ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ឃែរី៖ អាមេរិក​នឹង​បញ្ជូន​អ្នកជំនាញមកធ្វើការជាមួយ​​កម្ពុជាត្រៀមទប់ស្កាត់​ក្រុម​ ISIS


លោក John Kerry រដ្ឋមន្ត្រី​​​ការ​បរទេស​សហរដ្ឋ​អាមេរិក ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
លោក John Kerry រដ្ឋមន្ត្រី​​​ការ​បរទេស​សហរដ្ឋ​អាមេរិក ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។

ក្រុម​ ISIS បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ជាច្រើន​ ដោយ​រួម​ទាំង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​មុន ដែល​បាន​សម្លាប់​មនុស្ស​១៣០​នាក់​ផង។

រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី ដែល​ទើប​តែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ក្រុម​ការងារ​មួយ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ធ្វើ​ការ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​គោល​បំណង​ជួយ​ប្រទេស​នានា​រួម​ទាំង​កម្ពុជា​ផង ចូលរួម​ចំណែក​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្មអាយស៊ីស (ISIS) ឬ​រដ្ឋ​ឥស្លាម។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការ​បរទេស​អាមេរិក ដែល​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក ឃែរី នៅ​ពេល​ដែល​លោក ​បាន​ថ្លែង​ទៅកាន់​បុគ្គលិក​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ឃែរី លើកឡើង​បែប​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​លោក​ ហ៊ុន សែន អំពី​យុទ្ធសាស្ត្រ​របស់​អាមេរិក ក្នុង​ការ​ដោះស្រាយ​បញ្ហា​រដ្ឋ​ឥស្លាម​ឬ ដែល​តាម​សំនៀង​ជា​ភាសា​អារ៉ាប់​ថា ក្រុម Daesh នោះ នៅ​ពេល​ដែល​លោក​ទាំង​ពីរ​ បាន​ជួប​គ្នា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ (កាលពីថ្ងៃ​អង្គារ)។

«យើង​នឹង​បញ្ជូន​ក្រុម​ការងារ​មួយ មក​កាន់​ទីនេះ [កម្ពុជា] ដើម្បី​ធ្វើការ​ជាមួយ​គាត់ [លោក ហ៊ុន សែន] ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា រាល់​ប្រទេស​ទាំង​អស់ នឹង​រួមចំណែក​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​ [ក្រុមDaesh ​] នេះ»។

ប៉ុន្តែ លោក ឃែរី មិន​បាន​ផ្តល់​សេចក្តី​លំអិត​អំពី​ផែនការ​នៃ​ការ​បញ្ជូន​ក្រុម​ការងារ​អាមេរិក មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​លើ​បញ្ហា​ភេរវកម្ម​នេះ​ទេ។

ក្រុម​រដ្ឋ​ឥស្លាម ឬ ​ISIS ឬ ​ISIL ឬ Daesh ​នេះ គឺ​ជា​ក្រុម​ដែល​ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​ជ្រុល​និយម ដែល​បាន​វាយប្រហារ​ដ៏​ប្រល័យ​នៅ​តាម​ទីក្រុង​និង​ទីកន្លែង​ជាច្រើន ​តាម​រូបភាព​ផ្សេងៗ​ រួម​ទាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការ​អាករ​និង​ដុត​មនុស្ស​ទាំង​រស់​ផងដែរ។

ក្រុម​នេះ បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ជាច្រើន​ ដោយ​រួម​ទាំង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​មុន ដែល​បាន​សម្លាប់​មនុស្ស​១៣០​នាក់​ផង។

ដោយ​មាន​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅក្នុង​តំបន់​អាស៊ី រួម​ទាំង​នៅក្នុង​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ពី​រសប្តាហ៍​មុន​នេះ​ផង​នោះ មាន​ការ​ព្រួយ​បារម្ភ​ថា ក្រុម​នេះ អាច​នឹង​ជ្រៀត​ខ្លួន​ចូល​ទៅក្នុង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ជាពិសេស​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ​ទន់​ខ្សោយ។

សហរដ្ឋ​អាមេរិក បាន​ដឹកនាំ​ក្រុម​យោធា​ចម្រុះ​ ដើម្បី​ប្រឆាំង​នឹង​ក្រុម​នេះ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ក៏​មាន​ផែនការ​ពង្រីក​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​នេះ​បន្ថែម​ទៀត តាមរយៈ​ការ​អូសទាញ​ប្រទេស​ផ្សេងៗ ឲ្យ​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​កម្ទេច​ក្រុម​ឥស្លាម​ជ្រុលនិយម ដែល​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ពិភពលោក៕​

XS
SM
MD
LG