ភ្នំពេញ៖ មន្រ្តីផ្លូវការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការបង្កើតគណៈកម្មការចម្រុះសម្រាប់ដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតមិនអាចបង្កើតបាននោះទេ។ ក៏ប៉ុន្តែមន្ត្រីគណបក្សជំទាស់អះអាងថា ខ្លួនកំពុងខិតខំជំរុញការបង្កើតគណៈកម្មការនេះនៅឡើយ។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ការមិនអាចបង្កើតគណៈកម្មការនេះបានគឺដោយសារតែភាពមិនចុះសម្រុងគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។
លោកនិយាយថា៖ «មិនចុះសម្រុងគ្នា មិនអាចបង្កើតគណៈកម្មការនេះបានទេ»។
កាលពីថ្ងៃទី៣ ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចបង្កើតគណៈកម្មការមួយដែលមានសមាសភាពនៃភាគីទាំងបីចូលរួម។ ក៏ប៉ុន្តែគណបក្សជំទាស់ទាមទារឲ្យមានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងរបស់អង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល ដែលធ្វើឲ្យការបង្កើតគណៈកម្មការនេះនៅជាប់គាំង។
នៅថ្ងៃសុក្រសប្តាហ៍មុន គណបក្សប្រជានកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបប្រជុំទ្វេភាគីដើម្បីស្វែងរកការទម្លុះទម្លាយភាពទាល់ច្រកក្នុងការបង្កើតគណៈកម្មការចម្រុះនេះ។ គណបក្សសង្គ្រោះជាតិបានថយក្រោយមួយជំហាន ដោយបានទម្លាក់ការទាមទារឲ្យអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល មកត្រឹមតែទាមទារឲ្យមានអង្គការសហប្រជាជាតិធ្វើជាអ្នកសង្កេតការណ៍វិញ។ ប៉ុន្តែគណបក្សជាប់ឆ្នោតទាំងពីរមិនទាន់បានឯកភាពគ្នាជាផ្លូវការលើចំណុចណាមួយនៅឡើយទេ ដោយទុកឲ្យមេដឹកនាំគណបក្សរៀងៗខ្លួនពិនិត្យ និងសម្រេចទាំងលើអ្នកសង្កេតការណ៍ពីអង្គការសហប្រជាជាតិ ទាំងអំពីសមាសភាពមកពីមន្ត្រីអង្គការជាតិ និងអន្តរជាតិ ហើយរហូតមកទល់ពេលនេះ គណបក្សកាន់អំណាចមិនទាន់ផ្តល់ចម្លើយដល់គណបក្សជំទាស់នៅឡើយទេ។
លោកទេព នីថាបញ្ជាក់បន្ថែមថា មកទល់ពេលនេះហួសពេលនឹងបង្កើតគណៈកម្មការចម្រុះនេះ ហើយក៏ហួសពេលស្រាវជ្រាវបន្ថែមលើភាពមិនប្រក្រតីនោះហើយ។
លោកនិយាយថា៖ «តាមអំណាចរបស់គ.ជ.ប. ដូចជាហួសពេលវេលាដែលត្រូវធ្វើការបង្កើត ឬការស្រាវជ្រាវអ្វីទៀតហើយ»។
តាមគម្រោងគណៈកម្មការចម្រុះត្រីភាគីរវាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិនិងគ.ជ.ប.នេះនឹងមានសមត្ថកិច្ចពិនិត្យនិងផ្ទៀងផ្ទាត់និងដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតជាមុន ទើបប្រកាសលទ្ធផលបោះឆ្នោតផ្លូវការបណ្តោះអាសន្នជំហានដំបូង។
ក៏ប៉ុន្តែគ.ជ.ប.បានប្រកាសលទ្ធផលឆ្នោតកាលពីថ្ងៃច័ន្ទ ដោយពុំបានរង់ចាំគណៈកម្មការនេះទេ។ លោកទេព នីថាមានប្រសាសន៍ថា គ.ជ.ប.មានពេលវេលាកំហិតដែលត្រូវបំពេញ។
ដោយឡែកគណបក្សសង្គ្រោះជាតិបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ដោយសារអវត្តមានរបស់គណៈកម្មការចម្រុះខាងលើ ហើយគណបក្សជំទាស់ព្រមានថា ចលនាមហាជនអាចនឹងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតនេះ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថាគណបក្សរបស់លោកនៅតែជំរុញឲ្យមានការបង្កើតគណៈកម្មការដោះស្រាយភាពមិនប្រក្រតីនៅឡើយ។
លោកនិយាយថា៖ «នៅតែជំរុញឲ្យបង្កើតគណៈកម្មការពិសេសដើម្បីធ្វើការពិនិត្យលើភាពមិនប្រក្រតី។ បញ្ហាគឺមកពីគ.ជ.ប. ដូច្នេះគ.ជ.ប. ចង់និយាយម៉េចជារឿងគ.ជ.ប.។ យើងមិនចង់ជជែកពីរឿងគ.ជ.ប.ទេ»។
លោកយឹម សុវណ្ណបញ្ជាក់ថា គណបក្សសង្គ្រោះជាតិបានត្រៀមសម្រាប់ចរចាជាមួយគណបក្សប្រជាជនរួចរាល់ហើយ ដោយបានរៀបចំសមាសភាពទុកជាមុនរួចជាស្រេច។
វីអូអេបានព្យាយាមទាក់ទងលោកជាម យៀប ប្រធានក្រុមចរចាអំពីសមាសភាពគណៈកម្មការនេះមកពីខាងគណបក្សប្រជាជនកម្ពុជាដើម្បីសេចក្តីបំភ្លឺ យ៉ាងណាក៏ដោយ វីអូអេមិនអាចទាក់ទងបានទេ នៅថ្ងៃនេះ ដោយសារទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។
លោកទេព នីថាបញ្ជាក់ថា ក្នុងពេលនេះប្រសិនបើគណបក្សជំទាស់ប្រឆាំងនឹងលទ្ធផលបោះឆ្នោត គណបក្សនេះមានសិទ្ធិដាក់ពាក្យបណ្តឹងក្នុងរយៈពេល៧២ម៉ោង ដោយចាប់រាប់ពីថ្ងៃម្សិលមិញ។
លោកបញ្ជាក់ថា ប្រសិនបើគ្មានបណ្តឹងពីគណបក្សជំទាស់នោះទេ នោះគ.ជ.ប.នឹងធ្វើការប្រកាសពីការបែងចែកអាសនៈរបស់គណបក្សនិមួយនៅក្នុងសប្តាហ៍នេះ៕