ម កាំបិត ពូថៅ ដំបង គ្រប់​បែប​យ៉ាង​ទាំង​អស់»។

កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​គេ​ដឹង​ថា​មាន​ចរិត​មិន​ស្លូត​នោះ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​អស់​រយៈ​ពេល​ជាយូរ​បើទោះ​បី​ជា​ប្រឈមមុខនឹង​ការធ្វើបាតុកម្ម​ជាប្រចាំថ្ងៃ​ដែលដឹកនាំដោយ​គណបក្ស​ប្រឆាំង​ក៏ដោយ។ អំពើហិង្សា​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​កើត​មាន​ឡើង​តែ​ក្នុង​រយៈ​ពេល​មួ​យ​សប្តាហ៍​គត់​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​បំពេញ ទស្សនកិច្ចផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម​វិញ​ដែល​ជា​ដំណើរ​មួយ​គណបក្ស​ប្រឆាំង​រិះគន់​យ៉ាង​ខ្លាំង។ ហើយ​វាស្រប​គ្នា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កំពុង​រៀបចំ​ខួប​លើក​ទី​៣៥ឆ្នាំ​នៃ​ជ័យ​ជម្នះ​៧មករា។​

លោក​ភីធឺ តាន់​កែវ អ្នក​វិភាគ​ឯករាជ្យ​នៅ​សហរដ្ឋ​អាមេរិក​ក៏ មើល​ឃើញ​ដែរ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​គួរ​ប្រើប្រាស់​កម្លាំងហួសហេតុ​រហូតដល់​បាត់​បង់​ជីវិត​ពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ​ហើយ​ការ​បាញ់​សម្លាប់​ដោយ​កាំភ្លើង​ស្វ័យ​ប្រវត្តិ​លើ​បាតុករ​គឺ​សុទ្ធ​តែ​ចេញ​មក​ពី​បញ្ជា​ថ្នាក់​លើ។​
នៅ​ក្នុង​សារ​អេឡិកត្រូនិក​មក​វីអូអេ​លោក​ភីធឺ​ តាន់​កែវ​បាន​បន្ថែម​ថា៖

«វាជាការ​គួរ​ឱ្យ​ខកចិត្តខ្លាំង​ណាស់​ ជាពិសេស​ដោយសារ​តែ​អ្នក​ដឹកនាំ​ជិត​ជួប​ប្រជុំ​គ្នា​ហើយ​ដើម្បី​ធ្វើ​ការ​ចរចាឡើងវិញ​ស្វែង​រក​វិធី បំបែក​ការជាប់​គាំង​នយោបាយ ប៉ុន្តែ​អំពើ​ហិង្សា​បែបនេះ​គឺ​ជាការ​មិន​គួរ​ឱ្យ​ភ្ញាក់​ផ្អើលទេ»។​

លោកភីធឺបាន​បន្ថែម​ថា៖

«រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បន្ត​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូចនេះ​ទៀត​ដែល​ជា​សកម្មភាព​គ្រោះ ថ្នាក់​ប្រឆាំង​នឹង​ជន​ស៊ីវិលស្លូតត្រង់​បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​មាន​ផល​ប៉ះពាល់​ខាង​ផ្នែក​អន្តរជាតិ​យ៉ាង​ធ្ងន់​ធ្ងរនៅ​ពេល​ខាងមុខ។ ពិភព​លោក​កំពុង​តែ​សំឡឹង​មើល​ប្រកប​ដោយ​ចិត្ត​អំណត់​និង​ក្រសែ​ភ្នែក​មុត​មួយ»។​

គណបក្ស​សង្គ្រោះជាតិក៏បាន​អំពាវនាវ​ឱ្យ​ភាគី​រដ្ឋាភិបាល​និងក្រុម​កម្មករ​រក្សា​ភាព​អត់​ធ្មត់​ឱ្យ​បាន​ដល់​កម្រិត​អតិបរិមា​និង​ជៀស​វាង​ការ​ប្រើ​អំពើ​ហិង្សា។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្តី​បន្ទោស​ដល់​សហជីព​កម្មករ​និង​គណបក្ស​សង្គ្រោះជាតិ​ថា​ជាអ្នក​ញុះញង់​កម្មករ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួនហើយ​ឱ្យ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដើម្បី​វែក​មុខ​អ្ន​ក​ដែល​នៅ ពីក្រោយ​ខ្នងយក​មក​ផ្តន្ទាទោស​តាម​ច្បាប់។ ​

ប៉ុន្តែ​លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា៖

«យើង​ធ្វើ​អ្វីៗ​គឺ​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​បាន​សិទ្ធិ​សេរីភាព​បាន​ទទួ​លនូវ​ជីវភាព​សម​រម្យ​ប៉ុន្តែ​យើង​ត្រូវ​តែ​បញ្ចៀស​ពី​អំពើ​ហិង្សា​ ជៀសវាង​កុំ​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ​។ យើង​ជឿជាក់​ថា​យុទ្ធសាស្រ្ត​របស់​យើង​គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ធម៌​អហិង្សា ជំហរអហិង្សា​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ដូច្នេះ​យើង​ថ្លឹងថ្លែង​គ្រប់​ជ្រុង​ជ្រោយ​យើង​ពិនិត្យ​មើល​គ្រប់​ទិដ្ឋភាព​នៃ​ការ​តស៊ូ​របស់​យើង​គឺ​តស៊ូ​ដោយ​សន្តិវិធី​តែ​គោលដៅ​របស់​យើង​គឺ​នៅ តែ​ដដែល»។

គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​យ៉ាង​ធំ​មួយ​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ទី​៥ខែ​មករាខាងមុខ​នេះ​ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​និង​ឱ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​ក៏​ដូច​ជា​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករនិង​មន្ត្រី​រាជការ​ផងដែរ៕
XS
SM
MD
LG