ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ Transparency International៖ អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅតែ​ខ្ពស់


ពី​ស្តាំ​ទៅឆ្វេង​​៖ លោក ព្រាប​ កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ និង​លោក​ ឱក សេរី​ សោភក្តិ៍​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ធ្វើ​សន្និស្នីទ​ព័ត៌មាន​អំពី​ការ​ចេញ​ផ្សាយ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពីអំពើ​ពុករលួយ​ (CPI)
ពី​ស្តាំ​ទៅឆ្វេង​​៖ លោក ព្រាប​ កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ និង​លោក​ ឱក សេរី​ សោភក្តិ៍​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ធ្វើ​សន្និស្នីទ​ព័ត៌មាន​អំពី​ការ​ចេញ​ផ្សាយ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពីអំពើ​ពុករលួយ​ (CPI)

ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​មាន​កម្រិត​អំពើ​ពុក​រលួយ​​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​ទៅ​តាម​ការ​ផ្តល់​ពិន្ទុ​​របស់​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ។​

ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​មាន​កម្រិត​អំពើ​ពុក​រលួយខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​ទៅ​តាម​ការ​ផ្តល់​ពិន្ទុរបស់​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ។​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​ ការ​ផ្តល់​ពិន្ទុ​នេះ​ មិន​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ។​

មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជាបាន​ច្រាន​ចោល​ការ​ផ្តល់​ពិន្ទុរបស់​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​ ដែល​បាន​ផ្តល់​ពិន្ទុ​ឲ្យ​ប្រទេស​កម្ពុជា​២១​ពិន្ទុ​លើ​១០០​នៅ​ក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ​ (CPI)​ ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ ដែល​នៅ​តែ​មាន​កម្រិត​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០១៤។​

ពិន្ទុ​២១​នេះ​ជា​ការ​កំណត់​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នៅ​ឡើយ។​ ការ​ផ្តល់​ពិន្ទុ​ដោយ​អង្គការ​តម្លា​ភាព​អន្តរជាតិ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សន្ទស្សន៍នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ ដែល​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​វាស់​វែង​ទំហំ​នៃ​អំពើ​ពុក​រលួយ។​ ​

​លោក ​សុខ ឦសាន​ អ្នក​នាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA​ ថា​ ការ​ផ្តល់​ពិន្ទុ​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ដល់​កិច្ច​ខិតខំ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុករលួយ​នោះ​ទេ។​ លោក​ថ្លែង​ថា៖​

«ខ្ញុំ​មិន​ចាប់​អារម្មណ៍​រឿង​ពិន្ទុ​ទេ។​ បញ្ហា​សំខាន់​គឺ​លើ​លទ្ធផល​ថា​ តើយើង​ប្រៀប​ធៀប​ពី​មុន​នឹងឥឡូវ​ហ្នឹង​វា​មាន​ការ​ថយ​ចុះ​កម្រិត​ណា?​ អា​ហ្នឹង​បាន​យើង​មើល​ដឹង។​ បើ​ចាំ​បាច់​តែ​ពិន្ទុ​ បាន​យើង​ធ្វើ​ ​វា​មិន​កើត​ទេ»។​

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​លើ​អំពើ​ពុករលួយ​ឆ្នាំ​២០១៥។
សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​លើ​អំពើ​ពុករលួយ​ឆ្នាំ​២០១៥។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ​នេះ​ផ្តល់​ការ​វាយ​តម្លៃ​ជា​ប្រចាំ​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ​ដោយ​ដាក់​ពិន្ទុ​ឲ្យ​ប្រទេស​នានា​ទូទាំង​សកលលោក​ផ្អែក​លើ​មាត្រ​ដ្ឋាន​ពី​០​ពុក​រលួយ​ខ្លាំងទៅ​១០០​ ស្អាត​ស្អំ​ខ្លាំង​ ដែល​ក្នុង​នោះ​ ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​២១​ និង​មាន​ចំណាត់​ថ្នាក់​១៥០​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៦៨​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​វាយ​តម្លៃ។​ នៅឆ្នាំ​២០១៤​កន្លងទៅ​ ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​២១​និង​មាន​ចំណាត់​ថ្នាក់​១៥៦​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៥។​

នៅ​ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​នេះ​ចាត់​ចំណាត់​ថ្នាក់​នៅ​បាត​គេ​ម្តង​ហើយ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ ដោយ​កម្ពុជា​ត្រូវ​បាន​ផ្តល់​ពិន្ទុ​ឲ្យ​ត្រឹមតែ​២០​លើ​១០០​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​នោះ។​

អ្នក​ជំនាញនៃអង្គការ​តម្លា​ភាព​កម្ពុជា​បាន​ពន្យល់​ពី​ការ​ផ្តល់​ពិន្ទុ​នេះ​ថា​ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយនោះ​ នៅ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​ និង​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។​ ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​មួយ​ចំនួន​ត្រូវ​បាន​កត់​សម្គាល់​ និង​ទទួល​បាន​ការ​ស្វាគមន៍​ ហើយរដ្ឋាភិបាល​ត្រូវ​បន្ត​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​ស្ថាប័ន​ស្ថាធារណៈ​នានា​ ដោយ​ផ្តោត​ទៅ​លើ​ស្ថាប័ន​សំខាន់ៗ​ ដូច​ជា​ប្រព័ន្ធ​តុលាការ​ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ ព្រម​ទាំង​ស្ថាប័ន​ ដែល​ផ្តល់​សេវា​សាធារណៈ​ជា​ដើម។​

លោក​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បាន​និយាយ​ថា​ ​ការ​ផ្តល់​ពិន្ទុ​នេះ​មិន​បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​គ្រប់​ជ្រុង​ជ្រោយនោះ​ទេ។​ លោក​ថ្លែង​ថា៖​

