នៅលើសួនច្បារសាធារណៈដែលមិនទាន់សង់រួចស្ថិតនៅចំពីមុខផ្សារកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ តូបលក់បន្លែសរីរាង្គមួយ បានទាក់ទាញស្រ្តីមេផ្ទះ និងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឲ្យចូលមកទិញបន្លែសរីរាង្គស្រស់ៗ ដែលគេទើបយកពីកន្លែងដាំដុះរបស់កសិករនៅក្នុងខេត្តនេះ។
តូបលក់បន្លែនេះ ត្រូវបានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា CEDAC ឲ្យឈ្មោះថា ផ្សារណាត់។ ផ្សារនេះ បានចាប់ដាក់ឲ្យដំណើរការកាលពីថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅនិងកំពុងបន្តដំណើរការជារៀងរាល់ចុងសប្ដាហ៍ ដើម្បីផ្គត់ផ្គង់ដល់អ្នកនិយមទទួលទានបន្លែ ដែលមិនប្រើសារធាតុគីមីសម្រាប់ការដាំដុះ។
អ្នកស្រី សុខ ស្រីអូន វ័យ៣០ឆ្នាំ ថ្លែងប្រាប់ VOA បន្ទាប់ពីអ្នកស្រីបានទិញបន្លែសរីរាង្គនេះ ពីផ្សារណាត់នេះថា ការទទួលទានបន្លែសរីរាង្គ មិនត្រឹមតែធ្វើឲ្យសុខភាពល្អប្រសើរនោះទេ តែថែមទាំងបានជួយដល់ប្រជាកសិករខ្មែរដាំដុះដំណាំប្រភេទនេះ ទៀតផង។
«មានចំណេញមួយ គឺជាផលិតផលក្នុងស្រុក ផ្ដល់កម្រៃដល់ប្រជាជនក្នុងស្រុក ហើយលើកកម្ពស់ជីវភាពកសិករ ពីព្រោះ បើសិនជាគាត់ដាំ ឈ្មួញគាត់ទៅទិញគឺមានតម្លៃថោកហើយបើសិនជា គាត់យកមកដាក់លក់ផ្ទាល់ តម្លៃគាត់គឺ ប្រហែលនៅក្នុងទីផ្សារ»។
ជាស្រ្តីមេផ្ទះម្នាក់ អ្នកស្រី សុខ ស្រីអូន មានការបារម្ភចំពោះបន្លែដែលដាក់លក់នៅក្នុងទីផ្សារទូទៅ ដោយសារបន្លែទាំងនោះ ត្រូវបានរក្សាទុកក្នុងរយៈពេលយូរថ្ងៃ និងអាចមានប្រើសារធាតុគីមី។
«ភាគច្រើនបន្លែដែលយើងឃើញនៅផ្សារយើងនេះ ភាគច្រើនដឹកមកពីប្រទេសក្រៅ អញ្ចឹងគុណភាពវាយូរ។ បើសិនជា គាត់អត់ដាក់គីមី ក៏យូរដែរ យូរថ្ងៃ។ បើយើងគ្រាន់តែដឹក អញ្ចឹងបន្លែវាអស់គុណភាពហើយ។ បើយើងឥឡូវនេះ យើងបេះភ្លាម យកមកលក់ភ្លាម បន្លែមានគុណភាព»។
ប្រទេសកម្ពុជា បានពឹងផ្អែកលើការនាំចូលបន្លែពីប្រទេសក្បែរខាងប្រមាណ ៥០ភាគរយ។ កសិករខ្មែរ អាចផលិតបានបន្លែ ៥០ភាគរយទៀតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកជំនាញកសិកម្មនៃអង្គការ CEDAC។
បន្លែសរីរាង្គដែលកសិករខ្មែរផលិតបាន គឺមានចំណែកតែ៥ភាគរយប៉ុណ្ណោះនៃផលិតកម្មបន្លែក្នុងស្រុកប្រមាណ៥០ភាគរយនេះ។
អ្នកទទួលទានបន្លែនាពេលបច្ចុប្បន្ន តែងតែមានការរអ៊ូរទាំ អំពីផលប៉ះពាល់ដល់សុខភាពដែលបង្កមកពីការទទួលទានបន្លែដែលប្រើសារធាតុគីមី ឬថ្នាំពុល។
អ្នកទទួលទានបន្លែធម្មតាមួយចំនួន បានឲ្យដឹងពីបញ្ហាឈឺក្រពះនិងការចុះថយកម្លាំង ដោយសារការទទួលទានបន្លែផលិតក្នុងស្រុក ឬបន្លែនាំចូលពីប្រទេសក្បែរខាង ដែលមានប្រើសារធាតុគីមី។
ការដាក់ឲ្យដំណើរការផ្សារណាត់នៅក្នុងខេត្តកំពង់ស្ពឺ នឹងអាចជួយឲ្យប្រជាជនមួយផ្នែកតូចនៃខេត្តនេះ ទទួលបានបន្លែសរីរាង្គដែលមានសារធាតុចិញ្ចឹមច្រើនសម្រាប់ទ្រទ្រង់សុខភាព និងអាចការពារមិនឲ្យមានជំងឺក្រពះ និងជំងឺធ្ងន់ធ្ងរផ្សេងទៀត ដូចជាជំងឺមហារីកជាដើម។ នេះបើទៅតាមការបញ្ជាក់ពីអ្នកជំនាញខាងដំណាំសរីរាង្គនៃអង្គការ CEDAC។
អង្គការ CEDAC ក៏បានដាក់ឲ្យផ្សារសហគមន៍នេះដំណើរការនៅតាមបណ្ដាខេត្តផ្សេងទៀតផងដែរ ដូចជានៅខេត្តត្បូងឃ្មុំ កំពង់ធំ សៀមរាប កំពង់ចាម និងព្រៃវែង។ នៅក្នុងរាជធានីភ្នំពេញ អង្គការ CEDAC បានដាក់ឲ្យដំណើរការកន្លែងលក់បន្លែសរីរាង្គនេះនៅទីតាំង៨ផ្សេងៗគ្នា។
លោក អ៊ឹង វុទ្ធី អ្នកសម្របសម្រួលមូលដ្ឋាននៃអង្គការ CEDAC ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនផ្ដោតការចាប់អារម្មណ៍ទៅលើការទទួលទានបន្លែសរីរាង្គ ដោយហេតុថា ពួកគេបានយល់ដឹងពីគុណប្រយោជន៍របស់បន្លែសរីរាង្គចំពោះសុខភាព។
លោក បានថ្លែងនៅជាប់នឹងផ្សារណាត់ដែលទើបតែបានដាក់ឲ្យដំណើរការនៅខេត្តកំពង់ស្ពឺនេះថា៖
«សម្រាប់ខ្ញុំ ខ្ញុំគិតថា ថ្ងៃនេះ គឺមាន មានភាពភ្ញាក់ផ្អើលមិនទែន ពីព្រោះកន្លងមកនៅពេលដែលយើងធ្លាប់ទៅទស្សនកិច្ចសិក្សា នៅកន្លែងផ្សេង ថ្ងៃបើកដំបូងអត់សូវមានអតិថិជនទេ។ ប៉ុន្តែសម្រាប់យើងនៅនេះ យើងបើកថ្ងៃដំបូង គឺមានអតិថិជនច្រើន។ អញ្ចឹងខ្ញុំជឿជាក់ថា ទៅថ្ងៃ ទៅថ្ងៃបន្តទៀត គឺមានអតិថិជននៃការគាំទ្រ កាន់តែច្រើន ព្រោះយើងផ្អែកទៅលើ ទីមួយការយល់ដឹងរបស់អតិថិជន ដែលគាត់យល់ដឹងលើអ្វីដែលជាអត្ថប្រយោជន៍បន្លែសរីរាង្គ ឬក៏ផលិតផលធម្មជាតិ»។
លោកអ៊ឹង វុទ្ធី ឲ្យដឹងទៀតថា ផ្សារសម្រាប់ផ្គត់ផ្គង់កសិផលធម្មជាតិនេះ នឹងត្រូវបង្កើតនៅខេត្តតាកែវ ដែលអាចនឹងមានបីទីតាំង គឺនៅផ្សារត្រំាខ្នា ផ្សារបុ័ងឫស្សី និងថ្នល់បត់។
នៅគ្រាដែលតម្រូវការកសិផលធម្មជាតិ កំពុងកើនឡើង អ្នកជំនាញកសិកម្មបានព្យាយាមកំណត់នូវបទដ្ឋានបន្លែសរីរាង្គសម្រាប់ទប់ស្កាត់ការក្លែងបន្លំដោយឈ្មួញទុច្ចរិត។
លោក គាម មករាឌី ប្រធានផ្នែកបរិស្ថាន និងសុខភាពនៃអង្គការ CEDAC ថ្លែងប្រាប់VOAថា ក្រុមសង្គមស៊ីវិលដែលធ្វើការលើវិស័យកសិកម្ម បានធ្វើការរួមគ្នាក្នុងការកំណត់ស្តង់ដាសម្រាប់បន្លែសរីរាង្គចាប់តាំងពីដំណើរនៃការផលិត និងការដាក់លក់ផលិតផលនៅក្នុងទីផ្សារ។
លោកមានប្រសាសន៍ថា សកម្មភាពនេះ ធ្វើឡើងដើម្បីទាញការយកចិត្តទុកដាក់ពីមន្ត្រីរដ្ឋាភិបាល នៅក្នុងការរៀបចំជាស្តង់ដាថ្នាក់ជាតិ សម្រាប់បន្លែសរីរាង្គនេះ។
«យើងខិតខំធ្វើជាគំរូ អាចធ្វើថា ជាសកម្មភាពមួយថា ការផលិតកសិកម្មសរីរាង្គ គឺអាចបន្តបាន ឬក៏អាចអនុវត្តន៍បាន នៅក្នុងប្រទេសកម្ពុជាយើង សម្រាប់ឲ្យ កសិករមានផលចំណេញ ក៏ដូចជាអ្នកបរិភោគ អ្នកហូបហ្នឹងគឺ មានសុវត្ថិភាពចំណីអាហារអញ្ចឹង។ ហើយអញ្ចឹងអង្គការសង្គមស៊ីវិល គឺខិតខំធ្វើយ៉ាងណាដើម្បីអនុវត្តនូវស្តង់ដាហ្នឹង ហើយនិងជំរុញនូវការផលិតស្បៀង ប្រកបដោយសុវត្ថិភាពនេះ។ អញ្ចឹង គឺធ្វើបណ្ដើរអាចថា បង្ហាញឲ្យដល់អ្នករៀបចំគោលនយោបាយហ្នឹង ឲ្យគាត់យល់ជ្រួតជ្រាបអញ្ចឹង»។
លោកបញ្ជាក់បន្ថែមថា គំនិតផ្ដួចផ្ដើមឲ្យមានការកំណត់ស្តង់ដារ កើតមានតាំងពីឆ្នាំ ២០០៥ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលដែលធ្វើការលើវិស័យកសិកម្ម ហាក់ដូចជាធ្វើព្រងើយកន្តើយលើកិច្ចការនេះ។
យ៉ាងក៏ដោយ លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍ថា មន្ត្រីកសិកម្មរបស់រដ្ឋាភិបាល កំពុងធ្វើកិច្ចការកំណត់ស្តង់ដារបន្លែសរីរាង្គនេះ ជាមួយមន្ត្រីកសិកម្មនៅក្នុងប្រទេសសមាជិកសមាគមអាស៊ានទាំង១០ប្រទេស។
លោកមានប្រសាសន៍ថា ស្តង់ដារនឹងបានជាប្រយោជន៍ដល់កសិករដាំដំណាំសរីរាង្គនៅទូទាំងសមាគមអាស៊ាន។
យ៉ាងណាក៏ដោយ លោក ហ៊ាន វណ្ណហន មិនអាចបញ្ជាក់បានអំពីកាលបរិច្ឆេទនៃការដាក់ឲ្យអនុវត្តស្តង់ដារនេះទេ។
«តាមពិតទៅ យើងចង់ជម្រាបជូនថា រដ្ឋាភិបាលស្ថិតនៅក្នុងដំណាក់កាលមួយ កំពុងតែរៀបចំផលិតផលសរីរាង្គស្តង់ដារនេះ។ បានន័យថា យើងអត់មានអនុម័តជា ស្តង់ដារសរីរាង្គនៅឡើយទេ។ អ្វីដែលយើងកំពុងតែរៀបនេះគឺ យើងរៀបរួមគ្នា ជាមួយនឹងអាស៊ានទាំង១០។ យើងមិនធ្វើតែម្នាក់ឯងទេ»។
លោក ហ៊ាន វណ្ណហន បន្ថែមថា មកទល់នឹងពេលនេះ ការផលិត និងការបញ្ជាក់ពីបន្លែសរីរាង្គដែលធ្វើដោយក្រុមអង្គការសង្គមស៊ីវិលនោះ គឺមិនមានការទទួលស្គាល់ពីរដ្ឋាភិបាលទេ ព្រោះរដ្ឋាភិបាល ពុំទាន់បង្កើតមានស្តង់ដារនេះនៅឡើយទេ។
រដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាចំនួន ៤៦លានដុល្លារអាមេរិកដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជំរុញកំណើនក្នុងវិស័យកសិកម្មឲ្យបានក្នុងរង្វង់៥% ក្នុងមួយឆ្នាំ។នេះបើយោងទៅតាមឯកសារនៃកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៦ ដែលត្រូវបានចេញផ្សាយជាសាធារណៈដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែកុម្ភៈ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធ្លាប់ឲ្យដឹងថា រដ្ឋាភិបាល គ្រោងចំណាយ២០លានដុល្លាររអាមេរិក ទៅលើផលិតកម្មពូជស្រូវ និងបន្លែពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៨ខាងមុខ។
អ្នកស្រី តន់ ស៊ន អ្នកដាំបន្លែសរីរាង្គនៅក្នុងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កសិករដាំដំណាំសរីរាង្គនៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង កំពុងជួបប្រទះបញ្ហាកង្វះទឹកសម្រាប់ស្រោចស្រពដំណាំ។
អ្នកស្រីចង់ឲ្យរដ្ឋាភិបាលយកចំណែកខ្លះនៃថវិកានេះ មកជីកស្រះស្តុកទុកទឹកសម្រាប់ទ្រទ្រង់ការដាំដុះរបស់ប្រជាកសិករ។
«តាមគំនិតរបស់ខ្ញុំ គឺចង់ជីកជាស្រះ។ ស្រះដើម្បីស្តុកទឹកដាំបន្លែ ព្រោះអីឥឡូវភូមិខ្ញុំ វាដាច់ទឹក អញ្ចឹង អាប្រឡាយពីស្ពានព្រែកត្នោតមក វាផុតទឹក អញ្ចឹងដើម្បី បើសិនណាជា ខាងផ្នែកខាងហ្នឹង គេ ឧបត្ថម្ភ ថវិកាប៉ុណ្ណឹង គំនិត និងជាមតិរបស់ខ្ញុំ គឺចង់យកប្រាក់ហ្នឹងដើម្បីមកជីកជាស្រះ ស្តុកទឹកប្រើប្រាស់។ និយាយរួម ឲ្យតែមានទឹក គឺយើងផលិតផលិតផលដែលសរីរាង្គហ្នឹងគឺបានពេញមួយឆ្នាំទៅមួយឆ្នាំ»។
ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ត្រូវការបន្លែជាង៤០០តោន សម្រាប់ការបរិភោគក្នុងមួយថ្ងៃៗ។ អ្នកជំនាញកសិកម្ម ថ្លែងថា កម្ពុជាត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធធារាសាស្ត្របន្ថែមទៀត សម្រាប់ការដាំដុះបន្លែធម្មតា និងបន្លែសរីរាង្គ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសក្បែរខាង ជាពិសេសនោះ គឺប្រទេសវៀតណាម៕