លួសបន្លាដែលធ្លាប់បានហ៊ុំព័ទ្ធទីលានប្រជាធិបតេយ្យនោះ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចបានរុះរើចេញរួចហើយនិងដាក់លើរថយន្ត បន្ទាប់ពីសាលាក្រុងភ្នំពេញបញ្ជាឲ្យដោះលែងសួនប្រជាធិបតេយ្យ ក្រោយពីបានជាប់ឃុំអស់រយៈពេលជិត៨ខែ។
ការសម្រេចបើកសួនប្រជាធិបតេយ្យឲ្យដំណើរការឡើងវិញនេះបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីអ្នកតំណាងរាស្ត្រចំនួន៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពិធីសច្ចាប្រណិធានស្បថចូលកាន់មុខតំណែងជាសាមាជិកសភាតំណាងរាស្ត្រនៅព្រះបរមរាជវាំងកាលពីថ្ងៃអង្គារ។
មិនមានមនុស្សច្រើនទេបានទៅឃ្លាំមើលព្រឹត្តិការណ៍បើកឲ្យដំណើរការសួនប្រជាធិបតេយ្យឡើងវិញនោះទេ លើកលែងតែអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយចំនួនតែប៉ុណ្ណោះ។
លោកស្រីមួរ សុខហួរ អ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ បានដឹកនាំអ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សមួយចំនួនទៅមើលការរុះរើសួនប្រជាធិបតេយ្យនេះ។ លោកស្រីបានប្រកាសជាសារធារណៈអំពីជ័យជំនះរបស់គណបក្សសង្គ្រោះជាតិដែលបានទាមទារឲ្យសួនប្រជាធិបតេយ្យត្រូវបានបើកឲ្យដំណើរការឡើងវិញនៅថ្ងៃនេះ។
កាលពីថ្ងៃទី១៥ខែកក្កដា លោកស្រីមួរ សុខ ហួរជាមួយនិងអ្នកតំណាងរាស្ត្រចំនួន៨រូប សកម្មជនគណបក្សចំនួន១រូបត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនរួចបញ្ជូនទៅឃុំឃាំងក្នុងពន្ធនាគាររយៈពេលមួយសប្តាហ៍បន្ទាប់ពីមានអំពើហិង្សាមួយនៅទីលានសួនប្រជាធិបតេយ្យ។
លោកស្រីបានប្រកាសយ៉ាងមោទនភាពថា ការតស៊ូរបស់គណបក្សសង្គ្រោះជាតិកន្លងមកជាការចាំបាច់នាំឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោកស្រីនិយាយថា៖ «យើងខ្ញុំបានបម្រើប្រជាពលរដ្ឋ។ យើងខ្ញុំអត់ចង់បានយកជោគ អត់ចង់បានយកជ័យអ្វីទេ។ យើងខ្ញុំចង់បានឲ្យជាតិមួយដែលមានមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៨រូប សកម្មជនគណបក្សម្នាក់ព្រមទាំងលោកកឹម សុខា អនុប្រធានគណបក្សត្រូវបានតុលាការកោះហៅសារជាថ្មីឲ្យចូលទៅបំភ្លឺក្នុងតុលាការនៅថ្ងៃទី១១ខាងមុខនេះ។
លោកស្រី មួរ សុខហួរមានប្រសាសន៍ថា លោកស្រីនិងអ្នកតំណាងរាស្ត្រផ្សេងទៀតនឹងទៅបំភ្លឺតាមដីកាកោះរបស់តុលាការ។
លោកជាម យៀប សមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការបើកដំណើរការទីលានប្រជាធិបតេយ្យឡើងវិញនេះបង្ហាញឲ្យឃើញថា វិបតិ្តនយោបាយបានបិទបញ្ចប់ ហើយគណបក្សទាំងពីរនឹងរួមដៃគ្នាដើម្បីការពារផលប្រយោជន៍ជាតិនិងប្រជាជន។
លោកនិយាយថា៖ «យើងឃើញថា បើការតស៊ូប្រឆាំងយ៉ាងម៉េចៗ ជាការតស៊ូមតិទៅបានហើយ ធ្វើយ៉ាងណាដើម្បីរកច្រកចេញក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងការបម្រើប្រជាជនឲ្យបានសមស្រប ពីព្រោះគណបក្សទាំងពីរគឺថា សុទ្ធតែមានបំណងដូចគ្នា ការពារមាតុភូមិ បម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម»។
ទីលានប្រជាធិបតេយ្យត្រូវបានអាជ្ញាធរក្រុងភ្នំពេញបានបញ្ជាឲ្យបិទ បន្ទាប់ពីមានការវាយបង្ក្រាបដោយអំពើហិង្សាមួយកាលពីដើមខែមករាទៅលើការតវ៉ាដោយសន្តិវិធី ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលកាលនោះបានបណ្តាលឲ្យមានមនុស្សជាច្រើននាក់បានរងរបួស រាប់ទាំងព្រះសង្ឃផងដែរ។
សាលាក្រុងភ្នំពេញពេលនោះបានលើកហេតុផលថា ការសម្រេចបិទសួនប្រជាធិបតេយ្យជាបណ្តោះអាសន្ននេះគឺដោយសារតែអាជ្ញាធររង់ចាំលទ្ធផលនៃការស៊ើបអង្កេតជាមុនសិន។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលតាមឃ្លាំមើលទីលានប្រជាធិបតេយ្យកន្លងមក បានរិះគន់ថា រដ្ឋាភិបាលមិនគួរយកទីលានប្រជាធិបតេយ្យដែលត្រូវបានច្បាប់អនុញ្ញាតទៅលាយឡំជាមួយនឹងរឿងនយោបាយនោះទេ។
លោកបាននិយាយថា៖ «ចាប់ពីថ្ងៃនេះតទៅ សុំឲ្យគណបក្សទាំងពីរបញ្ឈប់ការយកទីលានប្រជាធិបតេយ្យ ឬក៏សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ យកមកធ្វើជាចំណាប់ខ្មាំងដើម្បីដោះដូរផ្នែកនយោបាយតទៅទៀត»។
ក្រោយពីបានព្រមព្រៀងគ្នាបញ្ចប់ជម្លោះផ្នែកនយោបាយមក នៅថ្ងៃពុធនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបន្តពិភាក្សាគ្នាបន្ថែមទៀតពាក់ព័ន្ធនឹងកំណែទម្រង់គ.ជ.ប. កំណែទម្រង់បទបញ្ជាផ្ទៃក្នុង និងវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រាទី៧៦ និងបន្ថែមមួយជំពួកទៀតគឺជំពូកទី១៥។
ទាក់ទងនឹងសំណុំរឿងសួនប្រជាធិបតេយ្យនេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតទៅលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំឲ្យដោះលែងសកម្មជនបីនាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ខែសីហាក្នុងបទចោទប្រកាន់ដូចអ្នកតំណាងរាស្ត្រ៨រូបផ្សេងទៀតដែរ។
សកម្មជនទាំងបីនាក់ ដែលអាជ្ញាធរបានចាប់ខ្លួនចុងក្រោយគេនោះរួមមាន៖ លោកឃិន ជំរឿន លោកសាន គឹមហេង និងលោកនាង សុឃុន៕