\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើ​ការ​ស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នយោបាយ​ទេ?

  • Joe Capua

លោក Robert Mugabe ​ ប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ព្រលាន​យន្តហោះ Harare International Airport ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០១៦។

លោក Robert Mugabe ​ ប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ព្រលាន​យន្តហោះ Harare International Airport ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០១៦។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បញ្ជាក់​ថា​ ពេល​ដែល​មេ​ដឹកនាំ​ផ្ដាច់ការ​ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ​ក្នុង​ពេល​ដែល​មេដឹកនាំ​នោះ​កំពុង​កាន់​តំណែង​ ​លទ្ធិ​ប្រជាធិបតេយ្យ​ទំនង​ជា​នឹង​មិន​កើត​ឡើង​បន្ទាប់​ពី​ការ​ស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ​នោះ​ទេ។​ ក្នុង​ករណី​ភាគ​ច្រើន​ ​ស្ថាន​ការណ៍​នយោបាយ​គឺ​កាន់តែ​តឹងតែង ​នៅ​ពេល​ដែល​ការ​ស្លាប់​របស់​មេដឹកនាំ​ទាំង​នោះ​បណ្ដាល​មក​ពី​អំពើ​ហិង្សា ​ឬ​ក៏​ជម្លោះ។​

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «នៅ​ពេល​ដែល​មេដឹកនាំ​ផ្ដាច់ការ​ស្លាប់» ​ឬ​ «When Dictators Die» ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​លទ្ធិ​ប្រជាធិបតេយ្យ ​(Journal of Democracy)។​ សាកល​វិទ្យាល័យ ​Michigan State​ និង​ក្រុម​ប្រឹក្សា​ជាតិ​ស៊ើបការណ៍​សម្ងាត់ ​(National Intelligence Council) ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​ស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ​ពេល​កំពុង​កាន់​តំណែង​ចំនួន​ជិត​៨០​ករណី ​ចន្លោះ​ឆ្នាំ​១៩៤៦ ​និង​ឆ្នាំ​២០១២។ ​មេ​ដឹកនាំ​ផ្ដាច់ការ​ចំនួន​១១​នាក់ ​ក្នុង​ចំណោម​មេដឹកនាំ​ផ្ដាច់ការ​ទាំង​៥៥​នាក់ ​នៅ​ទូទាំង​ពិភពលោក ​នា​ពេល​បច្ចុប្បន្ន​នេះ ​មាន​អាយុ​យ៉ាង​តិច​៧០​ ឆ្នាំ ​និង​មាន​សុខភាព​ខុសៗ​គ្នា។​

លោកស្រី​សាស្ត្រាចារ្យ ​Erica Frantz ​មក​ពី​សាកល​វិទ្យាល័យ ​Michigan State ​បាន​ពន្យល់​ពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ឡើង។​

«ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ប្រហែល​ជា​នៅ​ពេល​ដែល​លោក ​Kim Jong Il​ មេដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ជើង ​បាន​ស្លាប់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ ​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក​ ​យើង​ឃើញ​មាន​ការ​និយាយ​តៗ​គ្នា​ជា​ច្រើន​ថា ​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​អាច​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។​ ដូច្នេះ ​ពួក​យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​ហ្នឹង ​និង​បាន​ពិនិត្យ​លើ​ទិន្នន័យ​នានា​ ដើម្បី​ឲ្យ​ឃើញ​ថា​តើ​ ទិន្នន័យ​ដែល​សំអាង​លើ​ការ​ពិសោធជាក់ស្ដែង​កន្លង​មក​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច ​ដោយ​ហេតុ​ថា ​រឿង​ហ្នឹង​គឺ​មិនមែន​ជា​ស្ថាន​ការណ៍​ធម្មតានោះ​ទេ។ ​ស្ថាន​ការណ៍​ដូច​នេះ​ក៏​បាន​កើត​ឡើង​ផង​ដែរ ​បន្ទាប់ពី​ការ​ស្លាប់​របស់​លោក ​Hugo Chavez ​ពេល​លោក​កំពុង​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ប្រទេស​វ៉េណេស៊ុយអេឡា (Venezuela)»។​

អ្នក​សិក្សា​ស្រាវជ្រាវ​មាន​គោល​បំណង​ចង់​ដឹង​ថា​ តើ​ការ​រាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​អំពី​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ដែល​អាច​នឹង​កើត​ឡើងនោះ​ ដូច​គ្នា​ទៅ​នឹង​ស្ថានការណ៍​ជាក់ស្ដែង​ដែរ ​ឬ​ក៏​យ៉ាង​ណា​នោះ។

«ពួក​យើង​រក​ឃើញ​ថា ​ការ​ស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​អំឡុង​ពេល​កំពុង​កាន់​តំណែង​គឺ​ជា​ព្រឹត្តិការណ៍​មិន​សូវ​សំខាន់​នោះ​ទេ។ ​ជា​ទូទៅ ​នៅ​ក្នុង​របប​ដឹកនាំ​ផ្ដាច់ការ ​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​ ដោយសារ​ការ​បោះ​ឆ្នោត​ ឬ​ដោយសារ​ការ​បះបោរ​ណា​មួយ ​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​បំផុត​សម្រាប់​របប​ផ្ដាច់ការ។ ​ហើយ​ព្រឹត្តិការណ៍​ដូច​នេះ​ប្រហែល​ជា​ពាក់​កណ្ដាល​ គឺ​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ។ ​ការ​ស្លាប់​ក្នុង​អំឡុង​ពេល​កំពុង​កាន់​តំណែង​របស់​មេដឹកនាំ​ផ្ដាច់ការ​ គឺ​ជា​មួយ​ប្រភេទ​នៃ​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ដែល​មិន​សូវ​ស្ថិតស្ថិរ​ដែល​យើង​បាន​ឃើញ​កន្លង​មក»។​

លោកស្រី​សាស្ត្រាចារ្យ ​Frantz ​បាន​និយាយ​ថា ​៨៧​ភាគរយ​នៃ​ពេល​ដែល​មេដឹកនាំ​ផ្ដាច់ការ​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​កំពុង​កាន់​តំណែង ​គឺ​មិន​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នោះ​ទេ។ ​ប៉ុន្តែ​ករណី​នេះ​ចំនួន ១៣​ភាគរយ​ គឺ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​បាន។​

លោកស្រី​សាស្ត្រាចារ្យ​បាន​មាន​ប្រសាសន៍​ថា ​ការ​វិភាគ​អំពី​ការ​ស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​អំឡុង​ពេល​កំពុង​កាន់​តំណែង​នៅ​រវាង​ឆ្នាំ​១៩៤៦ ​និង​ឆ្នាំ​២០១២​បាន​បង្ហាញ​ថា ​មាន​លក្ខខណ្ឌ​ជា​ច្រើន ​ដែល​ទំនង​ជា​អាច​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​អាច​កើត​ឡើង​បាន។​

«លក្ខខណ្ឌ​មួយ​ដែល​ទំនង​ជា​អាច​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​អាច​កើត​ឡើង​បាន ​គឺ​ថា ​ប្រសិន​បើ​មាន​ការ​ប្រមូល​ផ្ដុំ​អំណាច​ ​ការ​ផ្លាស់ប្ដូរ​អ្នក​ដឹកនាំ​ទំនង​ជាកើត​ឡើង។ ​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ទំនង​ជា​មាន​ស្ថាប័ន​ផ្សេងៗ​តិចតួច​ប៉ុណ្ណោះ ​ដែល​អាច​ជួយ​រៀបចំ​ការ​ឡើង​កាន់​តំណែង​បន្ត​ពីបុរស​ខ្លាំង។ ​លក្ខខណ្ឌ​មួយ​ទៀត​ ដែល​ទំនង​ជា​សំខាន់​ដែរ​នោះ​គឺ​ថា ​ប្រសិន​បើ​មាន​ការ​តវ៉ា​ជា​ច្រើនធ្វើ​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​ពេល​ដែល​មេ​ដឹកនាំ​ផ្ដាច់ការ​ស្លាប់​ ​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ទំនង​ជា​អាច​ទៅ​រួច»។​

ការ​សិក្សា​ស្រាវជ្រាវ​នេះ​ក៏​បាន​ពិនិត្យ​មើល​ផង​ដែរ​ថា ​តើ​រដ្ឋ​ប្រហារ​អាច​នឹង​កើត​ឡើង​ឬ​ទេ ​នៅ​ពេល​ដែល​មេ​ដឹកនាំ​ផ្ដាច់ការ​មាន​វ័យ​កាន់​តែ​ជរា​ទៅ។​

«យើង​មិន​បាន​រក​ឃើញ​នូវ​សញ្ញា​ណា​មួយ​ដែល​ថា​ ការ​ធ្វើ​រដ្ឋ​ប្រហារ​អាច​កើត​ឡើង​ ប្រសិន​បើ​មេ​ដឹកនាំ​ផ្ដាច់ការ​មាន​វ័យ​កាន់​តែ​ជរា​នោះ​ទេ»។​

លោកស្រី​សាស្ត្រាចារ្យ ​Frantz ​បាន​បន្ថែម​ថា ​មាន​មេ​រៀន​មួយ​ចំនួន​តូច ​ដែល​យើង​អាច​ដក​ស្រង់​បាន​ពី​ការ​សិក្សា​ស្រាវជ្រាវ​នេះ។​

