ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​បរម​សព​ព្រះ​បាទ​នរោត្តម​សីហនុ​ត្រូវ​ដង្ហែទៅរង់ចាំ​ពិធី​បូជា​​


ភ្នំពេញ៖ ខណៈ​ដែល​ព្រះ​បរម​សព​ព្រះករុណា​ព្រះបាទ​នរោត្តម ​សីហនុ​ត្រូវ​បាន​ដង្ហែ​តាម​ដង​ផ្លូវ​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​ អ្នក​ឈរ​មើល​ និង​អ្នក​កាន់​ព្រះ​រាជ​មរណៈ​ទុក្ខ​ខ្លះ​បាន​សម្តែង​អារម្មណ៍​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ព្រះអង្គ។

ព្រះ​បរម​សព​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហនុ​ត្រូវ​បាន​រំកិល​និង​ដង្ហែ​ចេញ​ពី​ព្រះបរម​រាជវាំង​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១​ខែ​កុម្ភៈ​នេះ ​ដោយ​មាន​សមាជិក​ព្រះរាជ​វង្សានុវង្ស​និង​ប្រមុខ​រដ្ឋាភិបាល​ចូលរួម​ក្នុង​ពិធី​ដង្ហែ​នេះ​ផង​ដែរ។​


ពលរដ្ឋ​សាមញ្ញ​ ទាំង​ក្មេង​ ទាំង​ចាស់ ​មក​ពី​ខេត្ត​ផ្សេងៗ ​បាន​ដើរ​ដង្ហែ​កកកុញ​ពេញ​ផ្លូវ​និង​ប្រមូល​ផ្តុំ​គ្នា​នៅតាម​ដងផ្លូវ​ នៅ​ពេល​ដែល​ព្រះ​បរម​មេឈូសា ​ឬ​មឈូស​ពណ៌មាស​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ​ឆ្លងកាត់។​ អ្នកខ្លះ​យំ ​និង​ខ្លះ​ទៀត​ឆ្លៀត​ថត​ទិដ្ឋភាព​នៃ​ក្បួន​ដង្ហែ។​

លោក​យាយ​ម៉ី​ ម៉ន ​វ័យ​៧៨​ឆ្នាំ ​មក​ពី​ខេត្ត​ស្វាយរៀង ​បាន​មក​អង្គុយ​ចាំ​មើល​ក្បួន​ដង្ហែ​ព្រះ​បរមសព​នៅ​ក្បែរ​វិមាន​ឯករាជ្យ​នេះ ​តាំង​ពី​ព្រឹក​ព្រលឹម។​

«ស្តាយ​ព្រះអង្គ។ ​គាត់​ដើរ​ផ្លូវ​ត្រូវ ​ស្អាតស្អំ។ ​ដល់​ចូល​លោក​ទិវង្គត​ ខ្ញុំ​ស្តាយ​រក​អ្វី​ប្រៀប​ពុំ​បាន​ទេ។ ​ស្តាយ​មែនទែន ​ដូចថា ​គាត់​ជួយ​ជាតិ ​ផ្សះផ្សារ​ជាតិ។ ​គាត់​ឮ​តែ​ស្រែក​ផ្សះផ្សារ​ជាតិ​មួយ​ជីវិត​របស់​គាត់»។​

ព្រះ​បាទ​នរោត្តម​សីហនុ​បាន​យាង​ចូល​ទិវង្គត​ដោយសារ​រោគា​ពាធ​នៅក្នុង​ទីក្រុង​ប៉េកាំង ​ក្នុង​ព្រះ​ជន្មាយុ​ជិត​៩០​ព្រះ​វស្សា។​

ព្រះ​អង្គ​គឺ​ជា​ព្រះ​មហាក្សត្រ​ដ៏​មាន​ប្រជាប្រិយភាព​ និង​ទទួល​បាន​ការ​គោរព​យ៉ាង​ខ្លាំង​ពី​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ ​ជា​ពិសេស​នៅក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៥០​ និង​១៩៦០​ នៅពេល​ដែល​ព្រះ​អង្គ​គ្រប់គ្រង​ប្រទេស​កម្ពុជា។​

លោកតា​ឌី ហ៊ីម ​អាយុ​៧៩​ឆ្នាំ​ សុខ​ចិត្ត​មក​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ព្រះ​បរមសព​នេះ​ដែរ​ បើ​ទោះ​ជា​ត្រូវ​អង្គុយ​នៅលើ​កៅអី​រុញ​ក្តី។​

«ជា​ការ​សោកស្តាយ​ជា​អតិប្បរមា។ ​រក​ព្រះអង្គ​ណា​ឲ្យ​ប្រៀប​ផ្ទឹម​នឹង​សម្តេចឪ​យើង​នេះ​គឺ​គ្មាន​ទេ​ តាំង​ពី​ខ្ញុំ​ដឹង​ក្តី​រហូត​រៀង​ដរាប​មក»។

ព្រះ​បរមសព​របស់​ព្រះករុណា​នរោត្តម​សីហនុ​ត្រូវ​បាន​ដង្ហែ​ពី​ព្រះ​បរម​រាជវាំង​ ឆ្ពោះ​មក​កាន់​វាល​ព្រះ​មេរុ ​ដោយ​ឆ្លង​កាត់​ផ្លូវ​ជា​ច្រើន។​
លោក​ថោង ថៃ​គឺ​ជា​មន្ត្រី​រាជការ​ម្នាក់។​

«ខ្ញុំ​មិនដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​អី​ជាមួយ​ព្រះ​អង្គ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ព្រះអង្គ​ធ្វើ​ឡើង​គឺ​ដើម្បី​ប្រជារាស្ត្រ។ ​អញ្ចឹង​ទឹក​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​ដង្ហែ​ព្រះ​សព​របស់​ព្រះ​អង្គ​គឺ​ដើម្បី​ជា​លើក​ចុងក្រោយ​សម្រាប់​គាត់»។​
ព្រះ​បរមសព​នឹង​ត្រូវ​តម្កល់​នៅ​ទី​ព្រះ​មេរុ​នេះ​រយៈ​ពេល​៣​យប់​៣​ថ្ងៃ ​មុន​នឹង​ត្រូវ​ធ្វើ​ពិធី​ថ្វាយ​ព្រះភ្លើង​នៅ​ថ្ងៃ​ទី​៤ ​ខែ​កុម្ភៈ​ខាង​មុខ​នេះ៕​
ព័ត៌មានចុងក្រោយជា​រូបភាព​តាម Storify៖
XS
SM
MD
LG