ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​បន្ត​ដាក់​ញត្តិ​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីព​និង​កម្មករ


អ្នក​ស្រី​ ធីតា ឃឹស​ នាយិការ​អង្គការ​សីលកា​ ប្រគល់​ញត្តិ​ដល់​តំណាង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣ ខែ​មករា ឆ្នាំ​២០១៤។ (ហេង រស្មី/វីអូអេ)
អ្នក​ស្រី​ ធីតា ឃឹស​ នាយិការ​អង្គការ​សីលកា​ ប្រគល់​ញត្តិ​ដល់​តំណាង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣ ខែ​មករា ឆ្នាំ​២០១៤។ (ហេង រស្មី/វីអូអេ)
តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​ជិត​២០០​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​បន្ត​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​សំខាន់ៗ​មួយ​ចំនួន​ទៀតបើ​ទោះ​បី​ជា​កាល​ពី​ពីរ​ថ្ងៃ​មុន​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ប្រធាន​សហជីព​និង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​១១​នាក់​យក​ទៅ​ឃុំឃាំង​មួយ​រយៈ​ពេល​ខ្លី​ដោយ​សារ​តែ​ការ​ខិតខំ​ដាក់​ញត្តិ​ក្នុង​បុព្វហេតុ​ដូច​គ្នា​នេះ​ក៏ដោយ។​

នៅ​ក្នុង​ញត្តិ​ដែល​មាន​ចុះ​ហត្ថលេខា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៨៤​ដែល​មាន​ខ្លឹមសារ​តែ​មួយ​គឺ​ទាមទារ​ឱ្យបណ្តា​ស្ថានទូត​បរទេស​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ជួយ​ដោះលែង​សកម្មជន​សហជីព​និង​ក្រុម​កម្មករ​ចំនួន​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​ឱ្យមាន​សេរីភាព​វិញ។​

ក្បួន​ដង្ហែរ​ដាក់​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​មិន​មាន​ការ​រារាំង​ណា​មួយ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​ដូច​ពី​ពេល​មុន​ទេ ​គឺ​ពួកគេ​បាន​ដើរ​ហែរ​ក្បួន​ដោយ​សន្តិវិធី​តាម​ផ្លូវ​នានា​ទៅ​កាន់​ស្ថានទូត​បរទេស ក៏ប៉ុន្តែ​ក្រុម​មាន​សមត្ថកិច្ច​ខ្លះមិន​អនុញ្ញាត​ឱ្យក្បួន​ដង្ហែរ​ដើរ​តាម​ផ្លូវ​ព្រះ​នរោត្តម​ឆ្ពោះ​ទៅ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​នា​វិមាន​ឯករាជ្យ​ទេ។​

ក្រុម​អ្នក​ចូល​រួម​បាន​កាន់​ផ្ទាំង​រូប​ថតធំៗ​ដែល​មាន​រូបថត​លោក​ វន់ ពៅ​ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ សកម្មជន​សហជីព​ សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ ដោយ​សរសេរ​ទាមទារដោះ​លែង​ពួកគេ​និង​កម្មករ​ទាំង​២៣​មក​វិញ។​

អ្នក​ស្រី​ ធីតា ឃឹស​ នាយិការ​អង្គការ​សីលកា​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័តមាន​នៅ​ពេល​ដែល​ក្បួន​ដង្ហែរ​បាន​មក​ដល់​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ថា​សង្គម​ស៊ីវិល​បាន​មើល​ឃើញ​ថា​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​និង​ការ​ចាប់​ឃុំ​ខ្លួន​ក្រុម​កម្មករ​មិន​មាន​យុត្តិធម៌​ទេ​និង​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទេ។​

អ្នក​ស្រី​និយាយ​ថា៖​ «សង្ឃឹម​ថា​ ស្ថានទូត​៩០​% ធ្វើ​ការ​ដោះស្រាយ​ជាមួយ​ឬ​ក៏​បាន​និយាយ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ហើយ​រដ្ឋាភិបាល​ធ្វើ​ឬ​មួយ​ក៏​មិន​ធ្វើ​នោះ​គឺ​យើង​មាន​សង្ឃឹម​៦៥% ចុះ​ទុក​៣៥%​ថា​តើ​នឹង​មាន​អ្វី​ទៀត?»។​

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ អូស្ត្រាលី​ ថៃ​ និង​ ប្រ៊ុយណេ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​នឹង​អ្នក​កាសែត​ទេគឺ​មាន​តែ​ស្ថានទូត​ស៊ុយអែត​តែ​ប៉ុណ្ណោះ​ដែល​មាន​មន្ត្រី​ម្នាក់​ចេញ​មក​ទទួល​និង​បាន​និយាយ​ថា​ អ្នក​ស្រី​និង​នាំយក​ញត្តិ​នេះ​ទៅ​ដាក់​ជូន​ឯកអគ្គរដ្ឋទូត​ជា​អ្នក​សម្រេច។​

អ្នក​ស្រី​ Kristina Kühnel​ បាន​បញ្ជាក់​ថា៖​ «យើង​បាន​ទទួល​ញត្តិ​ដែល​បាន​ប្រគល់​ឱ្យ​នេះ​ហើយ​ ​ហើយ​យើង​នឹង​ប្រគល់​ញត្តិ​នេះ​ទៅ​ជូន​ឯក​អគ្គរដ្ឋទូត»។​

នៅ​តាម​ផ្លូវ​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​មិន​មាន​កង​កម្លាំង​មាន​សមត្ថកិច្ច​ដាក់​ពង្រាយ​ច្រើន​ក្រាស់​ក្រែល​ដូច​ពេល​មុនៗ​ទេ​គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។​

ក្រុម​អ្នក​ចូល​រួម​ខ្លះ​បាន​ស្រែក​តាម​ផ្លូវ​ឱ្យដោះ​លែង​ក្រុម​សកម្មជន​សហជីព​និង​កម្មករទាំង​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់។​

ស្រ្តី​ម្នាក់​ឈ្មោះ ​ខៀវ ឡៃ​ បាននិយាយ​ថា៖​ «នាង​ខ្ញុំ​ខៀវ​ ឡៃ​ សុំ​ឱ្យដោះ​លែង​ សុំ​ឱ្យអាជ្ញាធរ​ សុំ​ឱ្យ​រដ្ឋាភិបាល​កុំ​ធ្វើ​របៀប​នេះ​ទៀត។​ សុំ​ដោះលែង​គាត់​ជា​បន្ទាន់​ តុលាការ​ត្រូវ​តែ​ឯករាជ្យ​ ខៀវ ឡៃ​មិន​សុខ​ចិត្ត​ត្រូវ​តែ​ដើរ​រហូត​ដល់​អ្នក​ទាំង​២៣​នាក់​ដោះ​លែង​ជា​បន្ទាន់»។​

លោក​ វន់ ពៅ​ ប្រធានសមាគម​អ្នក​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ព្រម​ទាំង​សកម្មជន​បឹង​កក់​និង​កម្មករ​ចំនួន​២២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែមករា​នេះ។​

យ៉ាង​តិច​មាន​ក្រុម​កម្មករ​ចំនួន​៥​នាក់​ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​បាញ់​ស្លាប់​ និង បាញ់​ឱ្យ​របួស​ចំនួន​៤០​ ព្រម​ទាំង​ចាប់​ខ្លួន​២៣​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​មួយ​ទៅ​លើ​ក្រុម​កម្មករ​នៅ​រោងចក្រ​យ៉ាក​ ជីង​ និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ក្រុង​ភ្នំពេញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG