ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបក្ស​ប្រឆាំង​សុំ​អន្តរាគមន៍​ដើម្បី​ចូល​គោរព​ព្រះ​បរម​សព​


មនុស្ស​គ្រប់​ទិសទី​បន្ត​កាន់​ទុក្ខ​នៅ​មុខ​បរមរាជវាំង។
មនុស្ស​គ្រប់​ទិសទី​បន្ត​កាន់​ទុក្ខ​នៅ​មុខ​បរមរាជវាំង។

លោក​យឹម សុវណ្ណ បញ្ជាក់ថា លោក​សម រង្ស៊ី មាន​បំណង​ត្រឡប់​ចូល​កម្ពុជា​វិញ​ជា​យូរណាស់​មក​ហើយ។

ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយ​ឡែក​ពីគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែ​តុលា​នេះ ទៅ​ថ្វាយ​ព្រះមហាក្សត្រ និង​ជូន​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​អន្តរាគមន៍​ដើម្បី​ឲ្យ​លោក​អាច​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​បាន។
លិខិត​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ត្រូវ​បាន​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន នៅ​ថ្ងៃ​នេះ​។ ក្នុង​លិខិត​ដែល​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ផ្នែក​ខេមរភាសា​ទទួល​បាន លោក​សម រង្ស៊ីសរសេរ​ថា លោក​ចង់​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ដើម្បី​គោរពវិញ្ញាណខន្ធ​អតីត​ព្រះមហាក្សត្រ​សម្តេច​ឪ​នរោត្តម សីហនុ។
អតីត​ព្រះមហាក្សត្រ​បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​ព្រះ​សព​ត្រូវ​បាន​យាង​ចូល​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ពុធ។
លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ទៅកាន់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ថា៖
«ខ្ញុំ​សូម​សម្តេច​មេត្តាជួយ​ធ្វើ​អន្តរាគមន៍​ដោយ​ទឹកចិត្ត​យោគយល់​ដ៏​ខ្ពង់​ខ្ពស់​ដើម្បី​ឲ្យ​រូបខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណ​ខន្ធ​ព្រះ​សព និង​បាន​ឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គជា​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ»។
លោក សម រង្ស៊ី បាន​បន្ថែម​ក្នុង​លិខិត​នោះ​ថា ក្នុង​ឱកាស​នៃ​អវត្តមាន «ជា​រៀង​រហូត» នៃ​អតីត​ព្រះ​មហាក្សត្រ លោក​យល់​ឃើញ​ថា វា​ជាការ​ចាំបាច់​ដែល​លោក​ត្រូវ​ជួយ​ពង្រឹង​ការ​ផ្សះផ្សា រូប​រួម និង​ឯកភាព​ជាតិ «ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នាឯង» តាម​ព្រះ​តម្រិះ​របស់​អតីត​ព្រះ​មហាក្សត្រ។
ប្រមុខ​ដឹក​នាំ​គណបក្ស​ជំទាស់​សរសេរ​ក្នុង​ន័យ​នេះដែរ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ។
លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ហើយ​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាច្រើន​ឆ្នាំ​មក​ហើយ។
លោក​យឹម សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​ក្រុងភ្នំពេញ និង​ជា​អ្នកនាំពាក្យ​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​លិខិត​ដែល​លោក​សម រង្ស៊ី​ផ្ញើថ្វាយ​ព្រះមហាក្សត្រ និង​ជូន​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​ត្រូវ​បានទទួល​ដោយ​ខុទ្ទកាល័យ​របស់​ព្រះ​អង្គ និង​ខុទ្ទកាល័យ​ប្រមុខ​រដ្ឋាភិបាល​រួច​ហើយ។
លោក​យឹម សុវណ្ណ បញ្ជាក់ថា លោក​សម រង្ស៊ី មាន​បំណង​ត្រឡប់​ចូល​កម្ពុជា​វិញ​ជា​យូរណាស់​មក​ហើយ។
«ជា​ការ​ពិត​លោក​មានបំណង​ជា​យូរយារ​ណាស់​មក​ហើយ។ គឺ​មាន​បំណង​ចូលមក​បម្រើ​ប្រទេស​ជាតិ»។
លោក ខៀវ កញារិទ្ធ រដ្ឋ​មន្ដ្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​មានប្រសាសន៍​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា ករណី​លោក​សម រង្ស៊ី​នៅ​តែ​ស្ថិត​លើ​ការ​សម្រេច​របស់​តុលាការ​ដដែល។
«គាត់​ចង់​ចូល​(ស្រុក)​ជា​រឿង​របស់​គាត់។ គាត់​មក​ក៏​បាន​ដែរ ប៉ុន្តែ​រឿង​នេះ​ជា​រឿង​របស់​តុលាការ​ហើយ​តុលាការ​សម្រេច​អ្វី​ផ្សេង​ទៀត​យើង​មិន​អាច​បញ្ជា​តុលាការ​នោះ​ទេ»។
ថ្វី​បើ​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​កើតឡើង​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ជំទាស់​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម សុខា ហើយ​លោក​សម រង្ស៊ី ដែល​ជាប់ពិរុទ្ធ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស​ថ្មី​នេះ​ក៏ប៉ុន្តែ​លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា លោក​សម រង្ស៊ី​មិនអាច​ចូលរួម​ការបោះឆ្នោត​បាន​ទេ​ដោយ​យោង​តាមច្បាប់​បោះឆ្នោត​នៃ​ប្រទេស​កម្ពុជា។
យ៉ាងណា​ក៏​ដោយ​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា គណបក្ស​នេះ​កំពុង​បន្ត​រៀបចំ​ការពង្រីក​បណ្តាញ​និង​ស្លាក​សញ្ញា​របស់ខ្លួន​នៅតាម​ខេត្ត​ក្រុង​ថ្វីបើ​អវត្តមាន​មេដឹកនាំ​របស់ខ្លួន​ក៏​ដោយ៕
XS
SM
MD
LG