ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រែក​ទាមទារ​យុត្តិធម៌​ឱ្យ​លោក​ជា វិជ្ជា​នៅ​តាម​លង​រដ្ឋាភិបាល​កម្ពុជា


លោក ​ជា​ វិជ្ជា​ អតីត​ប្រធាន​​​សហជីព​​​សេរី​កម្មករ​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​​​បាន​​​គេ​បាញ់​​​សម្លាប់​​​នៅ​​​កណ្តាល​​​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤។
លោក ​ជា​ វិជ្ជា​ អតីត​ប្រធាន​​​សហជីព​​​សេរី​កម្មករ​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​​​បាន​​​គេ​បាញ់​​​សម្លាប់​​​នៅ​​​កណ្តាល​​​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤។
កាល​ពី​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០០៤ ​លោក ​ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។ នៅ​ថ្ងៃ​ពុធ​ទី​២២​ខែ​មករា​ ឆ្នាំ​២០១៤​នេះ ​គឺ​អស់​រយៈ​ពេល​១០​ឆ្នាំ​គត់​ដែល​អតីត​មេដឹកនាំ​កម្មករ​ដ៏​ល្បី​ល្បាញ​រូប​នេះ​ត្រូវ​បាញ់​សម្លាប់។​ ប៉ុន្តែ​តើ​យុត្តិ​ធម៌​សម្រាប់​ជន​រងគ្រោះ​រូបនេះ​នៅ​ឯណា?

នេះ​គឺ​ជា​សំណួរ​ដែល​បាន​ធ្លាក់​លើ​រដ្ឋាភិបាល​និង​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា។

ប្អូន​ប្រុស​បង្កើត​របស់​លោកជា វិជ្ជា​ គឺ​លោក ជា មុន្នី ​ដែល​ឡើង​កាន់​តំណែង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​ជំនួស​បង​ប្រុស​របស់​ខ្លួន​ថ្លែង​ថា​លោក​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ឱ្យ​បងប្រុស​របស់​លោក។

«អត់​ទាន់​ឃើញ​មាន​ការ​ចាប់​ខ្លួន​ឃាតករ​ពិត​នៅ​ឡើយ ​ហើយ​ប្រសិន​ណា​បើ​មិន​ទាន់​មាន​ការចាប់​ខ្លួន​ឃាតករ​ពិត ​យុត្តិធម៌​អត់​ទាន់​កើត​មាន​ទេ​ពី​ព្រោះ​យើង​ឃើញ​ទាំង​អស់​គ្នា​ហើយ ​ចាប់​សុខ សំអឿន​ជា​ឃាតករ ​ប៉ូលិស​ចាប់​តែ​ផ្តេស​តែ​ផ្តាស​មក​ហ្នឹង។ ឥឡូវ​យើង​ថា​យុត្តិធម៌​នៅ​កន្លែង​ណា​គ្រាន់​តែ​ដោះលែង​សុខ សំអឿន ​និង​ ប៊ន សំណាង ​មក​ហ្នឹង»។

លោក ជា វិជ្ជា ​ត្រូវ​បាន​ឃាតករ​បាញ់​បី​គ្រាប់​ចំ​ក្បាល ​ទ្រូង ​និង​ដៃ​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​ក្បែរ​តូប​លក់​កាសែត​មួយ ​ជាប់​របង​វត្ត​លង្កា ​ក្នុង​ក្រុង​ភ្នំពេញ។ មុន​ពេល​ឃាតករ​បាញ់​សម្លាប់មេ​ដឹកនាំ​សហជីព​ដ៏​មាន​ឥទ្ធិពល​និង​ល្បីល្បាញ​រូប​នេះ​ធ្លាប់​ត្រូវ​ទទួល​បាន​សារ​គំរាម​សម្លាប់​និង​ត្រូវ​បាន​ប៉ូលិស​ជំរុញ​ឱ្យ​ចាកចេញ​ពី​ប្រទេស​ឬ​ក៏​ធ្វើការ​លាក់​ខ្លួន​មួយ​រយៈសិន ​ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ជំហរ​របស់​លោក​ក្នុង​ការ​ទាមទារ​សិទ្ធិ​ការងារ​និង​ដំឡើង​ប្រាក់​បៀវត្សរ៍​ឱ្យ​កម្មករ​រោងចក្រ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ជា មុន្នី ​អះអាង​ថា​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាត​បងប្រុស​របស់​លោក​ទំនង​ជា​ដោយ​សារ​ទំនាក់ទំនង​ស្និទ្ធ​ស្នាល​របស់​លោក​ជា វិជ្ជា​ជាមួយ​គណបក្ស​សម រង្ស៊ី ​និង​ជា​បុគ្គល​បង្គោល​ក្នុង​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​សមស្រប​ឱ្យ​កម្មករ។ លោក ជា មុន្នី ​អះអាង​ថា​ការ​អាកខាន​ក្នុង​ការ​នាំ​ជន​ល្មើស​ពិត​ប្រាកដ​យក​មក​ផ្តន្ទាទោស​គឺ​ដោយ​សារ​មាន​បុគ្គល​មាន​អំណាច​នៅ​ពី​ក្រោយសំណុំរឿង​ដ៏​ចម្រូងចម្រាស​មួយ​នេះ។

អ្នកស្រី ​ជា គឹមនី ​ភរិយា​លោក​ជា វិជ្ជា ​ដែល​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​ជាមួយ​កូនស្រី​ភ្លាម​នៅ​ប្រទេស​ហ្វាំងឡង់​បន្ទាប់​ពី​មរណភាព​របស់​ស្វាមី​អ្នកស្រី​មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ក្រោយ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា​ មួយ​សប្តាហ៍ ​ជនសង្ស័យ​ពីរ​រូប​គឺ​លោក​ប៊ន សំណាង ​និង​ សុខ សំអឿន ​ត្រូវ​បាន​ឃាត់​ខ្លួន​និង​ក្រោយ​មក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ពី​បទ​មនុស្សឃាត​ហើយ​ក្រោយ​មកឃាតករ​សិប្បនិម្មិត​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៣​ដោយ​តុលាការ​កំពូល​អះអាង​ថា​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ថា​ពួក​គេ​ជា​ឃាតករ​នោះ​ទេ។

លោក ប៊ន សំណាង ​ថ្លែង​ប្រាប់​វីអូអេ​ សំឡេង​សហរដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ​ថា​ការ​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​ជា​រឿង​ដ៏​អយុត្តិធម៌​មួយ​សម្រាប់​លោក ​ប៉ុន្តែ​លោក​មិន​ចង់​ឮ​អ្វី​ទាំង​អស់​ពី​រឿង​នេះ។

«ខ្ញុំ​គិត​ថា​រឿង​ចង់​បាន​យុត្តិធម៌ ​បង​ជា មុន្នី ​ដែល​ជា​បងប្អូន​លោក ជា វិជ្ជា ​ហ្នឹង ​គាត់​ទាមទារ​ហើយ។ សម្រាប់​ខ្ញុំ​ឯ​ណេះ​សុំ​តែ​សុខ​សប្បាយ​ទៅ​បាន​ហើយ ​សូម​កុំ​ឱ្យ​មាន​រឿង​អកុសល ​រឿង​អត់​ល្អ​កើត​មក​លើ​ជីវិត​ខ្ញុំ​ទៀត»។

ការ​ស្លាប់​របស់​លោក​ជា វិជ្ជា​ធ្វើ​ឱ្យ​ចលនា​ទាមទារ​សិទ្ធិ​ការងារ​និង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដែល​កំពុង​ពុះ​កញ្ជ្រោល​នា​ពេល​នោះ​រលត់​បាក់​ស្បាត​ទៅ​វិញ។ មួយ​ទសវត្សរ៍​ក្រោយ​មក ​បាតុកម្ម​ក្នុង​បុព្វហេតុ​ដូចគ្នា​នេះ​បាន​កម្រើក​ឡើង​ម្តង​ទៀត​ហើយក្នុង​ទ្រង់ទ្រាយ​កាន់​តែ​ធំ​ជាង​មុន ​ប៉ុន្តែ​ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ដូច​គ្នា ​បន្ទាប់​ពី​មាន​ការ​បាញ់​បង្ក្រាប​ដ៏​ប្រល័យ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​នាំ​ឱ្យ​មនុស្ស​យ៉ាងហោច​ណាស់​ប្រាំនាក់​បាន​ស្លាប់​ និង​មាន​អ្នក​រង​របួស​និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