«យើង​ខ្ញុំ​គ្មាន​អី​ពាក់​ព័ន្ធ​ទៅ​លើ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ពិន្ទុ​នេះ​ទេ។​ បើ​យើង​ចាប់​អារម្មណ៍​ បើ​យើង​ឆ្លើយ​ឆ្លង​ទៅ​នឹង​ការ​ដាក់​ពិន្ទុ​ គឺ​យើង​ចូលក្នុង​អន្ទាក់​ ប្រឈម​មុខ​ដាក់​គ្នា។​ ឧទាហរណ៍​បើ​យើង​ប្រកែក​ថា «​ទេ!​ កម្ពុជា​ល្អ​ជាង​ប្រទេស​នេះ។​ អ្ហេ​ប្រទេស​នេះ​ឡូយ​ជាង​កម្ពុជា​ រឿង​អី​បាន​លេខ​ល្អ​ជាង​យើង»។​ ​ តើ​ផល​វា​យ៉ាង​ម៉េច? ផល​គឺ​យើង​ប្រឈម​មុខ​ដាក់គ្នា​ក្នុង​ពេល​ដែល​អំពើពុក​រលួយ​កំពុង​ឆ្លង​ដែន​ កំពុង​តែ​កើត​ការ​ធ្វើ​សហ​ប្រតិបត្តិការ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ»។​

បើ​យោង​ទៅ​តាម​សន្ទស្សន៍​ដែល​ចេញ​ផ្សាយ​សាធារណៈ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ តាម​រយៈ​អង្គការ​តម្លាភាព​កម្ពុជា​ បង្ហាញ​ថា​ ប្រទេស​ Burundi ​និង​ Zimbabwe ​ក្នុង​ទ្វីបអាហ្វ្រិក មាន​ពិន្ទុ​២១​ស្មើ​កម្ពុជា​ រីឯ​ប្រទេស​ Myanmar ​ទទួល​បាន​២២​ពិន្ទុ​លើស​ប្រទេស​កម្ពុជា​១​ពិន្ទុ។​ ​

លោក​ឱក សេរីសុភ័ក្ត្រ​ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ពេលចេញ​ផ្សាយ​សន្ទស្សន៍​នេះ​ នៅ​សណ្ឋាគារ​ Le Royal ​ក្នុង​រាជធានី​ភ្នំពេញ​ថា​ អង្គការ​តម្លា​ភាព​កម្ពុជាបាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ការ​កែ​ទម្រង់​ជា​ច្រើន​ក្នុង​ស្ថាប័ន​សាធារណៈ​ រួម​ទាំង​ស្ថាប័ន​តុលាការ​ ​តែ​ការ​កែ​ទម្រង់​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ។​

«ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ អង្គការ​តម្លាភាព​កម្ពុជា​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​កំណែ​ទម្រង់​ចម្បងៗ​ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ ដោយ​ផ្តោត​លើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ការ​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ច្បាប់​ការពារ​សាក្សី​ និង​អ្នក​រាយ​ការណ៍​ធ្វើ​វិសោធន​កម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោះ​ស្រាយ​បក្ខ​ពួក​ឬ​គ្រួសារ​និយម​ និង​បញ្ហា​ទំនាស់​ផល​ប្រយោជន៍​ក្នុង​ស្ថាប័ន​សាធារណៈ​ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​កិច្ចការ​ថ្ងៃ​នេះ​ត្រូវ​បាន​អនុវត្ត​តិចតួច​ និង​ពុំ​បាន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ»។​

លោក​សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្សដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ជាង​៣៥​ឆ្នាំមក​ហើយ​នោះ​ បាន​ថ្លែង​ការពារ​ការ​កែ​ទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​គ្រប់​វិស័យ​ទាំង​អស់យ៉ាង​ដូច្នេះ​ថា៖​

«បញ្ហា​ពុក​រលួយ​នេះ​គឺ​ថា​ យើង​រួម​គ្នា​គ្រប់​ផ្នែក​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​ដើម្បី​ទប់​ស្កាត់​ ពី​ព្រោះ​បញ្ហា​នេះ​មិន​អាច​ធ្វើ​តែ​មួយ​ពេល​ ហើយ​អត់​បាត់​ឈឹង​ទេ។​ វា​ទាម​ទារ​ការ​ធ្វើ​ជា​ប្រចាំ​ ហើយ​រយៈ​ពេល​ណា​មួយ​ជា​កំណត់​យូរ​អង្វែង​ទៀត​បាទ»។​

កម្ពុជា​មាន​ចំណាត់​ថ្នាក់លើ​ប្រទេស​តែ​១៦​ប៉ុណ្ណោះ​ក្នុង​តារាង​ចំណាត់​ថ្នាក់​អំពើ​ពុក​រលួយ​ប្រចាំ​ឆ្នាំ​២០១៥​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ។​

យោង​តាម​អង្គការ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ​អំពើ​ពុក​រលួយនៅ​កម្ពុជា​នេះ​គឺ​ដែល​កាន់​តែ​អាក្រក់​ទៅ​ ដោយសារ​តែ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេសកាន់តែ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល។​

ប្រទេស​ដែល​ស្អាត​ស្អំ​ជាង​គេ​បង្អស់​ក្នុង​ឆ្នាំ​២០១៥​ គឺ​ប្រទេស​ដាណឺម៉ាក​ ដែល​ទទួល​បាន​ពិន្ទុ​៩១​លើ​១០០ ​ហើយ​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ពុករលួយ​ជាង​គេ​បង្អស់​នោះ​គឺ​ប្រទេស​សូម៉ាលី​ និងកូរ៉េ​ខាង​ជើង ​ដែល​មាន​ពិន្ទុ​តែ​៨​ដូច​គ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG