ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល​ប្រឈម​នឹង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ


អ្នក​ស្រី​ធីតា ​ឃឺស​ នាយិកា​អង្គការ​​លីលកា ​ដែល​បាន​ដឹក​នាំ​ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ ប្រឈម​នឹង​​ការ​រារាំង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤។ (ហេង រស្មី VOA)​
អ្នក​ស្រី​ធីតា ​ឃឺស​ នាយិកា​អង្គការ​​លីលកា ​ដែល​បាន​ដឹក​នាំ​ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ ប្រឈម​នឹង​​ការ​រារាំង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤។ (ហេង រស្មី VOA)​
របាយការណ៍​ថ្មី​បំផុត​មួយ​បង្ហាញ​ថា ​អាជ្ញាធរ​បាន​រឹតត្បិត​និង​ព្រងើយ​កន្តើយ​ចំពោះ​កិច្ច​សហការ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​កំពុង​បំពេញ​បេសកកម្ម​លើ​វិស័យ​សិទ្ធិ​មនុស្ស​ និងលទ្ធិ​ប្រជាធិបតេយ្យ។​

របាយការណ៍​ប្រចាំឆ្នាំ​២០១៣​ដែល​ចំណងជើង​ថា​ «ការ​វាយ​តម្លៃ​បរិយាកាស​អំណោយ​ផល​ស​ម្រា​ប់​សង្គម​ស៊ីវិល» ​របស់​គណៈកម្មាធិការសហប្រតិបត្តិការដើម្បី​កម្ពុជា​ (CCC)​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញរៀប​រាប់​លម្អិតថា ​នៅថ្នាក់​មូលដ្ឋាន​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​មាន​ការ​រឹតត្បិត​ច្រើន​ដោយ​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​លើ​សេរីភាព​ខាង​ការ​ជួបជុំ ​និង​ការ​ការ​បញ្ចេញមតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ របាយ​ការណ៍​កម្រាស់​៨៤​ទំព័រ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​សំខាន់​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​ចំនួន​២៤​រូប។​ របាយ​ការណ៍​នេះ​បញ្ជាក់​ថា​ អ្នក​ផ្តល់​បទ​សម្ភាសន៍​ស្ទើរតែ​ទាំងអស់​យល់ស្រប​ថា​ ការ​យល់​ដឹង ​និង​សមត្ថភាពនៃ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​រាជការ​មួយ​ចំនួន​បាន​បង្ក​ជា​«ឧបសគ្គ​ធំ»​ រារាំង​ដល់​ដំណើរការ​របស់​អង្គការ​សង្គម​ស៊ីវិល។​

របាយការណ៍​ដដែល​លើក​ឡើង​ថា​ ​កង្វល់​កាន់តែ​កើន​ឡើង​ក្រោយពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ២០១៣​ ដោយហេតុ​ថា​ អ្នកមាន​អំណាច ​និង​សមាជិក​កង​កម្លាំង​សន្តិសុខ ​ពោលគឺ​នគរបាល ​និង​យោធា​កំពុង​ប្រើ​សម្ពាធ​ ការ​បង្ខិតបង្ខំ​ និង​រហូតដល់​ការ​ប្រើ​កម្លាំង​ដើម្បី​ចាត់ការ​ជាមួយ​បុគ្គលិក​អង្គការ​ និង​សមាជិក។​

ហើយ​និន្នាការ​បែបនេះ​កើត​មាន​ឡើង​កាន់តែ​ស្តែង​ឡើង​ទៅ​លើ​អង្គការ​នានា​ ដែល​ធ្វើការ​លើ​សកម្មភាព​ការពារ​សិទ្ធិ​ដីធ្លី​របស់​សហគមន៍​ក្រីក្រ​ក្នុង​ក្រុង​ភ្នំពេញ ​និង​ជនបទ ជាពិសេស​ ​អង្គការដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និងការ​ជំរុញ​សេរីភាព​បញ្ចេញមតិ។​

ប្រភព​មួយ​ ដែល​បាន​ដកស្រង់​សម្តី​ដាក់​ក្នុង​របាយ​ការណ៍​នេះ ​លើក​ឡើង​ថា៖ «យើង​ទទួល​បាន​ការ​គំរាម​ច្រើន ​និង​ការ​សម្លុត​ថា ​នឹង​សម្លាប់ ​ឬ​បិទ​ការិយាល័យ។ ​ពួកគេ​បាន​បញ្ជូន​នគរបាល​ម​ក​តាមដាន​សកម្មភាព​របស់​យើង»។​

អ្នកស្រី​អែល សុធារី ​ប្រធាន​កម្មវិធី​របស់​គណៈ​កម្មាធិការសហ​ប្រតិបត្តិការដើម្បី​កម្ពុជា​លើក​ឡើង​ថា​ ​នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​ក្រុម​អាជ្ញាធរ​ អង្គការ​សង្គម​ស៊ីវិល​ប្រៀប​ដូច​ជា​អ្នក​ប្រឆាំង។​

«ជា​ពិសេស​អង្គការ​ដែល​កំពុង​ធ្វើ​កា​រលើ​បញ្ហា​រស៊ើប​នៅ​កម្ពុជា​ ដូចជា​អំពើ​ពុករលួយ ​យុត្តិធម៌​ ការ​តស៊ូ​មតិ ​និង​សិទ្ធិ​មនុស្ស​ ជារឿយៗ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិល​បាល ​ជា​ពិសេស​អាជ្ញាធរ​មួយ​ចំនួន​ចាត់ទុក​ថា ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទៅ​វិញ។​ តាម​ពិតទៅ អ្វីដែល​សង្គម​ស៊ីវិល​ធ្វើ​ពាក់​ព័ន្ធ​ហ្នឹង​គឺចង់​ផ្សារ​ភ្ជាប់​គម្លាត​រវាង​រដ្ឋាភិបាល ​ដែល​ជា​អ្នក​បំពេញ​កិច្ច ​និង​ប្រជា​ពលរដ្ឋ​ដែល​អ្នក​មាន​សិទ្ធិ»។​

អ្នក​ស្រី​អែល សុធារី​ត្អូញត្អែរ​ថា​ រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុកដាក់​នឹង​ការ​ផ្តល់​អនុសាសន៍​របស់​សង្គម​ស៊ីវិល​ទេ។​

«ឃើញ​ថា ​មាន​ឯកសារ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ដាក់ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ពិចារណា ​ប៉ុន្តែ​ឃើញ​ថា​ ការ​ទទួល​យក​ហ្នឹង​នៅ​មាន​កម្រិត​តិច​មែន​ទែន»។​

របាយ​ការណ៍​ខាងលើ​បន្ថែម​ថា ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ឆ្នាំ​២០០៩ ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ​និង​សេចក្តី​ព្រាងច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​សមាគម​ ធ្វើ​ជា​ឧបករណ៍​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល។​

លោក​អំ សំអាត​គឺ​ជា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។​ លោក​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​ក្នុង​របាយ​ការណ៍​នេះ។​

«អ្វី​ដែល​'មិន​ត្រូវ' ​យើង​ថា ​'មិនត្រូវ'។​ យើង​ធ្វើការ​ដើម្បីពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ ​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ ​អញ្ចឹង​អ្វី​ដែល​យើង​ធ្វើ​ទៅ​ប៉ះពាល់​ដល់​ផង​ប្រយោជន៍​របស់​គេ ​អ្វី​ដែល​យើង​ធ្វើទៅ​មិន​ស្រប​ទៅ​នឹង​គេនោះ​ ​បាន​ធ្វើ​ឲ្យ​គេ​ចេះ​តែ​ចោទ​ប្រកាន់​យើង»។​

លោក​នី ចរិយា ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មិន​សូវ​សប្បាយចិត្ត​នឹង​អង្គការ​របស់​លោក​ទេ ​ដោយសារ​តែ​អង្គការ​របស់​លោក​បង្ហា​ញ​នូវ​បញ្ហា​ដែល​កំពុងតែ​កើត​មាន​ឡើង​ក្នុង​សង្គម។​

លោក​កែម ឡី​ អ្នក​វិភាគ​សង្គម​ឯករាជ្យ​នៅ​កម្ពុជា ​មើល​ឃើញ​ថា ​ស្ថានភាព​ការងារ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​នៅ​កម្ពុជា ​នាពេល​បច្ចុប្បន្ន​ កាន់តែ​មាន​ភាព​ពិបាកឡើងៗ ​ដោយសារ​បរិយាកាស​ន​យោ​បាយ។​

«ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ រាំ​ស្ទះ​ដល់​ការងារ​របស់​ NGOs​ ទៅ​វិញ។ ​បើ​នៅ​ស្រុក​គេ​វិញ​ នៅ​ម៉ាឡេស៊ី​ រដ្ឋាភិបាល​គេ​ឲ្យ​លុយ​ទៅ​អង្គការ​ទៀត ​នៅ​ឈៀង​ម៉ៃ​ចឹ​ង​ដែរ​ គេ​ឲ្យ​លុយ​ដើម្បី​ទៅ​ធ្វើ​ការ ​អ្វី​ដែល​រដ្ឋាភិបាល​មិន​ទាន់​ធ្វើ​បាន»។​

ទោះជា​យ៉ាងណា​ លោក​ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ច្រានចោល​ការ​រក​ឃើញ​របស់​របាយ​ការណ៍​ខាង​លើ។ ​លោក​និយាយ​ថា​ អ្វីដែល​រក​ឃើញ​នេះ​មិន​ឆ្លុះ​ប​ញ្ចាំង​ការណ៍​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ហើយ​ថា ​រដ្ឋាភិបាល​កម្ពុជា​តែង​បើក​ចំហ​ទ្វារ​ដើម្បី​សហការ​ជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល។​

«រដ្ឋាភិបាល​ជា​ស្ថាប័ន​ជាតិ​ ដែល​កើត​ចេញពី​ឆន្ទៈ​របស់​មហាជន​ ខុស​ប្លែក​ពី​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ដែល​គ្រាន់តែ​ទទួល​លុយ​គេ​មក​ធ្វើការ​ប៉ុណ្ណោះ។​ រដ្ឋាភិបាល​តែងបើ​ទ្វារ​ចំហ​ក្នុង​ភាពជា​ដៃ​គូ​ពិភាក្សា​គ្នា​ដើម្បី​គោល​ដៅ​រួម​គឺ​អភិវឌ្ឍន៍​សង្គម»។​

ទោះ​បីជា​យ៉ាងណាក្តី​ របាយ​ការណ៍​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ដែល​ធ្វើការ​លើ​ការ​អភិវឌ្ឍ​ក​សិកម្ម​ អប់រំ ​និង​មនុស្ស​ធម៌​ មាន​ទំនាក់​ទំនង​ងាយស្រួល​ជាមួយ​រដ្ឋាភិបាល៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG