កំណត់និពន្ធ៖ ក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់និងស៊ីរី ហៅកាត់ថាក្រុម ISIS បានកន្ត្រាក់អារម្មណ៍មនុស្សនៅទូទាំងពិភពលោកនិងកម្ពុជា ដោយសារតែអំពើដ៏សាហាវយង់ឃ្នងរបស់ពួកគេទៅលើចំណាប់ខ្មាំង ក្នុងនោះរួមទាំងការដុតចំណាប់ខ្មាំងទាំងរស់ ដែលជាអ្នកបើកយន្តហោះម្នាក់នៃកងទ័ពអាកាសហ្ស៊កដានីផងដែរ។ ទាក់ទងនឹងអំពើភេរវកម្មនេះ ជនជាតិចាមនៅកម្ពុជាធ្លាប់រងផលប៉ះពាល់ ដោយជួបនឹងបញ្ហារើសអើងខ្លះៗ ក្រោយពីក្រុមអាល់ខៃដាបានធ្វើសកម្មភាពកាលពីជាង១០ឆ្នាំមុន។ ដើម្បីឲ្យដឹងថា តើជនជាតិចាមនៅកម្ពុជាមានទស្សនៈយ៉ាងណាចំពោះទង្វើរបស់ក្រុម ISIS នេះ នៅថ្ងៃអង្គារទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃវីអូអេ បានសម្ភាសតាមទូរស័ព្ទជាមួយលោកបណ្ឌិត អេង កុកថាយ ដែលស្ថិតនៅទីក្រុងភ្នំពេញ។ លោក កុកថាយ ជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា «ចាប់ពីរបបខ្មែរក្រហមដល់ឧប្បត្តិហេតុហាំបាលី: អត្តសញ្ញាណជនជាតិចាមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម» និងជានាយកផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
វីអូអេ៖ លោក កុក ថាយ ជាដំបូងនេះ ខ្ញុំចង់ឲ្យលោកប្រាប់លោកអ្នកស្តាប់យើងថាតើមនោគមន៍វិជ្ជារបស់ក្រុម ISIS ហ្នឹងជាអ្វីទៅ?
អេង កុកថាយ៖ បាទ ក្រុមISIS គឺជាក្រុមមួយដែលកំពុងតែកាន់កាប់ទឹកដីមួយភាគធំនៅប្រទេសអ៊ីរ៉ាក់ខាងជើង និងប្រទេសស៊ីរីខាងជើងក្នុងពេលបច្ចុប្បន្ន ហើយមនោគមន៍វិជ្ជាសំខាន់របស់ក្រុមនេះ គឺអ៊ីស្លាមនិយម បានន័យថាក្រុមនេះទាមទារឲ្យមានការប្រើប្រាស់ច្បាប់នៅក្នុងគម្ពីរសាសនាអ៊ីស្លាមដើម្បីដឹកនាំប្រទេស ដែលខ្លួនកាន់កាប់ និងដើម្បីបង្កើតជាគោលនយោបាយកំណត់គោលដៅជីវិតរបស់ប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់ដែលខ្លួនកាន់កាប់នោះ ហើយនៅថ្ងៃអនាគត ក្រុមISIS នេះមានបំណងបង្កើតជាអាណាចក្រមួយដែលមានផ្ទៃដីគ្របដណ្តប់នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
វីអូអេ៖ តើក្រុមនេះ ចាប់ផ្តើមពីដំបូងឡើយយ៉ាងដូចម្តេច ហើយអ្នកណាជាមេដឹកនាំក្រុមនេះ?
អេង កុកថាយ៖ បាទ ក្រុមនេះដំបូងឡើយគឺផ្នែកមួយនៃក្រុមភេរវករអាល់ខៃដា។ បាទគឺនៅក្នុងខ្ទង់ឆ្នាំ ២០០២ ២០០៣ ២០០៤។ ប៉ុន្តែក្រោយមក នៅពេលដែលក្រុមអាល់ខៃដានេះមានប្រជាប្រិយភាពធ្លាក់ចុះ ហើយពិសេសក្រោយពីការមានការបាញ់សម្លាប់ថ្នាក់ដឹកនាំរបស់ក្រុមនេះ គឺ អូសាម៉ា ប៊ីនឡាដិន ក្រុម ISIS បានផ្តាច់ខ្លួនចេញពីក្រុមអាល់ខៃដា ហើយដំបូងក្រុម ISIS នេះត្រូវបានដឹកនាំដោយ មេដឹកនាំម្នាក់ដែលមានឈ្មោះថា Abu Musab al-Zarqawi ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦។ ប៉ុន្តែក្រោយពី Zarqawi ស្លាប់ក៏មានមេដឹកនាំថ្មីមួយដែលបច្ចុប្បន្នមានឈ្មោះថា Abu Bakr al-Baghdadi ដែលជាមេដឹកនាំ ក្រុមISIS បច្ចុប្បន្ន។ ហើយដំបូងឡើយ ក្រុមISIS ពុំមានប្រជាប្រិយភាពប៉ុន្មានទេនៅក្នុងប្រទេសអ៊ីរ៉ាក់ក្តី ឬមួយនៅក្នុងប្រទេសអាហ្គានីស្ថាន ឬប្រទេសស៊ីរី។ ប៉ុន្តែនៅពេលដែលមានផ្ទុះសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ក្រោយពីមានចលនាអារ៉ាប់ស្រ្ពីងក្នុងតំបន់មជ្ឈិមបូព៌ាមក ក្រុម ISIS មានវាសនាផ្លាស់ប្តូរ បានឆ្លៀតឱកាសនេះចូលរួមសង្គ្រាមជាមួយនឹងក្រុមឧទ្ទាមផ្សេងៗនៅក្នុងប្រទេសស៊ីរីដើម្បីធ្វើសង្គ្រាមជាមួយនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីអាសាដ ហើយឆ្លៀតឱកាសនេះ ក្រុមនេះបានពង្រីកអំណាចរបស់ខ្លួនមកក្នុងប្រទេសអ៊ីរ៉ាក់ថែមទៀត។ ឆ្លៀតក្នុងពេលនោះដែរ រដ្ឋាភិបាលនិងក្រុមយោធារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ពុំមានការតទល់ប្រឆាំងខ្លាំងជាមួយ ក្រុម ISIS នោះទេ ហើយទាហានជាច្រើនបានបាក់ទ័ព ហើយទម្លាក់អាវុធ ហើយភៀសខ្លួនចេញពីកន្លែងដែលខ្លួនការពារ បណ្តាលឲ្យ ក្រុម ISIS នេះមានឱកាសគ្រប់គ្រងប្រទេសអ៊ីរ៉ាក់បានយ៉ាងឆាប់រហ័ស នៅពាក់កណ្តាលឆ្នាំ២០១៤ និងទឹកដីមួយផ្នែកធំនៅប្រទេសស៊ីរីក្នុងពេលជាមួយគ្នា។
វីអូអេ៖ ចាស លោកកុក ថាយ លោកបានសិក្សាស្រាវជ្រាវជាច្រើន ហើយបើតាមការស្រាវជ្រាវរបស់លោក តើនៅក្នុងចំណោមក្រុមសកម្មប្រយុទ្ធរបស់ក្រុម ISIS នេះ មានជនជាតិខ្មែរដែរឬទេចាស?