«ជា​អកុសល​ សម្រាប់​អ្នក​គាំទ្រ​ប្រជាធិបតេយ្យវូបនីយកម្ម​ នៅ​ពេល​ដែល​យើង​ឃើញ​មេដឹកនាំ​កាន់​អំណាច​រហូត​ដល់​វ័យ​ជរា​ នេះ​ជា​សញ្ញា​បញ្ជាក់​ថា ​មេដឹកនាំ​រូប​នោះ​ជា​អ្នក​នយោបាយ​ប្រកប​ដោយ​ជំនាញ​ដ៏​ប៉ិនប្រសប់។ ​មូលហេតុ​គឺ​ដោយសារតែ​មេដឹកនាំ​រូប​នោះ​មាន​លទ្ធភាព​អាច​រក្សា​អំណាច​បាន​ក្នុង​រយៈពេល​យូរ​ ដោយ​មិន​មាន​អ្វីអាច​ជំរុញ​ឲ្យ​មេដឹកនាំ​នោះ​ធ្លាក់​ពី​អំណាច​បាន។ ​ចំណុច​សំខាន់​មួយ​ទៀត​គឺ​ថា ​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ក្នុង​ប្រទេស​មួយ​ ជា​ទូទៅ​គឺ​ជា​ស្ថាន​ការណ៍​ដែល​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​ដួល​រំលំ​របប​ដឹកនាំ​របស់​ប្រទេស​នោះ។ ​ប៉ុន្តែ​ការ​ស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ​ពេល​កំពុង​កាន់​អំណាច​គឺ​ពិតជា​មិន​មែន​ជា​ស្ថាន​ការណ៍​ចម្បង​ដែល​យើង​អាច​ប្រើ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នោះ​ទេ»។​

មូលហេតុ​មួយ​ទៀត ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តិចតួច​ប៉ុណ្ណោះ ​បន្ទាប់ពី​មេដឹកនាំ​ផ្ដាច់ការ​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​កំពុង​កាន់​អំណាច​នោះ​គឺ​ថា ​មន្ត្រី​កំពូលៗ​គិត​ថា​ មិន​មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​គ្រប់គ្រង​ប្រទេស​នោះ​ទេ។​

នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​មេដឹកនាំ​ផ្ដាច់ការ​បាន​ព្យាយាម ​ឬ​ក៏​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​នៅ​រក្សា​អំណាច​ឲ្យ​បាន​យូរ​ជាង​រយៈ​ពេល​កាន់​អំណាច​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ការ​បោះ​ឆ្នោត​ តាំង​ពី​ដំបូង។ ​លោកស្រី​សាស្ត្រាចារ្យ ​Frantz ​បាន​និយាយ​ថា ​មេ​ដឹកនាំ​ទាំង​នោះ​បាន​ប្រើ​វិធីសាស្ត្រ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ការ​កាន់​អំណាច​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​មិន​ប្រើ​ប្រាស់​កម្លាំង​ត្រង់ៗ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​អាច​រក្សា​អំណាច​បាន​នោះ។​

«ខ្ញុំ​ចង់​បន្ថែម​ថា ​ពាក់ព័ន្ធ​នឹង​បរិបទ​របស់​ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ ​ករណី​មួយ​ដែល​យើង​ចាត់​ទុក​ថា ​អាច​ជា​ស្ថាន​ការណ៍​ដែល​មាន​អស្ថិរភាព​កើន​ឡើង​ គឺ​ករណី​ប្រទេស​ស៊ីមបាវ៉េ ​ដោយសារតែ​នៅ​ក្នុង​ប្រទេស​នោះ ​មាន​ការ​តវ៉ា​ជា​ច្រើននៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​បណ្ដាញ​ក្រុម​អ្នក​ប្រឆាំង​មួយ​ចំនួន​មាន​ពេល​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប​ដឹកនាំ​បានងាយ​ស្រួល​ជាង​ករណី​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត»។​

លោក Robert Mugabe ​ ប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េ​នឹង​មាន​អាយុ​៩៣​ឆ្នាំ​ នៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៧​ខាង​មុខ។ ​លោក​បាន​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៨៧​មក​ម្ល៉េះ។ ​សេដ្ឋកិច្ច​ត្រដាបត្រដួស​របស់​ប្រទេស ​ស៊ីមបាវ៉េ ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ជា​ច្រើន ​ប្រឆាំង​រដ្ឋាភិបាល។​ អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ​កង​កម្លាំង​សន្តិសុខ​បាន​ធ្វើ​បាប​អ្នក​តវ៉ា ​និង​សកម្មជន​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។ ​រដ្ឋាភិបាល​ស៊ីមបាវ៉េ​បាន​បដិសេធការ​ចោទ​ប្រកាន់​ទាំង​នេះ៕​

ប្រែ​សម្រួល​ដោយ​ ភី សុភាដា​

XS
SM
MD
LG