ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ជាមួយ ប្រេដ អាដាមស៍៖ កម្ពុជា​ក្រោម​ការ​ដឹក​នាំ​រយៈពេល​៣០ឆ្នាំ​របស់​លោក ហ៊ុន សែន


លោក ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី។

កំណត់​និពន្ធ៖ កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ប្រព័ន្ធ​នយោបាយ​កម្ពុជា ​នឹង​មិន​រំពឹង​ថា​ កើត​ចេញ​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ទេ នេះ​បើ​យោង​តាម​លោក ប្រេដ អាដាមស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី។ គិត​មក​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​រយៈពេល​៣០​ឆ្នាំ​គត់។ ក្នុង​ឱកាស​ខួប​៣០​ឆ្នាំ​នៃ​ការ​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ចេញ​របាយការណ៍​មួយ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន សែន។ នាង ទែន សុខស្រីនិត នៃ VOA បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក ប្រេដ អាដាមស៍ អំពី​ខ្លឹមសារ​បាយការណ៍​នេះ និង​ទស្សនវិស័យ​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​កម្ពុជា។ សូម​ស្តាប់​ឬ​អាន​បទសម្ភាសន៍​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA: សួស្តី លោក ប្រេដ អាដាមស៍។

Brad Adams: បាទ​ សួស្តី រីក​រាយ​ណាស់​ដែល​បាន​និយាយ​ជាមួយ​អ្នក។

VOA: អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ទើប​តែ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា «៣០​ឆ្នាំ​នៃ​លោក​ ហ៊ុន​ សែន» ហើយ មក​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​មករា គឺ​ជា​ខួប​ទី​៣០​ឆ្នាំ​នៃ​ការ​គ្រប់គ្រងរបស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដូច្នេះ​តើ​លោក​អាច​ពន្យល់​បាន​ដែរ​ឬ​ទេ​ថា តើ​របាយការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អ្វី​ខ្លះ?

Brad Adams: បាទ មិន​មាន​មនុស្ស​ច្រើន​នាក់​ទេ​ក្នុង​ពិភពលោក ដែល​បាន​កាន់​អំណាច​រយៈ​ពេល​៣០​ឆ្នាំ​បាន។ លោក ហ៊ុន សែន ទំនង​បាន​ក្លាយ​ខ្លួន​ជា​មេ​ដឹកនាំ​ទី​៦ ដែល​កាន់​តំណែង​យូរ​បង្អស់​ក្នុង​ពិភពលោក។ មាន​តែ​មនុស្ស​៥​នាក់​ប៉ុណ្ណោះ​ ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេលយូរ​ជាង​លោក ហ៊ុន​ សែន។ នេះ​ជា​រឿង​មិន​ធម្មតា​ទេ។ ហើយ​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ និងមិត្ត​រួម​ការងារ​មួយ​ចំនួន​ បាន​មើល​ឃើញស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​យ៉ាប់​យឺន​ទៅៗ។ កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស កសាង​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ អភិបាលកិច្ច​ល្អ និង​រដ្ឋាភិបាល​ដែល​មាន​តម្លាភាព។ ប៉ុន្តែ អ្វី​ទាំង​អស់​នេះ​បាន​បរាជ័យ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន»។

ដូច្នេះ វា​សំខាន់​ក្នុង​ការ​វិភាគ​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក​ ព្រម​ទាំង​មនុស្ស​ដែល​លោក​គ្រប់​គ្រង មាន​ដូចជា យោធា ប៉ូលិស ក្រុម​អាវុធហត្ថ តុលាការ ដើម្បី​ផ្តល់​ជា​ព្រឹត្តិការណ៍​ជាក់​ស្តែង និង​ការ​វាយ​តម្លៃ​លើ​ព្រឹត្តិការណ៍​ទាំង​នោះ។

VOA: លោក​បាន​និយាយ​ថា របាយការណ៍​នោះ​ពិនិត្យ​មើល​ប្រវត្តិ​សិទ្ធិ​មនុស្ស​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន​ សែន។ ដូច្នេះ សូម​លោក​រៀបរាប់​ប្រវត្តិ​នេះ​បន្តិច?

