ពីរថ្ងៃបន្ទាប់ពីការប្រកាសក្នុងទីក្រុងម៉ានីលអំពីការបញ្ចូលគ្នារវាងគណក្សជំទាស់ដ៏ធំពីររបស់ប្រទេសកម្ពុជា គឺគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអះអាងថាការបញ្ចូលគ្នា នេះមិនទាន់ដល់កម្រិតគំរាមគណបក្សគ្រប់គ្រងប្រទេសទេចំពោះលទ្ធផលការបោះឆ្នោតឆ្នាំ ២០១៣។
លោក ជៀម យាបអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាថ្លែងថា ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋនិងលទ្ធផលបោះឆ្នោតឈ្នះដាច់ ខ្លាំងកន្លងមកជាការបញ្ជាក់សា្រប់។
« អញ្ចឹងទេបានជាចំពោះរូបខ្ញុំជាអត្តនោម័តខ្ញុំយល់ឃើញថាខ្ញុំអត់មានព្រួយបារម្ភ អត់មានញ័រចំពោះការបញ្ចូលគ្នារបស់គណបក្សទាំងពីរនៅទីក្រុងម៉ានីលថ្មីៗនេះទេបាទ»។លោក ជៀម យាប
គណបក្សប្រជាជនកម្ពុជាកាន់កាប់អាសនៈ៩០ ក្នុងចំណោម១២៣ អាសនៈ សរុបនៃសភា ក្រោយការបោះឆ្នោតឆ្នាំ២០០៨។ ហើយគណបក្សនេះឈ្នះសំឡេងឆ្នោតលើសលប់ក្នុងការបោះឆ្នោតព្រឹទ្ធសភានិងបោះឆ្នោតឃុំសង្កាត់ ក្នុងរយៈពេលថ្មីៗនេះ។ គណបក្ស សម រង្ស៉ីមានអាសនៈ២៦ និង គណបក្សសិទ្ធិមនុស្ស ដែលទើបបង្កើតថ្មីកាន់កាប់អាសនៈ៣ក្នុងរដ្ឋសភា។គណបក្សជំទាស់ទាំងពីរ ទទួលបានសំឡេងច្រើន ហើយមានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ពាសពេញប្រទេសដែលមានឃុំសង្កាត់ចំនួន១.៦៣៣។
គណបក្សជំទាស់ទាំងពីរដែលដឹកនាំដោយលោក សម រង្ស៉ី និង លោកកឹម សុខា បានសម្រេចបញ្ចូលគ្នាក្រោយកិច្ចប្រជុំ២ថ្ងៃក្នុងទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន នៅសប្តាហ៍នេះ។ គណបក្សទាំងពីរនឹងបង្កើតគណបក្សថ្មីមួយដាក់ឈ្មោះផ្សេង ដើម្បីប្រកួតប្រជែងនៅឆ្នាំ២០១៣ក្នុងការបោះឆ្នោតជាសកលជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំ។
ថ្
លែងប្រាប់វីអូអេក្នុងកិច្ចសម្ភាសជាពិសេស បន្ទាប់ពីកិច្ចប្រជុំរួមគ្នាដែលមានសមាជិកជាន់ខ្ពស់នៃគណបក្សទាំងពីរចូលរួមជាមួយប្រធានបក្សរៀងៗខ្លួននោះ លោក សម រង្ស៉ីប្រធានគណបក្សសម រង្ស៉ីបានប្តេជ្ញាប្រកួតប្រជែងដ៏ស្រួចស្រាល់ នៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ជាមួយ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លែងប្រាប់វីអូអេក្នុងកិច្ចសម្ភាសជាពិសេស បន្ទាប់ពីកិច្ចប្រជុំរួមគ្នាដែលមានសមាជិកជាន់ខ្ពស់នៃគណបក្សទាំងពីរចូលរួមជាមួយប្រធានបក្សរៀងៗខ្លួននោះ លោក សម រង្ស៉ីប្រធានគណបក្សសម រង្ស៉ីបានប្តេជ្ញាប្រកួតប្រជែងដ៏ស្រួចស្រាល់ នៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ជាមួយ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«ជាថ្ងៃប្រវត្តិសាស្ត្រដែលឆាកនយោបាយប្រទេសកម្ពុជាមានការប្រែប្រួលយ៉ាងធំ ពីព្រោះចាប់ពីពេលនេះតទៅគឺមានការតទល់គ្នារវាងគណបក្សតែពីរគឺមួយទល់នឹងមួយ។ គណបក្សប្រជាជនជាគណបក្សកុម្មុយនីស្តផ្តាច់ការបម្រើ បរទេស ឈ្លានពាន ហើយគណបក្សថ្មីដែលរៀបចំដោយគណបក្សសម រង្ស៉ីនិង គណបក្សសិទ្ធិមនុស្សជាកម្លាំងនយោបាយតែមួយគត់ដែលតំណាងឲ្យជាតិខ្មែរ តំណាងឲ្យ ប្រជារាស្ត្រខ្មែរដែលស្រឡាញ់សេរីភាព និងស្រឡាញ់យុត្តិធម៌»។
ក្នុងពេលជាមួយគ្នានោះដែរលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបាន អះអាងប្រាប់វីអូអេពីយុទ្ធសាស្ត្រត្រួសៗដែលអាចឲ្យគណបក្សថ្មីមានកម្លាំងក្នុងការតទល់ពេលបោះឆ្នោត។
«យុទ្ធសាស្ត្រគឺយើងមានប្លែកពីគណបក្សយើងទាំងពីរត្រង់ថាពេលយើងរួបរួមគ្នា ទៅ យុទ្ធសាស្ត្រយើងគឺយើងប្រមូលកម្លាំងបានធំជាង។ពីមុនយើងប្រមូល កម្លាំងបានមួយក្រុមៗទេ។ តែដល់ពេលយើងរួមគ្នាកម្លាំងខ្មែរធំ ដែលស្នេហា ជាតិ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនឹងមកចូលជាមួយយើងហើយ កាលណាយើងរួមគ្នា។ នេះជាយុទ្ធសាស្ត្ររបស់យើងគឺប្រមូលកម្លាំងខ្មែរនៅគ្រប់ ទិសទីទាំងអស់ទាំងនៅក្រៅប្រទេសទាំងនៅក្នុងប្រទេសហ្នឹង ជាកំឡាំងមួយធំៗ មែនទែនដើម្បីឲ្យមានការផ្លាស់ប្តូរការដឹកនាំបច្ចុប្បន្ន។
មេដឹកនាំគណបក្សជំទាស់ទាំងពីរបានអះអាងថាកម្ពុជាត្រូវការកម្លាំងអ្នកប្រជាធិបតេយ្យដើម្បីស្រោចស្រង់ជាបន្ទាន់ពេលនេះ លើបញ្ហាបន្ទាន់របស់ប្រទេសជាច្រើនដូចជាបញ្ហាបូរណភាពទឹកដី បញ្ហារំលោភបំពានដីធ្លី បញ្ហាពុករលួយ បញ្ហាលួចបន្លំសន្លឹកឆ្នោត និងបញ្ហាកៀបសង្កត់ផ្សេងទៀត។ តែលោក ជៀម យាបបានការពារគណបក្សគ្រប់គ្រងប្រទេសរបស់លោកហើយ បានវាយប្រហារមេដឹកនាំគណបក្សជំទាស់ទាំងពីរថាបានបង្កាច់បង្ខូចគណបក្ស លោកដើម្បីយកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។
«តែខ្ញុំមានសង្ឃឹមថាប្រជាជនកម្ពុជាមិនមែនជាប្រជាជនដែលល្ងង់ខ្លៅតទៅទៀតទេ។ ឥឡូវហ្នឹងយើងឃើញថាគាត់ចេះគ្រប់បែបយ៉ាង ចេះវិភាគគ្រប់បែបយ៉ាង។ មើលខ្ញុំសួរថាតើក្នុងរយៈពេល២០ ៣០ឆ្នាំកន្លងទៅ គណបក្សប្រឆាំង សម រង្ស៉ីក្តី គណបក្សសិទ្ធិមនុស្សក្តីធ្វើបានអីប៉ុនក្រចកដើម្បីជូនជាតិមាតុភូមិ? ហើយសុទ្ធតែ អួតអាងថាដោយសារគាត់មិនកាន់អំណាចម៉េចក៏មិនខំ?ខំទៅឲ្យប្រជាជនជឿទុកចិត្តទៅ។ កាលណាឈ្នះឆ្នោតទៅបានកាន់អំណាចហើយ»។
លោក ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយនៅ កម្ពុជា ហៅកាត់ថានិកហ្វ៊ិកបានអះអាងថាការរួបរួមគ្នាគណបក្សជំទាស់ទាំងពីរ នឹងមានចំនួនអាសនៈកើនឡើងនៅពេលបោះឆ្នោតខាងមុខបើពិនិត្យទៅលើរូបមន្តនិង សំឡេងគាំទ្រនៃគណបក្សទាំងពីរ ហើយក៏ធ្វើឲ្យអ្នកបោះឆ្នោតងាយ ក្នុងការសម្រេចចិត្ត ។ តែលោកពុទ្ធា ហង្សបានពន្យល់ថា គណបក្សទាំងពីរនេះ នៅមានឧបសគ្គច្រើនទៀតត្រូវជជែកក្នុងការបញ្ចូលគ្នាដូចជាការផ្លាស់ប្តូរឈ្មោះគណបក្សថ្មីដែលជាការបាត់សមាជិកភាពតំណាងរាស្ត្រក្នុងសភាពេលរំលាយ ឈ្មោះបក្ស បញ្ចូលគ្នាផងនិងបញ្ហាមិនអាចបង្កើតរដ្ឋាភិបាលបានផងប្រសិនបើ បក្សទាំងពីរ នៅរក្សាទុកឈ្មោះរៀងៗខ្លួន។
«ហើយចំណុចមួយទៀតបើសិនជាគណបក្សទាំងពីរហ្នឹងគាត់ទុកឈ្មោះគាត់ ដដែល ប៉ុន្តែអ្នកគាំទ្ររបស់គាត់ទោះបីជាកើនច្រើនជាងមុនក៏មិនអាចថាបូកគ្នា ទៅបង្កើតទៅជារដ្ឋាភិបាលបានទេដោយសារគណបក្សមួយតំណាងឲ្យសំឡេង គាំទ្រមួយ»។
លោកទេព នីថា អគ្គលេខាធិការគណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ កាត់ថា គជប វិញបានអះអាងថាការបាត់បង់អាសនៈគឺផ្អែកលើរូបមន្តនៃការបញ្ចូលគ្នា របស់គណបក្សនយោបាយ។
«អញ្ចឹងឧបមាថាគណបក្ស ក ចូលគ្នាជាមួយគណបក្ស ខ ហើយគេដាក់ឈ្មោះ គណបក្ស ក អញ្ចឹងទេគណបក្សខ ត្រូវបាត់បង់អាសនៈទាំងអស់ដែលមាន។ ហើយបើសិនគេដាក់ឈ្មោះគណបក្ស ខ វិញគណបក្ស ក នឹងបាត់បង់អាសនៈ ទាំងអស់ដែលមាន។ ហើយបើគេចូលគ្នារវាងគណបក្ស ក និង ខ ហើយគេ បង្កើត ឈ្មោះគណបក្សថ្មីមួយទៀតគណបក្ស គ គណបក្ស ក និង ខ ត្រូវបាត់ អាសនៈទាំងអស់ដែលមាន»។
លោក ទេព នីថាបានអះអាងថាការចុះបញ្ជីបោះឆ្នោតនៃគណបក្សនយោបាយ ត្រូវធ្វើឲ្យបានមុន៩០ថ្ងៃនៃការបោះឆ្នោត តាមច្បាប់កំណត់ដោយភ្ជាប់លិខិត បញ្ជាក់ចំពោះការ ចុះបញ្ជីស្របច្បាប់ពីក្រសួងមហាផ្ទៃដើម្បីដាក់ជូនគ.ជ.ប។
គណបក្សជំទាស់ទាំងពីរមិនទាន់បានប្រកាសថាពេលណានឹងប្រកាសបញ្ចូលគ្នា ឬការដាក់ឈ្មោះគណបក្សថ្មីហើយតើគណបក្សទាំងពីរសុខចិត្តរំលាយខ្លួនទាំងអស់គ្នាឬណាទេ។ ដោយឡែកចំពោះការ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៉ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដោយសារការដក តម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមកាលពីឆ្នាំ២០០៩ក្នុងខេត្តស្វាយរៀង នោះក៏មិនទាន់ដោះស្រាយនៅឡើយដែរ។
តែលោក Sean McIntosh អ្នកនាំពាក្យស្ថានទូតសរអាបានស្វាគមន៍ការបញ្ចូល គ្នារវាងគណបក្សសម រង្ស៉ីនិងគណបក្សសិទ្ធិមនុស្ស។
«ស.រ.អាគាំទ្របរិយាកាស ហើយនឹងជំរុញឲ្យមានបរិយាកាសលើកទឹកចិត្ត ដល់អ្នកចូលរួមផ្នែកនយោបាយទាំងអស់ អាចចូលរួមបានក្នុងស្មារតីធ្វើឲ្យ ប្រសើរ ផ្នែកសេរីភាពនយោបាយ និង សេរីភាពផ្នែកប្រជាធិបតេយ្យ»។ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជានិយាយថាបញ្ហាធ្វើឲ្យជ្រះស្រឡះអំពីពិរុទ្ធភាព របស់លោកសម រង្ស៉ីទាក់ទិននឹងរឿងព្រំដែនជាមួយប្រទេសវៀតណាមនោះជារឿងសំខាន់។ ច្បាប់គណបក្សនយោបាយមិនអនុញ្ញាតឲ្យអ្នកមានពិរុទ្ធភាព ឈរឈ្មោះបោះឆ្នោត ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចទេ៕