ក្រុមមន្ត្រីកម្ពុជាបានប្រតិកម្មទៅនឹងលិខិតសមាជិកព្រឹទ្ធសភា៧នាក់ ដោយ និយាយថា ពួកគេបានបញ្ជូនទៅវិញ ហើយចាត់ទុកថាលិខិតនោះមិនមានតម្លៃ សម្រាប់រដ្ឋាភិបាលក្នុងការពិចារណាទេ។
នៅមុនពេលប៉ុន្មានថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចូលរួមក្នុងកិច្ច ប្រជុំកំពូលអាមេរិក-អាស៊ាននៅឯកន្លែងលំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលចំនួន៧នាក់ ដែលមកពីគណបក្សប្រជាធិបតេយ្យ បានចូលរួមជាមួយនឹងសមាជិកសភាសហរដ្ឋអាមេរិក ដោយអំពាវនាវដល់មេដឹកនាំកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអនុញ្ញាតដល់មេដឹកនាំគណបក្សប្រឆាំង និងមន្ត្រីខ្លួនបានវិលត្រឡប់ចូលប្រទេសវិញ ដោយគ្មានការភ័យខ្លាចចំពោះការចាប់ខ្លួន ការធ្វើទុក្ខមុកម្នេញ ឬការយកមកកាត់ទោស។
ការថ្លែងយ៉ាងដូច្នេះក្នុងសារលិខិតផ្ញើរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ សំដៅទៅលើបញ្ហាដែលកើតឡើងចំពោះការវាយដំ អ្នកតំណាងរាស្ត្រ ការចោទ ប្រកាន់ទោសលោក សម រង្ស៉ី មេដឹកនាំគណបក្សសង្គ្រោះជាតិ និងការធ្វើទុក្ខ បុកម្នេញផ្សេងទៀតលើគណបក្សជំទាស់។ តែក្រុមមន្ត្រីគណបក្សគ្រប់គ្រង ប្រទេសបាននិយាយថា លិខិតនោះគ្មានតម្លៃ ដែលគេបើកមើល ឬឆ្លើយតបទេ។
លោក ផៃ ស៊ី ផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានថ្លែងប្រាប់ VOA ថា លិខិតនោះមិនត្រឹមត្រូវតាមលក្ខណៈការទូត ហើយត្រូវបញ្ជូនទៅវិញ និងមិនចាំបាច់នឹងមើលទេ។
លោកថា៖«អ្វីដែលយើងខ្ញុំនឹងមតិមួយចំនួន ដែលឃើញលិខិតហ្នឹងគឺតាមរយៈព័ត៌មាន បញ្ចេញតាមរយៈវិស័យសារព័ត៌មាន។ ប៉ុន្តែ ជំហររបស់រាជរដ្ឋាភិបាលគឺញាតិរបស់ព្រឹទ្ធសភាទាំង៧រូបហ្នឹងបានផ្ញើមក ហើយទូតរបស់យើងប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានឃើញ ហើយផ្តិតលិខិតដែលផ្ញើរតាមអ៊ីម៉េល និងផ្ញើត្រឡប់ទៅវិញ ដោយមិនមានជាការចាំបាច់ក្នុងការមើល មិនជាចាំបាច់ ឬសារៈសំខាន់ ក្នុងការពិចារណានោះទេ គឺផ្ញើត្រឡប់ទៅវិញ»។
លោកបន្ថែមដែរថា អ្វីដែលជាអត្ថាធិប្បាយក្នុងលិខិតនោះ គឺជាការមិនយល់របស់សមាជិកព្រឹទ្ធសភាទាំងអង្គហេតុ និងអង្គច្បាប់ ហើយនឹងជាការលូកដៃចូលក្នុងកិច្ចការកម្ពុជា។ លោកថា កម្ពុជាជាប្រទេសឯករាជ្យ ហើយសមាជិកព្រឹទ្ធសភា៧រូបមិនមែនជាតំណាងស្ថាប័នកម្ពុជាទេ គឺគ្រាន់តែជាអ្នកជាប់ឆ្នោត ដែលពលរដ្ឋអាមេរិកាំងបានបោះឆ្នោតជូនប៉ុណ្ណោះ។
សមាជិកព្រឹទ្ធសភាទាំង៧រូបមានលោក Christopher Murphy លោក Richard Blumenthal លោកស្រី Amy Klobuchar លោក Al Franken លោកស្រី Maria Cantwell លោក Sheldon Whitehouse និងលោកស្រី Elizabeth Warren។ សមាជិកព្រឹទ្ធសភាទាំងនោះបានបន្ថែមថា បើទោះបីជាមានការព្រួយបារម្ភក្តី ក៏ពួកគេសម្តែងក្តីសង្ឃឹមថា គណបក្សប្រជាជនកម្ពុជាអាចនឹងទុកឱកាសឱ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើការតាមអណត្តិរបស់ពួកគេ ដោយ មិនមានការភ័យខ្លាច ឬការគំរាមកំហែង។
