ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ត្រូវ​សង​ព្រះ​គុណ​សម្តេចឪ​ដោយ​ធ្វើតាម​ព្រះរាជ​តម្រិះ​


ពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់ ​ដែល​មិនធ្លាប់​មាន​ច្រើន​ដូច្នេះ​ បាន​ឈរ​ទទួល​ ព្រះ​បរមសព​សម្តេចឳ​នៅ​តាម​ដងផ្លូវ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក​ព្រះ​បរមរាជវាំង​​​ ពេល​គេ​ដឹក​តាម​ទីនាំង​ពី​ប្រទេស​ចិន​មក​កម្ពុជា។
ពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់ ​ដែល​មិនធ្លាប់​មាន​ច្រើន​ដូច្នេះ​ បាន​ឈរ​ទទួល​ ព្រះ​បរមសព​សម្តេចឳ​នៅ​តាម​ដងផ្លូវ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក​ព្រះ​បរមរាជវាំង​​​ ពេល​គេ​ដឹក​តាម​ទីនាំង​ពី​ប្រទេស​ចិន​មក​កម្ពុជា។
វ៉ាស៊ីនតោន​៖ ក្រុម​អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា​ខ្លះ​ចង់ឃើញ​ពលរដ្ឋ​និង​អ្នក​នយោបាយ​ខ្មែរ​តប​ ស្នង​សង​គុណ​ដល់​សម្តេចឳ​ និង​យក​គម្រូ​តាម​ព្រះអង្គ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​កាន់​ភាព​រីក​ចម្រើន និង​សន្តិភាព។

ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​និង​មេដឹកនាំ​កម្ពុជា​ដែល​ទទួល​ស្គាល់​ស្នា​ព្រះ​ហស្ថ​ របស់​សម្តេច​ឳ​ព្រះ​នរោត្តម​ សីហនុ​កំពុង​កាន់​មរណៈទុក្ខ​ព្រះ​បរមសព​ព្រះ​អង្គ​ ដែល​បាន​យាង​ចូល​ទិវង្គត​កាល​ពីថ្ងៃ​ទី១៥​តុលា​ឆ្នាំ​២១០២​ក្នុង​មន្ទីរ​ពេទ្យ​ក្រុង​ ប៉េកាំង​ ប្រទេស​ចិន។ ​ក្រុម​អ្នក​វិភាគ​កម្ពុជា​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ ដើម្បី​ជា​ការ​រំឭក​ពី​ព្រះ​រាជ​គុណូបការៈ​ព្រះអង្គ​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ ពលរដ្ឋ​និង​មេដឹក​នាំមាន​កាតព្វកិច្ច​គួរ​បន្តគម្រូ​និង​កេរ​ដំណែល​ដឹក​នាំល្អៗ​របស់​សម្តេច​ឳ ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ទៅ​អនាគត។​

កេរ​ដំណែល​ដែល​សម្តេចឳ​បាន​បន្សល់​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​បញ្ហា​សន្តិភាព​ ​ការ​ទាមទារ​ឯករាជ្យ​ជាតិ​ ទាមទារ​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ​១៩៦២​ពី​ប្រទេស​ថៃ​ បង្កើត​ឲ្យមាន​ចលនា​មិន​ចូល​បក្ខ​សម្ព័ន្ធ​ ធានា​ឯករាជ្យភាព​ ស្ថិរភាព​ សន្តិភាព​ រវាង​ភាគី​ខ្មែរ​និង​ខ្មែរ​តាម​រយៈ​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ ការ​បង្កើត​ទំនាក់​ ទំនង​ការ​បរទេស​ឲ្យអន្តរជាតិ​ស្គាល់​កម្ពុជា ​និង​ធានា​ឯកភាព​ជាតិ​ ការ​ផ្សះផ្សារ​ជាតិ​និង​អភិវឌ្ឍ​ប្រទេស​ជឿនលឿន​នៅ​សម័យ​សង្គម​រាស្ត្រនិយម​ជា​ដើម។

ពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់ ​ដែល​មិនធ្លាប់​មាន​ច្រើន​ដូច្នេះ​ បាន​ឈរ​ទទួល​ ព្រះ​បរមសព​សម្តេចឳ​នៅ​តាម​ដងផ្លូវ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក​ព្រះ​បរមរាជវាំង​ ពេល​គេ​ដឹក​តាម​ទីនាំង​ពី​ប្រទេស​ចិន​មក​កម្ពុជា។ ​ពួកគេ​មានទឹក​មុខ​ ស្រងូត​ស្រងាត់ ​យំ​ខ្សឹក​ខ្សួល នឹក​ស្តាយ​ដល់​ព្រះអង្គ​ដែល​បាន​ចូល​ទិវង្គត។​

លោក​បណ្ឌិត​ សុខ ទូច​ សាកលវិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ ដែល​បាន​រំឭកពី​ស្នា​ព្រះហស្ថ​ដ៏​អស្ចារ្យ​ជា​ច្រើន​សម្រាប់​កម្ពុជា​នោះ​ បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ​ទាំងអស់​ថា ​គួរ​បម្រើ​ពលរដ្ឋ​ ធ្វើឲ្យ​ពលរដ្ឋ​នឹក​ចងចាំ​ គោរព​ ស្ញប់​ស្ញែង​ ដូច​ព្រះមហា​វីរ​ក្សត្រ​ ហើយកាន់​ទុក្ខ​ពាសពេញ​ប្រទេស​កម្ពុជា​ ទោះ​បីជា​លោក​យាង​ចូលទិវង្គត​ក្តី។​

«អ្វីដែល​អ្នក​នយោបាយ​ខំ​ធ្វើ​ស្លាប់​រស់​មួយ​ជាតិ​ ធាតុ​មួយ​ចាន​ហ្នឹង​គឺ​ចង់​បាន​ការ​គោរព ​ការ​ឲ្យ​តម្លៃ​ពី​ប្រជាជន​របស់​ខ្លួន​ក្នុង​នាម​ជា​មេដឹក​នាំ​គឺ​ខុស​ពី​ការ​ចែក​ឋាន​របស់​ប៉ុលពត​ មាន​តែ​កង់ឡាន​មួយ​ ផ្កា​មួយ​បាច់​ ដែល​ជា​សោកនាដ​កម្ម​មួយ​សម្រាប់​អ្នក​នយោបាយ។​ ដូច្នេះ​បើ​សិន​ជា​អ្នក​នយោបាយ​ទុកកេរ្តិ៍​ឈ្មោះ​និង​អត្ថន័យ​សម្រាប់​ប្រទេស​ជាតិ​ ប្រជាជន​នឹង​តប​ស្នង​សង​គុណ​វិញ​ទៅ​ តាម​អ្វី​ដែល​អ្នក​ដឹកនាំ​បាន​បន្សល់​សម្រាប់​ប្រទេស​ជាតិ»។​

អ្នកស្រី​ ជា វណ្ណាត​ អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ព្រះ​នាម​ដល់​ សម្តេច​ឳ​ ថា​ជា​មហាវីរ​បុរស​ដ៏​កម្រ ដែល​មាន​ទេព​កោសល្យ​ដឹក​នាំ​ប្រទេស​ ចិត្ត អាណិត​អាសូរ​ស្រឡាញ់​ ជាពិសេស ​ពលរដ្ឋ​ក្រីក្រ​ងាយ​រងគ្រោះ​ ទន់​ភ្លន់។ ​ព្រះ​អង្គ​គ្មាន​ទ្រព្យ​សម្បត្តិ​ គ្មាន​ធនធាន​រាប់​លាន​ដុល្លារ​ក្នុង​ធនាគារទេ​ ​នៅ​ពេល​ព្រះ​អង្គ​ដឹក​នាំ​ប្រទេស។ ​រឿង​នេះ​ធ្វើឲ្យ​អ្នកស្រី​អះអាង​ថា​ ជា​ចំណុច​ទាក់ទាញ​ យ៉ាង​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ ជាពិសេស​សម័យ​សង្គម​រាស្ត្រ​និយម​ទស​វត្សរ៍​១៩៥០​-៦០​ ដែល​អន្តរ​ជាតិ​ទទួល​ស្គាល់។​

«ហ្នឹង​ជាកត្តាមួយ​ដែល​ធ្វើឲ្យ​លោក​មាន​ជោគជ័យ​ លោក​មាន​ទេព​កោសល្យ​ ក្នុង​ការ​ដឹកនាំ​ស្រុក​ទេស​ប្រកប​ដោយ​ជោគ​ជ័យ​បាន»។​

លោកស្រី​ក៏ថ្លែង​រំឭកពល​រដ្ឋកម្ពុជា​អំពី​សម័យ​ឆ្នាំ​១៩៧៩​ដែល​កម្ពុជា​ ទើប​បាន​ងើប​ចេញ​ការ​កាប់​សម្លាប់​របស់​ខ្មែរក្រហម​និង​ងើប​ពី​សង្គ្រាម​ខ្ទេចខ្ទាំ​អស់​រលីង​ គ្មាន​សាលា ​គ្មាន​ពេទ្យ ​គ្មាន​គ្រូ​ គ្មាន​វត្តអារាម​ ធនធាន​អ្វីៗ​ក៏​អត់​ទាំងអស់​ព្រះ​សង្ឃ​ក៏អត់។​

