ភ្នំពេញ —
កាលពីចុងសប្តាហ៍កន្លងទៅ អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំព្រឹត្តិការណ៍សួរដេញដោលមតិក្នុងចំណោមតំណាងយុវជនមកពីគណបក្សនយោបាយដែលកំពុងប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥ខាងមុខនេះ។
តំណាងមកពីគណបក្សកាន់អំណាចបានទទួលការគាំទ្រពីទស្សនិកជនយ៉ាងច្រើន ប៉ុន្តែទស្សនិកជនខ្លះបានលើកឡើងថា គណបក្សនេះបានរៀបចំឲ្យអ្នកគាំទ្ររបស់ខ្លួនស្រែកហ៊ោកញ្ជៀវ ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជនរបស់ខ្លួន។
យុវជនតំណាងគណបក្សនយោបាយចំនួន៦ក្នុងចំណោមគណបក្សនយោបាយទាំង៨ ដែលកំពុងប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥នេះ បានចូលរួមសួរដេញដោលគ្នានិងឆ្លើយសំណួរទាក់ទងនឹងការអប់រំនិងការងារ នៅក្នុងព្រឹត្តិការណ៍ដេញដោលមតិមួយដែលរៀបចំឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ទី២០ ខែកក្កដាកន្លងទៅនេះ។
គណបក្សទាំង៦ដែលតំណាងដោយយុវជនរៀងៗខ្លួន រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
កញ្ញាជេស៊ីកា ឃីហ្គេនគឺជានាយិកាស្តីទីនៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ។
កញ្ញានិយាយថា៖ «ការដេញដោលមតិមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជានិងប្រទេសដែលមានប្រជាធិបតេយ្យក្មេងខ្ចី ព្រោះវាជួយឲ្យប្រជាពលរដ្ឋ បានដឹងច្បាស់អំពីបញ្ហាប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ»។
ការសួរដេញដោលនិងឆ្លើយសំណួររបស់បេក្ខជននីមួយៗបានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនផ្សេងៗគ្នា។
កញ្ញាគឹម ឌីណា គឺជានិស្សិតបញ្ចប់ការសិក្សាហើយអះអាងថា គ្មានការងារធ្វើអស់រយៈពេល២ឆ្នាំមកហើយ។
កញ្ញានិយាយថា៖ «ខ្ញុំពេញចិត្តគណបក្សសង្គ្រោះជាតិ ដោយសារគោលនយោបាយទាំង៧ចំណុចរបស់គាត់វាបានទៅដល់ដៃប្រជាពលរដ្ឋ ទាំងយុវជន ទាំងចាស់ជរាគឺគាត់បានផ្តោតត្រូវបានល្អ»។
ប៉ុន្តែលោកឈាង ម៉ារីយ៉ា និស្សិតមកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មី យល់ខុសពីនេះ។
លោកនិយាយថា៖ «ខ្ញុំពេញចិត្តគណបក្សប្រជាជនកម្ពុជាជាងគេ ព្រោះថា ការបកស្រាយរបស់គាត់បានល្អ ហើយសមស្របនឹងពេលបច្ចុប្បន្ន»។
នៅអំឡុងពេលដេញដោលគ្នានិងឆ្លើយសំណួរ គេសង្កេតឃើញមានការហ៊ោកញ្ជៀវពីទស្សនិកជន នៅរាល់ពេលដែលយុវជនតំណាងគណបក្សប្រជាជនកម្ពុជាឡើងបកស្រាយ។ ការហ៊ោកញ្ជៀវអឹងកងខ្លាំងក្លាជាងគេទៅលើបេក្ខជនតំណាងមកពីគណបក្សប្រជាជនកម្ពុជានេះបានធ្វើឲ្យទស្សនិកជនខ្លះគិតថា វាជាការរៀបចំទុកជាមុនរបស់គណបក្សមួយនេះ។
កញ្ញាគឹម ឌីណានិយាយថា៖ «ជាក់ស្តែងខ្ញុំមានមិត្តភក្តិមួយចំនួននៅតាមសាកលវិទ្យាល័យផ្សេងៗ។ គាត់មកចូលរួមគឺខាងសាលាគេចាត់ឲ្យមក។ គ្រូមួយៗដែលនាំមក គេសុទ្ធតែប្រាប់ថា ពេលដែលគណបក្សប្រជាជនហ្នឹងនិយាយគឺត្រូវតែគាំទ្រ ទះដៃ ហាមគាំទ្រគណបក្សផ្សេង»។
ប៉ុន្តែការអះអាងនេះត្រូវបានច្រានចោលដោយអ្នកចូលរួមខ្លះ។
លោកណុប នរិន្ទគឺជានាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងជាជំនួយការរបស់លោកឧបនាយករដ្ឋមន្ត្រីស ខេងរបស់ខាងគណបក្សប្រជាជនកម្ពុជា។
លោកនិយាយថា៖ «និស្សិតទាំងនោះ គាត់ចង់ដឹងថា តើការដេញដោលគ្នានេះ របស់យុវជនថ្នាក់ជាតិរបស់គណបក្សនីមួយៗ គាត់មានគោលនយោបាយបែបណាសម្រាប់អនាគតរបស់យុវជន។ អញ្ចឹងបានជាគាត់ស្ម័គ្រចិត្តមកដោយខ្លួនគាត់ អត់មានអ្នកណាបង្ខិតបង្ខំគាត់ទេ។ ហើយការគាំទ្រជាសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗ»។
យ៉ាងណាក៏ដោយ ក្រុមអ្នករៀបចំកម្មវិធីចាត់ទុកថា នេះគឺព្រឹត្តិការណ៍ដែលអាចផ្តល់ព័ត៌មានដល់ពលរដ្ឋឲ្យទទួលបានទស្សនៈផ្សេងៗគ្នាពីមនុស្សផ្សេងគ្នាដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តមួយប្រកបដោយការយល់ដឹងនៅថ្ងៃបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ៕