Brad Adams: បាទ យើង​បាន​មើល​ទាំង​ពេល​លោក​កាន់​អំណាច​ និង​ប្រវត្តិ​របស់​លោក ហ៊ុន​ សែន ​អំពី​កុមារភាព​របស់​លោក​នៅ​ខេត្ត​កំពង់ចាម​ និង​អំឡុង​ពេល​លោក​ធ្វើ​ការ​ឲ្យ​ខ្មែរក្រហម ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា។ ​លោក ​គឺ​ជា​អតីត​អ្នក​តស៊ូ​ប្រយុទ្ធ​ឲ្យ​ខ្មែរ​ក្រហម។ លោក​ធ្លាប់​ធ្វើ​ជា​មេ​បញ្ជាការ​ខ្មែរ​ក្រហម​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម ដែល​មាន​ហេតុការណ៍​អាក្រក់​មួយ​ចំនួន​បាន​កើត​ឡើង​ ដែល​យើងបាន​ចាត់​ទុក​ថា​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដូច​ដែល​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​មេ​ដឹកនាំ​ខ្មែរ​ក្រហម។ លោក​ ហ៊ុន​ សែន​ ធ្លាប់​មាន​ឋានន្តរសក្តិ​មធ្យម​មួយ​ នៅតំបន់​មួយ​ក្នុង​ខេត្ត​កំពង់ចាម ដែល​នៅ​ទី​នោះមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ រួម​មាន ការ​សម្លាប់​យ៉ាង​រង្គាល​មក​លើ​ប្រជាជន​ស៊ីវិល និង​ជនជាតិ​ភាគ​តិច​ចាម។ ខ្ញុំ​គិត​ថា​ ការ​ស្រាវជ្រាវ​នេះ​អាចនឹងមាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា។ យើង​មិនចោទ​ប្រកាន់​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ ប៉ុន្តែ​លោក​ មាន​តួនាទី​ជា​អាជ្ញាធរ​ នៅ​កន្លែង​ដែល​មាន​ហេតុការណ៍​អាក្រក់​បាន​កើត​ឡើង ដូច្នេះ វា​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម។ របាយការណ៍​នោះ ក៏​និយាយ​ពីការ​ជ្រៀត​ជ្រែក​របស់​លោក​ ហ៊ុន​ សែន​ ក្នុង​ការងារ​របស់សាលាក្តី​ខ្មែរក្រហម ហើយ​លោក​បាន​និយាយ​ជា​សាធារណៈ​ថា នឹង​មិន​មាន​ការ​កាត់​ក្តី​បន្ថែម​ទៀត​ទេ ក្រៅ​ពី​ នួន ជា​ និង​ ខៀវ​ សំផន ដែល​កំពុង​តែ​ត្រូវ​បាន​កាត់​ក្តី។ ហើយ​យើង​យល់​ថា វា​មិន​ត្រឹម​ត្រូវ​ទេ។ វា​គួរ​តែ​មាន​ភស្តុតាង​កំណត់ ​ថា​អ្នក​ណា​នឹង​ត្រូវនាំ​មក​កាត់​ទោស។ ​ផល​វិបាក​មួយ​គឺ​ថា​ លោក​ ហ៊ុន សែន​ បាន​រារាំង​ការ​ស៊ើប​អង្កេត ​និង​ការ​កាត់​ក្តី​បន្ថែម និង​គ្មាន​ការ​ស៊ើប​អង្កេត​អំពី​អ្វី​ដែល​កើត​ឡើងនៅ​ខេត្ត​កំពង់ចាម ដែល​លោក ហ៊ុន សែន បម្រើ​ទ័ព​នៅ​ទី​នោះ និង​នៅ​តំបន់​ភាគ​ខាង​កើត​ ដែល​មាន​លោក​ ហេង​ សំរិន ​និង​លោក ជា​ ស៊ីម បាន​បម្រើ​ទ័ព​នៅ​ទីនោះ​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​ទេ។ ហើយ​មាន​ការ​ចោទ​ប្រកាន់​មក​លើលោក​ ហេង​ សំរិន និង​លោក ជា​ ស៊ីម ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ។

របាយ​ការណ៍​ក៏​ពិនិត្យ​មើល​គម្រោង​ «ក៥» របស់​រដ្ឋាភិបាល​កម្ពុជា​ នៅ​ពេល​ដែល​លោក​ ហ៊ុន សែន ​ទើប​តែ​បាន​ឡើង​ជា​នាយករដ្ឋមន្រ្តី​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​៨០។ អាជ្ញាធរ ​និង​កងទ័ពវៀតណាម​បាន​សហការ​ជាមួយ​នឹង​កងទ័ព​កម្ពុជា ​ដើម្បី​បង្កើត​របាំង​ការពារ​តាម​បណ្តោយ​ព្រំដែន​ថៃ។ នេះ​គឺជា​គម្រោង «ក៥»។ ពិត​ណាស់ ​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​ពី​ខ្មែរ​ក្រហម ហើយ​យើង​គាំ​ទ្រ​ ដែល​ថា​ខ្មែរ​ក្រហម​ត្រូវ​តែ​បរាជ័យ។ ប៉ុន្តែ ​គម្រោង​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ ដោយ​បង្ខំ​ឲ្យ​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ទៅ​ព្រំដែន ​ដើម្បីសាងសង់​របាំង​នោះ នៅ​ក្នុង​តំបន់​ដែល​មាន​គ្រាប់​មីន ហើយ​មាន​មនុស្ស​ស្លាប់ និង​ពិការ​ដោយ​សារ​ការ​ផ្ទុះ​មីន។ ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​ស្លាប់​ពី​ជំងឺ​គ្រុនចាញ់​ ព្រោះ​គ្មាន​ការ​ការពារ​គ្រប់​គ្រាន់។ គ្មាន​ការ​ថែ​ទាំ​សុខភាព គ្មាន​ម្ហូប​គ្រប់​គ្រាន់ និង​ការ​រហ្វឹកហ្វឺន​ឲ្យ​បាន​គ្រប់​គ្រាន់​ទេ។ ហើយ​គម្រោង​ក៥​នេះ​ ពិត​ជា​មិន​បាន​ទទួល​ការ​គាំទ្រ​ទាល់​តែ​សោះ​នៅ​កម្ពុជា។ មាន​មន្ត្រី​ថ្នាក់​កំពូល​ម្នាក់​ដែល​ធ្វើ​ការ​ជិត​ស្និទ្ធ​នឹង​លោក​ ហ៊ុន​ សែន និយាយ​ថា​ គម្រោង​នេះ​គ្មាន​ប្រជាប្រិយភាព​ទេ ហើយ​វា​ស្ទើរ​តែ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​សារ​ប្រជាជន​បាន​ខឹង​សម្បារ​ខ្លាំង ហើយ​លោក​ ហ៊ុន សែន​ គឺ​ជា​នាយក​រដ្ឋមន្រ្តី ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ ព្រោះ​លោក​គឺ​ជា​អ្នក​អនុវត្ត និង​បញ្ជា​ឲ្យ​គម្រោង​នេះ​ដំណើរការ ហើយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​ប្រជាជន។

VOA: ទោះបី​ជា​លោក​មាន​ប្រវត្តិ​អនុវត្ត​សិទ្ធិ​មនុស្ស​មិនល្អ​ក្តី ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ កម្ពុជាមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់នៅ​ក្នុង​តំបន់ ហើយ​អត្រា​ភាពក្រីក្រ​ចុះ​ទាប ហើយ​លោក​ ហ៊ុន សែន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​រឿង​នេះ។ ដូច្នេះ តើ​របាយការណ៍​នេះ​បក​ស្រាយ​យ៉ាង​ដូចម្តេច​ដែរ​ចំពោះ​រឿង​នេះ?

Brad Adams: យើង​មិន​បាន​វិភាគ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​របាយការណ៍​នេះ​ទេ ប៉ុន្តែ កម្ពុជា​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដ៏​ពុក​រលួយ​បំផុត។ អតីត​ប្រធាន​ធនាគារ​ពិភពលោក លោក James D. Wolfensohn បាន​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០០៥ ហើយ​ត្រូវ​បាន​សួរ​ថា តើ​អ្វី​ជា​កត្តាប្រឈម​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា? លោក​ឆ្លើយ​ថា​ មាន​កត្តា​៣​ គឺពុក​រលួយ​ ពុក​រលួយ និង​ពុក​រលួយ។ ពួក​យើង​ដឹង​ថា លោក​ ហ៊ុន​ សែន​ មាន​ទ្រព្យ​សម្បតិ្ត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ សហរដ្ឋ​អាមេរិក​បាន​ប៉ាន់​ប្រមាណ​ថា ​ទ្រព្យ​សម្បត្តិ​របស់​លោក​គឺ​ស្មើ​ប្រហែល​នឹង​មហា​សេដ្ឋី។ មនុស្ស​ដែល​នៅ​ក្បែរ​លោក​ក៏​បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ។ ប្រសិន​បើ​អ្នក​បើក​ឡាន​ជុំវិញ​ទីក្រុង​ភ្នំពេញ​ អ្នក​នឹង​ឃើញ​វីឡា​ធំៗ​បន្ត​កន្ទុយ​គ្នា​របស់​អ្នក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ក្នុង​យោធា និង​ក្នុង​ជួរ​នគរបាល ដែល​មាន​ប្រាក់​ខែ​តិច​តួច។ សំណួរ​សួរ​ថា​ តើ​ពួក​គេ​បាន​លុយ​មក​ពី​ណា​ដើម្បី​សាង​សង់​វីឡា​ដ៏​ធំ និង​ឡាន​ទំនើប និង​លុយ​ទៅ​ដើរ​លេង​បរទេស? ចម្លើយ​គឺ​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន សែន​គឺ​ពុក​រលួយ​ខ្លាំង។ ឥឡូវ​សេដ្ឋកិច្ច​កម្ពុជា​បាន​រីក​ចម្រើន។ សំណួរ​សួរ​ថា​ តើ​ដោយសារ​តែ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ឬ​មិន​មែន? ខ្ញុំ​គិត​ថា មាន​ភស្តុតាង​ច្រើន​ណាស់​ ដែល​បង្ហាញ​ថា​ មិន​មែន​ដោយ​សារ​គោល​នយោបាយ​រដ្ឋាភិបាល​ទេ។ ហើយ​ដោយ​សារ​តែ​អំពើ​ពុក​រលួយ ទើប​កម្ពុជា​មាន​ឧបសគ្គ​ខាង​ទីផ្សារ​សេដ្ឋកិច្ច​ការងារ​កាន់​តែ​កើន​ឡើង។ កម្ពុជា​ពិត​ជា​សំណាង ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដ៏​ល្អ​មួយ​ដែល​ទំហំ​សេដ្ឋកិច្ច​រីក​លូត​លាស់​ធំ​ខ្លាំង អម​ជាមួយ​នឹង​សេដ្ឋកិច្ច​ចិន និង​ប្រទេស​មាន​អំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​ផ្សេងៗ​ទៀត។ ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​នោះ​មិន​បាន​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រ​កម្ពុជា​ទេ។ ប្រជាជន​ក្រីក្រនៅ​តែ​ក្រ​ មាន​អ្នក​មិន​មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ និង​មិន​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​ច្រើន​ណាស់។ មាន​តំបន់​ជា​ច្រើនក្នុង​ប្រទេស​ដែល​សាលារៀន​មិន​ដំណើរការ​ឲ្យ​បាន​ត្រឹម​ត្រូវ គ្មាន​គ្រូ​បង្រៀន​គ្រប់​គ្រាន់ និង​មណ្ឌល​សុខភាព​គ្រប់​គ្រាន់។ តែ លោក​ ហ៊ុន សែន​ និង​មនុស្ស​ជុំវិញ​លោក​ កំពុង​រស់​នៅ​យ៉ាង​ហ៊ឺហា មាន​លុយ​ច្រើន​ចាយ​មិន​អស់​ក្នុង​មួយ​ជីវិត​របស់​គេ។ ​ ដូច្នេះ សម្រាប់​ខ្ញុំ នេះ​មិន​មែន​ជា​ជោគ​ជ័យ​ខាង​សេដ្ឋកិច្ច​ទេ តែ​ជា​បរាជ័យ​សេដ្ឋកិច្ច​ទៅ​វិញ​ទេ។

VOA: នៅ​ក្នុង​របាយ​ការណ៍​នេះ លោក​ក៏​វិភាគ​លើ​ឥទ្ធិពល​នៃ​ម្ចាស់​ជំនួយ និង​រដ្ឋាភិបាល​របស់​ប្រទេស​មាន​អំណាច។ យើង​ដឹង​ថា ឥទ្ធិពល​នៃ​ម្ចាស់​ជំនួយ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មាន​អំណាច ចាប់​ផ្តើម​ឡើង​នៅ​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​៩០ នៅ​ពេល​ដែល​អ៊ុនតាក់ (UNTAC) បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ប្រព័ន្ធ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ និង​កសាង​កម្ពុជា​ឡើង​វិញ។ ហើយ​តាំង​ពី​ពេល​នោះ​មក យើង​សង្កេត​ឃើញ​ថា​ ថវិកា​រាប់​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ឲ្យ​កម្ពុជា ប៉ុន្តែ​រយៈ​ពេល​២​ទសវត្សរ៍​ក្រោយ​មក យើង​ឃើញ​នៅ​មាន​អំពើ​ពុក​រលួយ​កាន់​តែ​ខ្លាំង ​និង​និទណ្ឌភាព​ ដូច​ដែល​របាយការណ៍​បាន​លើក​ឡើង។ តើ​លោក​អាច​ពន្យល់​បាន​ទេ​ថា មូលហេតុ​អ្វី​បាន​ជា​តួនាទី​នៃ​ម្ចាស់​ជំនួយ ​និង​ឥទ្ធិពល​រដ្ឋាភិបាល​នៃ​ប្រទេស​មាន​អំណាច​បាន​ក្លាយ​ជា​អសកម្ម​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន?

