ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ត្រៀមខ្លួន​សម្រាប់​កំណើន​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​អូមីក្រុង


មនុស្ស​ម្នា​ពាក់​ម៉ាស់​មុខ ខណៈ​ពួកគេ​ឈរ​តម្រង់​ជួរ​សម្រាប់​ការ​ធ្វើតេស្ត​កូវីដ១៩ ដោយ​ឥត​គិត​ថ្លៃ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​កម្សាន្ត Lincoln Park ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ (AP)
មនុស្ស​ម្នា​ពាក់​ម៉ាស់​មុខ ខណៈ​ពួកគេ​ឈរ​តម្រង់​ជួរ​សម្រាប់​ការ​ធ្វើតេស្ត​កូវីដ១៩ ដោយ​ឥត​គិត​ថ្លៃ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​កម្សាន្ត Lincoln Park ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ (AP)

អាជ្ញាធរ​សុខាភិបាល​សហ​រដ្ឋ​អាមេរិក​កំពុង​ប្រកាស​អាសន្នម្តងទៀត​ដោយ​និយាយ​ថា ពលរដ្ឋ​អាមេរិកាំង​អាច​ប្រឈម​ការរំខាន​នៅ​សប្តាហ៍​ខាង​មុខ​នេះ​ដោយសារ​ការរីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​អូមីក្រុង។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យដឹង​ថា សហរដ្ឋ​អាមេរិក​បាន​រាយ​ការណ៍​ពី​កំណត់ត្រា​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នៃ​ករណី​ឆ្លង​មេរោគ។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ បាន​បន្ថែម​ថា រដ្ឋ​ចំនួន១៨ បាន​កត់ត្រា​នូវ​ករណី​ជំងឺ​រាតត្បាត។ រដ្ឋ Maryland រដ្ឋ Ohio និង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​រាយ​ការណ៍​កំណត់​ត្រា​ការសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក​វេជ្ជបណ្ឌិត Michael Osterholm ជា​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​នៅ​សាកល​វិទ្យាល័យ Minnesota បាន​ប្រាប់​ទូរទស្សន៍ MSNBC ថា «យើង​នឹង​ឃើញ​ចំនួន​ករណី​ឆ្លង​នៅក្នុង​ប្រទេស​នេះ​កើន​ឡើង​យ៉ាង​ខ្លាំង។ យើង នឹង​ជួប​ការលំបាក​ក្នុង​ការបន្ត​សកម្ម​ភាព​ជីវភាព​សង្គម​ប្រចាំ​ថ្ងៃ»។

ផ្នែក​សេវា​សាធារណៈ​ជាច្រើន​ក៏​ដូចជា​ផ្នែក​ប៉ូលិស​និង​ពន្លត់​អគ្គីភ័យ​បាន​រាយ​ការណ៍​ថា បុគ្គលិក​ជាច្រើន​បាន​ទូរស័ព្ទ​សុំ​ឈប់​សម្រាក​ដោយសារ​មាន​ជំងឺ ដែល​ធ្វើ​ឱ្យមាន​ពិបាក​ក្នុង​ការ​ផ្តល់​សេវា។ វីរុស​កូរ៉ូណា​បំប្លែង​ថ្មីប្រភេទ​អូមីក្រុង(Omicron)កំពុង​បង្ក​មហន្តរាយ​នៅ​ក្នុង​ផ្នែក​អាកាសចរណ៍​ដោយសារ​ជើងយន្តហោះ​រាប់ពាន់​ត្រូវ​ពន្យារ​ពេល​ឬ​លុបចោល។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ(CDC)របស់​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​ប្រជាពលរដ្ឋ​អាមេរិកាំង​មិនឱ្យ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​កប៉ាល់។

ការសែត USA Today បាន​រាយការណ៍​ថា យោង​តាម​ការសិក្សា​របស់​សាកល​វិទ្យាល័យ Texasថ្មីៗ​នេះ ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង អាច​នឹង​ឡើង​ដល់​កំពូល​នៅ​ចន្លោះ​ថ្ងៃ​ទី១៨ ខែ​មករា​ដល់​ថ្ងៃទី៣ ខែ​កុម្ភៈ។ ការសិក្សានេះ​បាន​បញ្ជាក់​ថា ការឆ្លង​អាច​ថយ​ចុះ​នៅ​ខែ​មីនា។

ពលរដ្ឋ​អាមេរិកាំង​ប្រហែល៦២%បាន​ចាក់​វ៉ាក់សាំងPfizerឬ Modernaចំនួន​២​ដូស​ឬ​បាន​ចាក់​វ៉ាក់សាំងJohnson & Johnson មួយដូស។ ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ថា បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ជា​ច្រើន​កំពុង​ជំរុញ​ឱ្យចាក់​ដូស​ជំរុញ។ កាសែត​នោះ​បាន​រាយ​ការណ៍​ទៀតថា ពលរដ្ឋ​អាមេរិកាំងតែ​មួយភាគ​បី​ប៉ុណ្ណោះ​បានចាក់​ដូស​ជំរុញ។

ចំនួន​អ្នក​ស្លាប់​នៅ​សហ​រដ្ឋ​អាមេរិក​ដោយសារ​ជំងឺ​រាតត្បាត​មាន​ចំនួន៨២៣.៧៤៣នាក់។ នេះ​បើ​តាម​សាកលវិទ្យាល័យJohns Hopkins។ គេមិន​ដឹង​ច្បាស់អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទេ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG