ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​នឹង​សាកល្បង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ចុង​ឆ្នាំ​២០១៥


អ្នក​បោះឆ្នោត​ពិនិត្យ​មើល​ឈ្នោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​​នៅ​ឯ​ការិយាល័យ​បោះឆ្នោត​មួយ​​​​​ក្នុង​ខេត្ត​កណ្តាល​ក្នុង​អំឡុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
អ្នក​បោះឆ្នោត​ពិនិត្យ​មើល​ឈ្នោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​​នៅ​ឯ​ការិយាល័យ​បោះឆ្នោត​មួយ​​​​​ក្នុង​ខេត្ត​កណ្តាល​ក្នុង​អំឡុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នឹង​អនុវត្ត​គម្រោង​សាកល្បង​សម្រាប់ធ្វើការ​ចុះ​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​តាម​បច្ចេកទេស​ថ្មី​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​អាច​នឹងជៀសវាង​ឈ្មោះ​ស្ទួន​ដែល​ធ្លាប់​កើតមាន​ឡើង​និង​ការ​ខុស​ឈ្មោះ​ជាដើម។

ការ​ចុះ​ឈ្មោះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ឆ្នាំ​២០១៥នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រៀបចំការ​បោះឆ្នោត។

រីឯ​ដំណើរការ​ចុះ​ឈ្មោះ​ពិតប្រាកដ​នឹង​អាច​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៦ ​ដោយសារតែ​ត្រូវរង់ចាំ​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល​លើ​កាល​បរិច្ឆេទ​បោះឆ្នោត​ពិត​ប្រាកដ​សិន។

លោក​ ហង្ស ពុទ្ធា​ សមាជិក គ.ជ.ប និង​ជា​អ្នក​នាំ​ពាក្យ​បាន​ប្រាប់​វីអូអេ​ថា៖

«យើង​នឹង​ចុះ​សាកល្បង​នៅ ទូទាំង​ប្រទេស​គ្រប់​ខេត្ត​តែ​ម្តង​ពីព្រោះ​វា​ពាក់​ព័ន្ធ​ជាមួយ​នឹង​អ៊ីនធឺណិត​។ វា​ពាក់​ព័ន្ធ​ជាមួយ​នឹង​សម្ភារៈ​បច្ចេកទេស​មួយ​ចំនួន។ យើង​ចុះ​ទៅ​មើល​សំណាក​ដើម្បី​ឱ្យ​ដឹង​ថា​ជួបការ​លំបាក​អ្វី។ អ្វី​ដែល​យើង​ធ្វើ​បាន​ អ្វី​ដែល​យើង​ធ្វើ​អត់​បាន​ពីព្រោះ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​វា​តម្រូវ​ឱ្យ​មាន​ស្នាម​ផ្តិត​មេដៃ​ ស្នាម​ក្រយ៉ៅ​ដៃ​ហើយ​មាន​រូបថត​ទៀត‍»។

​លោក​ហង្ស ពុទ្ធា​ ដែល​ជា​អតីត​អ្នក​តាម​ឃ្លាំមើល​ការ​បោះឆ្នោតនិង​ធ្លាប់រិះគន់​ប្រព័ន្ធ​បោះឆ្នោត​ចាស់យល់​ថា​ប្រព័ន្ធ​ថ្មី​នេះ​ធានា​សុក្រឹតភាព​ជាង​មុន។​

«យន្តការ​ថ្មី នេះ​យើង​មើល​ទៅ​ថា​អាច​កាត់​បន្ថយ​បាន​ពីមុន​មក​ចុះ​ឈ្មោះ​ដោយ​ដៃ​ហើយ​បញ្ជូន​មក​ភ្នំពេញ ហើយ​អ្នក​ភ្នំពេញ​វាយ​មួយ​សារ​ទៀត​អាច​ខុស​។​ អញ្ចឹង​គម្រោង​ថ្មី​នេះ​កាត់​បន្ថយ​ការ​ខុស​នេះ​ច្រើន​មែនទែន​។ កុំព្យូទ័រ​មួ​យ​មាន​កាមេរ៉ា​ពីរ​ទៀត​មួយ​ទៀត​សម្រាប់​សាម៉ី​ខ្លួន​មើល​មួយ​ទៀត​សម្រាប់​អ្នក​ប្រតិបត្តិការ​ មន្ត្រី​ចុះ​ឈ្មោះ​គាត់​វាយ​ទៅ​យើង​អាច​មើល​ផ្ទាល់​សម្រាប់​អ្នក​ចុះ​ឈ្មោះ​។ អញ្ចឹង​បើ​ខុស​អ្វី​អាច​កែ​ភ្លាម»។​

អ្វី​ដែល​គ.ជ.ប​ត្រូវការ​ធំ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះគឺ​មធ្យោបាយ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​អប់រំ​អ្នកបោះឆ្នោត ដើម្បី​ឲ្យ​ស្គាល់​សិទ្ធិ​នយោបាយ​របស់​គេ ​ពេល​វេលាដែល​ត្រូវ​មក​ចុះ​ឈ្មោះ​ដើម្បី​លុបបំបាត់​ការដែល​អត់​មានឈ្មោះ នៅ​ក្នុង​បញ្ជី​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​បោះឆ្នោត​នេះ។

គជប​ថ្មី​នេះ​ទើបបាន​បង្កើត​ឡើង​ក្រោយ​ពី​មាន​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។​

លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​វីអូអេ​នៅ ក្នុង​បទ​សម្ភាស​កាលពី​សប្តាហ៍​មុន​ថា​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតជា​ការ​សំខាន់​៖

«អ្នក​ដែល​បាត់​ឈ្មោះ​គេ​មិន​បាន​ចុះ​ឱ្យ​។ ជួន​កាល​ចុះ​ហើយ​គេ​លុប​ចោល​ត្រូវ​បញ្ចូល​មក​វិញ​ ត្រូវ​បញ្ចូល​ឈ្មោះ​អ្នក​ដែល​បាត់​ឈ្មោះ​ត្រូវ​បញ្ចូល​ឱ្យ​បាន​ត្រឹមត្រូវ​ជាស្ថាពរ។ ហើយ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជួន​កាល​មាន​តែ​ឈ្មោះ​ទេ​អត់​មាន​មនុស្ស​ទេ។​ ហ្នឹង​ហើយ​ដែល​យើង​ហៅ​ថា​ឈ្មោះ​ខ្មោច​ឈ្មោះ​ស្ទួន​ឈ្មោះ​បន្លំ​ឈ្មោះ​ខ្យល់​យើង​ត្រូវ​សម្អាត​បញ្ជី​ ធ្វើ​ឱ្យ​បញ្ជី​ស្អាត​ពេញលក្ខណៈ។ ពេល​នោះ​ការ​បោះឆ្នោត​មាន​លក្ខណៈ​ត្រឹម​ត្រូវ​។ ហ្នឹង​ហើយ​ចំណុច​ដែល​សំខាន់​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្តោត​អារម្មណ៍»។​

កាល​ពី​ថ្ងៃពុធប្រតិភូ​សហគមន៍​អឺរ៉ុប​និង​អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​បាន​មក​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​គ.ជ.ប​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ជួយ​ដល់​ស្ថាប័ន​បោះឆ្នោត​ដែល​ទើប​តែ​ធ្វើការ​កែទម្រង់​ថ្មី​នេះ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រុមការងារ​របស់​ប្រទេស​ជប៉ុន​ក៏​នឹង​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​គ.ជ.​ប​ដែរ​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ដែល​អាច​ជួយ​ស្ថាប័ន​បោះឆ្នោត​នេះ​ដែរ។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​និង​ការបោះឆ្នោត​ជាតិ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ប៉ុន្តែ​ថ្ងៃ​ពិត​ប្រាកដ​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ៕

XS
SM
MD
LG