ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី​គ្រោង​ជួប​គ្នា​ជាថ្មីទៀត


លោក​ហ៊ុន​ សែន​និងលោក​សម រង្ស៊ី​ជួបគ្នា​​ដើម្បី​ពិភាក្សា​ដោះស្រាយ​វិបត្តិ​នយោ​បាយ​ក្នុង​ការបោះឆ្នោត។​
លោក​ហ៊ុន​ សែន​និងលោក​សម រង្ស៊ី​ជួបគ្នា​​ដើម្បី​ពិភាក្សា​ដោះស្រាយ​វិបត្តិ​នយោ​បាយ​ក្នុង​ការបោះឆ្នោត។​
ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​សម រង្ស៉ី​គ្រោង​នឹង​ជួប​ប្រជុំ​គ្នាដើម្បី​ព្យាយាម​បន្ត​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។ ​លោ​កសុខ ខេមរា​នៃ​វីអូអេ​ពីរដ្ឋ​ ធានី​វ៉ាស៊ីន​តោន​ បាន​រាយ​ការណ៍​មក​ថា ​លទ្ធផល​នៃ​ជំនួប​រវាង​មន្ត្រី​គណបក្ស​ ទាំងពីរ​និង​ការ​បន្ត​កិច្ច​ចរចា​ទៅមុខ​ទៀត​ទំនង​ជា​អាច​ធ្វើឲ្យ​គណបក្ស​ទាំងពីរ​ មាន​លទ្ធភាព​ទម្លុះ​ទម្លាយ​ភាព​ទល់ច្រក​ក្នុង​ការ​បង្កើត​សភាថ្មី​និង​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​ខាងមុខ​បាន។​

ក្រុម​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​សម រង្ស៉ី​ និង​ក្រុម​មេដឹក​ នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ជួបប្រជុំ​គ្នា​លើក​ទី៣​បន្តទៀត​នៅព្រឹក​ថ្ងៃអង្គារ​នេះ នៅឯ​វិមាន​រដ្ឋសភា​ក្នុង​បំណង​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ។​ នេះ​ជា​ការ​អះអាង​របស់​លោក​សម រង្ស៉ី​ប្រាប់​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់ថ្ងៃ​ច័ន្ទ។​

«អ្នកសារ​ព័ត៌មាន​មិនទាន់​បាន​ដឹង​ឮ​ទេ​ តែយើង​ទើប​បាន​សម្រេចអម្បាញ​មិញ​ ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ យើង​នឹង​ជួប​គ្នា​ទៀត»។​

ក្រុម​មន្ត្រី​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​បាន​ជួបគ្នា​ពីរ​លើក​ហើយ​ តែមាន​លទ្ធផល​ តិចតួច​កើតចេញ​ពីជំនួប​ទាំង​នោះ​ គឺការ​បញ្ឈប់​អំពើ​ហិង្សា​ ជាពិសេស​រវាង​ បាតុករ​និង​អាជ្ញាធរ​ បញ្ហា​ជួបគ្នា​គ្រប់​កម្រិត​ និង​បញ្ហា​កែ​ទម្រង់គណៈ​កម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះឆ្នោត។​
គេ​ពុំទាន់​ដឹង​ថា ​នឹង​មាន​របៀបវារៈ​យ៉ាងណា​ខ្លះ​ត្រូវ​បន្ត​ជជែកគ្នា​ទេ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី៣​ តែ​បញ្ហា​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​នៅតែ​ជា​ប្រធាន​បទ​សំខាន់​មួយ​ដដែល​បើ​តាម​ការ​អះអាង​របស់​លោក​សម រង្ស៉ី។​

«ត្រូវតែ​រក​រូបមន្ត​ណាមួយ​ដើម្បី​ទទួល​ស្គាល់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ឈ្នះ​ ឆ្នោតគឺទទួល​បាន​សំឡេង​ច្រើន​ ហើយ​មិនត្រូវ​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាត់​បង់​សំឡេង ​ហើយ​ទៅ​ប្រកាស​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឆ្នោត​ទៅ​ វិញ​ទេ»។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ហើយ​ថា ​ខ្លួន​មិន​មាន​សិទ្ធិ​ ឬ​មិនអាច​យល់​ព្រម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​សើរើ​លទ្ធផល​បោះឆ្នោត​ឬ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ទៀតទេ​ដោយសារ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ចប់​ហើយ។

ទោះជា​គណបក្ស​ទាំងពីរ​នៅ​មាន​ការ​ប្រទាញ​ប្រទង់គ្នា​ក៏​ដោយ​ ក្រុម​អ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​បាន​សាទរ​នឹង​ការ​ជួបគ្នា​ដើម្បី​បន្ធូរ​បន្ថយ​ស្ថាន​ការណ៍​តាន តឹង​ផ្នែក​នយោបាយ​ ហើយ​ចាត់​ទុក​ថា​ ក្រុម​អ្នក​នយោបាយ​ហាក់​ដូច​ជា​កំពុង​បង្វែរ​រឿង​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ទៅ​ជា​ការកែ​ទម្រង់ការ​បោះឆ្នោត​ដែល​ពួកគេ​ ចាត់​ទុក​ថា​ ជា​ចំណុច​សំខាន់​ ហើយអាច​ធ្វើឲ្យ​មាន​ការ​ជឿនលឿន​ទៅមុខ​រឿង​ការ​បញ្ចប់​ការ​គាំង​ដំណើរ​នយោបាយ។​

លោក​អ៊ូ វីរៈ​ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អះអាង​ថា៖​ «ចំណុច​ទី៣​ដែល​និយាយ​គ្នា​ពី​ការ​ព្រមព្រៀង​កែ​ទម្រង់ការ​បោះឆ្នោត​ទៅ​អាណត្តិ​ ក្រោយ​ ​អញ្ចឹង​វាឆ្លុះ​បញ្ចាំង​ពី​ការដូរ​ឥរិយាបទ​ទាមទារ​ ពី​ការ​ទាមទារ​ការ​ស៊ើប​អង្កេត​ទៅ​ការ​ទាមទារ​ផ្នែក​កំណែ​ទម្រង់​វិញ។​ រឿងនេះ​ជា​គន្លឹៈ​មួយ​ដ៏​សំខាន់។​ សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ចាប់​អារម្មណ៍​មែនទែន​ ហើយ​ខ្ញុំ​ស្វាគមន៍។​ ខ្ញុំថា​ អាច​ជា​រឿង​មួយ​ល្អ​ក្នុងការ​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​មួយ​ដើម្បី​បញ្ចប់​ភាព​ជាប់គាំង​នេះ»។​

លោក​ធន សារាយ​ នាយក​អង្គការ​សិទ្ធិ​មនុស្ស​អាហុក​ និង​ជា​នាយក​ក្រុម​ប្រឹក្សា​ ភិបាល​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រ្វែល​ បាន​អះអាង​ថា​ ជា​រឿង​ ប្រសើរ​ដែល​ភាគី​ទាំង​ពីរ​បន្ត​ជជែកគ្នា​ ទោះជា​មិនបាន​លទ្ធផល​ដែល​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ទាម​ទារ​ក្តី។​

«រឿង​មួយ​ទៀត​ ការ​ដែល​ឈាន​ទៅរក​ការ​ជជែក​គ្នាពី​រឿង​កែ​ទម្រង់បញ្ហា​ដំណើរ​ការ​បោះឆ្នោត​ជា​ចំណុច​មួយ​សំខាន់​ដែរ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​បាន​បន្ត​ថា ​នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ព្រម​ថយ​មួយ​ជំហ៊ាន​ រឿង​បញ្ហា​បង្កើត​គណៈ​កម្មការ​នោះ​នៅតែ​ជារឿង​ធ្វើឲ្យ​មាន​ការ​តវ៉ា​ទៅមុខ​ដោយ​ហ្វូង​បាតុករ​គណបក្ស​ជំទាស់​ផង ​បញ្ហា​មិន​ចូលរួម​ប្រជុំ​សភា​ដំបូង​ដើម្បី​បង្កើត​សភាថ្មី​ និង​រដ្ឋាភិបាល​ថ្មី​ស្រប​ច្បាប់​និង​ទទួល​ស្គាល់​ជាអន្តរ​ជាតិ​ផង។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ និចហ្វិច ​បាន​អះអាង​ថា​ ជំនួប​រវាង​អ្នក​នយោបាយ​កំពូល​និង​ជំនួប​បន្ត​គឺជា​ចំណុច​វិជ្ជមាន​នៃការ​ទប់ស្កាត់​អំពើ​ហិង្សា​ និង​ជា​ចំណុច​ឆ្ពោះ​ទៅ​រក​ការ​កែទម្រង់គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ជា​បញ្ហា​ក្តៅដែរ​ ទោះជា​បញ្ហា​ផ្សេង​ទៀត ​ដូចជា​រឿង​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​នៅ​មិន​ទាន់យល់​ព្រម​ក្តី។​

«ភាព​ប្រទាំង​ប្រទើស​នៃ​ការ​បង្កើត​គណៈ​កម្មការ​នេះ​គឺ​ខ្ញុំ​ថា​ គណបក្យ​ទាំងពីរ​ លោក​នៅតែ​បន្តការ​ពិភាក្សា។ ​ប៉ុន្តែ​ក្នុងនាម​អ្នក​សង្កេត​ការណ៍​ ខ្ញុំថា ​កុំ​ឲ្យ​អ្នក​ នយោបាយ​យក​ជីវិត​ប្រជា​ពលរដ្ឋ​ទៅ​ជា​ល្បែង​នយោបាយ​របស់​ខ្លួន​ ធ្វើអ្វី ក៏​ដោយ​ កុំឲ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ»។​