អេង កុកថាយ៖ បាទ នេះគឺជាសំនួរមួយដែលយើងពុំទាន់មានភស្តុតាងណាមួយដើម្បីបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ នៅខែមិថុនា ឆ្នាំ២០១៤ ឆ្នាំមុន ក្រុម ISIS បានបង្ហោះនូវវីដេអូមួយដែលមានរយៈពេល១៣នាទី ដែលក្នុងវីដេអូនេះ ក្រុម ISIS បានឲ្យយុទ្ធជន ឬ ក៏សមាជិករបស់ខ្លួនដែលមកពីប្រទេសអភិវឌ្ឍផ្សេងៗ ដើម្បីធ្វើបទបង្ហាញឃោសនាឲ្យមានការចូលរួមកាន់តែច្រើន ហើយនៅក្នុងវីដេអូនេះ ក្រុម ISIS បានបង្ហាញថា គេមានកម្លាំងមកពីប្រទេសបង់ក្លាដេស អ៊ីរ៉ាក់ អូស្រ្តាលី ចក្រភពអង់គ្លេស ព្រមទាំងប្រទេសកម្ពុជាផងដែរ។ អញ្ចឹងនៅក្នុងរយៈពេលនោះ កាសែតនៅក្នុងប្រទេសកម្ពុជាយើងក៏បានស៊ើបសួរថ្នាក់ដឹកនាំសាសនាអ៊ីស្លាម និងថ្នាក់ដឹកនាំចាម សហគមន៍ចាមដែរ អំពីសំណួរនេះ ហើយពួកគាត់ពុំបានទទួលដំណឹងណាមួយថា មានបងប្អូនជនជាតិចាមណាម្នាក់បានចូលរួមនៅក្នុង ក្រុម ISIS នេះទេ ហើយបច្ចុប្បន្នក៏យើងពុំទាន់មានភស្តុតាងច្បាស់លាស់ដើម្បីបង្ហាញដែរ។ ហើយខ្ញុំគិតថានេះ គឺជាការឃោសនាមួយរបស់ ក្រុម ISIS ដើម្បីបង្ហាញថា ចលនានយោបាយធ្វើសង្គ្រាមរបស់ខ្លួនមានការគាំទ្រខ្លាំងពីប្រជាជននៅទូទាំងពិភពលោក។ វាហាក់បីដូចជាការចោទប្រកាន់ជនជាតិចាមនៅក្នុងខ្ទង់ដើមឆ្នាំ ២០០៣ និង ២០០៤ និងក្រោយមកនៅក្នុងឆ្នាំ ២០០៧ ថាគាត់បានចូលដៃជាមួយនឹងក្រុមភេរវករនៅក្នុងពិភពលោក ហើយថែមទាំងបានចោទប្រកាន់ជនជាតិចាមថា គាត់បានរួមចំណែកនៅក្នុងការធ្វើចលនាផ្តាច់ខ្លួននៅថៃភាគខាងត្បូងផងដែរ។ ប៉ុន្តែរាល់ការចោទប្រកាន់ទាំងអស់នេះ ពុំមានភស្តុតាងណាមួយបញ្ជាក់ឲ្យបានច្បាស់ថា គាត់ពិតជាបានចូលនោះទេ។
វីអូអេ៖ ច៎ា ហើយចុះតើប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្នុងប្រទេសកម្ពុជាហ្នឹង មានប្រតិកម្មយ៉ាងណាខ្លះ ចំពោះអំពើដ៏សាហាវយង់ឃ្នងរបស់ក្រុមអ៊ីស្លាមជ្រុលនិយម ISIS នេះ?
អេង កុកថាយ៖ បាទ ប្រជាជនចាម និងអ្នកកាន់សាសនាអ៊ីស្លាមជាច្រើនដែលខ្ញុំបានជួបនិងសាកសួរអំពីអំពើឃោរឃៅព្រៃផ្សៃដែល ក្រុម ISIS បានបង្ហោះនៅតាមប្រព័ន្ធអ៊ីធើណិត ជាពិសេស គឺការធ្វើការប្រហារជីវិតតាមរយៈការកាត់ករបស់អ្នកសារព័ត៌មាន បុគ្គលិកផ្តល់ជំនួយមនុស្សធម៌និងចំណាប់ខ្មាំងដែលក្រុមនេះបានចាប់នោះ ប្រជាជនចាមគឺមានការថ្កោលទោសចំពោះទង្វើដ៏ឃោរឃៅទាំងអស់នេះ ហើយគាត់គិតថាសាសនាអ៊ីស្លាមដែលពួកគាត់បានយល់ គឺជាសាសនាដែលពោរពេញទៅដោយសុខសន្តិភាពនិងការរួបរួមរស់នៅជាមួយគ្នា ដោយពុំមានជម្លោះ ឬមួយក៏ការប្រកាន់ពូជសាសន៍រវាងគ្នា ហើយជាក់ស្តែងគាត់បានលើកថានៅក្នុងប្រទេសអាស៊ី និងប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសកាន់សាសនាអ៊ីស្លាម ហើយប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសកាន់សាសនាឥស្លាមធំជាងគេនៅក្នុងពិភពលោក ហើយប្រទេសនេះគឺជាប្រទេសជិតខាងរបស់កម្ពុជា ហើយប្រទេសទាំងពីរនេះពុំដែលមានជម្លោះរវាងគ្នានោះទេបាទ។
វីអូអេ៖ ចាស ហើយនៅក្នុងសៀវភៅរបស់លោក ដែលមានចំណងជើងថា «ចាប់ពីរបបខ្មែរក្រហមដល់ឧប្បត្តិហេតុហាំបាលី: អត្តសញ្ញាណជនជាតិចាមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម» ដែលបានចេញផ្សាយកាលពីខែមករាកន្លងទៅនេះ លោកបានសរសេរអំពីការដែលជនជាតិចាមត្រូវប្រឈមទៅនឹងបញ្ហារើសអើងមួយចំនួន ក្រោយពីក្រុមអាល់កៃដាបានចាប់ផ្តើមធ្វើសកម្មភាពកាលពីជាងដប់ឆ្នាំមុន អញ្ចឹងខ្ញុំចង់ដឹងថា តើឥឡូវនេះ ដោយសារតែអំពើរបស់ក្រុម ISIS ហ្នឹង ជនជាតិចាមនៅកម្ពុជាអាចនឹងប្រឈមគ្រោះថ្នាក់អ្វីផ្សេងទៀតដែរ ឬទេច៎ា?
អេង កុកថាយ៖ ខ្ញុំគិតថាពុំមានគ្រោះថ្នាក់អ្វីដល់ជនជាតិចាមនៅកម្ពុជានោះទេ ជាពិសេសគឺការរើសអើងចំពោះគាត់នៅពេលដែលមានព័ត៌មានថាមានជនជាតិចាមចំនួនតូច ម្នាក់ឬពីរនាក់ ឬមួយក៏ដប់នាក់ក៏យើងមិនដឹង ដែលក្រុម ISIS បានអះអាងថា បានចូលរួមនៅក្នុងចលនាតស៊ូរបស់ខ្លួន ប៉ុន្តែយើងពុំមានភស្តុតាងណាច្បាស់លាស់ ហើយជនជាតិចាម នេះមិនមែនជាលើកទីមួយ ដែលជនជាតិចាមត្រូវបានចោទប្រកាន់ថា មានរួមចំណែកនៅក្នុងចលនាភេរវកម្ម ឬមួយនៅក្នុងចលនាសង្គ្រាមនៅក្នុងប្រទេសដទៃនោះទេ អញ្ចឹងជាទូទៅគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាគឺការពារជនជាតិចាម និងប្រឆាំងជានិច្ចចំពោះនូវអំពើភេរវកម្មដែលអាចនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយជាក់ស្តែងយើងពុំមានភស្តុតាងណាមួយដែលបញ្ជាក់ថា ជនជាតិចាមនៅប្រទេសកម្ពុជាបានចូលរួមចលនាសង្គ្រាមរបស់ក្រុម ISIS នោះទេ។
វីអូអេ៖ ច៎ា លោកកុក ថាយ សូមអរគុណលោកច្រើនដែលបានផ្តល់ការសន្ទនាជាមួយវីអូអេនៅពេលនេះ។
អេង កុកថាយ៖ បាទ សូមអរគុណ៕