ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គជប​ទុក​ប្រាំ​ថ្ងៃ​ឲ្យ​គណបក្ស​ផ្តល់​ភស្តុតាង​ស្តីពី​ភាព​មិន​ប្រក្រតី


សមាជិក​នៃ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អង្គុយ​​នៅ​ឯ​ស្ថានីយ៍បោះឆ្នោត​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​វត្ត​មួយ​​នៅ​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ២០១៣។
សមាជិក​នៃ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អង្គុយ​​នៅ​ឯ​ស្ថានីយ៍បោះឆ្នោត​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​វត្ត​មួយ​​នៅ​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ២០១៣។
ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​បាន​ទុក​រយៈពេល​ប្រាំ​ថ្ងៃ​ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ផ្តល់​ភស្តុតាង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​មុន​នឹង​សម្រេច​ប្រកាស​លទ្ឋផល​ជាលើក​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០​ខាង​មុខ​នេះ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា រយៈពេល​នេះ​មាន​ចំនួន​តិចតួច​ពេក​ដែលធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ភាព​លំបាក​ក្នុង​ការ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​គ្រប់​គ្រាន់​ស្តី​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។

លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​និយាយ​ថា ចាប់​ពី​ថ្ងៃទី​២​រហូត​ដល់​ថ្ងៃទី​៦ ខែសីហា​ខាង​មុខនេះ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ក៏ដូច​ជា​ភាគី​ពាក់​ព័ន្ឋ​ត្រូវ​ដាក់​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​អំពី​ការ​បោះឆ្នោតនេះ​នៅ​គណៈកម្មការរៀប​ចំការ​បោះ​ឆ្នោត​ថ្នាក់​រាជធានី​និង​ខេត្ត និង​គជប​មិន​ឲ្យ​ហួស​រយៈពេល​ប្រាំ​ថ្ងៃ។

លោក​និយាយ​ថា «គណៈកម្មាធិការ​ជាតិ​រៀប​ចំបោះ​ឆ្នោត​និង​ត្រួត​ពិនិត្យ​របាយ​ការណ៍​ទាំង​អស់​នេះ​បន្ទាប់​មក​យើង​នឹង​ចាត់​វិធាន​ការណ៍​ដោះ​ស្រាយ​ទៅ​តាម​កម្រិត​នៃ​បញ្ហាហើយ​ការ​រៀបចំនេះ យើង​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ​អ្នក​អង្កេត​ការណ៍​ជាតិ​និង​អន្តរជាតិ​ចូល​រួម​ពិនិត្យ​ទាំង​អស់​គ្នា»។

យោង​តាម​លទ្ឋផល​បោះឆ្នោត​ជា​បឋម គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​គ្រប់​គ្រង​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​បាន​ទទួល​សំឡេង​ចំនួន​៦៨​អសនៈ​ចំណែក​ឯគណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​ចំនួន​៥៥​អសនះ។

គណបក្ស​សង្គ្រោះ​ជាតិ​ទើប​តែ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​ជាអ្នក​ទទួល​ជ័យ​ជម្នះ​ដោយ​ទទួល​បាន​អសនៈ​ក្នុង​រដ្ឋសភា​យ៉ាង​តិច​ចំនួន​៦៣​ដែល​លទ្ឋផល​នេះ​ផ្ទុយ​ពី​ការ​ប្រកាស​របស់​គណបក្ស​ប្រជាជន។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាត់​ចោល​លទ្ឋផល​របស់​គណបក្ស​គ្រប់​គ្រង​អំណាច​តាំង​ពី​ដំបូង​ទី​ដោយសារ​តែ​ការ​បោះ​ឆ្នោត​លើក​នេះ​គណបក្ស​ប្រឆាំង​បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរជា​ច្រើន។

លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា ប្រាំ​ថ្ងៃ​គឺ​ជា​រយៈ​ពេល​តល់​ក្រហល់​ពេក​ដែល​គណបក្ស​របស់​លោក​ពុំ​មាន​ពេល​វេលា​គ្រប់​គ្រាន់ទេ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​យឹម​ សុវណ្ណ​បាន​និយាយ​ថា ​គណបក្ស​កំពុង​ខិត​ខំប្រមូល​ភស្តុតាង​ដើម្បី​ដាក់​ជួន​គជប។​លោក​បញ្ជាក់​ថា «រយៈ​ពេល​នេះ​ខ្លី​បំផុត​ដែល​យើង​ពិបាក​ក្នុង​ការ​ប្រមូល​បាន​ភស្តុតាង​និង​របាយការណ៍​ផ្សេង​ៗ​ដើម្បី​ដាក់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»។​

កាល​ពី​ថ្ងៃ​ពុធ គណបក្ស​សង្គ្រោះជាតិបាន​ចាប់​ផ្តើម​ប្រមូល​ភស្តុតាង​ស្តី​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ដើម្បី​ដាក់​ទៅ​កាន់​គជប។​

លោក​ ជាម យៀប​ សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​មិន​ទាន់​បាន​ទទួល​ពីការ​ណែនាំ​ពី​គជប​នៅឡើយទេ។ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា យើង​បាន​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​ដាក់​ជួន​គជបឲ្យ​បាន​តាម​ថ្ងៃ​កំណត់។

«ប៉ុន្តែ​យើង​មាន​ភស្តុតាង។ យើង​មាន​របាយការណ៍​ជាក់​ស្តែង​នៅ​តាម​មូលដ្ឋាន​ផ្សេងៗ​បណ្តើរៗ​ហើយ​បាទ»។

ប្រជាពលរដ្ឋ​ដែល​បាន​ចូល​រួមបោះឆ្នោត​ដើម្បី​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អណត្តិ​ទី​៥​នេះ​មាន​ចំនួន​ជាង​៦លាន​និង​៧សែន​នាក់​គឺ​ស្មើ​ប្រមាណ៦៩,​៥៨​%​នៃ​ចំនួន​ដែល​បាន​ចុះ​ឈ្មោះ​សរុប​ចំនួន​៩​លាន​និង​៦សែន​នាក់​។

ក្នុង​ពេល​ដែល​គជប​ទាម​ទារ​ឲ្យ​គណបក្ស​នយោបាយ​បង្ហាញ​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ីនិង​លោក​កឹម សុខា​បាន​ដឹក​នាំសមាជិក​របស់​ខ្លួនចំនួន​១៦​រូបចូល​គាល់​ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ។​

បន្ទាប់​ជួប​ជាមួយ​ព្រះ​មហាក្សត្រ​ លោក​យឹម សុវណ្ណ បាន​និយាយ​ថា មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​គ្រាន់​តែ​ចូល​ក្រាប​បង្គុំ​គាល់​ព្រះ​មហាក្សត្រ​និង​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ឋ​ព្រះ​បរម​រតនកោដិ​សម្តេច​ឪ​នរោត្តម ស៊ី​ហនុ តែ​ប៉ុណ្ណោះ៕
XS
SM
MD
LG