ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ទាមទា​ឱ្យ​ដកលោក​អភិបាល​ខេត្ត​អេង ប៊ុនហៀង


 រូប​សំណាក់​គោ​ព្រៃ​ដែល​ជា​និមិត្ត​រូប​នៃ​ខេត្ត​មណ្ឌល​គិរី ក្រុង​សែន​មនោរម្យ​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)
រូប​សំណាក់​គោ​ព្រៃ​ដែល​ជា​និមិត្ត​រូប​នៃ​ខេត្ត​មណ្ឌល​គិរី ក្រុង​សែន​មនោរម្យ​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្ត​មណ្ឌល​​​​គិរី​បាន​តវ៉ា​ទាមទារ​សុំ​ដក តំណែង​អភិបាល​ខេត្ត​នេះ​ ដែល​ចោទ​ប្រកាន់​ថា​ លោក​បាន​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ជួបជុំ​សម្តែង​មតិ ​និង​ការ​ធ្វើ​ជាម្ចាស់​ដី​ធ្លី​។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​តវ៉ា​ទាមទារ​សុំ​ដក តំណែង​អភិបាល​ខេត្ត​នេះ​ ដែល​ចោទ​ប្រកាន់​ថា​ លោក​បាន​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ជួបជុំ​សម្តែង​មតិ ​និង​ការ​ធ្វើ​ជាម្ចាស់​ដី​ធ្លី​ បន្ទាប់​ពីលោក​បាន​ឡើង​កាន់​តំណែង​ជិត​មួយ​អណត្តិ​ គឺ​ចាប់​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​មក។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​តំណាង​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ពូនង​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅក្នុង​ខេត្ត​មណ្ឌល​គិរី។​

ការ​ទាម​ទារឲ្យ​មាន​ការ​ដក​ហូត​តំណែង​នេះ​បាន​កើត​ឡើង​នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភព​លោក​លើក​ទី​៣០​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃច័ន្ទ​នៅ​រាជធានី​ភ្នំពេញ​ ​ដោយ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​លំនៅ​ដ្ឋាន​ ហើយនឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​រងគ្រោះ​ពី​ការ​បណ្តេញ​ពី​ផ្ទះ​សម្បែង​ដោយ​អាជ្ញាធរ។​

លោក​ គ្រើង តុលា​ វ័យ​២៦​ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពូនង​ចំនួន​៨៩០​នាក់​ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​មក​ដល់​ក្រសួង​មហា​ផ្ទៃ​ រដ្ឋសភា​ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ប្រាំ​ពីរ​ផ្សេង​ទៀត​ មាន​ប្រសាសន៍​ប្រាប់​VOA ​ថា​ ការ​ប្តឹង​នេះ​ គឺ​កើត​ចេញ​ពី​ការ​ឈឺចាប់​របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ទាំង​នោះ​ ដោយ​សិទ្ធិ​មូលដ្ឋាន​ និង​សាកល​របស់​ពួក​គេ​ត្រូវ​បាន​រំលោភ​បំពាន​ជាច្រើន​ដង។​ លោក​ថ្លែង​ថា​៖

«ចាប់​តាំង​ពី​ឯក​ឧត្តម​អេង​ ប៊ុន​ហៀង​ឡើង​កាន់​តំណែង​រហូត​ដល់​បច្ចុប្បន្ន​ មាន​ការ​រំលោទ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​ច្រើន​លើក​ច្រើនសារ​ ហើយ​មាន​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ក្តី​ ​ឬសេដ្ឋ​កិច្ចក្តី​ មាន​ការ​កើន​ឡើង​ ដោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទៅ​លើ​វប្បធម៌​ដូច​ជា​ដី​កប់​ខ្មោច​ ដី​អារក្ស ដី​គ្រោង​ទុក​ អញ្ចឹង​រាល់​សកម្ម​ភាព​របស់​ក្រុមហ៊ុន​សម្បទាន​ គាត់​មិន​ដែល​សហការ​ជាមួយ​ប្រជា​ពលរដ្ឋ ​សិក្សា​តំបន់​មួយៗ»​។​

លោក​បន្ត​ថា​ ប្រជាពលរដ្ឋ​កាន់​តែ​ឈឺចិត្ត​មែន​ទែន​ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ខេត្ត​មិន​ឲ្យ​រៀប​ចំ​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​ កាល​ពី​ខែ​សី​ហា​កន្លង​ទៅ​ ដែល​ពេល​នោះ​អាជ្ញាធរ​មាន​ទាហាន​ និង​ប៉ូលិស​ជាង​២០​នាក់​ ​មិន​អនុញ្ញាត​ឲ្យពួក​គាត់​ជួប​ជុំ​ប្រារព្ធ​ទិវា​លក្ខណៈ​អន្តរជាតិ​នេះ​ទេ។​

លោក គ្រើង តុលា ​បន្ថែម​ថា​៖​

«លោក​មេប៉ុស្តិ៍​បាននិយាយ​ថា​ បើ​ហ៊ាន​សង់​រោង​ ដើម្បី​ប្រារព្ធ​ហ្នឹង​ គាត់​នឹង​ដុត​ឡាន​ដែល​យើង​ដឹក​រោង​ ហើយនឹង​គាត់​នឹង​ដុត​រោង​ហ្នឹង​ចោល»។​

លោក​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​ទាំង​អស់​នេះ​ រំពឹង​ទុក​ជាមុន​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នឹង​ពិចារណា​លើការ​ដក​តំណែង​លោក​ អេង ប៊ុនហៀង​ ដើម្បី​ការពារ​ដល់​ភាព​ស្អាត​ស្អំ​នៃ​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ដែល​ពុំបាន​បំពាន​សិទ្ធិ​ជន​ជាតិដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ទោះបី​ជា​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​យ៉ាង​នេះ​ក៏ដោយ​ លោក​អភិបាល​ខេត្ត​មណ្ឌល​គិរី​អេង​ ប៊ុនហៀង​ បាន​ថ្លែង​ថា​ លោក​មិនទាន់​បាន​ឃើញ​បណ្តឹង​នេះ​ទេ​ ហើយ​ថា​លោក​មិន​បារម្ភ​ពី​ការ​បាត់​បង់​តំណែង​របស់​លោក​ដែរ។​ លោក​និយាយថា​៖​

«ខ្ញុំ​ហ្នឹង​គ្មាន​ព្រួយ​បារម្ភ​អ្វី​ទេ​ ខ្ញុំនឹក​ឃើញ​ថា​ ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ជាមួយ​ពួកគាត់​ផង។​ មាន​តែ​គាត់​ចេះ​តែ​ជឿ​តាម​ការ​ញុះ​ញង់​របស់​គេ​អញ្ចឹង​ទៅ​ រួច​ចេះ​តែ​ថា​ ដី​ពាក់​ព័ន្ធ​ដី​សម្បទាន​សេដ្ឋ​កិច្ច​នៅ​កន្លែង​ណា​ខ្លះ​ឥឡូវនេះ​ ព្រោះ​រាជរដ្ឋាភិបាល​គេ​បាន​កាត់​អាណា​ដែល​ពាក់​ព័ន្ធ​ ឥឡូវ​ហ្នឹង​គេបាន​លុប​ចោល​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ហើយ»។​

ទាក់​ទិន​ការ​ចោទ​ថា​ អាជ្ញាធរ​ខេត្ត​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជន​ជាតិដើមភាគ​តិច​ប្រារព្ធទិវា​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កាល​ពី​ខែសីហា​ លោក​អភិបាល​ខេត្ត​ថ្លែង​ថា​ ប្រជាពលរដ្ឋ​ទាំងនោះ​ បាន​ធ្វើ​ការ​ប្រារព្ធ​ទិវា​នេះ​ខុស​ពី​ទីតាំង​ដែល​ពួក​គេ​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត។​

ដោយ​ឡែក​លោក​ សុក រដ្ឋា​ ​មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ Adhoc ​ឲ្យ​ដឹងថា​ ការលើក​ឡើង​របស់​លោក​អភិបាល​ខេត្ត​ដែល​ថា​ប្រជាពលរដ្ឋ​ទាំង​នោះ​ជឿតាម​ការ​ញុះញង់​របស់​ក្រុម​ឬ​បុគ្គល​ណាមួយ ​ដើម្បី​ធ្វើ​ការ​តវ៉ា​ គឺ​ជា​ការ​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អាជ្ញា​ធរ ​និង​ប្រជាពលរដ្ឋ​ ដោយ​លោក​ថ្លែង៖​

«ភាសា​ដែល​គាត់​លើក​ឡើងនេះ​ គឺ​ជា​ភាសា​ជះ​ទឹក​ដាក់​គ្នា​ មិន​មែន​ភាសា​ ក្នុង​នាម​អា​ជ្ញាធរ​រដ្ឋ តំណាង​ឲ្យ​រាស្រ្ត​ បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ត្រឹម​ត្រូវទេ។ តាម​ពិតបើ​គាត់​លើក​ឡើង​អញ្ចឹង​ គឺ​វា​មិន​ត្រឹម​ត្រូវ​ទេ។​ អញ្ចឹង​ប្រជាពលរដ្ឋ​ដែល​យើង​ឃើញ​ថា​ សព្វ​ថ្ងៃ​កន្លង​ ហើយធៀប​នឹង​បច្ចុប្បន្ន ​និង​អតីតកាល​ វា​ខុស​គ្នា​ឆ្ងាយ​ត្រង់ថា​ អតី​តកាល​ពួក​គាត់​ទទួលបាន​ការ​បណ្តុះ​បណ្តាល​ការ​រៀន​សូត្រ ហើយ​និង​ផ្នែក​អប់រំ​ផ្សេងៗ​គឺ​នៅ​មាន​កម្រិត។​ ប៉ុន្តែ​ឥឡូវនេះ​ បច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ ពួកគាត់​មាន​ការ​យល់​ដឹង​អំពី​ផ្លូវ​ច្បាប់ យល់​ដឹង​អំពី​សិទ្ធិមនុស្ស​ យល់​ដឹង​អំពី​សិទ្ធិ​ជន​ជាតិ​ដើម​របស់​ពួក​គាត់​ អញ្ចឹង​គាត់​នាំ​គ្នា​ប្រើ​សិទ្ធិ​របស់​គាត់ដែល​ស្រប​ទៅ​តាម​ច្បាប់​បាន​ចែង​ឲ្យ​គាត់​ជា​ពិសេស​គឺច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​សេចក្តី​ប្រកាស​ជា​សាកល​ស្តី​អំពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច»។

ខេត្ត​មណ្ឌល​គិរី​នេះ​ជា​ខេត្ត​ដាច់​ស្រយាល​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា។ ខេត្ត​នេះត្រូវ​បាន​គេ​ស្គាល់​សព្វ​ថ្ងៃ​នេះ​ថា​ ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​ដំណើរ​កម្សាន្ត​ព្រៃ​ព្រឹក្សា ​ហើយ​ក៏​ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​សត្វ​ព្រៃ​ និង​ទឹក​ជ្រោះ​ធម្ម​ជាតិ​ផង​ដែរ។​ ទេសភាព​ពណ៌​បៃតង​ដ៏​ស្អាត​ ​ភ្នំ​ព្រៃ​ ​ដី​ពណ៌​ក្រហម​ និង​កន្លែង​ដែល​កុល​សម្ព័ន្ធ​ភ្នំ​ជនជាតិ​ដើម​ភាគតិច​រស់​នៅ​តាម​បែប​ប្រពៃណី​នេះ​គឺ​ជា​កត្តា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ។

ក៏ប៉ុន្តែ​ ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិចនៅ​ក្នុង​ខេត្តមណ្ឌល​គិរី​ មិន​ត្រឹម​តែ​មើល​ឃើញ​សោភ័ណ​ភាព​ស្រស់​បំព្រងនៃ​ខេត្ត​របស់​ពួក​គេ​ទេ​ តែ​ពួកគេ​ក៏បាន​មើល​ឃើញ​ថា​ សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ និង​សិទ្ធិ​ការ​ពារ​ដីធ្លី​ ត្រូវ​បាន​អាជ្ញាធរ​រំលោភ​បំពានពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ នេះ​បើតាម​បញ្ជាក់​ពី​សកម្ម​ជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។​ សកម្ម​ជន​សិទ្ធិ​មនុស្ស​ក៏​ឲ្យ​បាន​ដឹងដែរ​ថា​ អាជ្ញាធរ​កាន់​តែរឹតបន្តឹង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​មែន​ទែន​ ពី​ព្រោះ​សូម្បី​តែ​ការ​ទៅចូលរួម​បណ្តុះ​បណ្តាល​ជាមួយ​នឹង​ក្រុម​សង្គម​ស៊ីវិល​ក៏​អាជ្ញាធរ​រារាំង​ដែរ៕

XS
SM
MD
LG