សមាជិកព្រឹទ្ធសភាទាំងនោះបាននិយាយសំដៅទៅលើការធ្វើទុក្ខបុកម្នេញលើ ក្រុមមេដឹកនាំគណបក្សជំទាស់មិនឲ្យវិលត្រឡប់ទៅកម្ពុជាវិញបាន ការវាយ ប្រហារអ្នកតំណាងរាស្ត្រពីររូបគឺលោក ញ៉យ ចំរើន និងលោក គង់ សភា ការចោទប្រកាន់លោក ហុង សុខហួរ លោក មៀច សុវណ្ណារ៉ា និងមន្ត្រីដ៏ទៃទៀត ដែលក្រុមសមាជិកព្រឹទ្ធសភាបានចាត់ទុកថា ធ្វើឱ្យខូចដល់ដំណើរការប្រជាធិបតេយ្យ»។
ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មចំពោះរឿងលិខិតរបស់សមាជិកព្រឹទ្ធសភា ទាំង៧រូបរបស់ស.រ.អានោះ ដោយចាត់ទុកថា គ្មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទេ។
លោកសុខ ឥ្យសាន សមាជិកសភាកម្ពុជា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបដិសេធថា គណបក្សគ្រប់គ្រងប្រទេស និងរដ្ឋាភិបាលមិនមែនជាអ្នករឹតត្បិតដល់ក្រុមប្រឆាំងទេ។ រឿងទាំងឡាយកើតឡើងគឺមិនមែនជារឿងនយោបាយទេ តែជាការល្មើសច្បាប់របស់លោក សម រង្ស៉ី និងក្រុមប្រឆាំងដែលមានជាប់ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ឲ្យមានការស្អប់គណបក្សប្រជាជនកម្ពុជា ។
«ដូច្នេះហើយផលវិបាក ការដែលគាត់ចូលស្រុកមិនបាន អត់មាននរណាហាម ឃាត់គាត់មិនឲ្យចូលស្រុកទេ។ គាត់មិនចូលស្រុកដោយសារគាត់ភ័យខ្លាចអំពី ផ្លូវច្បាប់។ គាត់ខ្លាចជាប់គុក។ អានេះរឿងតែប៉ុណ្ណឹងទេ។ ដូច្នេះមិនមាននរណា រឹតត្បិត ឬក៏ញុំញីគាត់ផ្នែកនយោបាយទេ។ រឿងហ្នឹងជាផលវិបាកដែលគាត់ត្រូវ ទទួលនូវទង្វើជាក់ស្តែងរបស់គាត់ដែលប្រព្រឹត្តិល្មើសផ្លូវច្បាប់»។
ដោយឡែកចំពោះការវាយអ្នកតំណាងរាស្ត្រពីររូបនៃគណបក្សជំទាស់វិញ លោក សុខ ឥ្យសាន បានថ្លែងថា រដ្ឋាភិបាល និងគណបក្សកាន់អំណាចមិនគាំទ្រអំពើ ហិង្សាលើអ្នកតំណាងរាស្ត្រទេ ហើយក៏បានថ្កោលទោស រួមទាំងការស៊ើបអង្កេត ពីអាជ្ញាធរផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ដែលក្រុមមន្ត្រីសិទ្ធិមនុស្ស បានស្នើសុំលោក អូបាម៉ា ឲ្យដាក់បញ្ហាសិទ្ធិមនុស្សជាប្រធានបទចម្បងក្នុងកិច្ចប្រជុំកំពូល ដែលមានមេដឹកនាំមកពីប្រទេសនានា ជាអ្នកទទួលខុសត្រូវរឿងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញស្ថាប័នប្រជាធិបតេយ្យចូលរួមផងនោះ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែង ថា បើមានការលើកឡើងរបស់ប្រធានាធិបតី អូបាម៉ា អំពីរឿងសិទ្ធិមនុស្ស ជារឿងសំខាន់ ដោយសារថា នោះគឺជាសារមួយថាស.រ.អាមិនមែនគិតតែពីរឿងសេដ្ឋកិច្ចទេ តែបញ្ហាសិទ្ធិមនុស្សផងដែរ។
«អញ្ចឹងខ្ញុំគិតថា វាជាសារមួយសម្រាប់ប្រទេសអាស៊ាន ថ្នាក់ដឹកនាំមកពីប្រទេស អាស៊ានហ្នឹង ត្រូវគិតថា ខ្លួនត្រូវធ្វើយ៉ាងម៉េចដើម្បីអាចភ្ជាប់ទំនាក់ទំនងជាមួយ អាមេរិកឲ្យបានរឹងមាំជាងហ្នឹង តាមរយៈកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការស្តារនូវស្ថានភាពសិទ្ធិមនុស្សដែរ»។
ក្រុមសមាជិកសភាអាស៊ានមួយចំនួនក៏ស្នើសុំឲ្យលោក អូបាម៉ា លើកឡើងអំពី បញ្ហាសិទ្ធិមនុស្សផងដែរ ក្នុងសារលិខិតរបស់ខ្លួនផ្ញើជូនលោក អូបាម៉ា មុនកិច្ច ប្រជុំកំពូលនោះ៕