ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិ​ទទួល​ប្រតិកម្ម​អវិជ្ជមាន


ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ ដែល​ធ្លាប់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ដែល​ជា​គណបក្ស​សំខាន់​មួយ​នៅ​ក្រោយ​សង្គ្រាម បាន​​ប្រកាស​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កុម្ភៈ​​ ឆ្នាំ​២០១៤ ថា​ព្រះអង្គ​មាន​គម្រោង​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​នានា​នៅ​ពេល​ខាង​មុខ។
ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ ដែល​ធ្លាប់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ដែល​ជា​គណបក្ស​សំខាន់​មួយ​នៅ​ក្រោយ​សង្គ្រាម បាន​​ប្រកាស​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កុម្ភៈ​​ ឆ្នាំ​២០១៤ ថា​ព្រះអង្គ​មាន​គម្រោង​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​នានា​នៅ​ពេល​ខាង​មុខ។
ក្រោយពី​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ​ថា​នឹង​វិល​ចូល​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ​ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​និង​មន្ត្រី​គណបក្ស​នយោបាយ​មួយ​ចំនួន​បានទស្សន៍ទាយ​ទុក​ជាមុន​ថា​ព្រះ​អង្គ​នឹង​មិន​ទទួល​បាន​លទ្ធផល​ល្អទេ​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាត់​បង់​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​ព្រះអង្គ​ក្នុងពេល​កន្លង​មក។​



ប្រតិកម្ម​ចម្រុះ​នេះ​បាន​កើត​មាន​ឡើង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុកនិង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​បន្ទាប់​ពី​គេហទំព័រ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​(វីអូអេ)ផ្នែក​ខេមរ​ភាសា​បាន​ដាក់​ផ្សាយ​បទ​សម្ភាសន៍​ជាមួយ​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​អំពី​គម្រោង​របស់​ព្រះ​អង្គ​យាង​ចូល​ក្នុង​ឆាក​នយោបាយ​វិញ។ ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ភាគ​ច្រើន​មិន​គាំទ្រព្រះរាជ​តម្រិះ​របស់​ព្រះ​អង្គ​ដែល​បាន​ប្រកាសវិល​ចូល​ក្នុង​ឆាក​នយោបាយ​វិញ​ទេដោយអ្នក​ខ្លះចោទ​ប្រកាន់​ថា​ការ​បង្កើត​គណបក្ស​ថ្មី​នេះ​អាច​នឹង​បំបែក​សំឡេង​គណបក្ស​ប្រឆាំង។​

គណបក្ស​ដែល​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​គ្រោង​នឹង​បង្កើត​ថ្មី​នោះ​មាន​ឈ្មោះ​ថា«គណបក្ស​សង្គម​រាស្រ្ត​រាជា​ធិបតេយ្យ»។​ គណបក្ស​ថ្មី​នេះ​ព្រះ​អង្គ​សង្ឃឹម​ថា​និង​ប្រមែ​ប្រមូល​អ្នករាជានិយម​ អ្នក​សីហនុនិយម​ មក​រួម​រស់​ក្រោម​ដំបូល​គណបក្ស​ថ្មី​នេះ​តែ​មួយ​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​និង​ការ​បោះ​ឆ្នោត​សាកល​នៅ​ឆ្នាំ​២០១៨។​

លោក​ ញឹក ប៊ុនឆៃ​ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ដែល​ជាធ្លាប់​មាន​ជម្លោះ​ដ៏រ៉ាំរ៉ៃ​ជាមួយ​ព្រះ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​ប្រសាសន៍​ថា​គណបក្ស​ថ្មី​របស់​ព្រះ​អង្គ​នឹង​មិន​ជោគ​ជ័យ​ទេ​ដោយ​សារ​តែ​ប្រជារាស្ត្រ​លែង​មាន​ជំនឿ​ទៅ​លើការ​ដឹក​នាំ​របស់​ព្រះ​អង្គតទៅ​ទៀត​ហើយ។​

លោក​និយាយ​ថា៖ «ដំណាក់​កាល​បច្ចុប្បន្ន​នេះ​ដូច​ជាមិន​អំណោយ​ផល​សម្រាប់​ព្រះ​អង្គមក​ធ្វើ​នយោបាយ​ឱ្យ​បាន​ទទួល​សំឡេង​នៃ​ការ​គាំទ្រ​ហ្នឹង​ឱ្យ​បាន​ច្រើន​ដូច​ពី​មុន​ឆ្នាំ​១៩៩៣​នោះ​ទេ»។​

ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​អតីត​នាយក​រដ្ឋ​មន្ត្រី​ទី​មួយ​ក្នុង​ឆ្នាំ​១៩៩៣​ធ្លាប់​ធ្វើ​ជាអ្នក​ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ហើយ​ក្រោយ​ពី​មាន​ជម្លោះ​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរព្រះ​អង្គ​បាន​ចាក​ចេញ​មក​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​គណបក្ស​នរោត្តម​រណឫទ្ធិ។​

គណបក្ស​នរោត្តម​រណឫទ្ធិ​ទទួល​បាន​តែ​ពីរ​អាសនៈ​តែ​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត​សាកល ​អាណត្តិទី​៤​កាល​ពីឆ្នាំ​២០០៨។​

ការ​ធ្លាក់​ចុះ​ប្រជា​ប្រិយ៍​ភាព​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ពី​សំឡេង​៥៨​អាសនៈ​មក​នៅ​ត្រឹម​២​អាសនៈ ​នេះត្រូវ​បាន​លោក​ សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ ​បានមើល​ឃើញ​ថា​ដើម្បី​ស្តារប្រជាប្រិយ៍​ភាព​ឡើងវិញ​ព្រះ​អង្គ​ត្រូវ​ធ្វើ​អ្វី​ដែល​ថ្មី​កុំ​យក​កេរ្តិ៏​ដំណែល​អតីត​ព្រះ​មហាក្សត្រ​យក​មក​ប្រើ​ហើយ​ព្រះ​អង្គត្រូវ​រៀបចំ​មនុស្ស​ពិត​របស់​ព្រះ​អង្គ​ព្រោះ​កន្លង​មក​មាន​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ។​

លោក​និយាយ​ថា​៖«​បើ​ព្រះ​អង្គ​ចង់​បាន​កៅ​អី​ឡើង​វិញ​ព្រះ​អង្គ​ត្រូវ​តែ​ហ៊ាន​លាត​ត្រដាង​នូវកំហុស​ឆ្គង​របស់​ព្រះ​អង្គ​ដែល​ធ្វើ​បី​អាណត្តិ​កាល​ដែល​ព្រះ​អង្គ​បាន​ដើរ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​ហើយ​ព្រះ​អង្គ​ត្រូវ​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​ត្រូវ​ព្យាបាល​របៀប​ម៉េច»។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​វិល​ត្រឡប់​ចូល​ឆាក​នយោបាយ​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ទេ។ ​លោក​មាន​ប្រសាសន៍​ថា៖​«ពី​ព្រោះ​អ្វីដែល​លោក​ធ្វើ​ជា​សិទ្ធិ​របស់​លោក​ហើយ​ប្រជាពលរដ្ឋ​គេ​ធ្លាប់​ដាក់​ពិន្ទុ​ឱ្យ​លោក​ហើយ។ ​ពិន្ទុ​របស់​លោក​គឺ​បាន​ត្រឹម​សូន្យ​ ដូច្នេះ​ហើយ​គាត់​មក​វិញ​ក៏​គ្មាន​អ្វី​ប្លែក​ទៀត។ ​ដូច្នេះ​ហើយ​ខ្ញុំ​គ្មាន​អ្វី​ចាប់​អារម្មណ៍​ទេ»។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​និង​ជា​រដ្ឋ​លេខាធិការ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា​ការ​ធ្វើ​នយោបាយ​ជាសិទ្ធិ​របស់​ព្រះ​អង្គ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​គ្មាន​បារម្ភ​អ្វី​ថា​នឹង​បាត់​បង់​ប្រជាប្រិយភាព​ក្រោយ​ពី​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ប្រកាស​ចូល​ឆាក​នយោបាយ​វិញ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG