វិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋហៅថា The International Republican Institute (IRI) ដែលធ្វើការពាក់ព័ន្ធនឹងគណបក្សនយោបាយជាច្រើន និងការបណ្តុះ បណ្តាលយុវជនទូទៅផងនោះ បាននិយាយថា គណបក្សនយោបាយជាប់ឆ្នោតទាំងពីរគួរគិតពីការអភិវឌ្ឍប្រទេស ហើយស្វែងរកគោលនយោបាយរួមគ្នាមួយ ដែលវិទ្យាស្ថាននេះចាត់ទុកថា ជារឿងសំខាន់។ នេះជាការអះអាងរបស់លោកស្រី ជេស៊ីកា ឃីហ្គឹន (Jessica Keegan) នាយិកាអង្គការ IRI ក្នុងប្រទេសកម្ពុជាដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយវីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទ។
«ខ្ញុំគិតថានេះពិតជាពេលវេលាសំខាន់ក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្នុងន័យថា មាន ការសម្របសម្រួលខ្លះចំពោះគណបក្សទាំងពីរដើម្បីរួមគ្នាធ្វើការឆ្ពោះទៅកាន់ការ កែទម្រង់ ដែលពិតជារឿងសំខាន់នៅពេលឥឡូវនេះ។ រឿងនោះគឺថា ក្រុមការងារគណបក្សនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិធ្វើការជាមួយគ្នា ហើយស្វែងរកចំណុចរួមគ្នាធ្វើការជាមួយគ្នាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងការកែទម្រង់ ដែលជំរុញឲ្យកម្ពុជាឆ្ពោះទៅកាន់ទិសដៅ ដែលនឹងមានការអភិវឌ្ឍប្រកបដោយខ្លឹមសារ»។
អត្ថាធិប្បាយយ៉ាងដូច្នេះកើតឡើង ប៉ុន្មានសប្តាហ៍ក្រោយពីគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិពុំបានត្រូវរ៉ូវគ្នាក្នុងការចរចា រឿងកែទម្រង់ប្រព័ន្ធប្រជាធិបតេយ្យឬប្រព័ន្ធបោះឆ្នោតនិងច្បាប់បោះឆ្នោត ដែលគេដឹងថា មានចំណុចចំនួន១៥នៅមិនទាន់ត្រូវរ៉ូវគ្នា រាប់ទាំងការជ្រើសរើសប្រធាននិងថ្នាក់ដឹកនាំគ.ជ.ប. និងថ្នាក់មូលដ្ឋាន បញ្ហាជំទាស់និងសញ្ជាតិ២ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។ បញ្ហាជាប់គាំងទាំងនេះត្រូវគេរំពឹងថា នឹងផ្តល់ជូនថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សទាំងពីរធ្វើការដោះស្រាយ។
លោកស្រីបានអះអាងថា វិទ្យាស្ថាន IRI បានធ្វើកិច្ចការជាមួយនឹងដៃគូរបស់ខ្លួន ក្នុងប្រទេសកម្ពុជាដើម្បីហ្វឹកហ្វឺនយុវជនជំនាន់ក្រោយរាប់ពាន់នាក់ឲ្យយល់ដឹង ពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួន។
«អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ អង្គការ IRI បានផ្តោតការយកចិត្ត ទុកដាក់ទៅលើការអប់រំ ការផ្តល់អំណាចដល់យុវជនខ្មែរដើម្បីបន្តមុខតំណែង ជាអ្នកដឹកនាំ ទាំងក្នុងអង្គការសង្គមស៊ីវិល និងទាំងក្នុងនយោបាយ។ ដូច្នេះហើយយើងធ្វើកិច្ចការដើម្បីផ្តល់ឲ្យយុវជនក្មេងៗនូវវេទិកា ដែលពួកគេអាច បញ្ចេញសំឡេង និងនិយាយចេញមកអំពីបញ្ហាកង្វល់ក្នុងសហគមន៍របស់ពួកគេ»។
