ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​អ្នក​កាសែត​កាណាដា​បាត់​ខ្លួន​ត្រូវ​រក​ឃើញ​នៅ​ជិត​អង្គរ​ធំ


អ្នក​កាសែត​ជនជាតិ​កាណាដា​ដែល​បាត់ខ្លួន​តាំងពី​ដើម​ឆ្នាំមក​គឺ​លោក​​ដេវ វ៉ក (Dave Walker)។
អ្នក​កាសែត​ជនជាតិ​កាណាដា​ដែល​បាត់ខ្លួន​តាំងពី​ដើម​ឆ្នាំមក​គឺ​លោក​​ដេវ វ៉ក (Dave Walker)។
អ្នក​កាសែត​ជនជាតិ​កាណាដា​ដែល​បាត់ខ្លួន​តាំងពី​ដើម​ឆ្នាំមក​គឺ​លោកដេវ វ៉ក (Dave Walker) ​ត្រូវ​ប៉ូលិសរក​ឃើញ​សាកសព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​ព្រៃ​មួយ​កន្លែង​ជិត​ប្រាសាទ​អង្គរ​ធំ​ ខេត្ត​សៀមរាប។ ​តែ​ប៉ូលិសមិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​ថា ​រឿងនេះ​ជាឃាតកម្ម ​ឬ​ជា​រឿង​អ្វីមួយ​នោះ​ទេ។​ នេះ​ជា​ការ​អះអាង​របស់​លោក ស្នងការ​ប៉ូលិស​ខេត្ត​សៀមរាប​គឺ​ឧត្តមសេនីយ៍ត្រី​សត ណាឌី។​

«យើង​ពិនិត្យ​ជំហាន​ដំបូង​ហ្នឹង​ដូចជា​មិនទាន់​មាន​ស្លាក​ស្នាម​ស្អី​ថា​ ជា​បទ​ល្មើស​ ព្រហ្មទណ្ឌ​ទេ​ តែ​យើង​ចាំមើល​ស្អែក​ជាមួយ​ខាង​ស្ថានទូត​គាត់​មក​នោះ។ ​យើង នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ថែម​ទៀត»។​

លោក​ដេវ វ៉កឃឺ ​អាយុ​៥៨​ឆ្នាំ ​ជា​អ្នក​កាសែត​ជនជាតិ​កាណាដា​ និង​ជា​ស្ថាបនិក​ ក្រុម​ហ៊ុន​ផលិត​ភាព​យន្ត​មួយ​ឈ្មោះ​ Animist Farm ​Films ​បាន​បាត់​ខ្លួន​តាំង​ពី ដើម​ខែ​កុម្ភៈពី​ផ្ទះ​សំណាក់​មួយ​ក្នុង​ខេត្ត​សៀមរាប​ក្នុង​ពេល​ដែល​លោក​ស្នាក់​ នៅទី​នោះ​ដើម្បី​ផលិត​ខ្សែ​ភាព​យន្ត​មួយ​ជា​ភាសា​អង់គ្លេស​ ដែល​មាន​ចំណង​ ជើង​ថា​ «បុរស​ក្រីក្រ​បំផុត»​ ឬ​ «The ​Poorest ​Man»។​ ខ្សែភាព​យន្ត​រយៈ​ពេល​៨០​នាទី​នេះ​រៀបរាប់​អំពី​អ្នក​ភូមិ​ម្នាក់​ ដែល​ខ្មែរក្រហម​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​ភូមិ​ ក្រោយ​ពីបាន​ដឹង​ថា ​គាត់ជា​អ្នកក្រ​ជាង​គេ​ក្នុង​ភូមិ។​ ហើយ​គាត់​បាន​សង្គ្រោះ​ជីវិត​មនុស្ស​១០០​នាក់​ក្នុង​សម័យ​នោះ មិន​ឲ្យ​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់។​

ការ​បាត់​ខ្លួន​លោក ​Walker ​ដែល​គ្មាន​មូលហេតុ​នេះ​បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពី អង្គការ​សារ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រឿង​នេះ។​

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ លោក​ស្នងការ​សត ណាឌី​បាន​អះអាង​ថា​ សាក​សព​ នោះ​ត្រូវ​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ក្មេង​ពីរ​នាក់។​

«មាន​ក្មេង​ពីរ​នាក់ ​ក្មេង​ជំទង់​អាយុ​២១​ម្នាក់​ អាយុ​២៥​ម្នាក់។​ គាត់​ដើរ​ចូល​ទៅ​ក្នុង​ ព្រៃ បេះផ្លែ​ឈើ​នៅក្នុង​ព្រៃ​ ហើយ​ក៏ប្រទះ​ឃើញ​សាកសព​នោះ​បាន​មក​រាយ​ ការណ៍​ជូន​ប៉ូលិស»។​

លោក​ស្នងការ​បាន​អះអាង​ថា​ បុគ្គលិក​ផ្ទះ​សំណាក់​និង​មិត្តភ័ក្រ​ជន​រងគ្រោះ​បាន​ បញ្ជាក់​អត្ត​សញ្ញាណ​សាកសព​ដែល​រលួយ​នោះ​ថា​ ជា​សព​លោក ​Dave Walker​ ដោយ​គេ​ចំណាំ​ទៅ​លើ​ស្បែក​ជើង​ និង​សម្លៀក​បំពាក់​ ហើយ​នឹង​របស់​ផ្សេង​ ទៀត។​

អាជ្ញាធរ​ប៉ូលិសបាន​បញ្ជាក់​ថា ​របស់​របរ​ផ្សេង​ទៀត​រួម​ទាំង​លុយ​៥០​ដុល្លារ​ស.រ.អា.​ផង​បាន​នៅ​ក្នុង​ហោប៉ៅ​របស់​សាក​សព​នោះ។​

លោក​សាន់នី ឈួន​ មិត្តភ័ក្រ​លោក ​Dave Walker ​បាន​ថ្លែង​ថា ​លោក​ទៅ​មើល​ សាកសព​ហើយ​ ហើយ​សន្និដ្នាន​ថា​ នោះ​ជា​សាកសព​លោក​ដេវ វ៉កឃឺ​សឹងតែ​ ១០០​ភាគ​រយ។​ តែ​លោក​ក៏មិន​អាច​ដឹង​ថា​ ឃាតកម្ម​នោះ​បណ្តាល​មកពី​មូលហេតុ​អ្វី​ដែរ។​

«នៅ​ក្នុង​ករណី​លោក​ដេវនេះ​ ខ្ញុំ​យល់​ថា ​ទោះជា​យ៉ាងណា​ ដើម្បី​ឲ្យ​បាន​អស់​ចិត្ត​ ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​ ខ្ញុំ​យល់​ថា​ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ ការ​ត្រួត​ពិនិត្យ​តាម​វិទ្យាសាស្ត្រ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​ថា ​តើ​ការ​ស្លាប់​ នេះ​ដោយ​មូល​ហេតុ​អ្វី?»​

លោក​សាននី ឈួន​បាន​អះអាង​ថា​ កន្លែង​សាកសពនោះ​នៅ​មិន​ឆ្ងាយ​ពី​ទី​សារធារណៈ​និង​ប៉ុស្តិ៍​ប៉ូលិសប៉ុន្មាន​ទេ។​

«កន្លែង​ហ្នឹង​មាន​ថ្នល់​ដែល​គេ​បើក​ឡាន​ទៅមក​ដែរ​ ហើយ​មិន​ឆ្ងាយ​ពី​បុស្តិ៍​ប៉ូលិស​ ប៉ុន្មាន​ទេ​ តែ​មាន​ផ្លូវលំ​មួយ​ចូល​ទៅ​ក្នុង​ព្រៃ​ប្រហែល​ជា​២៥០​ទៅ​៣០០​ម៉ែត្រ​អី​ ហ្នឹង​ ហើយ​សាកសព​ហ្នឹង​នៅ​ឆ្ងាយ​ពីផ្លូវ​៥០​ទៅ​៦០​ម៉ែត្រពីផ្លូវ​លំ​នោះ។ ​ហើយ​ទីតាំង​នេះ​នៅ​ខាង​ក្លោងទ្វារ​ខាង​កើត​ គេ​ហៅ​ថា ​ក្លោងទ្វារ​ជ័យ​នៃ​ប្រាសាទ​អង្គរ​ធំ»។​

ក្រុម​គ្រួសារ​សព​ត្រូវ​គេ​ជូន​ដំណឹង​រួចហើយ​អំពីការ​រក​ឃើញ​សាកសព​ដែល​ ត្រូវ​គេ​ប្រទះ​ឃើញ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរដែល​មាន​សន្តិសុខ​ល្អ​និង​ជា​ទី​កន្លែង​ទាក់ទាញ​ទេសចរណ៍​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំៗ​មក​ពី​ជុំវិញ​ពិភពលោក​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG