ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្រុង​ហាម​មិន​ឱ្យ​ជន​គ្រោះ​ដី​ធ្លី​រៀបចំ​ទិវា​សិទ្ធិ​លំនៅដ្ឋាន


រូ​បថត​ឯកសារ៖ ការ​តវ៉ា​របស់​សហគមន៍​ដី​ក្រហម​ក្នុង​ពេល​កន្លង​មក។
រូ​បថត​ឯកសារ៖ ការ​តវ៉ា​របស់​សហគមន៍​ដី​ក្រហម​ក្នុង​ពេល​កន្លង​មក។

សាលារាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្រេច​ចិត្ត​ហាមមិន​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​មក​ពី​ទីក្រុង​ភ្នំពេញ​និង​មក​ពី​បណ្តា​ខេត្ត​នានា​ធ្វើ​ការ​ប្រមូល​ផ្តុំ​និង​ដង្ហែរ​ក្បួន​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក។

បម្រាម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​មួយ​រវាង​សាលារាជធានី​ភ្នំពេញ​និង​តំណាង​ក្រុម​ប្រជាពលរដ្ឋកាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១.២០០​នាក់ដែល​ភាគ​ច្រើន​លើស​លប់​គឺ​ជាជនរងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅ​អតីត​ទីតាំង​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៦​ខែតុលា​នេះ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​លើក​ទី​២៩។​ ប្រជាពលរដ្ឋ​ទាំង​នោះ​មក​ពី​សហគមន៍​បុរី​កីឡា ​សហគមន៍​បឹង​កក់ ​សហគមន៍​ថ្មគោល ​ត្រពាំងល្វា ​ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​បាត់ដំបង ​និង​ក្រុមជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​ភាគ​ឥសាន​ជាដើម។

​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​ក្រុម​ជន​រងគ្រោះ​ដោយសារជម្លោះ​ដីធ្លី​គ្រោងនឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋសភា​និង​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ​គឺជា​ញត្តិ​ដែល​នឹង​និយាយ​អំពី​ស្ថានភាព​របស់​ជន​ក្រី​ក្រ​ក្នុងទីក្រុង​ភ្នំពេញ​និង​សិទ្ធិ​ក្នុង​ការ​រស់​នៅ​របស់​ពួក​គេ ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ក្រីក្រ​ចេញ​ពី​លំនៅដ្ឋាន​និង​ទាមទារ​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​នៅ​សេសសល់។

នេះ​បើយោង​តាម​អ្នកស្រី​ ស៊ា ណារ៉េត ​សមាជិក​មួយ​រូប​នៃ​គណៈកម្មការ​រៀបចំ​ការ​ដង្ហែរ​ក្បួន​របស់​ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​ដែល​បាន​ចូល​ប្រជុំ​ជាមួយ​លោក​អភិបាល​រង​សាលា​រាជ​ធានីភ្នំពេញលោក ឃុន ស្រេង។

«គេ​ថា​ប្រសិន​បើ​យើង​ហ៊ាន​ធ្វើ​ យើង​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង​ប្រសិន​បើ​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង។​ គេ​គំរាម​យើង​បែប​នេះ»។

​អ្នកស្រី​ ស៊ា ណារ៉េត ​បាន​ហៅ​បម្រាម​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ​ថា ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​មួយ។

«សាលា​ក្រុង​បិទ​សិទ្ធិ​សេរីភាព​ពួក​ខ្ញុំ​ដែល​ខ្ញុំ​ប្រារព្ធ​ពិធី​ខួប​សិទ្ធិ​លំនៅដ្ឋាន​នេះ។​ ប៉ុន្តែ​ពួក​ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ​ធ្វើ​ដដែល​ពី​ព្រោះ​តំបន់​ដី​ក្រហម​នេះ​គឺ​ជា​តំបន់​ដែល​ក្រុម​ប្រជា​ពលរដ្ឋ​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែរ»។

​មាន​ប្រជាពលរដ្ឋ​ជាង​១.៧០០​គ្រួសារ​ត្រូវ​បណ្តេញ​ចេញ​ពី​តំបន់​ដី​ក្រហម​នេះ។

យោង​តាម​របាយការណ៍​របស់ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋានដែល​ជា​អង្គការ​ក្នុង​ស្រុក​មួយ​ មាន​ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​យ៉ាង​តិច​១០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​ជាង​២លាន​នាក់​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​រហូត​មក​ទល់​ពេល​នេះ។

​លោក​ ឡុង ​ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ដោយសារ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ជា​ច្រើន​ដង​ហើយ​ត្រូវ​កាត់​ផ្តាច់​ទៅ​វិញ។

​ទោះ​ជាយ៉ាង​ណាបើ​យោង​តាម​តំណាង​ក្រុម​ប្រជាពលរដ្ឋ​និង​លោក​ សៀ ភារម្យ ​នាយក​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋានដែល​បាន​ចូល​ប្រជុំ​ជាមួយ​លោក​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​ ឃុន ស្រេង ​បាន​ឲ្យ​ដឹង​ថា​លោកអភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​លើក​ហេតុផល​នៃ​ការ​ហាម​ឃាត់​នេះដោយ​សំអាង​លើ​ការ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​និង​ការ​រៀបចំ​សន្តិសុខ។

មួយ​វិញ​ទៀត​លោក​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ជាង​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ដី​ក្រហម។

លោក​សៀ ភារម្យ ​រិះ​គន់​ថា​សាលា​រាជធានី​ភ្នំពេញ​មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​លើ​ការ​ប្រមូល​ផ្តុំ​នេះ។

«ខ្ញុំ​គិត​ថា​ជា​រឿង​អសមត្ថភាពនិង​ក្តី​បារម្ភ​របស់​គាត់​ច្រើន​ជាង»។

លោក​ឡាត់ គី​ ប្រធាន​ផ្នែក​ដីធ្លី​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុកយល់​ថា​រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​ប្រជាពល​រដ្ឋ​ជន​រង​គ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​ទៅវិញ​ទេ។​

«បើ​សិន​រាជរដ្ឋាភិបាល​ខ្លួន​ឯង​មិន​បាន​ធ្វើ ​ហើយ​បង​ប្អូន​សហគមន៍​មាន​គំនិត​ផ្តួច​ផ្តើម​ធ្វើ​ គួរ​តែ​ថ្លែង​អំណរគុណ​ដល់​ពួក​គាត់ ​ដែល​ពួក​គាត់​មិនភ្លេច ​ពួក​គាត់​ចង​ចាំ​ហើយ​ពួក​គាត់​រំលឹក​នូវ​ទិវា​ពិភពលោក​ហើយ​ក្នុង​នាម​ប្រទេស​មួយ​ក្នុង​ពិភព​លោក​ដែរ​រាជរដ្ឋា​ភិបាល​គួរ​តែ​អបអរសាទរ ​មិន​គួរ​រឹត​ត្បិត ​មិន​គួរ​ភ័យ​ព្រួយ​មិន​គួរ​បដិសេធ»។

យោង​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ​បង្ហាញ​ថាប្រជាពលរដ្ឋ​រងគ្រោះ​និង​ទទួល​រងផល​ប៉ះពាល់​ដោយសារ​ទំនាស់​ដីធ្លី​បាន​កើន​ដល់​ជាង​៧៧០.០០០​នាក់​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​ចុងក្រោយ​នេះ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ក្នុ​ងខែ​នោះ​ដែរ​បាន​បង្ហាញ​ពី​ការ​ទទួល​ស្គាល់​ថា​មាន​វិបត្តិ​នៃ​ជម្លោះ​ដីធ្លី​កើត​ឡើង​ក្នុង​ប្រទេស។ ​ក៏​ប៉ុន្តែ​លោក​បាន​អះអាង​ថា ​ញតិ្ត​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​មិន​បាន​ធ្លាក់​ដល់​ដៃ​របស់​លោក​ ហើយ​លោក​មិន​បាន​ដឹង​នោះទេ៕

XS
SM
MD
LG