ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​ឃាតកម្ម​ជនជាតិ​បារាំង​និង​កូន​៤នាក់


ប៉ូលិស​ប្រមូល​សាកសព​ Laurent Vallier និង​កូនបួននាក់​នៅខេត្ត​កំពង់​ស្ពឺ ថ្ងៃ​១៥​មករា​២០១២
ប៉ូលិស​ប្រមូល​សាកសព​ Laurent Vallier និង​កូនបួននាក់​នៅខេត្ត​កំពង់​ស្ពឺ ថ្ងៃ​១៥​មករា​២០១២

ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​ករណី​ឃាតកម្ម​ដ៏អាថ​កំបាំង​មួយ​ទៅលើ​ជន​ជាតិ​បារាំង ​និង​កូន​ទាំង​៤​របស់​ជនរង​គ្រោះ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។​

លោក​ឡូរ៉ង់​ វ៉ាលីយ៉េ​ (Laurent Vallier) ​អាយុ​៤២​ឆ្នាំ​ មាន​ភរិយា​ជា​ជន​ជាតិ​ខ្មែរ​និង​មាន​កូន​៤នាក់​ បាន​បាត់​ខ្លួន​កាល​ពី​ដើមខែ​មករាឆ្នាំ​២០១២​ ក្រោយ​ពី​ភរិយា​របស់​លោក​ស្លាប់។ ​បន្ទាប់​មក​លោក​ និង​កូនៗ​ទាំង​បួន​នាក់​ត្រូវ​បាន​រក​ឃើញ​ថា ​ស្លាប់​នៅ​ក្នុង​រថយន្ត​ជាមួយ​គ្នា​ក្នុង​ទឹក​ស្រះ​មួយ​កន្លែង​នៃ​បរិវេណ​ផ្ទះ​របស់​ជនរង​គ្រោះ។​

ក្រោយ​ពី​ជនរង​គ្រោះ​បាន​ស្លាប់ ​មាន​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ បុរស​ជន​ជាតិ​បារាំង​និង​កូនៗ​ទាំង​បួន​នាក់​ទំនង​ជា​ធ្វើ​អត្តឃាត​រួម​គ្នា​ក្នុង​ពេល​តែមួយ។ ​តែ​ប្រទេស​បារាំង​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​មក​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​ធ្វើ​កោសល្យ​វិច័យ​ដល់​បន្លែង​កើត​ហេតុ​តាំង​ពី​ដើម​ឆ្នាំ​២០១៣។​

លោក​ឈឹម ឫទ្ធី ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ ដែល​ធ្លាប់​បាន​បង្ហាញលទ្ធផល​កោសល្យវិច័យ​ថា​ មរណភាពរបស់ជនរង​គ្រោះ​លោក​ឡូរ៉ង់ វាលីយេ​ និង​កូនៗ​ទាំង​បួន​នាក់គឺ​ជា​ករណី​ឃាតកម្ម​ ហើយ​លោក​បាន​ច្រាន​ចោល​ការសន្និដ្ឋានដែល​ថា​ នេះ​ជា​ករណី​អត្តឃាដ​នោះ។

លោក​មាន​ប្រសាសន៍ថា​ កាលពី​២​សប្តាហ៍​មុន​ លោក​បាន​បញ្ជួន​ដីកាទៅ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ស៊ើប​អង្កេត​ករណី​ឃាដកម្ម​ទៅ​លើ​ជនរង​គ្រោះ​ឡើង​វិញ។​

លោក​និយាយ​ថា៖​ «ពីព្រោះ​ខាង​ក្រសួង​មហា​ផ្ទៃវា​មាន​ដែន​សមត្ថកិច្ច​ទូលំ​ទូលាយ​ជាង​ប៉ូលិស​ ពីព្រោះ​ខាង​ខ្ញុំ​នេះ​អត់មាន​សមត្ថ​កិច្ច​ដែន​ដី​ឆ្លង​ទៅ​ខេត្ត​មួយ​ទៀត​ទេ។ អញ្ចឹង​ដើម្បី​ចៀសវាង​កុំឲ្យ​លំបាក​ កុំឲ្យ​យើង​ចេញ​ដីកា​មាន​ការ​យឺតយ៉ាវ​ និង​ខាត​បង់​ពេល​វេលា​ យើង​ចាត់​ឲ្យ​ក្រសួង​មហាផ្ទៃ​ មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ស៊ើប​អង្កេត​ជំនួស​ទៅ​វា​លឿន​ជាង»។​

លោក​ឈឹម ឫទ្ធី​មិន​បាន​បញ្ជាក់​ថា​ តើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​ទទួល​បានប៉ុន្មាន​ទេ។ ​ក៏ប៉ុន្តែ​លោក​បាន​អះអាង​ថា ​លោក​មិន​បោះ​បង់​ចោល​ករណី​ឃាដកម្ម​នេះ​ទេ។​

លោក​និយាយ​ថា៖​«អត់​បោះ​បង់​ចោល​ករណី​ហ្នឹង​ទេ​ លោក​រស្មី​ ពីព្រោះ​វា​ជារឿង​អយុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ខ្លាំង​ណាស់។ វាត្រូវ​តែ​រក​យុត្តិធម៌​ជូន​គ្នា»។​

វីអូអេ​បានព្យាយាម​ទាក់ទង​ស្នើ​សុំសេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ពី​លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ តែ​មិន​ទាក់ទង​បាន​ទេ។​ ក៏ប៉ុន្តែ​លោក​ម៉ក់ ជីតូ​ ប្រធាន​នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ​របស់​ក្រសួង​មហាផ្ទៃ ​មាន​ប្រសាសន៍ថា​ សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​ករណី​នេះ។​

លោកនិយាយ​ថា៖​«កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​ មិន​មែន​ស្រួលៗ​ដូច​យើង​នឹក​ឃើញ​ទេ»។​

តុលាការ​ខេត្ត​កំពង់ស្ពឺ​ធ្លាប់​បាន​ចេញដីកា​កោះ​ហៅ​លោក​ទិត្យ ឈួន​ ឪពុកនិង​ម្តាយ​ក្មេក​ជន​រង​គ្រោះ​ ព្រម​ទាំង​មេឃុំ​ និង​សាក្សី​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ ដើម្បី​ធ្វើ​ការ​សាក​សួរ។ ​ក៏ប៉ុន្តែ​មិន​ទាន់​មាន​តម្រុយ​ថា ​ជន​ដៃដល់​មួយ​ណា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដ៏​អាថ៌កំបាំង​មួយ​នេះ​នៅ​ឡើយ​ទេ។​

លោក​នីកូឡា​ បូដ្វាំង​ អ្នក​នាំពាក្យស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ប្រាប់​VOA តាម​សារ​អេឡិច​ត្រូនិចថា​ លោក​ស្នើ​សុំមិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​ដំណាក់​កាល​តុលាការ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​នេះទេ៕​

XS
SM
MD
LG