កូរ៉េខាងជើងនឹងផ្តល់ពានរង្វាន់អន្តរជាតិ គីម អ៊ីលស៊ុង ដល់អតីតព្រះមហាក្សត្រខ្មែរ គឺព្រះករុណា នរោត្តម សីហនុ នៅឱកាសនៃពិធីបុណ្យខួបកំណើត ១០០ឆ្នាំរបស់អតីតមេដឹកនាំអមតៈ គីម អ៊ីលស៊ុង ដោយបានទទួលស្គាល់ព្រះករុណា នរោត្តម សីហនុ ថាបានចូលរួមក្នុងការការពារបូរណភាពប្រទេសជាតិ សម្រេចបានភាពរុងរឿងដល់ប្រជាពលរដ្ឋកម្ពុជា និងសន្តិភាពពិភពលោក ព្រមទាំងពង្រឹងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្រិក៖ មូលនិធិរូបីយវត្ថុអន្តរជាតិ បានយល់ព្រមផ្តល់ប្រាក់កម្ចីថ្មីចំនួន៣៦ពាន់លានដុល្លារ ទៅឲ្យប្រទេសក្រិក ដែលជំពាក់បំណុល ទោះជាមានពិភាល់អំពីការចាត់ចែងនយោបាយសេដ្ឋកិច្ចរបស់ប្រទេសនេះ ជាមួយនឹងប្រាក់កម្ចីពីមុននោះក៏ដោយ។លោកស្រី គ្រឺស្ទីន ឡាហ្គាទ បានថ្លែងកាលពីសប្តាហ៍មុនថា ប្រាក់កម្ចីថ្មី ជាការឆ្លុះបញ្ចាំងពី«ការប្តេជ្ញាក្នុងការជំពាក់ទាក់ទិន»របស់ទីភ្នាក់ងារ ដើម្បីជួយរដ្ឋាភិបាលក្រុង អាថែន ដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន នឹងជួយដំឡើងទ្រព្យសម្បត្តិសេដ្ឋកិច្ចរបស់ក្រិក។
ភូមា៖ ទោះបីជាមានការយល់ស្របថា ភូមាមានការជឿនលឿននៅក្នុងការធានាឲ្យមានបទឈប់បាញ់គ្នាជាមួយក្រុមជនភាគតិចសំខាន់ៗជាច្រើននៅក្នុងប្រទេស តែថាសន្តិភាពនៅក្នុងរដ្ឋកាឆីន នៅមិនទាន់បានសម្រេចទេ។
ថៃ៖ នឹងពិភាក្សាជាមួយកម្ពុជាអំពីលទ្ធភាពនៃការដោះដូរអ្នកទោសគ្នា ដើម្បីនាំយកសកម្មជនថៃ ឈ្មោះ វីរ៉ាស៊ុមខ្វាមឃីត និងនាង រ៉ាទ្រី ភីផាត់តាណាផៃប៊ុន ទៅវិញ ហើយខាងកម្ពុជាអាចនឹងទាមទារយកអ្នកទោសខ្មែរចំនួន៤នាក់មកវិញ។
អាហ្វហ្គានីស្ថាន៖ លោកប្រធានាធិបតី ហាមីទ កាហ្សាយ អំពាវនាវឲ្យកងទ័ពអូតង់ដកថយចេញពីភូមិ ទៅនៅក្នុងមូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីមានការបាញ់សម្លាប់ជនស៊ីវិល១៦នាក់ ដោយទាហានអាមេរិកាំងម្នាក់ នៅភាគខាងត្បូង ក្នុងខេត្តកានដាហារ ក្នុងសប្តាហ៍នេះ ជាមួយនឹងពេលដែលពួកតាលីបាន់ប្រកាស់បញ្ឈប់ការចរចាជាមួយស.រ.អ. រហូតទាល់តែ«អាមេរិកបញ្ជាក់ជំហររបស់ខ្លួនឲ្យច្បាស់អំពីបញ្ហានេះ» រួមទាំងការប្តូរឈ្លើយសង្គ្រាមគ្នាផង។
ប៉ាគីស្ថាន៖ ជនជាតិ ស៊្វីស ពីរនាក់ដែលមានឈ្មោះ អូលីវឺ ដេវីត អូជ និង នាង ដានេឡា វីទមឺ ត្រូវដោះលែងមកវិញ បន្ទាប់ពីបានជាប់ការឃុំឃាំងរបស់ជនសកម្មប្រយុទ្ធតាលីបាន់អស់ពេលជាង៨ខែដោយបានអះអាងថាត្រូវបានគេមេបញ្ជាការពួកតាលីបាន់បង់ប្រាក់លោះដើម្បីឲ្យបានទទួលការដោះលែងអ្នកទាំងពីរនាក់នេះមកវិញ។ តែគេមិនអាចបញ្ជាក់អំពីការអះអាងនេះថាពិតឬមិនពិត បានទេ។
ស៊ីរី៖ សេចក្តីរាយការណ៍ព័ត៌មាននិយាយថា មានមនុស្សយ៉ាងតិច ២៣ នាក់បានបាត់បង់ជីវិត នៅពេលដែលកងកម្លាំងស៊ីរីបន្តការវាយបង្ក្រាបលើក្រុមប្រឆាំងឬ«សំណល់នៃក្រុមភេរវករប្រដាប់អាវុធ» ដែលត្រូវបានហៅដោយបណ្តាញព័ត៌មានរដ្ឋ កាលពីថ្ងៃព្រហស្បត៍នេះ ដែលជាថ្ងៃខួបឆ្នាំទីមួយនៃការបះបោរប្រឆាំងនឹងរដ្ឋាភិបាលលោកប្រធានាធិបតី បាសារ អាល អាសាដ។
កុងហ្គោ៖ រដ្ឋអាជ្ញាជាន់ខ្ពស់ម្នាក់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិថ្លែងថា យោងតាម«លក្ខន្តិកៈក្រុងរ៉ូម» លោកនឹងសុំឲ្យមានការពិន័យទោស«ជិតអតិបរមា»សម្រាប់បុគ្គលឈ្មោះ ថមម៉ាស ឡូបានហ្គា ស្តេចត្រាញ់ជាតិកុងហ្គោ ដែលតុលាការកាត់សេចក្តីឲ្យមានទោសអំពីការកេណ្ឌនិងការប្រើទាហានកុមារក្រោមអាយុ១៥ឆ្នាំ នៅក្នុងសង្គ្រាមស៊ីវិលឆ្នាំ២០០២ និង២០០៣ របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ប៉ាគីស្ថាន៖ លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន យូសូហ្វ រ៉ាហ្សា ហ្គឺឡានី ថ្លែងថា លោកមិនសរសេរលិខិតទៅតុលាការស៊្វីសដើម្បីសុំឲ្យបើកពាក្យបណ្តឹងរឿងពុករលួយឡើងវិញ ប្រឆាំងនឹង លោកប្រធានាធិបតីប៉ាគីស្ថាន អាស៊ីហ្វ អាលី ហ្សារដាយ ទោះបីលោកដឹងថាលោកនឹងអាចជាប់ពន្ធនាគារ៦ខែ ឬទោសមិនធ្វើតាមបញ្ជារបស់តុលាការ ព្រោះអំពើនេះជាបទរំលោភលើរដ្ឋធម្មនុញ្ញប៉ាគីស្ថាន ដូចគ្នានឹងអំពើក្បត់ជាតិ គឺជាអំពើឧក្រិដ្ឋមួយដែលអាចទទួលទោសប្រហារជីវិត។
អេត្យូពី៖ និយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើមូលដ្ឋានយោធាមួយនៅក្នុងប្រទេសអេរីទ្រេ ជាសត្រូវរបស់ខ្លួន នៅក្នុងសកម្មភាពមួយដែលអេត្យូពី និយាយថាជាការសងសឹកទៅវិញ។