លោក​ពុទ្ធា ហង្ស​បាន​បន្ត​ថា​ បញ្ហា​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ទំនង​ជា​អាច​ប្តូរ គ្នា​បាន​ទៅនឹង​រឿង​កែ​ទម្រង់ហើយ​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​យក​បាន​តាម​អ្វី​ដែល​ព្រមព្រៀង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​កាលពី​ថ្ងៃច័ន្ទ។​

លោក​និយាយថា៖​ «បើភាគី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​លោក​យល់ព្រម​ក្នុងការ​កែ​ទម្រង់ ក្នុង​ការ​បោះឆ្នោត ​ប្រហែល​ជាខាង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​អាច​ទទួល​បាន​ដើម្បី​ពិចារណា​ទៅ​ជំហ៊ាន​បន្ទាប់។​ តែខាង​គណបក្ស​ប្រជាជន​លោក​បាន​លើក​ឡើង​ថា ​ទាល់តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ចូលរួម​ក្នុង​សម័យ​ប្រជុំ​សភា​លើកទី១​សិន​ បាន​យក​បញ្ហា​ហ្នឹង​ទៅធ្វើ​ការ​ពិភាក្ស​គ្នា»។​

ព្រះមហាក្សត្រ​ តាម​ច្បាប់​ ព្រះអង្គ​ត្រូវ​កោះប្រជុំ​សភា​ដំបូង​៦០​ថ្ងៃ​យ៉ាង​យូរ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។​ ព្រះអង្គ​បាន​កំណត់​យក​ថ្ងៃ​ទី២៣​ខែ​កញ្ញា​ដើម្បី​បើក​កិច្ច​ប្រជុំ​សភា​ដំបូង​ដែល​គេរំពឹង​ថា​ នឹង​មាន​សភា​ជាប់​ឆ្នោតចូល​រួម។ ​គណបក្ស​ជំទាស់​បាន​អះអាង​ ហើយ​ថា​ ខ្លួន​នឹង​មិន​ចូល​រួមប្រជុំ​សភា​ទេ ​ហើយនឹង​បន្តធ្វើ​មហា​បាតុកម្ម​អហិង្សា ​បើសិន​ការ​ទាមទារ​យុត្តិធម៌​របស់​ខ្លួនទាក់​ទង​នឹង​លទ្ធផល​នៃការ​បោះឆោ្នត​នោះ​មិនត្រូវ​គេ​ផ្តល់​យុត្តិធម៌​អាច​ទទួល​យក​បាន។​

លោក​សម រង្ស៉ី​វិញ​បាន​ថ្លែង​បន្ថែម​ថា ​លោក​នឹង​មិនឲ្យ​ពលរដ្ឋ​ខកចិត្ត​ទេ​ក្នុង​ការ​ ទាមទារ​រក​យុត្តិធម៌​នេះ។​

«ខ្ញុំសុំ​ប្តេជ្ញាចិត្ត​ថា​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​មិន​ក្បត់​ឆន្ទៈ​ប្រជា រាស្ត្រ​ទេ​ ពីព្រោះ​ខ្ញុំ​រំភើប​ណាស់​ឃើញ​ប្រជា​រាស្ត្រ​លោក​ប្តូរផ្តាច់​ លោក​លះបង់​ លោក​ផ្តល់​សេចក្តី​ទុកចិត្ត​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ។​ ដូច្នេះ​គណបក្ស​ សង្គ្រោះ​ជាតិ​នឹង​រក្សាជំហរ​របស់​ខ្លួន​មិនក្បត់​ឆន្ទៈ​ប្រជារាស្ត្រ​ដូច​អ្នក​ខ្លះ​ ដូច គណបក្ស​ខ្លះ​ក្នុង​អតីត​កាល​នោះ​ទេ»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់​កាប់ អំណាច​ជាង​៣០​ឆ្នាំ ​ថ្វីត្បិតតែ​ឈ្នះការ​បោះឆ្នោត​មែនតែ​ទទួល​បាន​សំឡេង​តែ​៦៨​អាសនៈ​ បើ​ប្រៀបធៀប​ទៅនឹង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨​ទទួល​បាន​៩០​អាសនៈ​ក្នុង​សភា។​

គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​អាសនៈ​៥៥​តាម​ការ​ប្រកាស​របស់​គ.ជ.ប.​ដែល​គណបក្ស​ជំទាស់​មិនទទួល​ស្គាល់​លទ្ធផល​នោះ។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បំបែក​ឬ​ផ្តួល​ដៃគូ​របស់​ខ្លួន​ជាច្រើន ​រួមទាំង​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ីនប៉ិច​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG