ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​មិន​ព្រម​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង


ជនរងគ្រោះ​ដោយសារ​ការជម្លៀស​ចេញ​ពី​ដីធ្លី រង់ចាំ​ការចេញ​ញត្តិ​នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅក្នុង​ការប្រមូលផ្តុំគ្នា​មួយ​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ ពួកគេ​ទាមទារ​ ឲ្យ​ដោះលែង​សកម្មជន​ដី​ធ្លី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ធ្វើ​បាតុកម្ម។
ជនរងគ្រោះ​ដោយសារ​ការជម្លៀស​ចេញ​ពី​ដីធ្លី រង់ចាំ​ការចេញ​ញត្តិ​នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅក្នុង​ការប្រមូលផ្តុំគ្នា​មួយ​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ ពួកគេ​ទាមទារ​ ឲ្យ​ដោះលែង​សកម្មជន​ដី​ធ្លី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ធ្វើ​បាតុកម្ម។

ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​អង្គារ​នេះ ​មិន​ហ៊ាន​សម្រេច​លើ​ករណី​លោក​ មាជ សុវណ្ណារ៉ា​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ទេ​ ដោយ​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​តុលាការ​ក្រុង​ភ្នំពេញ​ ដោយ​សារ​តែ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ និង​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ព្រៃ​ស។​

ការ​សម្រេច​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​មួយ​នៅ​ក្រសួង​យុត្តិ​ធម៌​ដើម្បី​ឆ្លើយ​តប​នឹង​លិខិត​របស់​ក្រសួង​មហាផ្ទៃ។​

ក្រសួង​មហាផ្ទៃ​បាន​សរសេរ​លិខិត​មួយ​ទៅ​ក្រសួង​យុត្តិធម៌តាម​សំណើ​របស់​លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​សរសេរ​លិខិត​ ទៅ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ ឱ្យ​មាន​ការ​បញ្ចប់​នីតិវិធី​ និង​ លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើ​លោក​ មាជ សុវណ្ណារ៉ា​ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទឹន​នឹង​អំពើ​ហិង្សា​នៅ​លើ​ស្ពាន​នាគ​កាល​ពី​ថ្ងៃ​ទី​១៥​ខែកក្កដា។​

លោក​ គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​ថា​ក្រសួង​យុត្តិធម៌​បានសម្រេច​ចំនួន​បី​ចំណុច​ធំៗ​ទៅ​ក្រសួង​មហា​ផ្ទៃ​វិញហើយពាក់​ព័ន្ធ​នឹង​ករណី​លោក​មាជ សុវណ្ណារ៉ា។​

លោក​និយាយ​ថា៖​«ទី​មួយ​គឺ​ការ​ចំណាត់​ការ​ឃាត់​ខ្លួន​និង​ឃុំ​ខ្លួន​នេះ​របស់​តុលាការ​ គឺ​ជា​អំណាច​របស់​តុលាការ។ ​ទីពីរ​ ជន​ដែល​ត្រូវ​ចោទ​គឺ​លោក​ មាជ សុវណ្ណារ៉ា​ នេះ​លោក​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​តវ៉ា​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​ទីបី​អំណាច​នៃ​ការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ឬមិន​សម្រេច​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ដែរ»។​

លោក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់​ទង​ដើម្បី​ស្នើ​សុំ​សេច​ក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ទូរ​ស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បដិសេធ​សំណើ​ស្នើ​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​តាម​ការ​ស្នើ​សុំ​ពី​មេធាវី​ការ​ពារជន​ជាប់​ចោទ។​

លោក​ ចាន់ ចេន​ មេធាវី​ការ​ពារ​ក្តី​លោក​ មាជ សុវណ្ណារ៉ា​ មាន​ប្រសាសន៍​ថា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​លោក​និង​ពិភាក្សា​ជាមួយ​កូន​ក្តី​និង​ក្រុម​គ្រួសារ​ដើម្បី​ប្តឹង​ទាស់​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ដើម្បី​ស្នើ​សុំ​កូន​ក្តី​របស់​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​

លោក​មាន​ប្រសាសន៍​ថា៖«យើង​នឹង​ដាក់​ពាក្យ​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ឱ្យ​សាលា​ឧទ្ធរណ៍​សម្រេច​ឡើង​វិញ​ពី​ព្រោះ​ដោយ​ហេតុ​ថា​ការ​ដែល​ឃុំ​ខ្លួន​កូន​ក្តី​របស់​ខ្ញុំបាទ​ របស់​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ​គឺ​ជា​ការ​ឃុំ​ខ្លួន​មិន​ត្រឹម​ត្រូវ​ស្រប​ច្បាប់​តាម​នីតិវិធី​ទេ​ព្រោះ​ដោយ​សារ​ចៅ​ក្រម​ដែល​គេ​អាច​រក​ជម្រើស​នៃ​ការ​ឃុំ​ខ្លួន​វា​ទាល់​តែ​កូន​ក្តី​ខ្ញុំ​គាត់​មិន​មាន​អាសយ​ដ្ឋាន​ច្បាស់​លាស់​ មិន​មាន​មុខ​របរ​ការ​ងារ​ត្រឹម​ត្រូវ»។​

លោក​ ស្រី Jamie Meach ​ភរិយា​លោក​ មាជ សុវណ្ណារ៉ា​ មាន​ប្រសាសន៍​ថា​លោក​ស្រី​និង​ពិភាក្សា​ជា​មួយ​ស្វាមី​ដើម្បី​ដាក់​ពាក្យ​ទៅកាន់​សាលា​ឧទ្ធរណ៍​ស្នើ​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​

លោក​ស្រី​មាន​ប្រសាសន៍​ថា​ការ​ចាប់​ខ្លួន​លោក​ មាជ សុវណ្ណារ៉ា​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​ជា​ការ​ខុស​ច្បាប់​និង​ជា​រឿងនយោបាយ​សុទ្ធសាធ។​

លោក​ស្រី​បញ្ជាក់​ថា​៖«តាម​ដែល​ខ្ញុំ​យល់​ឃើញ​ព្រោះ​ការ​ចាប់​ខ្លួន​លោក​ មាជ សុវណ្ណារ៉ា​ ដែល​ជា​ស្វាមី​របស់​ខ្ញុំ។ ​ខ្ញុំ​គិត​ថា​គឺ​ជា​រឿង​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។ ​មូល​ហេតុ​យើង​បាន​ចរចា​គ្នា​ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​យើង​បាន​ចរចា​គ្នា​ថា​យើង​ឈប់​ចាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែកក្កដា​កន្លង​មក​នេះ»។​

លោក​មាជ សុវណ្ណារ៉ា​ បេក្ខជន​តំណាង​រាស្ត្រ​លំដាប់​ទី​៣​ និង​ ​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​ នរោត្តម​ ក្នុង​ខណៈពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​ទីស្នាក់ការ​របស់​គណបក្ស។​

លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឃុំ​ខ្លួន​ ក្នុងពន្ធនាគារ​ព្រៃ​ស​ក្នុង​ថ្ងៃ​តែ​មួយ​ប៉ុណ្ណោះ​ពី​បទ៖​ «ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា៕

XS
SM
MD
LG