លោកមេធាវី ​សុក សំអឿន ​ប្រធាន​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​ចាប់​ជន​ស្លូតត្រង់​យក​មក​ទទួល​ទោស​ជំនួស ​ធ្វើ​ឱ្យ​ករណី​សម្លាប់​លោក ជា វិជ្ជា ​កាន់​តែ​រង​ភាព​អយុត្តិធម៌។

«បើ​រក​អត់​ឃើញ​ដឹង​តែ​អយុត្តិធម៌​មួយ​ហើយ​ណា​ព្រោះ​អ្នក​ដែល​ធ្វើ​ទោស​កំហុស​គាត់​មិន​ទាន់​ត្រូវ​បាន​គេ​កាត់​ក្តី។ រឹត​តែ​អយុត្តិធម៌​មួយ​ទៀត​ប្រសិន​បើ​រដ្ឋ​អត់​ខំ​ប្រឹង​រក។ ចាប់​អ្នក​ផ្សេង​មក​បើ​យើង​ជឿ​ថា​ប្រសិន​បើ​លោក​ជា វិជ្ជា​មាន​ព្រលឹង មាន​ន័យ​ថា​ព្រលឹង​របស់​លោក​នៅ​តែ​អត់​ស្ងប់​ដដែល​ ព្រោះ​ឃាតករ​ពិត​រក​មិន​ទាន់​ឃើញ​ផង។ ហើយ​រឹត​តែ​បាប​ថែម​ទៀត​ដោយ​យក​មនុស្ស​មនុស្ស​ស្លូត​ត្រង់​ពីរ​នាក់​មក​ដាក់​ទោស​ជំនួស»។

លោក សុក សំអឿន ​អះអាង​ថា​អាជ្ញាយុកាល​ក្នុង​សំណុំរឿង​នេះ​នៅ​មិន​ទាន់​ផុត​រលត់​នៅ​ឡើយ​ទេ។

លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា​សម្រាប់​ករណី​លោក ជា វិជ្ជា ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រៀម​ខ្លួន​ក្នុង​ការ​អនុវត្ត​តាម​បញ្ជា​របស់​តុលាការ​ជា​និច្ច ​ចំណែក​ឯ​ករណី​បាញ់​សម្លាប់​កម្មករ​ជា​ថ្មី​កាល​ពី​ដើម​ខែ​មករា ​រដ្ឋាភិបាល​កំពុង​បង្កើត​គណៈកម្មការ​មួយ​ស្វែងរក​អ្នក​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​នេះ។

យ៉ាង​ណាក៏​ដោយ​ការ​ស្លាប់​របស់​ក្រុម​កម្មករ​ចុង​ក្រោយ​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ក្រុម​សមត្ថកិច្ច​របស់​រដ្ឋា​ភិបាលបាន​ធ្វើ​ឲ្យ​តំណាង​កម្មករ​និង​កម្មករ​រោង​ចក្រ​សរុប​ជិត​ដប់​នាក់​ហើយ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់។

ព្រលឹង​របស់​កម្មករ​ទាំង​នេះ​ហាក់​ដូច​ជា​កំពុង​រង់​ចាំ​យុត្តិធម៌​ដូច​គ្នា​ទៅ​នឹង​យុត្តិធម៌​សម្រាប់​ការ​បាញ់​សម្លាប់​មេដឹក​នាំ​របស់​ពួកគេ​ដ៏​ល្បី​ល្បាញ​គឺ​លោក​ជា វិជ្ជា៕
XS
SM
MD
LG