ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ផ្តល់​ជំនួយ​មនុស្សធម៌​បន្ថែម​២៣លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន


លោក John Kerry រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក (រូប​ស្តាំ) និង​លោក​ប្រធានាធិបតី Petro Poroshenko ជជែក​គ្នា​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។
លោក John Kerry រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក (រូប​ស្តាំ) និង​លោក​ប្រធានាធិបតី Petro Poroshenko ជជែក​គ្នា​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ប្រាក់បន្ថែមចំនួន​២៣​លាន​ដុល្លារ​ដែល​ជាជំនួយ​មនុស្សធម៌​ដល់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួយ​ប្រទេស​នេះ​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​របស់​ខ្លួន។

លោក John Kerry រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​កម្មវិធី​ជំនួយ​ថ្មី​នេះ​នៅក្នុង​ក្រុង ​Kyiv កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​នៅ​ទី​នោះ​លោក ​បាន​ជួប​ជាមួយ​ក្រុម​មន្រ្តី​កំពូល ​រួម​មាន​ប្រធានាធិបតី Petro Poroshenko និង​លោក Volodymyr Groysman នាយក​រដ្ឋ​មន្រ្តី​ដើម្បី​ពិភាក្សា​កំណែ​ទម្រង់​របស់​ប្រទេស​អ៊ុយក្រែន​ហើយ​នឹង​ភាព​ផុយស្រួយ​នៃ​ការ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពីការ​ចាប់​ផ្តើម​មាន​វិបត្តិមក​ឥឡូវ​នេះ​មាន​ចំនួន​សរុប​ទាំងអស់​១៣៥លាន​ដុល្លារ។

​ថវិកា​ទាំង​នោះ ​នឹង​គាំទ្រ​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជា​ជាតិ (UNHCR) និង​អង្គការ​មនុស្ស​ធម៌​ផ្សេងៗ​ទៀត​ដើម្បី​ផ្តល់​សេចក្តី​ត្រូវ​ការ​សំខាន់ៗ​ដល់​មនុស្ស​រាប់​ពាន់​នាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ​ដែល​កំពុង​កើត​មាន​ឡើង​រវាង​កងទ័ព​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ុយក្រែន និង​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donetskនិង Luhansk នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

យោងតាម​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា ​មាន​មនុស្ស​ងាយ​ទទួល​រងគ្រោះ​ជាង​១លាន​៣សែន​នាក់នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​រួម​មាន​កុមារ​ ​ជន​ពិការ​និង​ចាស់​ជរា​ជា​ច្រើន។

ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី ​Kyiv​ លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកាំង ​បាន​មាន​ប្រសាសន៍​ថា ​មាន​ភាព​ចាំបាច់​ជា​បន្ទាន់​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍ (Minsk) ដើម្បី​បញ្ចប់​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រ​ទេស​អ៊ុយក្រែន៕

XS
SM
MD
LG