ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​បរិស្ថាន​ត្រូវ​ប៉ូលិស​មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន


ទិវាបរិស្ថាន​ត្រូវអាជ្ញាធរ​មិនឲ្យ​ដើរ​ដង្ហែ​ក្បួន
សូម​រង់ចាំ

No media source currently available

0:00 0:04:05 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទិវាបរិស្ថាន​ត្រូវអាជ្ញាធរ​មិនឲ្យ​ដើរ​ដង្ហែ​ក្បួន

ក្រុម​អ្នក​ការពារ​បរិស្ថាន​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ដង្ហែញត្តិ​ដាក់​តាម​ក្រសួង ​និង​ស្ថានទូតដើម្បី​ជំរុញ​ឲ្យ​ពង្រឹង​ការ​ទប់​ការ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ពង្រឹង​ការ​ថែ​រក្សា​បរិស្ថាន​ ស្រប​ពេល​ដែល​ពិភព​លោក​កំពុង​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក។​

ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​ទាំង​នោះ​ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវពណ៌​បៃតងដែល​សរសេរ​ឃ្លា​អបអរ​ទិវា​បរិស្ថាន​ពិភពលោក​នោះ​ មាន​គ្នា​សរុប​ប្រមាណ​៤០០​នាក់​ ក្នុង​នោះ​មាន​ព្រះសង្ឃ​ ប្រជា​សហគមន៍​ព្រៃឈើមក​ពី​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ យុវជន​ពី​សាកល​វិទ្យល័យ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ដែល​រងគ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើផង​ដែរ។​

អ្នក​តវ៉ា​ទាំង​នេះ​បានជួប​ជុំ​គ្នា​នៅអតីត​តំបន់​ដី​ក្រហម​ក្បែរ​ស្ថានទូត​រុស្ស៊ី​ក្នុង​គម្រោង​ដើរ​ដង្ហែក្បួន​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម ​ស្ថានទូត​ប្រទេស​ចិន និង​ស្ថានទូត​ប្រទេស​វៀតណាម។ ​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​រារាំង​សកម្មជន​ទាំងនេះមិន​ឲ្យ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទីជួប​ប្រជុំ​នេះ​ទេ។​

ក្រុម​យុវជន​ និង​តំណាងអាជ្ញាធរ​ខណ្ឌ​ចំការមន​បាន​ប៉ះសម្តី​គ្នា​បន្តិចបន្តួច។​

ក្រុម​យុវជន​ និង​ប្រជា​សហគមន៍​បាន​កាន់​បដា​ជាប់​នឹង​ដៃ​គូរ​រូបភាព​ផ្សេងៗ​លើ​មុខ​ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​វិនាសកម្ម​ព្រៃឈើ​ ​ខណៈពេល​អ្នកខ្លះ​បាន​ស្លៀក​សម្លៀក​បំពាក់​ជា​សត្វ​ព្រៃ​ ​ដោយ​មាន​សារ​ខ្លីៗ​ ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ។​

លោក​ទឹម​ ម៉ាឡៃ​ អនុប្រធាន​បណ្តាញ​ក្រុម​យុវជន​ ថ្លែង​ថា​ ​ការ​ជួប​ជុំ​នៅ​ថ្ងៃ​នេះ​ជា​ការ​ក្រើន​រំឭក​ឲ្យ​រដ្ឋាភិបាលពង្រឹង​បន្ថែម​ការ​យក​ចិត្ត​ទុកដាក់​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ថែ​រក្សា​បរិស្ថាន។​ លោក​ហៅ​ការ​រារាំង​របស់​អាជ្ញាធរ​ថា ជា​ការ​រំលោភ​ការ​សន្យា។​

«នេះជា​ការ​មិន​គោរព​សន្យា​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ។​ យើង​បាន​ជជែក​គ្នា​ហើយ​ ហេតុ​អ្វីបាន​ជា​គេ​យក​ក្រុម​សន្តិសុខ​មួក​ខ្មៅ​ យក​រនាំង​ដែក​មក​រារាំង​យើង?»​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ បណ្តាញ​អ្នក​ស្រឡាញ់ព្រៃឈើ​ខាង​លើ​នេះ​បាន​លើក​ឡើង​ថា ​វិនាសកម្ម​ ហិន​ហោច​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន​ បើ​ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តីពី​ព្រៃឈើ​ ច្បាប់​ស្តីពី​ការ​ការពារ​បរិស្ថាន​ និង​គ្រប់​គ្រង​ធម្មជាតិ​យ៉ាង​ណា​ក្តី។​

ព្រៃ​ឈើ​ដែល​កំពុង​រង​ការ​លួច​កាប់​បំផ្លាញ ​និង​ការ​ធ្វើ​ជំនួញដោយ​ឈ្មួញ​និង​មន្ត្រី​មាន​អំណាច មាន​ដូច​ជា​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​ ដែល​ជា​ជង្រុក​ព្រៃ​ដ៏​ធំមួយ​នៃ​ចំណុចប្រសព្វ​ខេត្ត​ប្រាំនៃ​ប្រទេស​កម្ពុជា​ តំបន់​លំផាត់​ ខេត្ត​រតនគីរី​ ដែនដី​ជម្រក​សត្វព្រៃ​ខេត្ត​ក្រចេះ។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ខាង​លើ។

បណ្តាញ​អ្នក​ស្រឡាញ់ព្រៃឈើ​បន្ថែម​ទៀត​ថា ​ការ​វិនិយោគ​លើ​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយអារ៉ៃ ​ខេត្ត​កោះកុង​ ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​២​ ខេត្ត​ស្ទឹងត្រែង​ បាន​នឹង​កំពុង​ជំនួស​មក​វិញ​នូវ​ការ​ហិចហោច​ព្រៃឈើ​ និង​ការ​គំរាមកំហែង​ដល់​បរិស្ថាន​ និង​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ។​ មួយ​វិញ​ទៀត​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​ស្ថិត​នៅ​ក្រោម​ទម្រង់នៃ​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​ ដែល​ភាគ​ច្រើន​កាន់កាប់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ភាគច្រើន​មកពី​ប្រទេស​ចិន​ និង​វៀតណាម។

លោក​ទឹម ម៉ាឡៃ​ ដែល​តែង​ខ្លួន​ជា​សត្វ​ក្រពើ​ រងគ្រោះ​ដោយសារ​ទំនប់​វារី​អគ្គិសនី​ ពន្យល់​ដូច្នេះ​ថា៖​ «ក្រុមហ៊ុន​មាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ជា​ក្រុមហ៊ុន​មកពី​ចិន​ និង​វៀតណាម​ ហើយ​ក៏​បង្ក​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​ និង​បរិស្ថាន​គឺក្រុមហ៊ុន​ចិន​ និង​វៀតណាម​ហ្នឹង​ឯង។​ អញ្ចឹង​បាន​យើង​ដាក់​ញត្តិទៅ​ស្ថានទូត​ទាំង​ពីរ»។​

ក្រុម​បណ្តាញ​យុវជន​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ ត្រួត​ពិនិត្យ​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ ហើយ​ជំរុញឲ្យ​រដ្ឋាភិបាល​ចាត់វិធាន​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ និង​ផ្អាក​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​ជាយ​អារ៉ែង​ និង​នៅ​ទន្លេ​សេសាន​ក្រោម​២ ​ក៏ដូចជា​បញ្ឈប់​ការ​គំរាមកំហែង​គ្រប់​រូប​ភាព​លើ​សកម្មជនការពារ​ព្រៃឈើ។​

លោក​ថៃ​ សុវណ្ណី​ តំណាង​សហគមន៍ព្រៃឡង់​ ខេត្ត​ព្រះវិហារ​ថ្លែង​ថា ​សកម្មភាព​នៃ​ការ​ចុះ​អនុវត្តច្បាប់​របស់​អាជ្ញាធរ​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ មិន​ដែល​មាន​ប្រសិទ្ធភាព​ឡើយ។​

«បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ការពារ​ព្រៃឈើ​ ព្រៃឈើ​វា​មិន​បាត់​បង់​អស់​លឿន​បែប​នេះ​ទេ។ ​ខ្ញុំធ្លាប់​ឃើញ​ការ​បង្ក្រាប​ច្រើន​ដង​ហើយ​ តែ​បាន​តែ​បន្តិច​ កើត​ឡើង​ដដែល»។​

ដោយ​ឡែក​នៅ​ក្នុង​ញត្តិរបស់ខ្លួន​ ដែល​គ្រោង​នឹង​ដាក់​ជូន​ស្ថានទូត​ និង​រដ្ឋា​ភិបាល ​ បណ្តាញ​អ្នក​ស្រឡាញ់ព្រៃឈើ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​មាន​ការ​ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុនទទួល​បានដី​សម្បទាន​សេដ្ឋកិច្ច​ ក្រុមហ៊ុន​ដែល​ទទួល​សាង​សង់​ទំនប់​វារីអគ្គិសនី​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

លោក​អំ​ សំអាត​ អ្នក​គ្រប់​គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​អាជ្ញាធរ​មិន​អនុញ្ញត​ឲ្យ​ក្រុម​យុវជន​ដើរ​ដង្ហែក្បួន​ដោយ​សន្តិវិធី​នេះ។

«នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​គាត់​បាន​យល់​ដឹង​ ភ្ញាក់​រឭកក្នុង​ការ​ចូលរួម​ក្នុង​ទិវា​បរិស្ថាន ​រដ្ឋាភិបាល​គួរ​បើ​សិទ្ធិ​ទូលំ​ទូលាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ឲ្យ​ប្រារព្ធ​ពិធី​នេះ»។​

ទោះ​បីជាយ៉ាង​ណា​ក្តី​ លោក​ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលាក្រុង​ភ្នំពេញ​លើក​ឡើង​ថា ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​បណ្តាញ​អ្នក​ស្រឡាញ់​បរិស្ថាន​ដើរ​ដង្ហែក្បួន​ទេ​ ដោយ​ហេតុ​ថា​ ​វា​នឹង​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សណ្តាប់​សាធារណៈ​ ជាពិសេស​ចរាចរណ៍។

«ការ​កក​ស្ទះ​ចរាចរណ៍​ វា​ប៉ុន​ណា​ខ្លះ? កុំថា​ឡើយដល់​ការ​បិទផ្លូវ​ ឬ​ហែ​ក្បួន ​សូម្បី​តែ​មាន​ខូច​រថយន្ត​បន្តិច​ហ្នឹង​ ក៏វា​មាន​បញ្ហា​កក​ស្ទះដែរ»។​ ​

យ៉ាង​ណាក៏​ដោយ​ ក្រុម​អាជ្ញាធរ​បាន​យក​ញត្តិរបស់​សកម្មជន​បរិស្ថាន​ទៅ​ប្រគល់​ជូនក្រសួង​បរិស្ថាន​ និង​ក្រសួង​កសិកម្ម ​ប៉ុន្តែ​នៅ​មិនទាន់​យក​ញត្តិនេះ​ទៅ​ដាក់​ជូន​ស្ថានទូតចិន ​និង​វៀតណាម​នៅ​ឡើយ​ទេ។​ លោក​សៅ ​សុភាព ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ថា ​ក្រសួង​បាន​ទទួល​ញត្តិ​របស់​ក្រុម​អ្នក​បណ្តាញ​ស្រឡាញ់ធម្មជាតិ​នេះ​ហើយ។ ​ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ក្រសួង​បាន​នឹង​កំពុង​ធ្វើ​ការងារ​របស់​ខ្លួន ​បើ​ទោះបីជា​គ្មាន​ញត្តិ​នេះ​ក៏​ដោយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG