ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​ដ៏ឆ្នើម​គឺលោក​​ចាន់ សុវ៉េត​បាន​ទទួល​មរណ​ភាព​នៅថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស


លោក​ ចាន់ សុវ៉េត​ (ឆ្វេង) មន្ត្រី​​សិទ្ធិ​​មនុស្ស​​ដ៏​ល្បីល្បាញ​​ក្នុង​​​ប្រទេស​​កម្ពុជា កាលពី​លោក​នៅ​មាន​ជីវិត​ហើយ​បាន​ចូលរួម​ជា​វាគ្មិន​​ក្នុង​​កម្មវិធី​ហេឡូ​​វីអូអេ។
លោក​ ចាន់ សុវ៉េត​ (ឆ្វេង) មន្ត្រី​​សិទ្ធិ​​មនុស្ស​​ដ៏​ល្បីល្បាញ​​ក្នុង​​​ប្រទេស​​កម្ពុជា កាលពី​លោក​នៅ​មាន​ជីវិត​ហើយ​បាន​ចូលរួម​ជា​វាគ្មិន​​ក្នុង​​កម្មវិធី​ហេឡូ​​វីអូអេ។

លោក​ចាន់ សុវ៉េត​ មន្ត្រី​សិទ្ធិ​មនុស្ស​ដ៏ល្បីល្បាញ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ មរណភាព​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ដែល​គេ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ ដោយ​សារ ខ្យល់​គរ។​ លោក​ចាន់ សុវ៉េត​ត្រូវ​គេ​ដឹង​ថា ​លោក​បានប្រឹង​ប្រែង​ធ្វើ​កិច្ចការ​ច្រើន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ​ មុនពេល​ដែល​មាន​ការប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ។​

លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ ដែល​ជា​ការិយាល័យលោក​ចាន់ សុវ៉េត​ធ្វើការ​បាន​ថ្លែង​ថា៖​

«ការ​ស្លាប់​នេះ ​បើតាម​ការ​រៀបរាប់​របស់​គ្រួសារ​គាត់​គឺ​ក្រោយ​ពេល​ដែល​គាត់​មក​ ពី​សង្កេត​ការណ៍​ការ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​ព្រឹកនេះ​ គាត់​ក៏​ថា ​ខ្យល់​អញ្ចឹង​ ទៅ​ ហើយ​គាត់​ក៏​សម្រាក ហើយ​ពេល​ដែល​គាត់​ដឹង​ខ្លួន​មក​វិញ​គឺ​បាត់​មាត់​បាត់​ក ហើយ»។​

អនុ​ប្រធាន​ស៊ើប​អង្កេត​នៃ​អង្គការ​អាដហុក​ លោក​ចាន់ សុវ៉េត​អាយុ​៥១​ឆ្នាំ​បាន​ បម្រើកិច្ចការ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​តាំងពី​ឆ្នាំ​១៩៩៦​ម្ល៉េះ ​ដែល​លោក​នី​ ចរិយា ​បាន​ចាត់​ទុក​ថា​ ជា​មនុស្ស​សំខាន់​ ជា​មនុស្ស​ មាន​ឧត្តម​គតិ​ខ្ពស់​ លះបង់​ខ្ពស់​ ក្នុង​ការ​ធ្វើកិច្ចការ​ការពារ​សិទ្ធិ​មនុស្ស​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ជា​ច្រើន​នៅ​ ទូទាំង​ប្រទេស។​ លោក​ចរិយា​បាន​បន្ថែម​ថា៖​

«គាត់​មាន​ការ​លះបង់​ខ្ពស់ណាស់​ សូម្បី​តែ​ថ្ងៃរៀប​អាពាហ៍​ពិពាហ៍​របស់​គាត់​ហើយ​ត្រូវ​ទៅ​ស៊ើប​អង្កេត​ក៏​គាត់​មិន​បាន​ឈប់​សម្រាក​ដែរ។​ នេះជា​អ្នក​ការពារ​ សិទ្ធិ​មនុស្ស។​ អញ្ចឹង​ហើយបានជា​យើង​សោកស្តាយ​ធំមែន​ទែន ​រឿង​បាត់​បង់ លោក​សាវ៉េត​នេះ»។​

លោក​ចាន់ សុវ៉េត​ត្រូវគេ​ដឹង​ថា ​ធ្លាប់បាន​ទទួល​រង​ការ​គំរាម​កំហែង​ពី​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ពីបទ​ជួយ​ក្រុម​ មួយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចាត់​ទុក​ថា​ ជាក្រុម​ប៉ុនប៉ង​បង្កើត​ អបគមន៍​និង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់លោក​ កាល​ពី​ចុង​ឆ្នាំ​២០១២។​ តែលោក​ សុវ៉េត​ធ្លាប់​បាន​បញ្ជាក់ថា​ពួក​គេ​ជា​ជន​រង​គ្រោះ​ ដោយ​សារ​ការ​រំលោភ​ដីធ្លី​ នៅ​ខេត្ត​ក្រចេះ។​ ​

លោក​នី ចរិយា​បាន​អះអាង​ថា ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ​ជាពិសេស​សមាគម​អាហុក​ កំពុង​មាន​ទុក្ខសោក​ខ្លាំង​ណាស់​ដែល​បាត់​បង់​លោក​ចាន់ សុវ៉េត​ថ្ងៃ​នេះ។​

លោក​អំ សំអាត ​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​ម្នាក់​ទៀត​មក​ពី​អង្គការ​លីកាដូ​ បាន​និយាយ​ថា ​លោក​ចាន់ សុវ៉េត​ជា​ដៃគូធ្វើការ​ដ៏ល្អ​ ជា​ការ​បាត់​បង់​មនុស្ស​ដែល​សំខាន់​សម្រាប់​វិស័យ​សិទ្ធិ​មនុស្ស។​

«លោក​មាន​វីរភាព​និង​ស្នាដៃ​ជា​ច្រើន​ក្នុង​ការ​បំពេញ​ការងារ​ទាក់ទង​នឹង​ការ​ងារ​ ការពារ​សិទ្ធិ​មនុស្ស ​ទោះ​បី​ជាមាន​ការ​គំរាម​កំហែង​ មាន​ការ​ចោទប្រកាន់​តាម​ផ្លូវ​ តុលាការ​យ៉ាង​ណា​ក៏ដោយ​ ​ក៏លោក​មិន​មាន​ការ​រួញរា ​នៅតែ​ជួយ​ដល់​ប្រជា​ ពលរដ្ឋ ​ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​ ការ​រំលោភ​ដីធ្លី​ ហើយ​ នេះ​គឺជា​ធនធាន​មនុស្សដ៏សំខាន់​មួយ​សម្រាប់​ជួយ​ប្រទេស​ជាតិ ​សម្រាប់​ជួយ​ ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ»។​

លោក​អំ សំអាត​បាន​បន្តថា​ លោក​ចាន់ សុវ៉េត​បាន​ជួយ​ពលរដ្ឋ​ដែល​រង​ការ​ រំលោភ​ដីធ្លីច្រើន​ មុន​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ​អញ្ចឹងហើយ​បាន​ធ្វើ​ឲ្យ​ សុខភាព​លោក​មាន​ការ​ចុះខ្សោយ​ ជាមួយ​គ្នា​ពេល​ដែល​លោក​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​ រហូត​ដល់​ម៉ោង​ជិត​១​រសៀល​ទៀត។​

ក្រុមមន្ត្រី​សិទ្ធិ​មនុស្ស​បានអំពាវនាវ​ដល់​មិត្តភក្តិ​ និង​អ្នក​ស្រឡាញ់​រាប់អាន​លោក​ សុវ៉េត​ឲ្យ​ជួយ​ផ្តត់ផ្គង់​ថវិកាដល់​គ្រួសារ​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សព​លោក។ ​លោក​សំអាត​បាន​អះអាង​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ​នៅសល់​តែ​ស្នា​ដៃ​ប៉ុណ្ណោះ។ ​

លោក​ហ្វ៊ីល រ៉បប៊ឺតសុន (Phil Robertson) ​នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បានហៅ​លោក​ចាន់ សុវ៉េត​ថា​ ជា​អ្នក​ការពារ​ សិទ្ធិ​មនុស្ស​នាំមុខ ​ដ៏​ឆ្នើម ​ហើយ​បាន​ទុក​កេរតំណែល​ជា​គម្រូ​ដល់អ្នក​ជំនាន់​ ក្រោយ​យ៉ាង​ច្រើន។​

«លោក​គឺជា​តួ​អង្គ​សំខាន់​ ដែល​ធ្វើ​កិច្ចការ​សិទ្ធិ​មនុស្ស​រាប់ឆ្នាំ​ លើ​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន​ផ្នែក​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​គឺ​ជា​មនុស្ស​សំខាន់​ក្នុង​ការ​ នាំ​ឲ្យ​ក្មេងៗ​ខ្មែរ​ជំនាន់​ក្រោយ​យក​ចិត្ត​ទុកដាក់​អំពី​សិទ្ធិ​មនុស្ស​និង​ស្វាគមន៍​សិទ្ធិ​មនុស្ស»។​

លោក​ចាន់ សុវ៉េត​បានស្លាប់​ចោល​កូន​បី​នាក់​របស់​លោក​ ហើយ​បើ​តាម​ក្រុម​មន្ត្រី​ សិទ្ធិ​មនុស្ស​បានឲ្យ​ដឹងថា ​នឹង​មាន​មនុស្សម្នារជាច្រើន​នឹងទៅ​ចូលរួម​មរណ​ទុក្ខ​ សព​លោក​ចាន់ សុវ៉េត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​ សព​របស់​លោកចាន់ ​សុវ៉េត​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ នឹង​យក​ទៅ​តម្កល់​នៅ​វត្ត​គល់ទទឹង ​សង្កាត់​ព្រៃ​ថ្មី ​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​បូជា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត៕

XS
SM
MD
LG