ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ខ្មែរ​រងគ្រោះ​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ច្រើន


យ៉ាងហោចណាស់​មាន​ស្ត្រី​កម្ពុជា​ប្រមាណ​ជា​៤០០០នាក់​បានកើត​ជំងឺ​មហារីក​មាត់ស្បូន​ជា​រៀងរាល់​ឆ្នាំ។
យ៉ាងហោចណាស់​មាន​ស្ត្រី​កម្ពុជា​ប្រមាណ​ជា​៤០០០នាក់​បានកើត​ជំងឺ​មហារីក​មាត់ស្បូន​ជា​រៀងរាល់​ឆ្នាំ។

នាយិកា​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​ហៅកាត់​ថា​រ៉ាក់​ បាន​ឱ្យ​ដឹង​ថា​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​មាត់ស្បូន​នៅ​ប្រទេស​កម្ពុជា​គឺជា​ចំនួន​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​។

ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​ស្ត្រី​កម្ពុជា​ប្រមាណ​ជា​៤០០០នាក់​បានកើត​ជំងឺ​មហារីក​មាត់ស្បូន​ជា​រៀងរាល់​ឆ្នាំ។ ជំងឺ​នេះ​កំពុង​ឈរ​នៅ​លំដាប់​ថ្នាក់​ខ្ពស់​បំផុត​ក្នុង​ចំណោម​ជំងឺ​មហារីក​ដទៃ​ទៀត​ក្នុង​ប្រទេស។

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​ប្រធាន​ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​ប្រសាសន៍​ថា​ជា​រៀងរាល់ថ្ងៃ​មាន​អ្នកជំងឺ​មហារីក​៣០នាក់​មក​ទទួល​ការពិនិត្យ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក្នុង​នោះ​ប្រហែល​ជា​៨​នាក់​ជា​អ្នកជំងឺ​មហារីក​មាត់ស្បូន។

លោក​បាន​ឱ្យ​ដឹង​បន្ត​ថា​ស្ថានភាព​ជំងឺ​នេះ​មិនមាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើយ​ចាប់​តាំង​ពី​ជាង​១០​ឆ្នាំ​មុន​មក​ហើយ​មានប្រហែល​៤០០០​ករណី​ក្នុង​១​ឆ្នាំៗ

«មហារីក​មាត់ស្បូន​នៅតែ​ជា​ជំងឺ​មហារីក​ដែល​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​១០ឆ្នាំ​ជាង​ហើយ​ខ្ញុំ​ឃើញ​ថា​ទំនោរ​ហ្នឹង​អត់​ទាន់​ឃើញ​ល្អ​ជាង​មុន​សោះ​ពីព្រោះ​អី​ប្រជាជន​យើង​មក​ដល់​មន្ទីរពេទ្យ​ច្រើន​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​ការព្យាបាល​ឱ្យ​ជាសះស្បើយ​មិនអាច​ធ្វើ​ទៅ​បាន»។

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​បាន​ឱ្យ​ដឹង​បន្ថែម​ថា​អ្នកជំងឺ​មហារីក​មាត់ស្បូន​ចំនួន​៧២ ​ភាគរយ​មក​មន្ទីរពេទ្យ​នៅ​ដំណាក់កាល​ទី៣​និង​ទី៤​ដែល​ជា​ដំណាក់កាល​ឈាន​ដល់​ភាព​ធ្ងន់ធ្ងរ​និង​ពិបាក​ក្នុង​ការព្យាបាល។

ជាមួយគ្នា​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​ គួយ សំណាង ​ប្រធាន​ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​បាន​ឱ្យ​ដឹង​ដែរ​ថា​ភាគច្រើន​អ្នកកើត​ជំងឺ​មហារីក​មាត់ស្បូន​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​វ័យ​ក្មេង។

«ប្រទេស​គេ​គឺ​គិតពី​៣៥​ទៅ​៤០​ហើយ​ដល់​ប្រទេស​យើង​តាម​ការសិក្សា​ថ្មីៗ​ដែល​យើង​ធ្វើទៅ​មាន​ពី​អាយុ​២៨​ឆ្នាំ។ ​ធម្មតា​ទេ​ក្មេង​បែបនេះ​កំពុង​តែមាន​សកម្មភាព​នៅ​ក្នុង​សង្គម​សម្រាប់​រកលុយ​តែ​បែរ​ជា​ឈឺ​វិញ​មាន​ពេល​ឯណា​រកលុយ​មិនមាន​ត្រឹមតែ​មិនបាន​រកលុយ​ទេ​អស់​លុយ​ទៀត​ខាង​ពេទ្យ​រដ្ឋ​ក៏​ត្រូវ​ចំណាយ​លើក្មេងៗ​នេះ​ដែរ»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ២០០៨​
បង្ហាញ​ឱ្យ​ដឹង​ថា​ជំងឺ​មហារីក​មាត់ស្បូន​មាន​អត្រា​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​ជំងឺ​មហារីក​ដែល​កើត​មាន​លើ​ស្ត្រី​នៅ​កម្ពុជា។ របាយការណ៍​បន្ថែម​ថា​ស្ត្រី​ដែល​មាន​ជំងឺ​ស្ទើរ​ទាំងអស់​បាន​ស្លាប់​ក្នុង​វ័យ​ក្មេង។

លោកស្រី​វេជ្ជបណ្ឌិត ​ពឹង ជុតិមា ​នាយិកា​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​ហៅកាត់​ថា​រ៉ាក់​បាន​ឱ្យ​ដឹង​ថា​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​មាត់ស្បូន​នៅ​ប្រទេស​កម្ពុជា​គឺជា​ចំនួន​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​និង​ត្រូវ​មាន​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់​ស្តា​ត់​ជំងឺ​នេះ។
«ចាត់ទុកថា​វា​ជា​បញ្ហា​មួយ​ដែល​យើង​គួរ​កង្វល់​ពីព្រោះ​ដោយសារតែ​ជំងឺ​មហារីក​បើសិន​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​វា​នៅ​ដំណាក់កាល​ទាន់ពេល​វេលា​គឺ​អ្នកនោះ​មិនមាន​ជំងឺ​មហារីក​ទេ​ពីព្រោះ​យើង​ទៅ​ព្យាបាល​បាន​ហើយ»។

លោកស្រី​វេជ្ជបណ្ឌិត​ ប្រាក់ ពិសិដ្ឋ​រង្សី ​ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​មូលហេតុ​ដែលនាំ​ឱ្យ​ស្ត្រី​កម្ពុជា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នៃ​ការកើត​មហារីក​មាត់ស្បូន​ច្រើន​បែបនេះ​កត្តា​សំខាន់​គឺ​កង្វះ​អនាម័យ ​កង្វះ​ព័ត៌មាន ​ការយល់ដឹង ​និង​ភាព​អៀនខ្មាស់​របស់​ស្ត្រី​ខ្មែរ។

«អត្ត​ចរិក​របស់​ស្ត្រី​យើង​វិញ​គឺ​គាត់​មិន​ចង់ទៅ​ឱ្យ​គេ​បើក​មាត់ស្បូន​គាត់​មើល​ទេ ​ហេតុ ​ដូច្នេះ​ទោះបី​ជា​យើង​ខំ​ផ្សព្វផ្សាយ​យ៉ាងណា​ក៏ដោយ​ក៏​ជួនកាល​ទៅ​គាត់​មាន​ការ​ខ្មាស់អៀន​ច្រើន​គាត់​មិន​បាន​មក​តាម​ការផ្សព្វផ្សាយ​របស់​យើង​ទេ​ហើយ​ក្រសួង​សុខាភិបាល​ក៏​ចេះតែ​ខិតខំ​ប្រឹងប្រែង​តាម​គ្រប់​រូបភាព​ទាំងអស់។ ​បច្ចុប្បន្ន​កាល​នេះ​គឺ​យើង​ចង់​ឱ្យ​ស្ត្រី​ទាំងអស់​ដែល​ចាប់ពី​អាយុ​៣០​ដល់​៤៩ឆ្នាំ​ឱ្យ​គាត់​អញ្ជើញ​មក​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ជំងឺ​មហារីក​មាត់ស្បូន​នេះ»។

លោកស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា​ដើម្បី​កាត់បន្ថយ​ជំងឺ​មហារីក​មាត់ស្បូន​នេះ ​ក្រសួង​ បាន​ធ្វើការ​បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ​តាម​មន្ទីរពេទ្យ​ឱ្យ​ចេះ​ស្វែងរក​ជំងឺ​នេះ​ទាន់ពេល​វេលា​មាន​ការ​ចុះ​ អប់រំ​ស្ត្រី​នៅតាម​ភូមិ ​និង​តាម​មន្ទីរពេទ្យ ​ពេល​ស្ត្រី​មក​ទទួលយក​សេវា​ផ្សេង។ ម្យ៉ាង​វិញ​ទៀត​លោកស្រី​វេជ្ជបណ្ឌិត​បាន​ទទួល​ស្គាល់​ថា​ការផ្សព្វផ្សាយ​អំពី​ជំងឺ​នេះ​នៅមាន​កម្រិត​នៅឡើយ​ពីព្រោះ​ថវិកា​ក្នុង​ការចំណាយ​នៅមាន​ការខ្វះខាត​ជាច្រើន។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ថា​នៅ​លើ​សាកលលោក​ក្នុង​១ឆ្នាំ​ស្រី្ត​ច្រើន​ជាង​៤៦ម៉ឺន​នាក់​បាន​កើត​ជំងឺ​នេះ​ដែល​ក្នុង​នោះ​ជាង​២៣​ម៉ឺន​នាក់​បាន​ស្លាប់​ហើយ​ជិត​៩៥​ភាគរយ​កើត​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​ជាដើម។

ក្រុម​គ្រូពេទ្យ​ជំនាញ​បានផ្តល់​ដំបូន្មាន​ថា​ជាទូទៅ​ស្ត្រី​ដែល​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ​រួច​ហើយ​ត្រូវ​ពិនិត្យ​រក​ជំងឺ​មហារីក​មាត់ស្បូន​ឱ្យ​បាន​ម្តង​ក្នុង១ឆ្នាំ៕
XS
SM
MD
LG