នៅក្នុងជំនួបកំពូលដោយមិនមានការព្រាងទុករវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី នៅឯមន្ទីររដ្ឋសភាជាតិ មេដឹកនាំគណបក្សធំទាំងពីរបានព្រមព្រៀងគ្នាថានិងដោះស្រាយបញ្ហាដែលនៅសេសសល់ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) ហើយក្រុមការងារនៃគណបក្សទាំងពីរនឹងបន្តជួបពិភាក្សាគ្នា ដើម្បីអនុវត្តន៍ស្មារតីនេះនៅសប្តាហ៍ក្រោយ។
សេចក្តីប្រកាសព័ត៌មានរួមគ្នាស្តីពីលទ្ធផលនៃជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាគណបក្សទាំងពីរក៏បានឯកភាពគ្នាដើម្បីជំរុញឲ្យមានការបញ្ចប់សេចក្តីពា្រងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃ គជប និង សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ឲ្យបានរួចរាល់ចប់សព្វគ្រប់ជាមួយគ្នាយ៉ាងយូរនៅដំណាច់ខែកុម្ភៈឆ្នាំ២០១៥ ខាងមុខនេះ។
តាមសំណើររបស់លោក សម រង្ស៊ី ទាក់ទិននិងការដាក់ឲ្យដំណើរការស្ថានីយទូរទស្សន៍និងការដាក់ឲ្យដំណើរការស្ថានីយវិទ្យុបន្តនៅតាមបណ្តាខេត្ត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឯកភាពជាគោលការណ៍ដោយតម្រូវឲ្យក្រុមហ៊ុនពាក់ព័ន្ធបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណទៅក្រសួងព័ត៌មាន។
ចំពោះការកែសម្រួលបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាថ្នាក់ដឹកនាំនៃគណបក្សទាំងពីរបានឯកភាពគ្នាក្នុងការធ្វើវិសោធនកម្មប្រការថ្មី«ពីរ» នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយដែលមានអសនៈក្នុងរដ្ឋសភា និងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភាដើម្បីសន្ទនាជាមួយនិងប្រមុខរដ្ឋាភិបាលទាក់ទិននិងបញ្ហារបស់ប្រទេសជាតិ។ ប្រធានក្រុមភាគតិចនេះនិងមានឋានៈស្មើនាយករដ្ឋមន្ត្រី។
លោក កើត រិទ្ធ តំណាងក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់ក្នុងអង្គសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំថាចំណុចដែលនៅសេសសល់ពីកិច្ចប្រជុំមានតែពីរចំណុចតែប៉ុណ្ណោះ គឺដើម្បីក្លាយជាសមាជិកគជប ថ្មីគឺត្រូវមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ និងទីពីរការជាប់ពាក់ព័ន្ធជាញាត្តិពន្ធ ឬញាត្តិលោហិតជាមួយប្រធាន ឬ អនុប្រធានរបស់គណបក្សមិនអាចទៅឈរជាបេក្ខជននៃគជបថ្មីនេះបានទេ។
លោកបញ្ជាក់ថា៖ «ក្រុមការងារនៃគណបក្សទាំងពីរគឺខិតខំធ្វើយ៉ាងណាដើម្បីឲ្យ គជប ស្របតាមស្មារតីដែលបានឯកភាពគ្នា ហើយនិងបានរៀបចំបញ្ជូលទៅក្នុងរដ្ឋធម្មនុញ្ញគឺអាចបំពេញតួនាទីរបស់ខ្លួនបានប្រកបដោយអព្យាក្រិត្យនិងឯករាជ្យ។ អញ្ចឹងយើងឃើញហើយ ឧទាហរណ៍ លក្ខខណ្ឌទាក់ទងជាមួយនិងបញ្ហាសហព័ន្ធ បញ្ហាញាតិលោហិត បញ្ហាញាតិពន្ឋជាដើម។ល។ គឺថាយើងបានដាក់ជាលក្ខខណ្ឌ ពីព្រោះមូលហេតុអ្វីគឺដើម្បីធានាអព្យាក្រិត្យនៅក្នុងការបំពេញការងារ»។
លោក កួយ ប៊ុនរឿង តំណាងក្រុមចរចាខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ករណីសញ្ជាតិគណបក្សទាំងពីរបានឯកភាពមិនដាច់ណាត់នោះទេ។ គឺយើងបើកផ្លូវឲ្យអ្នកដែលមានបំណងចង់ធ្វើជាបេក្ខជនសមាជិក គជប។ នៅពេលដែលបានជាប់ឆ្នោត អាចដាក់ពាក្យលាលែងសញ្ជាតិរបស់ខ្លួននៅក្នុងតួនាទីរបស់ខ្លួនដែលត្រូវបានជ្រើសតាំងជាសមាជិក គជប។ លោកបានបញ្ជាក់ថាចំពោះការជ្រើសតាំងអគ្គលេខាធិការ និង អគ្គលេខាធិការរងនៃ គជប គណបក្សទាំងពីរបានឯកភាពគ្នាហើយ គឺសេចក្តីសម្រេចដោយមតិភាគច្រើន។
លោកនិយាយថា៖ «បេក្ខជនណាទទួលបានការគាំទ្រ ទទួលយល់ព្រមពីសម្លេងភាគច្រើននៃ គជប ហើយនិងត្រូវទទួលបានការតែងតាំងជាអគ្គលេខាធិការនិងអគ្គលេខាធិការរង ដែលពីមុនមកយើងមានការពិគ្រោះគ្នាដោយសារក្នុងសេចក្តីព្រាងរបស់យើង គឺតែងតាំងតាមសំណើររបស់ប្រធានបន្ទាប់ពីមានការពិគ្រោះជាមួយអនុប្រធាននិងសមាជិក។ ប៉ុន្តែលើកនេះមិនមែនជាការពិគ្រោះទេ គឺជាសេចក្តីសម្រេច»។
ពាក់ព័ន្ធនិងការអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិមានស្ថានីយវិទ្យុនិងទូរទស្សន៍ ក្រសួងព័ត៌មានដោយមានការយល់ព្រមពីលោក ហ៊ុន សែន កាលពីថ្ងៃទី២៧ម្ស៉ិលមិញនេះ បានអនុញ្ញាតិឲ្យក្រុមហ៊ុន Cambodia Independent Media ដំណើរការផ្សាយស្ថានីយទូរទស្សន៍តាមប្រព័ន្ធ Analog នៅរាជធានី ភ្នំពេញ ដែលមានកម្លាំងផ្សាយ ១០KW កម្ពស់អង់តែន១២០ម៉ែត្រ។
មេដឹកនាំគណបក្សទាំងពីរក៏បានពិភាក្សា អំពី ការស្នើរបស់គណបក្សជំទាស់ដែលសុំឲ្យដោះលែងសកម្មជនគណបក្ស សកម្មជនដីធ្លី និង ព្រះសង្ឃដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារចំនួន ១៩នាក់ផងដែរ។ មន្ត្រីគណបក្សទាំងពីរបានអះអាងថា អ្នកទាំងនេះនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗខាងមុខមិនខាន៕