ភ្នំពេញ —
ក្រុមប្រទេសជឿនលឿនប្រជាធិបតេយ្យសំខាន់ៗបានសម្រេចចិត្តមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាទេ ប៉ុន្តែប្រទេសទាំងនោះពុំបានបញ្ជាក់ពីមូលហេតុជាក់លាក់ទេ។
អ្នកស្រីប៉ុក ពូន អ្នកនាំពាក្យនៃប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា បានប្រាប់វីអូអេ ខេមរភាសាតាមសារអេឡិចត្រូនិកថា សហគមន៍អឺរ៉ុបនឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅកម្ពុជានៅថ្ងៃទី២៨ខែកក្កដានេះទេ។
អ្នកស្រីបញ្ជាក់ថា មូលហេតុជាផ្លូវការនោះគឺដោយសារបញ្ហាហិរញ្ញវត្ថុ។ ក៏ប៉ុន្តែការណ៍ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនព្រមធ្វើតាមអនុសាសន៍របស់សហគមន៍អឺរ៉ុបអាចជាដើមហេតុនៃការមិនបញ្ជូនអ្នកសង្កេតការណ៍អឺរ៉ុបមកកាន់កម្ពុជាដែរ។
អ្នកស្រីប៉ុក ពូនបានបង្ហើបឱ្យដឹងថា តាំងពីឆ្នាំ១៩៩៣មក ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរបស់សហគមន៍អឺរ៉ុបបានផ្តល់អនុសាសន៍ជាច្រើនដល់កម្ពុជា ប៉ុន្តែអនុសាសន៍មួយចំនួននៅតែមិនទាន់បានអនុវត្តដោយអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។
សូមបញ្ជាក់ថា អនុសាសន៍របស់អ្នកសង្កេតការណ៍បោះឆ្នោតពីសហគមន៍អឺរ៉ុបចុងក្រោយនៅឆ្នាំ២០០៨ រួមមានការធ្វើឱ្យប្រសើរឡើងនៃការចុះឈ្មោះបោះឆ្នោត ការមិនប្រើធនធានរបស់រដ្ឋសម្រាប់ធ្វើយុទ្ធនាការបោះឆ្នោត លទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាពក្នុងចំណោមបេក្ខជនតំណាងរាស្ត្រនិងគណបក្សនយោបាយ និងសេរីភាពនៃការបញ្ចេញមតិ។
ចំណែកឯលោកសន ម៉ាកឃីនថូស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានតបទៅហ្នឹងសំណួររបស់វីអូអេ ខេមរភាសាតាមសារអេឡិចត្រូនិចដែរថា សម្រាប់អាណត្តិនេះ អាមេរិកក៏នឹងមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជានោះទេ ប៉ុន្តែលោកពុំបានបញ្ជាក់ពីមូលហេតុនោះទេ។
ប្រទេសកម្ពុជា ក្នុងពេលនេះ កំពុងស្ថិតក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ឱ្យដឹងថា ចំនួនអ្នកសង្កេតការណ៍បរទេសមានចំនួនប្រហែល៥០០នាក់ក្នុងការបោះឆ្នោតឆ្នាំ២០០៨ មកពីជាង៤០ប្រទេស រួមទាំងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។
ចំនួនសង្កេតការណ៍អន្តរជាតិនេះ បើតាមស្ថិតិចុងក្រោយពីគ.ជ.ប.បានធ្លាក់ចុះមកត្រឹម៥៨នាក់ប៉ុណ្ណោះ ដែលមកពីប្រទេសឥណ្ឌូនេស៊ី ព្រុយណេ និងណូវែលហ្សេឡង់ និងអង្គការអន្តរជាតិមួយចំនួនទៀត។
ប៉ុន្តែកាលពីម្សិលមិញ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា មានប្រទេសមួយចំនួនផ្សេងទៀតបានសន្យានឹងបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជា ដូចជាប្រទេសភាគច្រើនក្នុងតំបន់អាស៊ាន និងប្រទេសឥណ្ឌាជាដើម។
លោកទេព នីថាគូសបញ្ជាក់ថា ការធ្លាក់ចុះនេះទំនងដោយសារភាពចាស់ទុំនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា និងបញ្ហាហិរញ្ញវត្ថុរបស់ប្រទេសទាំងនោះ។
លោកនិយាយថា៖ «អ្នកសង្កេតការណ៍អន្តរជាតិ គាត់រៀបចំសង្កេតការណ៍នៅប្រទេសណាដែលទើបរៀបចំការបោះឆ្នោតលើកដំបូងៗ ដូចគ.ជ.ប.អញ្ចឹងតាំងពីឆ្នាំ១៩៩៣មក មានអ្នកសង្កេតការណ៍អន្តរជាតិច្រើន ប៉ុន្តែក្រោយមកការរៀបចំរបស់យើងកាន់តែល្អទៅ អ្នកសង្កេតការណ៍អន្តរជាតិមានការធ្លាក់ចុះជាបន្តបន្ទាប់។ ហើយទីពីរវាទាក់ទងនឹងប្រទេសនិងអង្គការដែលផ្តល់អ្នកសង្កេតការណ៍ហ្នឹង គាត់កំពុងជួបបញ្ហាហិរញ្ញវត្ថុរបស់គាត់»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល បានថ្លែងស្រដៀងគ្នានេះដែរ។
ប៉ុន្តែលោកគល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ឱ្យដឹងថាការធ្លាក់ចុះយ៉ាងគំហុកនៃអ្នកសង្កេតការណ៍អន្តរជាតិគឺមកពីការអាកខានរបស់កម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់អ្នកសង្កេតការណ៍មកពីប្រទេសទាំងនោះ។
លោកថ្លែងថា៖ «គេបានប្រកាសហើយថាគេបានមើលឃើញដំណើរការនៃការបោះឆ្នោតហ្នឹងអត់ទាន់បានល្អពេញលេញ។ ហើយគេឱ្យអនុសាសន៍ច្រើនហើយអត់បានយកទៅអនុវត្តអនុសាសន៍គេ ហើយយកអនុសាសន៍របស់គេទុកចោល ដូច្នេះគេគិតថាគេមិនគួរមកសង្កេតការណ៍។ ទីពីរការបោះឆ្នោតត្រៀមលើកមុនគឺមិនសូវល្អ បរិយាកាសមិនត្រឹមត្រូវ ដូច្នេះខ្លះគេបារម្ភដែរ ពេលគេចូលមកសង្កេតមើលទៅ ចេះតែមានរូបភាពយកគេដើម្បីទទួលលទ្ធផលបោះឆ្នោតខ្លួន»។
ទោះបីជាមានវត្តមានអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួនក្តី លោកគល់ បញ្ញា កត់សម្គាល់ឃើញថាអ្នកសង្កេតការណ៍ទាំងនេះភាគច្រើនមិនមែនជាអ្នកសង្កេតការណ៍ជំនាញនោះទេ គឺគ្រាន់តែមកចូលរួមសង្កេតការណ៍ធម្មតាប៉ុណ្ណោះ ដូច្នេះពុំមានតម្លៃជាអន្តរជាតិនោះទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិក៏បានថ្លែងស្រដៀងគ្នានេះដែរ។
លោកយឹម សុវណ្ណបន្ថែមថាការធ្លាក់ចុះនេះអាចនឹងប៉ះពាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនាពេលខាងមុខនេះ ពីសំណាក់សហគមន៍អន្តរជាតិ។
លោកឲ្យដឹងថា៖ «អន្តរជាតិគេធ្វើព្រងើយកន្តើយដោយសារតែខ្លួនមិនព្រមកែទម្រង់ការបោះឆ្នោតរបៀបហ្នឹងហើយ បានជា គេមិនបញ្ជូនអ្នកសង្កេតការណ៍មានន័យថាគេត្រៀមនឹងមិនទទួលស្គាល់រួចខ្លះទៅហើយ។ ហើយគេចាំមើលតទៅទៀត ប្រសិនបើយើងនៅតែបន្តធ្វើឱ្យបាត់ឈ្មោះប្រជាពលរដ្ឋ នៅតែបន្តគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅតែប្រើប្រាស់ធនធានរបស់រដ្ឋដើម្បីបម្រើគណបក្សប្រជាជន នោះគេហ្នឹងពិចារណាហើយរឿងហ្នឹង»។
មានគណបក្សនយោបាយចំនួន៨ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅអាណត្តិទី៥នេះ។ ក្នុងនោះគណបក្សសំខាន់ៗចំនួនពីរត្រូវគេមើលឃើញថា កំពុងតែស្រូបយកការគាំទ្រពីអ្នកគាំទ្របានយ៉ាងច្រើន។គណបក្សពីរនោះគឺគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា និងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