ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ បញ្ជូន​សំណុំរឿង​សាសង​ស្នេហា ទៅ​តុលាការ​វិញ ខណៈ​ក្រុម​យុវជន តវ៉ា​នៅ​មុខ​ផ្ទះ​លោក កឹម សុខា


យុវជន ស្រី ចំរើនបង្ហាញ​ញត្តិ​របស់​ខ្លួន​ទៅ​អ្នកសារព័ត៌មាន។ (ពិន ស៊ីសុវណ្ណ/VOA)
យុវជន ស្រី ចំរើនបង្ហាញ​ញត្តិ​របស់​ខ្លួន​ទៅ​អ្នកសារព័ត៌មាន។ (ពិន ស៊ីសុវណ្ណ/VOA)

អគ្គនាយកដ្ឋាន​​ប្រឆាំង​ចារកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​ទៅកាន់​តុលាការ​វិញ​ហើយ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​ការ​លួច​មាន​ទំនាក់ទំនង​ស្នេហា​របស់​លោក កឹម សុខា ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

អគ្គនាយកដ្ឋានប្រឆាំង​ចារកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​ទៅកាន់​តុលាការ​វិញ​ហើយ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​ការ​លួច​មាន​ទំនាក់ទំនង​ស្នេហា​របស់​លោក កឹម សុខា ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អគ្គនាយកដ្ឋាន​នេះ បានបញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ តាម​បណ្ដឹង​ដាក់​ជូន​ទៅ​តុលាការ​ពី​សំណាក់​នាងធី សុវណ្ណថា​ ដែល​ជា​យុវតី​ដ៏​ល្បី​ល្បាញ​ម្នាក់​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

នាង ធី សុវណ្ណថា បាន​ប្តឹងនាង ខុម ចាន់តារាទី ​ពី​បទ​បរិហារ​កេរ្តិ៍​ក្នុង​ការ​សាសង​ស្នេហា​តាម​រយៈ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​មួយ ​ដែល​គេ​សង្ស័យ​ថា ​ជា​សំឡេង​របស់​នាង​និង​សំឡេង​របស់លោក ​កឹម សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​នាយ​ឧត្ដមសេនីយ៍ ​ខៀវ សុភ័គ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​អគ្គនាយកដ្ឋានប្រឆាំង​ចារកម្ម​ បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​វិញ​ហើយ​ ក្រោយ​ពី​បញ្ចប់​ការ​ស៊ើប​អង្កេត។​

«បាន​បញ្ជូន​ទៅ​ហើយ​ ព្រោះ​យើង​មិន​ទុក​យូរ​អញ្ចឹង​ទេ​ យ៉ាង​ម៉េច​យ៉ាង​ម៉ា​ អ្វីៗ​វា​ឋិត​នៅ​ក្នុង​ស្ថាប័ន​របស់​តុលាការ​ទេ»។

​លោកនាយ​ឧត្ដមសេនីយ៍ ​បាន​បន្ត​ថា ​កា​រស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ​ការ​ឆ្លើយ​បំភ្លឺ​របស់​នាង​ ខុម ចាន់តារាទី​ ខុស​ពី​ភស្តុតាង​ដែល​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ។

លោក ខៀវ សុភ័គ បន្ថែម​ថា​ ក្រសួង​មហាផ្ទៃ មាន​ភស្តុតាង​បង្ហាញ​ បើ​សាម៉ី​ខ្លួន​ ចង់​បាន​ការ​បញ្ជាក់​ណាមួយ។

«គាត់​និយាយ​ថា​ គាត់​មិន​ដែល​ស្គាល់​បរទេស ម៉េច​ក៏​គាត់​មាន​ឈ្មោះ​របស់​គាត់ជិះ​យន្តហោះ​នៅ​ក្នុង​បញ្ជី​របស់​គេ ​តាម​ថ្ងៃ​ខែ​ដែល​គេ​ដឹង​នោះ?​ ម៉េច​ក៏​គាត់​ដាក់​ពាក្យ​សុំ​លិខិត​ឆ្លង​ដែន?​ ទី​បី​ម៉េច​ក៏​មាន​រូប​នៅ​សណ្ឋាគារ​ដែល​គេ​ថត​បាន»។

ប៉ុន្តែអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ ​បាន​សន្និដ្ឋាន​ថា ​ការ​ដែលលោក​ កឹម សុខា ប្រកាន់​ជំហរ​មិន​ចេញ​មក​បដិសេធ ​និង​បកស្រាយ​ការ​ពារខ្លួន​រហូត​មក​ដល់​ពេល​ ប្រហែល​នេះ​ជា​រឿង​ពិត។

​ទោះ​ជា​យ៉ាង​ណា​ក្តី​លោក ​ខៀវ សុភ័គបន្ថែម​ថា ​ដូច​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ថ្លែង​កន្លង​មក​ ​លោក​ក៏​ទុក​ឲ្យ​សាធារណជន​វាយ​តម្លៃអំពី​រឿង​នេះ​ដែរ​ ព្រោះថា សំណុំរឿង​នេះ មិនមែន​ជា​រឿង​ធំ​ដុំ​ទាក់ទង​ប្រទេស​ជាតិ​ទេ​ គឺ​គ្រាន់​តែ​ជា​រឿងសាធារណបុគ្គល​តែ​ប៉ុណ្ណោះ។​

លោក ​អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា​ លោក​មិន​ឆ្លើយ​តប​នឹង​ការ​សន្និដ្ឋាន​ណាមួយ​ទាក់​ទង​នឹង​សំឡេង​សាសង​ស្នេហា ​ដែល​សង្ស័យ​ថា ​ជា​សំឡេង​របស់​នាង ខុម​ចាន់​តារាទី​ និង​សំឡេង​លោក ​កឹម សុខា​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​នេះ​ក្ដី ​លោក​ប្រាប់​ VOA ​ថា​ លោក​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​ក្រុម​យុវជន​ដឹកនាំ​ដោយ​លោក ស្រី ចំរើន​ ​ដែល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រើ​ទង់​ មួក​និង​អាវ​មាន​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​លោក ​កឹម សុខា ​ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​គេសង្ស័យ​នេះ។​

«គណបក្ស​ចាត់​ទុក​ទង្វើ​នៃ​ក្រុម​មនុស្ស​ដែល​យក​ទង់​ អាវ​និង​មួក​ដែល​មាន​ស្លាក​សញ្ញា​សម្គាល់​គណបក្ស​ទៅ​ប្រើប្រាស់​នោះ​គឺ​ជា​ការ​ក្លែង​បន្លំ​មួយ​ក្នុង​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ ​កិត្តិយស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ ហើយ​ជា​ការ​រំលោភ​ច្បាប់​ស្ដី​ពី​កម្មសិទ្ធិ​បញ្ញា​ក៏ដូចជា​ក្រម​ព្រហ្មទណ្ឌ»។

លោក​ អេង ឆៃអ៊ាង ​សុំ​មិន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា ​សំឡេង​សាសង​ស្នេហា​នោះ ជា​សំឡេង​របស់លោក ​កឹម សុខា ​នោះ​ទេ។​

«មិន​ធ្វើ​អត្ថាធិប្បាយ​ថែម​ទៀត​អា​រឿង​ផ្សេង​នោះ​ទេ។​ ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​ទាក់ទង​នឹង​អ្នក​ដែល​ប្រើ​ប្រាស់​អាវ​និង​មួក​សញ្ញា​គណបក្ស​តែ​ប៉ុណ្ណឹង​បាទ»។

ដោយឡែក ក្រុម​បាតុករ​នៅមុខ​ផ្ទះ​របស់​លោក​ កឹម សុខា ដែល​ដឹកនាំ​ដោយ​លោក ស្រី ចំរើន បានស្រែក​ថា «លោក ​កឹម សុខា ​កំសាក ​មែន​ឬ​មិន​មែន?​» អ្នក​បន្ទរ​ស្រែក​ថា ​«មែន!»

នៅ​ក្នុង​ការ​តវ៉ា​នៅ​មុខ​ផ្ទះ​របស់​លោក កឹម សុខា ​នៅ​ខណ្ឌ​ទួលគោកលោក ស្រី ចំរើន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​បាតុករ​ក្នុង​ក្បួន​តវ៉ា​របស់​លោក​ គឺ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ខក​ចិត្ត​នឹង​រឿង​អាស្រូវ​ស្នេហា​នេះ​ ហើយ​ចង់​បាន​ការ​បំភ្លឺ​ពី​លោក ​កឹម សុខា។

លោក ស្រី ចំរើន ​បាន​និយាយ​ថា ​លោក​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ តែ​លោកនិង​អ្នក​ដែល​មិនមែន​ជា​សមាជិក​គណបក្ស​ដែល​មក​ទី​នេះ​ គឺ​មក​ក្នុង​នាម​យុវជន​ ដែល​ចង់​ដឹង​ការណ៍​ពិត។

«ជា​សិស្ស​និស្សិត​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​ក្នុង​ការ​កែខ្លួន​នោះ​បាទ»។​

​ក្រោយពី​បាន​ដាក់​ញត្តិ​ហើយ​នោះ ​ក្រុម​យុវជន​នេះ ​នៅ​បន្ត​ស្រែក​វាយ​ប្រហារ​ថា ​លោក​ កឹម សុខា ​ជា​មនុស្ស​កំសាក។

ខុស​ពី​បាតុកម្ម​មុនៗ​ដែល​ពួក​គេ​តែងតែ​ស្រែក​រិះគន់​ថា លោក​ កឹម សុខា ​មាន​ស្រី​ច្រើន​នោះ​ ​លើក​នេះ​ ពួកគេ​បែរ​ជា​ប្រកាស​ជួយ​រក​ស្រី​ក្មេង​ឲ្យ​លោក ​កឹម សុខា​ ទៅ​វិញ។​

ពួកគេ ​បាន​ក្រឡៃ​ពាក្យ​ស្លោក​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រើ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោតទាមទារដូរ​រដ្ឋាភិបាល​ និង​ដូរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នោះ។​

បាតុករ​ស្រែក​នៅ​មុខ​ផ្ទះ​របស់​លោក​ កឹម សុខា ​ថា «ដូរ​ មិន​ដូរ? ​ដូរ! ដូរ​មិន​ដូរ? ដូរ! ​ ដូរ​អី? ​ដូរ​ស្រី!​ ដូរ​ស្រី​ឲ្យ​អ្នក​ណា? ​កឹម សុខា!»។

ក្រោយពី​បាន​ដាក់​ញត្តិ ​បាតុករ​ដែល​មាន​គ្នា​មិន​ដល់​១០០​នាក់​នេះ ​បាន​បន្ត​បាតុកម្ម​ដែល​នាំ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ​ទោះបីជា​ប៉ូលិស​ចរាចរណ៍​ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សុំ​ឲ្យ​បញ្ចប់​ការ​ដើរ​ក្បួន​បាតុកម្ម​នេះ​ក៏​ដោយ។

ពួកគេ​និយាយ​ថា ​ការ​ឃាត់​ឃាំង​នេះ​ គឺ​រំលោភ​លើ​សិទ្ធិ​សេរីភាពរបស់​ពួកគេ ដែល​មក​ធ្វើ​ការ​តវ៉ា​ដោយ​អហិង្សា​នេះ។

ក្រោយពី​បាន​និយាយ​ទូរស័ព្ទ​របស់​ប៉ូលិស ​ដែល​ភ្ជាប់​ទៅ​នរណា​ម្នាក់​ដែល​ហាក់​ដូច​ជាអ្នក​មាន​ឥទ្ធិពល​មក ​ពួក​គេ​បាន​ចាក​ចេញ​ពី​មុខ​ផ្ទះ​របស់​លោក​ កឹម សុខា ​នៅ​ម៉ោង​ជាង​ប្រាំ​ល្ងាច។

ក្រុម​យុវជន ​ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​ជាប់​ក្នុង​ការ​កកស្ទះ​ចរាចរណ៍​ បាន​ហៅ​ថា ក្រុម​យុវជន​តវ៉ា​នេះ ថា​ជាបាតុករ ​VIP​ ​ឬ​មាន​ន័យ​ថា​ បាតុករ​ពិសេស​ ក្រោយ​ពី​ពួកគេ បាន​ធ្វើការ​តវ៉ា​នៅ​មុខ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ​មុន​មក​តវ៉ា​នៅ​ផ្ទះ​របស់​ប្រធាន​ស្ដីទី​គណបក្ស​នេះ​ ដោយ​មាន​ការ​គ្រប់គ្រង​សន្តិសុខ ​និង​សណ្ដាប់ធ្នាប់​សម្រួល​ដោយមន្ត្រី​ខណ្ឌ​ និង​ប៉ូលិស៕

XS
SM
MD
LG