វ៉ាស៊ីនតោន៖ មន្ត្រីគណបក្សជំទាស់និងមន្ត្រីគណបក្សកាន់អំណាចការពារគោលនយោបាយ រៀងៗខ្លួនក្នុងរឿងបង្កើតគណៈកម្មាការពិសេសឯករាជ្យដើម្បីដោះស្រាយបញ្ហាវិវាទបោះឆ្នោតដែលទំនងជាធ្វើឲ្យជាប់គាំងនយោបាយនោះ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ ដែលជាវាគ្មិនក្នុងកម្ម វិធីហេឡូវីអូអេ កាលពីថ្ងៃច័ន្ទបានអះអាងថា គណបក្សកាន់អំណាចគួរតែចូលរួមបង្កើតគណៈកម្មការនេះ ប្រសិនបើខ្លួនគ្មានធ្វើអ្វីខុសឆ្គង។
គណបក្សជំទាស់បានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតដែលធ្វើឲ្យ គណបក្សប្រជាជនកម្ពុជាឈ្នះដល់ទៅ៦៨អាសនៈក្នុងចំណោម១២៣អាសនៈ។ គណបក្សជំទាស់អះអាងថា បើមានការស៊ើបអង្កេតច្បាស់លាស់ នោះគណបក្សសង្គ្រោះជាតិទេដែលជាអ្នកឈ្នះគឺរហូតដល់បានសំឡេង៦៣អាសនៈដែលអាចបង្កើតរដ្ឋាភិបាលថ្មីម្នាក់ឯងបាន។ គណបក្សជំទាស់ស្នើសុំឲ្យមានការស៊ើបអង្កេត ដោយមានការចូលរួមពីអ.ស.ប.និងអង្គការឯករាជ្យ តែមន្ត្រីគណបក្សកាន់អំណាចគឺលោកផៃ ស៊ីផានបានច្រានចោលការចោទប្រកាន់នោះ ដោយចាត់ទុកថា ជាការប្រឌិតការឈ្នះទៅវិញដើម្បីតវ៉ា។
ក្នុងពេលលោកចូលរួមជាវាគ្មិននៃកម្មវិធីហេឡូនោះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃរដ្ឋាភិបាលបានអះអាងថា គណៈកម្មធិការជាតិរៀបចំការបោះឆ្នោតដែលកើតចេញសភា មិនអាចទទួលសម្ពាធពីបរទេសនរណាទេ ដែលលោកថា គណបក្សជំទាស់គួរគោរពតាម៕