Brad Adams: ខ្ញុំ​គិត​ថា កាល​ណោះ ​កម្ពុជា​បាន​ក្លាយ​ជា​ស្នូល​នៃភូមិសាស្ត្រ​នយោបាយ​ ក្នុង​ពេល​ចុះ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ កម្ពុជា​បាន​ក្លាយ​ជា​ចំណង​មួយ​ដែល​ត្រូវ​ស្រាយ។ ម្ខាង​គឺ​សហភាព​សូវៀត ​និង​វៀតណាម ហើយ​ម្ខាង​ទៀត​គឺ​ចិន​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​មិន​ត្រូវ​គ្នា ​ដោយសារ​តែ​ពួក​គេ​គាំទ្រ​ក្រុម​ខុសៗ​គ្នា​នៃ​សង្គ្រាម​នៅ​កម្ពុជា។ ពួក​គេ​ចង់​មាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ រួម​ទាំង​សេដ្ឋកិច្ច​ជាដើម។ អាស្រ័យ​ហេតុ​នេះ​ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា។ សហគមន៍​អន្តរជាតិ​បាន​បណ្តាក់​ទុន​យ៉ាង​ច្រើន​មក​លើ​ UNTAC។ ម្ចាស់​ជំនួយ​ជាច្រើន​បាន​ឲ្យ​ថវិកា​ជា​ច្រើន ​ដើម្បី​កសាង​កម្ពុជា​ឡើង​វិញ ហើយ​គេ​គិត​ថា​ កិច្ចការ​របស់​ពួក​គេ​ចប់​ហើយ។ ដូច្នេះ​ គេ​ឃើញមាន​ទំនាក់​ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក និងវៀត​ណាម​ឡើង​វិញ និង​រវាង​សហភាព​សូវៀត និង​ចិន។ ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​មិន​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ប្រទេស​ខ្លះ​បាន​គាំ​ទ្រ​ខ្មែរ​ក្រហម។ ក្រោយ​មក ​លោក​ ហ៊ុន​ សែន ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។ គណបក្ស​ប្រជាជន​ចាញ់ ហើយ​មិន​ព្រម​ទទួល​ស្គាល់។ ហើយ​លោក ហ៊ុន សែន បាន​គំរាម​វាយ​ប្រហារ​អង្គការ​សហប្រជាជាតិ (UN) បើ UN ព្យាយាម​អនុម័ត​លទ្ធផល​នោះ។ លោក​បាន​បង្កើត​ចលនា​មួយ​ដោយ​ក្រឡៃ​ថា ខេត្ត​ចំនួន​៧​នឹង​ផ្តាច់​ខ្លួន​ពី​កម្ពុជា​ បើ​លទ្ធផលបោះ​ឆ្នោត​ត្រូវ​បាន​អនុម័ត។ លោក​ ហ៊ុន​ សែន បាន​បើក​ផ្លូវ​ឲ្យ​ខ្លួន​ឯង​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ទី​២។ ហើយ​លោក​បាន​ធ្វើ​រដ្ឋប្រហារឆ្នាំ​១៩៩៧ ដើម្បី​ផ្តួល​ទ្រង់​រណរិទ្ធិ ហើយ​បាន​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ ដែល​មាន​អំពើ​ហិង្សា ​និង​ការ​បំភិត​បំភ័យ​ជា​ច្រើន។ លោក​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​គ្រប់គ្រង​ដោយ​ដៃ​ជើង​របស់​គណបក្ស​ប្រជាជន។ ឥឡូវ រដ្ឋាភិបាល​របស់ប្រទេស​ជា​ម្ចាស់​ជំនួយ​និយាយ​ថា កម្ពុជា​មិន​មែន​ជា​នយោបាយ​ស្នូល​ខាង​ភូមិសាស្ត្រ​ទៀត​ទេ។ យើង​នឹង​បន្ត​ផ្តល់​ប្រាក់​ជំនួយ​ដល់​កម្ពុជា ដោយ​សារ​តែ​យើង​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ខុស​មក​លើ​ស្ថានភាព​នៅ​កម្ពុជា។ ប៉ុន្តែ យើង​នឹង​មិន​បណ្តាក់​ទុន​ច្រើន​លើ​ការ​ផ្លាស់ប្តូរ​របប​នយោបាយ​របស់​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ទេ។ វា​មិន​មាន​សារៈ​សំខាន់​សម្រាប់​យើង​ទៀត​ទេ។ យើង​នឹង​ងាក​ទៅ​ផ្តោត​លើ​អ្វី​ដែល​សំខាន់។ ហើយ រដ្ឋាភិបាល​នៃ​ប្រទេស​ជំនួយ​ជា​ច្រើន បាន​ដឹង​ថា ការ​ប្រឆាំង​នឹង​លោក​ ហ៊ុន​ សែន​ គឺ​គ្មាន​លទ្ធផល​ ដែល​ពួក​គេ​និយាយ​ដោយ​សម្ងាត់​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដ៏​អាក្រក់​ម្នាក់ ពុក​រលួយ និង​មិន​ជឿ​លើ​លទ្ធិប្រជាធិបតេយ្យ​ និង​ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស។ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ការ​ទូត និង​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គ្រប់​ប្រទេស​និយាយ​ប្រាប់​ខ្ញុំ។ ពួក​គេ​សុទ្ធ​តែ​មាន​គំនិត​អវិជ្ជមាន​ចំពោះ​លោក​ ហ៊ុន សែន។ ប៉ុន្តែ​ ពួក​គេ​មិន​គ្រោង​នឹង​ចំណាយ​ពេល​វេលា​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន​ ឬ​ក៏​ព្យាយាម​ផ្លាស់​ប្តូរ​លោក ហ៊ុន​ សែន​ ទេ ​ព្រោះ​លោក​ ហ៊ុន សែន ​មិន​បាន​បង្ហាញ​ឆន្ទះ​ក្នុង​ការ​ផ្លាស់​ប្តូរ ហើយ​លោក​មាន​ឥរិយាបថ​ប្រឆាំង​នឹង​ប្រទេស​ណា ​ឬ​អ្នក​ការទូត​ណា​ ដែល​ព្យាយាម​ជម្នះ​ជាមួយ​លោក​ទាក់ទង​នឹង​រឿង​សិទ្ធិ​មនុស្ស។

VOA: និយាយ​ពី​ការ​ផ្លាស់​ប្តូរ​នេះ យើង​សង្កេត​ឃើញ​ មាន​ការផ្លាស់​ប្តូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ខែ​កក្កដា​ ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ស្ទើរ​តែ​ចាញ់​ឆ្នោត​ប្រជែង​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ។ មាន​ការ​សន្និដ្ឋាន​ថា​ លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក អាច​នឹង​ពិបាក​ទទួល​បាន​ការ​គាំ​ទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ប្រសិន​បើ​គ្មាន​កំណែ​ទម្រង់​ដ៏​ជាក់លាក់ ហើយ​របាយការណ៍​នេះ​ក៏​វិភាគ​លើ​បញ្ហា​កំណែ​ទម្រង់​នេះ​ដែរ។ ដូច្នេះ យោង​តាម​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ តើ​លោក​គិត​ថា លោក​ ហ៊ុន​ សែន​ និង​គណបក្ស​របស់​លោក ​នឹង​ស្តាប់​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​ដ៏​ជាក់លាក់​មួយ ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ដែរ​ឬ​ទេ?

Brad Adams: ទេ ខ្ញុំ​គិត​ផ្ទុយ​ពី​នេះ។ អ្នក​និយាយ​ត្រូវ ​ដែល​ថា​ លទ្ធផល​ការ​បោះឆ្នោត​អាណត្តិ​មុន​មាន​ការ​ភ្ញាក់​ផ្អើល។ មាន​បាតុកម្ម​ធំៗ​តាម​ផ្លូវ​ មាន​សំពាធ​ជា​ច្រើនទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ កំពុង​តែ​បង្ហាញ​សញ្ញា​ថា ខ្លួន​នឹង​ព្យាយាម​រារាំង​កំណែ​ទម្រង់។ ហើយ​ថ្មីៗ​នេះ​ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​ថា គណបក្ស​របស់​លោក​ចង់​កាត់​បន្ថយ​រយៈ​ពេល​សម្រាប់​ដំណើរការ​ឃោសនា​ការ​បោះឆ្នោត ​ហាម​ឃាត់​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ ​និង​ការ​ជួប​ជុំ​គ្នា​មុន​ការ​បោះ​ឆ្នោត និង​មុន​យុទ្ធនាការ​បោះឆ្នោត។​ ពួក​គេ​ក៏​មិន​គោរព​សន្យា​ធ្វើ​កំណែ​ទម្រង់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែរ ហើយ​នេះ​បង្ហាញយ៉ាង​ច្បាស់​ថា គណៈកម្មាការ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាជាង​បង្កើត​គណៈកម្មាការ​មួយ​ដែល​មិន​បម្រើ​ប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ ដែល​មាន​សមាជិក​ជា​បុគ្គល​ឯករាជ្យ។ ពួក​គេ​បន្ត​កាត់​ទោស​សមាជិក​គណបក្ស​ប្រឆាំង ​ដោយ​បង្កើត​ទោស​ក្លែង​ក្លាយ​ ដូច​ជា​ការ​បង្ក​ហិង្សា​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ជា​ដើម។​ ខ្ញុំ​មើល​មិន​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​ទេ។ ខ្ញុំ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ព្យាយាម​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​កំណែ​ទម្រង់​ ទាំង​មិន​បាន​ធ្វើ​កំណែ​ទម្រង់​អ្វី​ផង​ ព្រោះ​ខ្លួន​ដឹង​ថា កាល​ណា​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​មាន​ស្ថាប័ន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ​ នោះ​មាន​ន័យ​ថា គណបក្ស​របស់​ខ្លួន​នឹង​ចាញ់​ឆ្នោត»។

VOA: ដោយ​សង្កេត​ឃើញ​នូវ​ឥរិយាបទ​ព្រងើយ​កន្តើយ​បែប​នេះ​ពី​រដ្ឋាភិបាល តើ​លោក​យល់ឃើញ​យ៉ាង​ដូច​ម្តេច​ចំពោះ​លទ្ធភាព​របស់​កម្ពុជា​ឆ្ពោះ​ទៅ​រកការ​ផ្លាស់​ប្តូរ​ដ៏​ប្រសើរ​ជាង​នេះ?

Brad Adams: ខ្ញុំ​មាន​ទុទិដ្ឋិនិយម​អំពី​ការ​ផ្លាស់​ប្តូរ​របស់​ថ្នាក់​ដឹក​នាំ​កំពូល ពីព្រោះ ខ្ញុំគិត​ថា​លោក​ ហ៊ុន​ សែន នឹង​មិន​ផ្លាស់​ប្តូរ​ទេ ដែល​នេះ​ជា​ប្រធាន​បទ​មួយ​នៃ​របាយកាណ៍របស់​យើង។ លោក ហ៊ុន សែន ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ តាំង​ពី​ឡើង​កាន់​តំណែង​អស់​រយៈពេល​៣០​ឆ្នាំ​មក​នេះ។ លោក​គ្រប់​គ្រង​ប៉ូលិស​រដ្ឋ។ ប្រជា​ពលរដ្ឋ​គ្មាន​សិទ្ធិ​ជា​មូលដ្ឋាន គ្មាន​សេរីភាព​ គ្មាន​សិទ្ធិ​បញ្ចេញ​មតិ។ មាន​អ្នក​ទោស​នយោបាយ​ក្នុង​ប្រទេស មិន​មាន​ការបោះ​ឆ្នោត​ត្រឹម​ត្រូវ ហើយ​លោក​បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរក្នុង​អំឡុង​ទសវត្សរ៍​៩០ ដូច​ជា ការ​ស្លាប់​របស់​ក្រុម​ការងារ​ UNTAC ការ​បន្ទុះ​គ្រាប់​បែក​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​១៩៩៧ ​ប្រឆាំង​នឹង​លោក សម​ រង្សី រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ការ​សម្លាប់មនុស្ស​ក្នុង​អំឡុង​ការ​បោះ​ឆ្នោត​ក្នុង​ទសវត្សរ៍​៩០។ ហើយ​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ យើង​ឃើញ​មាន​ការ​រំលោភ​ដី​ធ្លី ការ​សម្លាប់​អ្នក​កាសែត និង​មេដឹកនាំ​សហជីព។ ខ្ញុំ​មិន​គិត​ថា យើង​អាច​រំពឹង​បាន​ការ​ផ្លាស់​ប្តូរ​ពី​លោក ហ៊ុន សែន ទេ។ ច្បាស់​ណាស់ យើង​ទាំង​អស់​គ្នា​រំពឹង​ថា​គាត់​នឹង​ផ្លាស់​ប្តូរ ប៉ុន្តែ មិន​មាន​សញ្ញា​អ្វី​ទាល់​តែ​សោះ​ដែល​ថា លោក ហ៊ុន សែន កំពុង​តែ​ផ្លាស់​ប្តូរ។ តែ​អ្វី​ដែល​យើង​អាច​រំពឹង​បាន​នោះ គឺ​ការ​ផ្លាស់​ប្តូរ​ពី​ថ្នាក់​ក្រោម។ ចំនួន​យុវជន​កម្ពុជា​វ័យ​ក្មេង ដែល​បាន​ទៅ​បោះ​ឆ្នោត ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ពួក​គេ​ក្នុង​បញ្ហា​នយោបាយ និង​ភាព​សោមនស្ស​រីក​រាយ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពេញ​លេញ​សម្រាប់​ប្រទេស​របស់​ខ្លួន អាច​នឹង​មាន​ឥទ្ធិពល​ជា​ការ​ផ្លាស់​ប្តូរ។ ហើយ​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា «យុវជន​កម្ពុជា​ភាគ​ច្រើន​ចង់​តែ​រក​លុយ​ឲ្យ​បាន​ច្រើន​តែ​ប៉ុណ្ណោះ។ ពួកគេ​មិន​ខ្វល់​ពី​លទ្ធិប្រជាធិបតេយ្យ​អី​នោះ​ទេ»។ ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​បាន​បញ្ជាក់​ថា​អ្វី​ដែល​ពួក​គេ​និយាយ​ គឺ​ខុស។ ពួក​គេ​គឺ​ខុស។ ខ្ញុំ​បាន​ប្រកែក​ថា ពួក​គេ​បាន​គិត​ខុស។ ខ្ញុំ​គិត​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​ ខ្វាយខ្វល់​ខ្លាំង​អំពី​លទ្ធិ​ប្រជាធិបតេយ្យ។ ពួក​គេ​មិន​ព្រម​ឈរ​មើល ហើយ​ទទួល​យក​នូវ​លទ្ធិ​អត្តាធិបតេយ្យ​ ឬ​ក៏​បក្ស​ពួក​ឯកបក្ស​នៃ​របប​ផ្តាច់ការ​នោះ​ទេ។ ពួកគេ​នឹង​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ពួកគេ។

VOA: អរ​គុណ​លោក​ដែល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ថ្ងៃ​នេះ។

Brad Adams: វា​ជា​ការរីករាយ​របស់​ខ្ញុំ សូម​អរគុណ​ច្រើន។

VOA: សូម​ជម្រាបលា។

Brad Adams: បាទ សូម​ជម្រាប​លា។

XS
SM
MD
LG