ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​ជន​ជាប់​ចោទ​១០​នាក់​ពី​បទ​ប៉ង​រំលំ​រដ្ឋាភិបាល​បដិសេធ​បទចោទ


រូបថត​របស់​ជន​ជាប់​សង្ស័យ​ដែល​ត្រូវ​បាន​​ចុះ​ផ្សាយ​លើ​គេហទំព័រ​ Cambodia National Police's។
រូបថត​របស់​ជន​ជាប់​សង្ស័យ​ដែល​ត្រូវ​បាន​​ចុះ​ផ្សាយ​លើ​គេហទំព័រ​ Cambodia National Police's។

ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ចំនួន​១០​នាក់ ​បន្ទាប់​ពី​បាន​ដំណឹង​ថា ​ឪពុក ​កូន​ និង​ស្វាម៉ី​ត្រូវ​ជាប់​ចោទ​ពីបទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​កាលពី​ដើម​សប្តាហ៍នេះ​បាន​ធ្វើ​ដំណើរ​ពី​តាម​បណ្តា​ខេត្ត​ទិស​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​មក​កាន់​ការិយាល័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដើម្បី​ឲ្យជួយ​ធ្វើ​អន្តរាគមន៍ដោះ​លែង​ពួក​គេ​មក​វិញ។

ក្រុម​គ្រួសារ​សាច់ញាតិ​ទាំង​នោះ​មាន​ទឹក​មុខ​ស្រពាប់​ស្រពោន​ និង​មាន​អ្នក​ខ្លះ​បាន​រលីង​រលោង​ទឹក​ភ្នែក ​នៅពេល​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​កាសែត​ និង​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

ក្នុង​ចំណោម​ក្រុម​គ្រួសារ​ជនជាប់​ចោទ​ទាំង​១០​នាក់​នោះ​មាន​៩នាក់បាន​អះអាង​ថា ​មិន​ដែល​ធ្លាប់​ស្គាល់​ចលនា​រំដោះ​ជាតិ​ខ្មែរ​ដែល​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា ​ប៉ុនប៉ងផ្តួល​រំលំ​រដ្ឋាភិបាល​នោះទេ។ ​ក៏ប៉ុន្តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​អះអាង​ថា ​បាន​ចូល​ជា​សមាជិក​ចលនា​នេះ។​

អ្នក​ស្រី​ឈឹម វិមេន​ អាយុ​២៤​ឆ្នាំ ​ត្រូវ​ជាកូន​ស្រី​បង្កើត​ជន​ជាប់​ចោទ​ឈ្មោះ​ ឈឹម ស្ម័គ្រ​ មក​ពី​ខេត្ត​ព្រះ​វិហារ​ បាន​និយាយ​ថា​ ឪពុក​របស់​អ្នក​ស្រី​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​លោក​សម សេរី​ រួច​ហើយ​ក៏​បាន​ចូល​ជា​សមាជិក​ចលនា​រំដោះ​ជាតិ​ខ្មែរ​កាល​ពី​ឆ្នាំ​២០១២។​ ​ក៏ប៉ុន្តែ​ចលនា​នេះ​មិន​មែន​ជា​ចលនា​បង្កើត​កង​កម្លាំងប្រដាប់​អាវុធ​ទេ​ គឺ​ជា​ចលនា​តស៊ូ​មតិ​ដោយ​សន្តិវិធី​តែ​ប៉ុណ្ណោះ។​

លោក​ឈឹម ស្ម័គ្រ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ចចាប់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​តុលា​ក្នុង​ខណៈពេល​ដែល​លោក​ចូល​រួម​ប្រារព្ធខួប​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស។​

អ្នក​ស្រី​ឈឹម វិមេន​និយាយ​ថា ​ឪពុក​លោក​ស្រី​ជា​កសិករ​ចិញ្ចឹម​ជ្រូក​ មិន​ដែល​មាន​លាក់​ទុក​អាវុធ​នៅ​ក្នុង​ផ្ទះ​ឬ​ក៏​មាន​សកម្ម​ភាព​ណា​មួយ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។​

លោក​ស្រី​និយាយ​ថា៖​ «ការ​ចោទ​ប្រកាន់​មក​លើ​គាត់​ទាំង​១០​នាក់​ថា​ ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាលនោះមិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ​ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​៩​នាក់​ទៀត​ មូលហេតុ​ពី​ព្រោះ​គាត់​មក​ហ្នឹង​គឺ​គោល​បំណង​គាត់​គ្មាន​គ្រឿង​ប្រដាប់​អាវុធ​ ឬ​មក​ប្រើ​អំពើ​ហិង្សា​អ្វី​ទេ​ គឺ​គាត់​មក​ប្រើ​ជា​ក្រដាស​លិខិត​បណ្ណ​ហើយ​និង​សៀវ​ភៅ​ធម្មតា​ទេ»។​

កាល​ពី​សប្តាហ៍​មុន​ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​១០​ដែល​ភាគ​ច្រើន​ជា​កម្មករ​ និស្សិត​ គ្រូ​បង្រៀន​ និង​ធ្លាប់​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ។​ ក្នុង​ការ​ចាប់​ខ្លួន​នេះ​ អាជ្ញាធរ​មិន​បាន​បង្ហាញ​ថា ​ពួកគេ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​អាច​ដាក់​បន្ទុករឹង​មាំ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះទេ។​

បើ​តាម​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ខណៈពេល​ចាប់​ខ្លួន​នោះ​ សមត្ថកិច្ចបាន​រឹប​អូស​យក​ខិតបណ្ណ​ និង​សៀវភៅ​កត់​ត្រា​តែ​ប៉ុណ្ណោះ​សម្រាប់​ជា​ភស្តុតាង​ដាក់​បន្ទុក​ពីបទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​មាន​ទាំង​រថ​ពាស​ដែក ​និង​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ជាច្រើន​នោះ។​

អង្គុយ​ដោយ​មាន​ទឹក​មុខ​ស្រងោត​ស្រងាត់​ អ្នក​ស្រី​ឈុន វ៉ន​ អាយុ​៥៥​ឆ្នាំ​ មក​ឃុំ​ភ្នំលាភ​ ស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​ជា​ម្តាយ​ជន​ជាប់​ចោទ​ឈ្មោះ​អាន ចាន់​ អាយុ​២៥​ឆ្នាំ​ បាន​និយាយ​ថា ​កូន​អ្នក​ស្រី​ធ្វើ​តែ​ចម្ការតែប៉ុណ្ណោះ​មិន​ដែល​ស្គាល់​ទេ​ចលនា​រំដោះជាតិ​ខ្មែរ។​

អ្នក​ស្រី​និយាយ​ថា៖​ ​«មិន​បាន​ធ្វើ​អ្វី​ទេលោក​គ្រូ​ បាន​គេ​ចាប់​អញ្ចឹង»។​

លោក​អ៊ុយ ម៉ៅ​ អាយុ​៥៥​ឆ្នាំ​ ត្រូវ​ជា​ឪពុក​ជនជាប់​ចោទ​ឈ្មោះ​ច្រាញ់ ម៉ុច​ និស្សិត​ឆ្នាំទី​២​ផ្នែក​រដ្ឋបាល​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​បាត់​ដំបង​ មាន​ប្រសាសន៍ថា​ កូន​របស់​លោក​ក៏​មិន​បាន​ចូល​រួម​ចលនា​នេះ​ដែរ។​ ក្រៅ​ពី​សិក្សា ​ច្រាញ់ ម៉ុច​បាន​ជួយ​ការងារ​ឪពុក​ម្តាយ​ធ្វើចម្ការ និង​ធ្វើ​ស្រែ​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​«អត់​ទេ ​ខ្ញុំ​មិន​ដែល​មាន​អ្វី​ទេ។ ​កូន​មកពី​រៀន​វិញ​មាន​តែ​ជួយ​ធ្វើ​ស្រែ​ ធ្វើ​ចម្ការ ជួយ​រក​ត្រី​ រក​សាច់​ប៉ុណ្ណឹង​ឯង។​ ខ្ញុំ​មិន​ដែល​ដឹង​ទេ​ មិន​ដែល​ដឹង​សុទ្ធ»។​

លោក​ណៃ វ៉ង់ដា​ អនុ​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​ និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ មាន​ប្រសាសន៍ថា ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទេ​ ហើយ​បើ​សមត្ថកិច្ចមាន​ភស្តុតាង​ជាក់​លាក់​ ​គួរ​តែ​បើក​សវនាការ​ភា្លមៗ​ទៅ​ មិន​ត្រូវ​ចាប់​ពួក​គេ​យក​ទៅ​ឃុំ​ឃាំង​យូរ​ថ្ងៃ​ទេ។​

លោក​និយាយថា៖ ​«ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​អ្វី​ឲ្យបាន​១០០​%​ទេ ​ប៉ុន្តែ​យោង​ទៅ​លើ​ព័តមាន​ដែល​យើង​ធ្វើ​ការ​អង្កេត​បឋម​នេះ ​យើង​ឃើញ​ថា​ ភាគ​ច្រើន​នៃ​អ្នក​ដែល​ជាប់​ទាំង​១០​នាក់​ហ្នឹង​ ភាគ​ច្រើន​អត់​មាន​ដឹង​ អត់​មាន​ស្គាល់​អ្វី​ទាំង​អស់។​ ចលនា​ហ្នឹង​ជាស្អី ​ក៏អត់​ដឹង​ អត់​ស្គាល់​ ហើយ​កាត​សមាជិក​ ឬ​ក៏​បញ្ជី​ឈ្មោះ​អី​ក៏​អត់​ស្គាល់​ និង​មិន​ដែល​ចូល​រួម​ប្រជុំ​អ្វី​ទាល់​តែ​សោះ»។​

តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ចុង​សប្តាហ៍​មុន ​បាន​សម្រេចចោទ​ប្រកាន់​ជន​សង្ស័យ​ចំនួន​១០​នាក់ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​នោះពី​បទ​«រួម​គំនិត​ក្បត់​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល»​ រួច​ហើយ​បាន​បញ្ជូន​ពួក​គេ​យក​ទៅ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​រង​ចាំ​ជំនុំ​ជម្រះទោស៕

XS
SM
MD
LG