«អ្វី​ដែល​យើង​ត្រូវ​រៀន​សូត្រ​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ហ្នឹង​គឺ​ធ្វើយ៉ាង​ណា​ឲ្យ​ កិច្ច​ការ​កសាង​ប្រទេស​ហ្នឹង​តម្រង់​ទិស​ទៅ​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ឲ្យ​ប្រជា​ពលរដ្ឋ​ ខ្មែរ​មាន​ភាព​កក់ក្តៅ​ ឲ្យ​ប្រជា​ពលរដ្ឋខ្មែរ​ហ្នឹង​រស់នៅ​ក្នុង​សេចក្តី​ថ្លៃថ្នូរ ​ឲ្យ​ប្រជា​ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រកប​ដោយ​មោទន​ភាព​ក្នុង​ខ្លួន​ ជាខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​ ដែល​ខ្លួន​មាន​មោទនភាព​ខ្ពស់​ និង​ជា​ការមួយ​ដែល​យើង​ត្រូវ​ខិត​ខំ​ប្រឹងប្រែង​ ខិតខំ​ធ្វើ​បន្ត​ទៅ​មុខ​ទៀត»។​

លោកស្រី​ជា វណ្ណាត​បាន​ប្រៀប​ប្រដូច​សម្តេច​ឳ​ទៅ​នឹង​ជន​ល្បីល្បាញ​លើ​ពិភព​ លោក​ ដូចជា​លោក​មហាត្មះ​គន្ធី​ នៅ​ឥណ្ឌា​ និង​លោក​នេលស្សិន​ មែនឌែលឡា​ នៅ​អាហ្រ្វិក​ខាង​ត្បូង។ ​លោកស្រី​ក៏​បាន​ប្រៀប​ប្រដូច​សម្តេច​ឳ​ទៅ​នឹង​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧​ ដែល​ជា​ក្សត្រ​ល្បីល្បាញ​ក្នុង​សតវត្សរ៍​ទី១២​ ដែល​បាន​កសាង​អង្គរ​វត្ត​ដែរ។

«តាម​ខ្ញុំ​មើល​ទៅ​ ដែល​ធំធេង​មហាសាលអញ្ចឹង​ គឺ​យើង​គ្រាន់តែ​ឮ​តាម​ពង្សាវតា​គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ​គិត​ទៅ​ចន្លោះ​គ្នា​៩០០​ឆ្នាំ។ ​៩០០​ឆ្នាំ​បាន​មាន​មួយ​អង្គ ទៀត។​ ម្ល៉ោះ​ហើយ​មគ្គុទេសក៍​ជា​អ្នក​ដឹកនាំ​ហ្នឹង​ចំពោះ​អង្គ​ព្រះ​មហា​វីរ​ក្សត្រ​ ហ្នឹង​គឺ​វិសេស​មែន​ទែន»។​
ដើម្បី​តប​ស្នង​សងគុណ​ដល់​សម្តេចឳ​ ដែល​បាន​ធ្វើឲ្យ​ប្រទេស​រីកចម្រើន មាន​សន្តិភាព ​ឯករាជ្យភាព​ និង​សុភមង្គល​ លោក​ស្រី​បាន​អំពាវនាវ​ ដល់​រាជ​រដ្ឋាភិបាល​គិត​គូរ​លើក​លែង​ទោស​ដល់​អ្នក​ដែល​នៅ​ក្នុង​ពន្ធនាគារក្តី​ ឬ​អ្នក​ដែល​បាន​រត់គេច​ភៀសខ្លួន​ទៅ​ណាក្តី​ ពីព្រោះ​នេះ​មិនមែន​ជា​រឿង​ថ្មីទេ​ តែ​ជា​ប្រពៃណី​ដែល​រាជ​រដ្ឋាភិបាល​លោក​បាន​ធ្វើ​សំណើ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ ដើម្បី​លើក​លែង​ទោស​អ្នក​ដែល​មាន​ទោស។​

«ខ្ញុំ​សូម​ធ្វើ​សំណូមពរ​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​ជា​ការ​ដឹងគុណ​ដល់​ព្រះ​មហា វីរ​ក្សត្រ ​ទោះ​ណា​ជា​លោក​សោយ​ទិវង្គត​ក្តី ​នៅ​ភព​ណា​ដែល​ស្តេច​យាង​ទៅ​ហើយ​លោក​នឹង​រិតតែ​មាន​ព្រះទ័យ​អរ​សោមនស្ស​ដែល​ឃើញ​កូនចៅ​មាន​ឯកភាព​នឹង​គ្នា​ កូន​ចៅ​ចេះ​សន្តោស​គ្នា​ កូន​ចៅ​ចេះ​អត់​ឱន​គ្នា​ទៅវិញ​ទៅ​មក។ ​ទាំងអស់​ហ្នឹង​គឺ​ដើម្បី​ប្រយោជន៍​ជាតិ​ ទាំងអស់​ហ្នឹង​គឺ​ដើម្បី​ខ្មែរ»។​

លោក​សម ​រង្ស៉ី​ ប្រធាន​គណបក្ស​សម រង្ស៉ីកំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារ​ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់ទោស​១០​ឆ្នាំ​រឿងព្រំដែន​ និង​លោក ​ម៉ម សូណង់ដូ​ ប្រធានវិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជាប់​គុក​២០​ឆ្នាំ​ ​ពី​បទ​ធ្វើ​អបគមន៍​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​ ត្រូវ​គេ​គិត​ថា​ អាច​ស្ថិត​ក្នុង​ចំណោម​ទណ្ឌិត​ដែល​ត្រូវ​លើកលែង​ទោស​ដែរ ​ប្រសិន​បើ​រាជរដ្ឋាភិបាល​គិត​គូរ​ពី​បញ្ហា​លើក​លែង​ទោស​ដើម្បី​សង​ព្រះ​គុណ​សម្តេចឳ។​

ព្រះ​តេជ​គុណ ​ហុក សុវណ្ណ​ ព្រះចៅ​អធិការ​វត្ត​ខ្មែរ​ក្នុង​ក្រុង​ម៉ុងរ៉េអាល់​ ប្រទេស​ កាណាដា​ បាន​សម្តែង​ភាព​តក់ស្លុត​របស់​ព្រះ​តេជ​គុណ​ដែរ​ ចំពោះ​ការ​ យាង​ចូល​ទិវង្គត​របស់​សម្តេឳ។​ ព្រះ​តេជគុណ​មាន​សង្ឃ​ដីកា​ថា​ ជា​ការ​ដឹង​គុណ​ ជា​ការគោរព​ដល់​សម្តេច​ឳ​គឺ​ការ​ធ្វើតាម​អ្វី​ដែល​ជា​ការ​ដឹកនាំ​ល្អ ​ដែល​ព្រះ​អង្គ​បាន​ បន្សល់​ទុក​ឲ្យអ្នក​ដឹកនាំ​ជំនាន់​ក្រោយ​និង​ពល​រដ្ឋ​ផង​ដែរ។​

«ប្រជារាស្ត្រ​ខ្មែរ​ ប្រុសស្រី​ ចាស់ក្មេង​អី​ ជំនាន់​ក្រោយ​នេះ​ យើង​ត្រូវ​សិក្សា​មើល​ វីរជន​ខ្លះ។​ គេ​ធ្វើល្អ​គួរ​ឲ្យ​តម្លៃ​ គួរ​នឹក​គុណ​កុំ​ឲ្យ​ខឹង​ខុស។​ ហើយ​ស្អី​ក៏​ខុស​ ទាំង​អស់​នោះ។​ អាហ្នឹង​មិនមែន​សម្បុរស​ទេ។​ សម្បុរស​ឲ្យ​ដឹង​ថា​ នេះ​ខុស​ នេះ​ត្រូវ។​បើ​ថា​ ត្រូវគួរ​ឲ្យ​តម្លៃ​ គួរ​លើក​គុណ»។​
ក្រៅពី​រំឭក​ស្នាព្រហស្ថ​ធំៗ​របស់​សម្តេចឳ ​ព្រះតេជគុណ​ហុក សុវណ្ណ​បន្ថែម​ថា​សវនាការ​មួយ​អាទិត្យ​ម្តង​ដើម្បី​ដោះស្រាយ​សុខ​ទុក្ខ​ប្រជា​រាស្ត្រ​ និង​ការ​ធ្វើ​ សមាជ​ជាតិ​ឲ្យ​រាស្ត្រ​ធ្វើការ​សាក​សួរ​ផ្ទាល់ៗ​ដល់​ព្រះ​អង្គក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​គឺ​ជា​ចំណុច​ល្អ​របស់​សម្តេច​ឳ​ដែរ។ ហើយ​នេះ​ជា​ចំណុច​ល្អ​សម្រាប់អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ដែល​មិន​ទុក​ចិត្ត​រដ្ឋាភិបាល​ និង​តុលាការ៕​
XS
SM
MD
LG