លោកស្រី ឃីហ្គឹននៃអង្គការ IRI បានថ្លែងថា IRI កំពុងធ្វើការជាមួយនឹងដៃគូជាច្រើន រួមមានអង្គការយុវជនកម្ពុជា YCC ដែរ ហើយរំពឹងថា នៅក្នុងពេលបោះឆ្នោតសាកលខាងមុខ IRI នឹងជួយបន្តអប់រំយុវជនឲ្យយល់បន្ថែមទៀតអំពីការទទួលខុសត្រូវនឹងសិទ្ធិរបស់ពួកគេហើយនឹងកិច្ចការទាក់ទងនឹងការអប់រំអំពីការបោះឆ្នោត។
«ដូច្នេះយើងសង្ឃឹមថា នឹងអាចជួយកិច្ចការនេះ ដូចលោកអ្នកដឹងស្រាប់ហើយថា ប្រទេសកម្ពុជាស្ថិតក្នុងពេលដ៏សំខាន់ណាស់ក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ របស់ខ្លួន ហើយវាជារឿងសំខាន់ ដែលយុវជនកម្ពុជានៅបន្តធ្វើទំនាក់ទំនងនិងបន្តកិច្ចការសកម្ម។ មានយុវជនខ្មែរចំនួន៩លាននាក់ក្នុងប្រទេសកម្ពុជា ដែលមានអាយុក្រោយ៣០ឆ្នាំ ហើយការធ្វើទំនាក់ទំនងជាមួយសហគមន៍នឹងទំនាក់ទំនងផ្នែកនយោបាយនេះជារឿងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជាក្នុងពេលអនាគត»។
នាយកស្តីទីអង្គការក្រុមប្រឹក្សាយុវជន YCC លោក កួយ គឹមរើនបានថ្លែងថា ក្រោមការឧបត្ថម្ភពីអង្គការ IRI ចាប់តាំងពីឆ្នាំ២០០១មក អង្គការលោកបានបើកវគ្គបណ្តុះបណ្តាលយុវជនជាង៤៥០០០នាក់ហើយនៅក្នុងខេត្តចំនួន១៣ទាក់ទងនឹងការយល់ដឹងពីដំណើរការប្រជាធិបតេយ្យ ដំណើរការបោះឆ្នោត កិច្ចការសហគមន៍ និងការទាក់ទងជាមួយអាជ្ញាធរមូលដ្ឋានជាដើម។
«យើងរៀបចំវគ្គនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យពលរដ្ឋ ជាពិសេសគឺយុវជន បានដឹងពីគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងអំពីអភិបាលកិច្ចល្អ ហើយនឹងដឹងអំពីការចូលរួម អំពីសហគមន៍ អំពីសារៈសំខាន់ក្នុងសហគមន៍ ដោយសារបន្ទាប់ពីវគ្គសិក្ខាសាលានេះ យើងនឹងមានយុវជនស្ម័គ្រចិត្តគាត់ចូលរួមជាមួយ YCC យើង ហើយពេលហ្នឹងគាត់នឹងចូលរួមធ្វើសកម្មភាពក្នុងសហគមន៍របស់គាត់»។
លោកបន្តថា អង្គការ YCC បានជ្រើសរើសយុវជនជាង៣០ឃុំហើយនៅក្នុងខេត្ត ជាច្រើនពាសពេញប្រទេសកម្ពុជាដើម្បីធ្វើកិច្ចការក្នុងសហគមន៍។
នៅក្នុងបញ្ហាយុវជននេះដែរ ទីភ្នាក់ងារផ្តល់ជំនួយស.រ.អា.សម្រាប់ការអភិវឌ្ឍ(USAID) បានប្រកាសថា ខ្លួនមានគម្រោងការថ្មីក្នុងការហ្វឹកហ្វឺនគ្រូ និងនិស្សិតរាប់រយនាក់ក្នុងតំបន់មេគង្គក្រោម ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមដើម្បីឲ្យយុវជនក្នុងតំបន់នេះទទួលបានចំណេះដឹង មុខជំនាញនានានិងមានការងារធ្វើ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ USAIDកាលពីថ្ងៃពុធសប្តាហ៍មុន។ ការបង្រៀននោះត្រូវគេដឹងថា នឹងផ្តោតការយកចិត្តទុកដាក់ចំពោះនិស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនានា ដូចជាវិទ្យាសាស្ត្រ បច្ចេកវិជ្ជា គណិតវិទ្យា គណនេយ្យ និងទេសចរណ៍ជាដើម ដែលអាចឲ្យពួកគេបង្កើនចំណេះវិជ្ជាតាមតម្រូវការដើម្បីទទួលបានការងារធ្វើក្នុងតំបន់៕