ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មិន​ទាន់​អាច​ធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ទេ​


រដ្ឋមន្ត្រី​១២​ប្រទេស​​​សមាជិក​កិច្ចព្រមព្រៀង TPP ជួប​ជុំ​គ្នា​​នៅ​កោះ​ហាវ៉ៃ​​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​១២​ប្រទេស​​​សមាជិក​កិច្ចព្រមព្រៀង TPP ជួប​ជុំ​គ្នា​​នៅ​កោះ​ហាវ៉ៃ​​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥។

​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ កម្ពុជា​មាន​កិច្ចការ​និង​បញ្ហា​ច្រើន​ទាក់ទង​នឹង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក។​​

ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​និយាយ​ថា​ កម្ពុជា​មិន​ទាន់​ជា​ប្រទេស​ដែល​ត្រូវ​ប្រញាប់​ចូលរួម​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ជាមួយ​នឹង​ប្រទេស​រីក​លូតលាស់​ផ្នែក​សេដ្ឋ​កិច្ច​ទេ។ ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ កម្ពុជា​មាន​កិច្ចការ​និង​បញ្ហា​ច្រើន​ទាក់ទង​នឹង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក។

ក្រុម​ប្រទេស​ដែល​មាន​ការរីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ចំនួន​១២​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ TPP ​ដ៏ធំ​ជា​ប្រវត្តិសាស្ត្រនៅ​ខែ​តុលា​នេះ​ក្នុង​គោល​បំណង​ពង្រីក​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម​កាន់តែ​មាន​ទំហំ​ធំ​ឡើង។​

ដៃគូ​ពាណិជ្ជកម្ម​ថ្មី​ ដែល​អាច​បង្រួប​បង្រួម​ទីផ្សារ​រហូត​ដល់​៤០​ភាគ​រយ​នៃ​សេដ្ឋកិច្ច​សកល ព្រមទាំង​មាន​ទិន្នផល​សរុប​៣០​លានលាន​(ឬ ​៣០​ទ្រីលាន $30 trillion)នោះ មាន​ការ​ចូលរួម​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ខ្លះ​ តែ​កម្ពុជា ​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ដែរ​នោះ​ មិន​ត្រូវ​បាន​គេ​អញ្ជើញ ឬមិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​ទេ។​

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ការចូលរួម​ ឬ​មិន​ចូលរួម​ជា​ដៃ​គូពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​TPP​ នោះ​ មិន​មែន​ជា​អាទិភាព​និង​មិនមែន​ជាអ្វី​ដែល​កម្ពុជា​ត្រូវ​ព្រួយ​បារម្ភ​ទេ។​ កម្ពុជា​ពេល​នេះ​មាន​ដៃគូ​ច្រើន​រួច​ទៅ​ហើយ ​ដូចជា​សមាជិក​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ និង​ជា​សមាជិក​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​និង​ជា​ដៃគូសេដ្ឋកិច្ច​ជា​មួយ​នឹង​ស្ថាប័ន​ជាច្រើន​ទៀត។​

លោក ជេយ៉ាន មីនិន ​(Jayant Menon) ​អ្នក​សេដ្ឋកិច្ច​នាំមុខ​នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ADB ​នៅ​ក្រុង​ម៉ានិល ដែល​ជា​ទីស្នាក់ការ​ធំ​របស់​ ADB ​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ពេល​នេះ​មិនគួរ​បារម្ភ​អំពី​ដៃគូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកទេ។​

«ដៃគូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​គឺ​មាន​កិច្ច​ព្រមព្រៀង​ផ្សេងៗ​គ្នា។ ​ប្រទេស​កម្ពុជា​គួរ​ខ្វល់ខ្វាយ​អំពី​ការ​ធ្វើតាម​កាតព្វ​កិច្ច​អាស៊ាន​ ដូច​ជា​បញ្ហា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន»។​

ក្នុង​ឋានៈ​ជាប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​កម្ពុជា​ពេលនេះ​គួរតែ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​កែ​ទម្រង់​ អភិវឌ្ឍ ​និង​បំពេញ​តាម​កាតព្វ​កិច្ច​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដែល​នឹង​មាន​សមាហរណ​កម្ម​នៅចុងឆ្នាំ​នេះ​ និង​តាម​កាតព្វកិច្ច​ អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ WTO។​

លោក​ទទួល​ស្គាល់​ថា​ ក្នុង​ចំណោម​ប្រទេស​ទាំង​១០ មាន​ប្រទេស​តែ៤ប៉ុណ្ណោះ​គឺ​ប្រទេស​វៀតណាម ​ប្រ៊ុយណេ​ សីង្ហបូរី ​និង​ម៉ាឡេស៊ី ​ដែល​ចូល​ជា​សមាជិក​នៃ​ដៃ​គូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​TPP។ តែ​លោក​ថា ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​មាន​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី ​រួចទៅ​ហើយ​ ដែល​រឿង​នេះមិនមែន​ជា​ការ​បំបែក​ សមាគម​អាស៊ាន​ទេ។​

«សមាជិក​អាស៊ាន​និមួយៗ​មាន​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ដែរ​ មិន​អញ្ចឹង?​ ដូច្នេះ​ខ្ញុំមិន​គិត​ថា ​រឿង​នេះ​នឹង​បំបែក​អាស៊ាន​ទេ។​ អាស៊ាន​ជា​ការណ៍​ពិត ​នឹង​ធ្វើ​កិច្ចការ​ខ្លាំង​ឡើង​ដើម្បី​រក្សារ​អត្តសញ្ញាណ​របស់​ខ្លួន។​ តែខ្ញុំមិន​គិត​ថា ​រឿងនេះនឹង​មាន​ការ​ផ្លាស់ប្តូរច្រើន​នោះ​ទេ»។​

លោក​បន្ថែម​ថា​ វា​ឆាប់​ពេក​ហើយ​គឺ​មិនទាន់អាច​និយាយ​ពីរឿង​នេះ​បាន​ទេ​ ​ព្រោះ​កិច្ច​ព្រមព្រៀង​ TPP ​ទើបតែ​ត្រូវ​បាន​បញ្ចប់​ ហើយ​នៅ​តម្រូវ​ឲ្យ​សភា​នៃប្រទេស​នីមួយៗ​ ផ្តល់​ការ​យល់ព្រម​ទៀត។​ គេ​ត្រូវ​ចាំមើល​ឯកសារ​ចរចា​ ដែល​ត្រូវ​ចេញ​នៅ​ខែ​ក្រោយ ហើយ​ពេល​នោះ ​ទើបគេអាច​មាន​គំនិត​ប្រសើរឡើង។​

បណ្ឌិត​ ចាប សុថាវិទ្ធ​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ បាន​ថ្លែង​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​គាំទ្រ​ពាណិជ្ជ​កម្ម ​ហើយ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​សក្តានុពល​នោះ​ អាច​នឹង​ចូលជា​សមាជិក​នៅ​ពេល​ក្រោយ ​តែលោក​ចាត់​ទុក​ថា ពេល​នេះ​ TPP​ មិនមែន​ជា​អាទិភាព​សម្រាប់កម្ពុជា​ទេ។​

«អញ្ចឹង​ថ្ងៃ​ក្រោយ​បើ​យើង​ពង្រីក​មូលដ្ឋាន​ផលិត​របស់​យើង​កាន់​តែល្អ ​យើង​រក​ទីផ្សារ​កាន់​តែ​ច្រើន។​ អញ្ចឹង​យើង​ត្រូវតែ​ចូល​ជា​សមាជិក​ដូច​ប្រទេស​ទាំងនោះដើម្បី​រក​ទីផ្សារ​ឲ្យ​បាន។ ​ផលិតផល​យើង​នាំចូល​ទៅគេ​ដោយ​រួចពន្ធ។​ ​ អញ្ចឹង​ទំនិញ​យើង​ដែល​ថោក​ វា​អាច​លក់​បាន។​ ហើយ​បើគេ​យក​ពន្ធ​ យើង​យក​ទៅលក់​ យកទៅ​ប្រជែង​ម៉េច​កើត? ហើយ​ដូចគ្នា ​បើសិន​យើងនាំ​ចូល​ផលិត​ផល​យើង​ទៅ​ប្រទេស​គេ​ យើង​ក៏ត្រូវ​តែ​បើក​ទីផ្សារ​ដើម្បី​ឲ្យ​ទំនិញ​គេ​ចូល​មក​ប្រទេស​យើង»។​

លោក​បាន​បន្ថែម​ថា ​ទន្ទឹម​នឹង​ការ​ចំណេញ​ដោយ​ការ​រក​បាន​ទីផ្សារ​ក្នុង​បណ្តាប្រទេស ​TPP កម្ពុជា​ក៏ត្រូវ​ប្រឈម​បញ្ហានានា​ដែរ​ ដោយសារ​កម្ពុជា​មានផលិត​ក្នុងស្រុក​ ដែល​ត្រូវ​ប្រកួត​ប្រជែង​យ៉ាងស្រួច​ស្រាវ​ផ្នែក​ផលិត​ភាព ​គុណភាព​ និង​ដោយសារ​តែមាន​ការ​នាំចូល​ដោយសេរី​ ហើយ​មិន​មាន​ការយក​ពន្ធ។​ តែ​លោក​បាន​សម្លឹង​ឃើញ​ថា​ កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ជាង​គេ​វិញសម្រាប់អនាគត​ ដោយសារ​កម្ពុជា​មាន​ពលកម្ម​ថោក។​ លោក​និយាយ​ថា ​លើកលែង​តែ​អាវុធ​ ​ កម្ពុជា​នាំចេញ​ផលិតផល​ទំនិញ​សព្វបែប​យ៉ាង​ទៅ​កាន់​ប្រទេស​ ដែលរីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​សហភាព​អឺរ៉ុប​និង​ស.រ.អា. ដោយ​គ្មាន​ការ​បង់ពន្ធ។ លោក​ចាប សុថារិទ្ធ​បន្ថែម​ថា ដូច្នេះ​កម្ពុជា​ចូល​ជាដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកនៅ​ពេល​ក្រោយ។​

លោក ​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរកម្ពុជា (C-CAWDU)​ ​បាន​អះអាង​ថា ​កម្ពុជា​យើង​នឹង​ចំណេញពី​ការ​នាំ​ចេញដែរ​ បើសិន​ជា​កម្ពុជា​អាច​ចូលរួម​ក្នុង​ប្រទេស​ជា​ដៃ​គូពាណិជ្ជ​កម្ម ​TPP។​ តែ​លោក​ថា​ កម្ពុជា​ក៏មិន​មាន​បញ្ហា​អ្វី​ដែរ​ បើ​មិនទាន់​ចូល​ TPP ​ពេល​នេះ ​ព្រោះ​កម្ពុជា​មាន​ការ​នាំចេញ​ទៅ​ប្រទេស​នានា​ដែរ​ ​ហើយ​ប្រទេស​ទាំងនោះ​មាន​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​រួច​ទៅ​ហើយ។​

«តែ​សម្រាប់​កម្ពុជា​យើង​ ខ្ញុំ​គិត​ថា ​យើង​អត់​ទាន់មាន​អ្វី​ធ្វើ​បាន​ មាន​តែ​កាត់​ដេរ ​និង​អង្ករ​អីតិចតួច។​ ដូច្នេះ​យើង​អាច​ចំណេញ​តិចតួច​ទេ​ ​មិន​ច្រើន​ប៉ុន្មាន​ទេ។​ តែ​កម្ពុជា​ទោះ​បី​ជា​មិន​ទាន់ចូល​ TPP ​ក៏យើង​នៅតែ​នាំ​ទៅ​ស.រ.អា. និង​នាំទៅ​ប្រទេស​មួយ​ចំនួន​ដែលអត់​យកពន្ធ ​ព្រោះគេ​ចាត់​ទុក​ថា​ កម្ពុជា​ជា​ប្រទេស​ក្រីក្រ។​ អញ្ចឹង​ដូចជា​មិន​សូវ​មាន​ប្រយោជន៍​អី​ប៉ុន្មាន​សម្រាប់​ការ​ចូល ​TPP ​ហ្នឹង​ទេ»។​

កម្ពុជា​នាំចេញ​សម្លៀក​បំពាក់​ដល់​ទៅ​៦​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ដែល​បង្កើត​ការងារ​ដល់​មនុស្ស​ជាង​៧០​ម៉ឺននាក់​ជាស្ត្រី។​ លោក​អាត់ ធន់​ថ្លែង​ថា​ កម្ពុជាអាច​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​ធំៗ​បាន ​ដូចវៀត​ណាម​ និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ពេល​ចូលជា​សមាជិក​ TPP។​

លោក​ឧកញ៉ា ​ម៉ុង ឫទ្ធី ​ប្រធាន​ក្រុមហ៊ុន​ម៉ុង ឫទ្ធី ​ដែល​គេស្គាល់​ថា​ ជា​មហា​សេដ្ឋី​ខ្មែរ​ម្នាក់ ​បាន​អះអាង​ថា​ ទោះជា​មាន​ល្បឿន​យឺតក្តី​ កម្ពុជា​មាន​ការ​ខិតខំ​ព្រម​គ្នាសម្រាប់​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ក្នុងស្រុក​ ក្នុង​តំបន់​ និងក្នុងពិភពលោក។​

«យើង​ចេះ​តែ​ខិតខំ​ប្រឹងប្រែង។ ​ វិស័យ​ឯកជន​ និង​រដ្ឋ​ប្រឹងប្រែង​ដូចគ្នា ​តែ​ថា ​ឲ្យ​លឿន​ដូច​គេ​តែម្តង​ វា​ទៅ​អត់​រួច​ទេ​ ដោយសារ​ថា​ គេ​ខាន​ច្បាំង​យូរ​ហើយ។​ ដល់ខ្មែរ​យើង​ទើប​តែខាន​ច្បាំងពី​ឆ្នាំ​១៩៩៨​មក​ទេ។ ​អញ្ចឹង​ទៅ​ ការ​ដែល​ខំ​ប្រឹងប្រែង​ចេះ​តែ​ខំទៅ​ តែវា​មិន​អាច​១​ថ្ងៃ​ ១ខែ ​១​ឆ្នាំ ​លឿន​ដូច​គេ​ទេ»។​

លោក​បញ្ជាក់​ថា ​ចំពោះ​លោក​ផ្ទាល់ពេលនេះ​គឺផ្តោត​ខ្លាំង​ទៅលើ​រោងចក្រ​ កែច្នៃ​ស្បែក​ ​ដើម្បី​ដើរ​ឲ្យទាន់​ប្រទេស​ជិតខាង​ វៀតណាម​ និង​ថៃ​ដែលមាន​ការ​ផលិត​នាំចេញ​ច្រើន​នោះ។​

លោក​ទទួល​ស្គាល់​ថា​ កម្ពុជា​កន្លងមក​នាំ​ចេញ​វត្ថុធាតុ​ដើម ​និង​ផលិតផល​ពាក់​កណ្តាល​សម្រេច​យ៉ាង​ច្រើន ​ដូចជា​កៅស៊ូ​ត្រូវនាំ​ចេញ ​ហើយ​ទិញ​កង់ឡាន​ចូល​មក​វិញ​ក្នុងតម្លៃ​ខ្ពស់។​ នាំ​ប្រេងចេញ ​ដូចជានាំប្រេងដូង​ចេញ​ទៅ​ក្រៅ​ ​ហើយ​នាំ​ផលិត​សម្រេច​ពីប្រទេស​ក្រៅចូល​មក​វិញ​ ដូចប្រេងឆា។​

ប្រទេស​ជាដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រប៉ាស៊ីហ្វិក ​TPP ​គឺភាគ​ច្រើន ​ជា​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ខ្ពស់​ ដូចជា​ជប៉ុន​ ​មាន​ការ​នាំចេញ​គ្រឿងចក្រ ​និងរថយន្ត ​ហើយ​ប្រទេស​រីកចម្រើន​បន្ទាប់​មាន​ការ​នាំចេញ​ផលិតផល​កសិកម្ម ​វាយនភណ្ឌ ​ជាដើម។​ អ្នកវិភាគ​ខ្លះ​បាន​និយាយ​ថា ​ប្រទេស​ដែល​មាន​ផលិត​ផល​នាំចេញ​ច្រើន​ទំនង​ជា​ទទួល​បាន​ផល​ប្រយោជន៍​ច្រើនពី​ការ​ចូល​ក្នុង​សមាជិក​ TPP​ នេះ។​ តែអ្នក​ខ្លះ​ថា​ ប្រទេស​ទាំងអស់​ទទួល​ផលប្រយោជន៍​រៀងៗ​ខ្លួន​ពីការ​ពង្រីក​ពាណិជ្ជ​កម្ម​នេះ។​

ប្រទេស​ទាំង១២​នៃ​សមាជិក​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ ប៉ាស៊ីហ្វិក ​TPP ​មាន​អូស្ត្រាលី ​កាណាដា ​ឈីលី ​ជប៉ុន​ ម៉ាឡេស៊ី​ ម៉ិកស៊ិក នូវែលសេឡង់ ​ប៉េរូ ​សិង្ហបូរី ​ស.រ.អា. និង​វៀតណាម៕

XS
SM
MD
LG